www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

ព្រំ​សំណាង​សាក​ជាមួយ​រៀមច្បង​



ព្រំ ​សំណាង ​អ្នក​ប្រដាល់​ក្លិប​កងពល​ទ័ព​ឆ័ត្រ​យោង​៩១១​ នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ជើងចាស់​ខុន​រាជ​ ខុន រិ​ទ្ធ ​អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ​នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៧ ​ខែ​មិនា ​ឆ្នាំ​២០១២ ​នៅ​លើ​សង្វៀន​TV5 ។​

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លង​មក​ ដោយសារតែ​ព្រំ សំណាង ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ​ខុន​រាជ ជា​អ្នក​ប្រដាល់​ជើងចាស់​និង​ធ្លាប់​មានឈ្មោះ​បោះ​សម្លេង​គ្រាន់បើ​ដែរ ។

ខុន រាជ អ្នកណា​ក៏​ស្គាល់​គេ​ច្បាស់​ដែរ តែមួយ​រយៈពេល​ចុងក្រោយ​នេះ គេ​បាត់​មុខ​ពីស​ង្វៀន បន្ទាប់ពី​គេ​ប្រកួត​ចាញ់​ទូច រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា​ក្នុង​ទឹក​ទី៣លើ​សង្វៀន​TV5នេះ កាលពី​ថ្ងៃទី២២មករា២០១២កន្លងមក​នោះ ។ អ្នកលេង​ស្នៀត​ជង្គង់​រូប​នេះ​ បើ​កាលពីមុន គេ​វ៉ៃ​ល្អ​ណាស់ ប៉ុន្តែ​ចាប់ពី​អាក់ខាន​ឡើង​ប្រកួត​មួយ​រយៈ​មកនេះ ​គេ​រាង​ធ្លាក់ចុះ​អន់​ ខ្សោយ​មែនទែន ។ ​

ព្រំ សំណាង ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ និង​មាន​ស្នៀត​ប្រដាល់​មិន​អស្ចារ្យ​ក៏​ពិតមែន​ ប៉ុន្តែ​គេ​ប្រកួត​កម្រ​ចាញ់​ណាស់ ។ សំណាង មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃ ជើងវែង ដែល​ជា​ការ​អំណោយផល​ដល់​ការប្រកួត​របស់​គេ ។ គេ​គ្រាន់តែ​លើកជើង​ធាក់ ក៏​គូប្រកួត​ពិបាក​ទប់​ជាមួយនឹង​គេ​ដែរ ។ ជា​មួយ​នេះ សំណាង​ដាល់​ត្រង់ៗនិង​អាច​ប្រើ​កែង​វាយ​ទៅលើ​គូប្រកួត ដែល​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ។ ប្រកួត​ចុងក្រោយ ព្រំ សំណាង វាយ​ឈ្នះ​វ៉ោ​យ​សុធន​ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ ។

ការ​ជួបគ្នា​រវាង​ព្រំ សំណាង ​និង ខុន រាជ នេះ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​អះអាង​នោះ ខុន រាជ​មាន​សង្ឃឹម​តិចតួច​ណាស់ ក្នុង​ការ​ឈ្នះ​លើ​ព្រំ សំណាង ។ សំណាង អន់​ទិចនិច​ប្រកួត​មែន តែ​កម្លាំងចិត្ត​និង​កម្លាំងកាយ​របស់​គេ ​ខ្លាំង​និង​ល្អ​ជាង​ខុន​រាជ ។​ ចាំ​មើល តើ​អ្នកណា​ឈ្នះ​ពីរ​នាក់​នេះ ? ។

ខុម ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​អូ​ដឹ​ម​កីឡា នឹង​ឡើង​ទូទាត់​បំណុល​ជាមួយ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ។ ខុម ពិសិដ្ឋ ធ្លាប់​វាយ​ចាញ់​ប៊ុន​ឌឿ​ន ពីរ​ដង​ហើយ​កាល​ពីពេល​កន្លងមក ។

ជួប​ប្រកួត​ជាមួយ​វៀត ប៊ុន​ឌឿ​ន លើក​នេះ មិន​ដឹងថា​ខុម ពិសិដ្ឋ​អាច​សងសឹក​យកឈ្នះ​លើ​ប៊ុន​ឌឿ​ន​បាន​ឬ​អត់​នោះទេ ? ។ តែ​ទោះជា​យ៉ាងណា គេ​បារម្ភ​ចំពោះ​ពិសិដ្ឋ​តែមួយ​មុខ​គត់ គឺ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ ព្រោះ​ពិសិដ្ឋ​រាង​ចាស់​ជាង​ប៊ុន​ឌឿ​ន ។ តែបើ​និយាយ​ពី​កម្លាំងចិត្ត គេ​មិន​ចាញ់​ឡើយ ។ ភាគច្រើន​ក្នុងការ​ប្រកួត​របស់គេ គឺ​ផ្តួល​គូប្រកួត​ដោយសារ​ស្នៀត​ជង្គង់ ។ ប្រកួត​ចុងក្រោយ ពិសិដ្ឋ​វាយ​ឈ្នះ​ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​សឹក​រង​ខេត្តសៀមរាប​ក្នុង​ទឹក​ទី៣ ។ តែ​សំរាប់​ការជួប​ជាមួយ​វៀត​ប៊ុន​ឌឿ​ន គឺ​ខុសពី​ទីព​ន្លែ​ត ។

វៀត ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​វ័យក្មេង មាន​ស្នៀត​ប្រដាល់​ល្អ កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ។ស្នៀត​ជើង​របស់​ប៊ុន​ឌឿ​ន គឺ​ទាត់​ខ្លាំង​ហើយ​មួយ​ជើងៗ​មាន​ទម្ងន់​ធ្ងន់​ណាស់ ។ ប៉ុន្តែ​មួយ​រយៈ​កន្លងមកនេះ គេ​មិនសូវ​ឃើញ​ឡើង​ប្រកួត​ទេ ។ គេ​ប្រកួត​ចុងក្រោយ វាយ​ចាញ់​ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​តាឡីដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី៤ ។

ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​សឹង្ហៈ​កីឡា នឹង​ជួប​ប្រកួត​ជាមួយ ម៉ន វិ​រៈ អ្នក​ប្រដាល់​ក្លិប​ព្រែក​ឯង​កីឡា ។ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ឡើយ ។

ម៉ន វិ​រៈ ជា​អ្នក​ប្រដាល់​វ័យក្មេង ដែលមាន​ចិត្តធំ ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង វ៉ៃ​មិន​ដក​ដៃ​ទេ ។ ជា​ទម្លាប់​របស់គេ កាលណា​គេ​ត្រូវ​គូប្រកួត​វ៉ៃ​ត្រូវ​ឈឺ​សាច់​នោះ វិ​រៈ​ចូល​វ៉ៃ​ប្ដូរ​វិញ​ហើយ ទោះ​ឈ្នះ​ឬ​ចាញ់​គេ​មិន​គិត​ទេ ធ្វើយ៉ាងណា​សងសឹក​គូប្រកួតភ្លាមៗតែម្តង ។គេ​មិនដែល​ប៉ះ​ជើងចាស់​ដូច​ឆាំ​រ៉ែ​ម​នេះ​ទេ តែបើ​អ្នក​ប្រដាល់​ស្រករ​គ្នា​វិ​រៈ​វ៉ៃ​មិនដែល​ចាញ់​ឡើយ ។ ប្រកួត​ចុងក្រោយ ម៉ន វិ​រៈ វាយ​ឈ្នះ​ថៃ ណារិន អ្នក​ប្រដាល់​ក្លិប​ក្រុង​ប៉ោយប៉ែត​ក្នុង​ទឹក​ទី៤ ។

ឆាំ រ៉ែ​ម មួយ​រយៈពេល​ចុងក្រោយ​នេះ ក៏មាន​ការរីកចំរើន​ច្រើន​ដែរ​ក្នុង​ការប្រកួត ។ អ្នក​ប្រដាល់​រូបនេះ មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ជើង​ទាត់ ជង្គង់​កែង ក៏​គួរសម​ដែរ ។ ប្រកួត​ចុងក្រោយ គេ​វាយ​ឈ្នះ រាជសីហ៍ ចាន់​ឌី អ្នក​ប្រដាល់​ក្លិប​សំរែក​រាជសីហ៍​បង្ក្រាប​គ្រឿង​ញៀន​ដោយ​ពិន្ទុ ។ ឆាំ រ៉ែ​ម ជួប​ម៉ន វិ​រៈ​លើក​នេះ ក៏​ពិបាក​ដែរ ។ បើ​ឈ្នះ​វិ​រៈ ក៏​ឈ្នះ​ទាំង​វេទនា​ដែរ ។ប៉ុន្តែ​យ៉ាងណា​មិនទាន់​អាចសន្និដ្ឋាន​មុន​បានទេ​អំពី​រឿង​ឈ្នះ​ចាញ់​នេះ ។

ចាន់ ពៅ អ្នក​ប្រដាល់​ក្លិប​ខេមរៈ​ខ្លាហោះ នឹង​ជួប​ជាមួយ អ៊ុំ ច​ន្នី អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ។ ពួកគេ​ជា​អ្នក​ប្រដាល់​ថ្មី​ដូចគ្នា ហើយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៣,៥០០គ.ក្រ ។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិនអាច​ទាយ​មុន​បានឡើយ ៕

0 មតិ:

Post a Comment