www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

ជាង២០នាក់ ចាកចេញពីទ្រនំខ្លួន

ពោធិ៍សាត់ៈ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ រហូតមកដល់ បច្ចុប្បន្ននេះ សកម្មជនរបស់គណបក្ស សមរង្ស៊ី និងបក្សសិទ្ធិមនុស្ស ជាង២០នាក់ បានសម្រេចចិត្តផ្លាស់ប្តូរបក្ស និងជ្រើសរើសចូលរួមបំរើ ជាតិជាមួយ គណបក្សប្រជាជនកម្ពុជា ហើយ ការផ្លាស់ប្តូរនេះ គឺដោយសារតែពួកគេ មិនទុកចិត្តនឹងគោលនយោបាយ របស់បក្សខ្លួន។



ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ លោក ឆាយ សារ៉េត បានថ្លែងនៅទីស្នាក់ការគណបក្ស ប្រជាជន ក្នុងពិធីទទួលស្គាល់សមាជិកថ្មីរបស់គណបក្សដែលបានផ្តាច់ខ្លួនចេញពីបក្ស ឱ្យដឹងនៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១២នេះថា មកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មី ជាង២០នាក់ ដែលបានផ្តាច់ខ្លួនចេញពីបក្សសមរង្ស៊ី និងបក្សសិទ្ធមនុស្ស។


លោក ឆាយ សារ៉េត បានបន្តទៀតថា បន្ទាប់ពីសង្កេតឃើញការចុះខ្សោយរបស់គណបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្ស លោក មានជំនឿថា ការប្រកួតប្រជែងខាងនយោបាយ នៅពេលបោះឆ្នោតខាងមុខ គណបក្សប្រជាជន នៅតែឈ្នះ។

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ លោក ស៊ុយ សែម បានថ្លែងស្វាគមន៍ចំពោះការផ្តាច់ខ្លួនរបស់សកម្មជនទាំងអស់នេះ ហើយលោក បានចាត់ទុកថា ការចូលរួម គឺជាការស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ដូចជាការលើករបស់គណបក្សមួយចំនួនថា គណបក្សប្រជាជនកម្ពុជា បានទិញទឹកចិត្តនោះទេ។

លោក ស៊ុយ សែម បានលើកឡើងថា “ ការស្ម័គ្រចិត្តរបស់សមាជិកថ្មីចូលរួមក្នុងគណបក្សប្រជាជនកម្ពុជានេះ គណបក្ស មិនអាចសន្យាថានឹងផ្តល់បុណ្យសក្តិ តួនាទី ឬទ្រព្យសម្បត្តិឱ្យសកម្មជនទាំងអស់នោះទេ។ ពាក់ព័ន្ធ នឹងបញ្ហានោះ គឺស្ថិតទៅលើកាលៈទេសៈ ស្នាដៃ បំរើប្រជាជន ក៏ដូចជាប្រទេសជាតិ បើសកម្មជនទាំងនោះ ធ្វើបានល្អ បក្សនឹងវាយតម្លៃ។ លើសពីនេះ លោក បានហៅការចូលរួមនេះ ថាជាការផ្សាបេះដូងដូចគ្នា ដើម្បីបំរើប្រជាជន និងប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ”។

គណៈកម្មការ នាយកក្រុមការងារ គណបក្សសិទ្ធិមនុស្ស លោក ហេង ចាន់ធួន ដែលបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា បាននិយាយឱ្យដឹងថា ដំបូងឡើយ លោកជាសកម្មជនរបស់គណបក្សសមរង្ស៊ី ប៉ុន្តែបន្ទាប់ពីឃើញការអនុវត្តគោលនយោបាយរបស់បក្សសមរង្ស៊ី គ្មានលទ្ធិប្រជាធិតេយ្យ បូកផ្សំនឹងគ្រួសារ និយមផងនោះ លោកក៏បានសម្រេចចិត្តចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស ដោយគិតថានឹងល្អជាង បក្ស សមរង្ស៊ី។ លោក បានបន្តទៀតថា ការរំពឹងនោះ គឺផ្ទុយពីអ្វីដែលលោកបានគិត ដោយសារតែគណបក្ស សិទ្ធិមនុស្ស បានគ្រប់គ្រងក្រោមរូបភាពប្រមូលផ្តុំអំណោច ព្រមទាំងគ្មានរចនាសម្ព័ន្ធច្បាស់លាស់។

ប្រធានយុវជនគណបក្សសមរង្ស៊ីប្រចាំខេត្តពោធិ៍សាត់ លោក នន់ វ៉ាន់ឌីដែលបានផ្តាច់ខ្លួនចេញពីបក្សសមរង្ស៊ី បាននិយាយថា ការគ្រប់គ្រងអំណាចរបស់បក្សសមរង្ស៊ី មិនប្រកាន់គោលការណ៍ធំៗរបស់បក្ស ដឹកនាំដោយ បក្សពួកនិយម ហើយសម្រាប់អ្នកតស៊ូដូចលោក បក្សមិនដែរយកចិត្តទុកដាក់ ដោយសារតែលោក មិនចេះ អែមអប។ លោក បានបន្តទៀតថា ការគ្រប់គ្រង មានលក្ខណៈសង្ស័យ ជាពិសេស ក្រុមចាស់ៗដែលដឹកនាំ ដោយ លោក ហេង ចាន់ធួន មិនស័្មគ្រនឹងបក្ស៕

0 មតិ:

Post a Comment