www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 26, 2012

ពី​ក្មេងពាល​ទៅ​ជា​ភេរវជន​របស់​បណ្តាញ​អាល់កៃដា

នៅថ្ងៃ​ព្រហស្បតិ៍ ទី ២២ មីនា ២០១២ បន្ទាប់ពី​ឡោមព័ទ្ធ​ផ្ទះ​ជនល្មើស នៅខេត្ត​Toulouse ភាគខាងត្បូង​ប្រទេស​បារាំង អស់ជាង​៣០ម៉ោង ប៉ូលិស​ពិសេស​បារាំង​បាន​សម្រុក​ចូល​ទៅក្នុង​ផ្ទះ​ជនសង្ស័យ​ ។ ប៉ូលិស​បាន​បញ្ជាក់​ថា បាន​ជនសង្ស័យ Mohamed Merah​បាន​ស្លាប់ នៅក្នុង​ប្រតិបត្តិការ​សម្រុកចូល​របស់​ប៉ូលិស។ ប្រធានាធិបតីបារាំង នីកូឡា សាកូហ្សី​បាន​ស្វាគម​ជ័យជំនះ​របស់​ប៉ូលិស ​ក្នុង​ប្រតិបត្តិការណ៍​ចាប់​ជនសង្ស័យ ដែល​បាន​បាញ់​សម្លាប់​មនុស្ស​៧នាក់ ដែល​ក្នុង​នោះ​មាន​ទាហាន និង​គ្រូ និង​សិស្សសាលា​​ជ្វីវ កាលពី​សប្តាហ៍មុន។
រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​លោត​សម្លាប់​ខ្លួន​តាមបង្អួច​ពីលើ​ផ្ទះ​របស់ខ្លួន បន្ទាប់ពី បាន​ប្រើអាវុធ​ស្វ័យប្រវត្តិ​បាញ់រះ​ទៅលើ​ក្រុមប៉ូលិស​ដែល​បាន​សម្រុក​ចូល​ ទៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ។ លោក​Claude Guéant បាន​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ជនសង្ស័យ​បាន​លាក់ខ្លួន នៅក្នុង​បន្ទប់ទឹក និង​បាន​ចេញ​មក​បាញ់រះ​ធ្វើ​ឲ្យ​ប៉ូលិស​បីនាក់​របួស ដែល​មា្នក់​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរ​បារាំង​និយាយ​ថា ជនសង្ស័យ​ស្លាប់​នៅក្នុង​ការវាយសម្រុក​ចូល​របស់​ប៉ូលិស។ តើ​ជនសង្ស័យ​ស្លាប់​ដោយ​លោត​ពី​ផ្ទះ ឬ​ត្រូវ​គ្រាប់ប៉ូលិស​មុន​នឹងធ្លាក់​ស្លាប់មកលើដី?
តាំងពីព្រឹកថ្ងៃ​ព្រហស្បតិ៍ គឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី ពីរ​នៃ​ប្រតិបត្តិការចាប់​ជនសង្ស័យ នៅខេត្ត​Toulouse មានការបារម្ភ​ដែល​ថា ជនសង្ស័យ អាច​បាញ់សម្លាប់​ខ្លួន​ឯង ​ព្រោះថា តាំងពី​ព្រឹកព្រលឹម ជនសង្ស័យ​បាន​និយាយ​ថា គេ​ចង់​បាញ់​សម្លាប់ខ្លួន​ដោយ​អាវុធ។ ​នៅពេល​ប៉ូលិស​ប្រើ​គ្រឿងបំផ្ទុះ​ទ្វារ​បង្អួចផ្ទះ នៅម៉ោង​៥ព្រឹក គេ​ឮសំឡេង​បាញ់កាំភ្លើង​ពីរគ្រាប់ ប៉ុន្តែ គេ​មិន​ដឹងច្បាស់ថា ហេតុអ្វី បានជា​ជនល្មើស​បាញ់នោះ​ទេ។ គឺ​ចាប់ពីម៉ោង​នោះ ដែល​គេ​លែង​ឃើញ​មាន​ប្រតិកម្មតប​ពី​ជនសង្ស័យទៀត។ ដោយគ្មានឃើញ​សំឡេងតបត​អ្វី ពីជនសង្ស័យ និង​ដោយ​បាន​ទទួល​ព័ត៌មាន​ពីគ្រោះថ្នាក់​ខ្លាំង​របស់​ជនល្មើស ប៉ូលិស​ក៏​បាន​ទទួល​បញ្ជារ​ឲ្យ​សម្រុក​ចូល​ទៅក្នុង​ផ្ទះ តែ​មិននឹកស្មាន​ថា ជនសង្ស័យ​រូបនេះ​មាន​ល្បិចកល និង​សាហាវ​ខ្លាំង​បែបនេះទេ។​
នេះ​រឹតតែបង្ហាញ​ថា ជនសង្ស័យ​មាន​ហិង្សា​ពេញខ្លួន មិន​ព្រមចុះចាញ់​ដោយ​ងាយៗឡើយ។ មុន​នឹង​សម្រេច​លោត​សម្លាប់ខ្លួន គេ​នៅបាន​បាញ់​រះ​ទៅលើ​ប៉ូលិស ដោយ​សង្ឃឹមថា នឹង​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់​ច្រើន​នាក់ ដោយ​ស្នាដៃខ្លួន។
គួរបញ្ជាក់ថា ក្នុងពេល​ចរចា​​ជាមួយ​ប៉ូលិស ជនសង្ស័យ​ Mohamed Merah​បាន​និយាយ​ថា ខ្លួនគេ​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​ពី​ក្រុម​ជីហាត​ដែល​ជា​បណ្តាញ​របស់​ ក្រុមអាល់កៃដា។ គេ​បាញ់សម្លាប់​កុមារជ្វីវ​ដើម្បី​សងសឹក​ឲ្យ​កុមារ​ប៉ាឡេស្ទីន ចំណែកទាហាន​បារាំង​ដែល​គេ​បាញ់សម្លាប់ គឺ​ដើម្បី​សងសឹក​បារាំង​ដែល​បើកប្រតិបត្តិការ​យោធា​នៅ​ប្រទេស​ អាហ្វហ្គានីស្ថាន
ដោយពិតទៅ ប៉ូលិសបារាំង​បាន​ចំណាយ​ពេល​ចរចា​ជាង​មួយ​ថ្ងៃ និង​មិន​ចង់​សម្រុកចូល​ទាំងកំរោល ទៅក្នុង​ផ្ទះ​របស់ជនសង្ស័យ ព្រោះ​តែ​គេ​ចង់​ចាប់​ជនសង្ស័យ​ទាំងរស់ ដោយ​ឲ្យ​ជនសង្ស័យ​ចុះចាញ់​ទម្លាក់អាវុធ។ នេះ​ជា​ជម្រើស​នយោបាយ និង​ផ្នែក​យុត្តិធម៌ ដែល​លោក​ប្រធានាធិបតី​បារាំង​ចង់បាន។ គឺ​គេ​ចង់​ចាប់​ជនសង្ស័យ​ទាំងរស់​យក​មក​កាត់ទោស​នៅតុលាការ។ ម្យ៉ាងទៀត ក៏​នៅចង់ដឹងថា តើ​ជនសង្ស័យ Mohamed Merah សម្លាប់​មនុស្ស​ដោយ​ចិត្តឯង ឬ​ក៏​ទទួលបញ្ជា​ពី​ក្រុមភេរវជន​ណាមួយ។



Mohamed Merah​នេះ​ជា​មនុស្ស​ស្ងៀមស្ងាត់ និង​ចិត្តល្អជាមួយ​អ្នកជិតខាងMohamed Merah​ អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​បារាំង ដើមកំណើត​អាល់ហ្សេរី។ គេកើត និង​ធំ​ដឹងក្តី​នៅសង្កាត់​មួយ​ដែល​សម្បូរ​ដោយ​សកម្មភាពជួញដូរថ្នាំញៀន។ ដោយមាន​ពិន្ទុ​មិនសូវល្អ​ក្នុង​ថ្នាក់ Mohamed Merah​បាន​បែរមក​ចាប់អារម្មណ៍​ចុះឈ្មោះ​នៅ​សាលា​ទាហាន​ជើងគោក​បារាំង ប៉ុន្តែ Mohamed Merah​ត្រូវ​គេ​ទម្លាក់​មិន​រើសចូលដោយសារ​តែ​ប្រវត្តិ​ថ្កោលទោស​នៅតុលាការ។ យុវជនរូបនេះ​ធ្លាប់​ប៉ូលិស​ចាប់​បានជា​ញយដង​ដោយ​បទល្មើស​ លួចទ្រព្យសម្បត្តិគេ និង​ប្រើបណ្ណបើកបរ​ក្លែងក្លាយ។
គេជឿថា នៅក្នុង​ពេល​ជាប់គុក Mohamed Merah​ជួប​ពួកអ៊ីស្លាម​ជ្រុលនិយម។ នៅក្រោយ​ពេល​ចេញ​ពីគុក គឺ​នៅឆ្នាំ​២០១០ យុវជន​រូបនេះ​បាន​ចំណាយ​លុយផ្ទាល់ខ្លួន ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។
Mohamed Merah​​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គេ​បាន​ទទួល​ការហ្វឹកហាត់​ពី​ក្រុមជីហាត​របស់​បណ្តាញអាល់កៃដា នៅ​តំបន់​មួយ​ក្នុង​ទឹកដី​អាហ្វហ្គានីស្ថាន។ គឺ​ទាហាន​អាមេរិកាំង​ដែល​​ចាប់បញ្ជូន​ Mohamed Merah​​មក​បារាំង​វិញ បន្ទាប់​ប៉ូលិស​អាហ្វហ្គានីស្ថាន​ចាប់ឃាត់ខ្លួនគេ​ពីបទ​ប្រើ​ប័ណ្ណបើកបរ​ ខុសច្បាប់។ នៅចុងឆ្នាំមុននេះ គេ​បាន​ទៅ​ប៉ាគីស្ថាន​ម្តងទៀត ប៉ុន្តែ ត្រូវបញ្ជូន​មក​វិញ​ដោយសារ​មាន​ជម្ងឺ​ថ្លើម។ តាំងពីពេលនោះមក Mohamed Merah​ត្រូវចុះ​ក្នុង​បញ្ជីខ្មៅ​របស់​ភ្នាក់ងារ​ស៊ើបការសម្ងាត់បារាំង។ លើកនេះ ដើម្បី​តាម​រកឲ្យ​ឃើញ​ Mohamed Merah ថា​មាន​ ជាប់ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ ទាហាន និង​គ្រូ និង​សិស្ស​សាលាជ្វីវ ប៉ូលិស​បាន​ប្រើ​ព័ត៌មាន​របស់​ក្រុមភ្នាក់ងារ​ស៊ើបការសម្ងាត់ រួមជាមួយ​នឹង​ទិន្ន័យ​នៅអិនធ័រណេត ដែល​ជនល្មើស​បាន​ប្រើ​ដើម្បី​រកទិញ​ម៉ូតូ ប្រើប្រាស់​ក្នុង​ការបាញ់សម្លាប់ទាហាន។
មិត្តភក្តិ និង​អ្នកជិតខាង​របស់​ Mohamed Merah​និយាយ​ថា ជនសង្ស័យរូបនេះ មាន​ចរិត​ស្ងៀមស្ងាត់ រាក់ទាក់ និង​មិន​ចាប់អារម្មណ៍​ពី​រឿង​នយោបាយ ឬ​សាសនា​អ្វីទេ។ គេ​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ជួសជុល​រថយន្តមួយ និង​ទទួល​បានប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ។
ក្នុង​រឿងនេះ បងប្អូនប្រុស​ពីរនាក់​របស់​ Mohamed Merah​ដែល​ប៉ូលិស​​រកឃើញ​ថា គំនិត​អ៊ីស្លាម​ជ្រុលនិយម និងចូលដៃ​ជាមួយ​ Mohamed Merah​ត្រូវ​ប៉ូលិស​ឃុំ​ដើម្បីស៊ើប​អង្កេត៕  RFI

0 មតិ:

Post a Comment