www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

ផាវ​ ភឿត​​ ឈ្នះ សរ សី​​ ខណៈ សុខ​ ចិន្តា​ ឈ្នះ​ គិន សម្បូរ​ នៅ​សង្វៀន CTN



រាជ​ធានី​ភ្នំ​ពេញ ៖ ផាវ​ ភឿត មកពីក្លឹប​កង​ពល​ធំ​អន្តរា​គម​ន៍​លេខ​៣​ព្រះ​វិហារ​​ បានយក​ឈ្នះ​សរ សី​ មកពីក្លឹប​កីឡា​ប្រ​ដាល់​ក្រសួង​ការពារ​ជាតិ​ ដោយ​ពិន្ទុ​ ប្រកួត​​នៅ​លើ​សង្វៀន​ CTN ថ្ងៃ​អាទិត្យ​ទី​៤​ មីនា​ ខណៈ​ សុខ​ ចិន្តា​ មកពីក្លឹប​​ឃ្លាំង​មឿង​កីឡា​យក​ឈ្នះ​គិន សម្បូរ​មកពីក្លឹប​រកា​ខ្លុរ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដូច​គ្នា​។ ផាវ​ ភឿត​និង​សរ សី​​ ធ្លាប់​ជួបគ្នា​ជា​ច្រើន​លើក​ច្រើន​សារួច​មក​ហើយ​ និង​ធ្លាប់​ចាញ់​-ឈ្នះ​ទៅវិញ​ទៅ​មក​ជាធម្មតា ប៉ុន្តែ​ផាវ ភឿត​ធ្លាប់​ឈ្នះ​ច្រើន​​ជាង​​ ។

ការជួប​គ្នា​លើក​នេះ​ សរ សី​​ ហាក់​​ដូចជា​ច្រឡោត​​បន្តិច​ គ្រាន់​តែ​ចាប់​ផ្តើម ភ្លាម ​សរ សី​បញ្ចេញ​ស្នៀត​កណ្តាប់​ដៃ​​និង​កែង​​វាយ​សន្ធាប់​ទៅ​លើ​ផាវ​ ភឿតតែ​ម្តង​ ប៉ុន្តែ​ត្រូវ​ផាវ ភឿត​ទាត់​សង​មក​វិញ​យ៉ាង​រហ័ស​ ។ សរ សី​ វាយ​តាម​របៀប​កំរោ​ល​​ ជួន​ពេល​​បាន​លោត​ពុះ​កែង​សំដៅ​លើ​ក្បាល​របស់​ផាវ​ ភឿត​​តែ​ត្រូវ​អាជ្ញា​កណ្តាល​ព្រមាន​ជាប់​រហូត​ ។ ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤​ សរ​ សី​ នៅ​តែ​វាយ​សំរុក​​ទៅ​លើ​ផាវ​ ភឿត​ ប៉ុន្តែ​មិន​សូវ​ជា​​បាន​ផល​ប៉ុន្មាន​ទេ​ ។ ចូល​ដល់ទឹក​ទី​៥​ កម្លាំង​សរ សី​ ចាប់​ផ្តើម​ស្រុត​ចុះ​ធ្វើ​ឱ្យផាវ​ ភឿត​​មាន​ឱ​កាស​វាយតាម​ចិត្ត​ យកឈ្នះ​ពិន្ទុតែម្តង ។

គិន​ សម្បូរ​ និង​សុខ​ ចិន្តា​ ចាញ់​-ឈ្នះគ្នា​ខាង​កម្ពស់​ឆ្ងាយ​ណាស់​ ។ សម្បូរ ដែល​មាន​ប្រៀប​កម្ពស់​ជាង​នោះ បាន​បញ្ជូន​ស្នៀត​​ជង្គង់វាយ​ទៅ​លើ​ពោះ​ទឹក​ សុខ​ ចិន្តា​យ៉ាង​សាហាវ​​​ ។ តែ​ទម្ងន់​​នៃ​ការ​បុក​ជង្គង់​របស់​គេ​មិន​សូវ​ជា​ធ្ងន់​ប៉ុន្មាន​ឡើយ​ ជាពិ​សេស​ នៅ​ទឹក​ទី​១​និង​ទី​២​ ដែល​សម្បូរ​ចាប់​ផ្តើម​វាយ​សង្រ្គប់​មក​​លើ​ ចិន្តា​ ។ រី​ឯ​ស្នៀត​​​​កណ្តាប់​ដៃ​របស់​សម្បូរ​វា​យ​ចេញ​​មិន​បាន​ចំ គោល​ដៅ​ល្អ​ឡើយ​ ។ ទឹក​ទី​៣​និង​ទី​៤​ ចិន្តា​បាន​ព្យាយាម​​ចូល​កៀក​បញ្ជូន​​កណ្តាប់​ដៃ​វាយ​មក​លើ​ផ្ទៃ​មុខ​សម្បូរ ពេញៗ​ធ្វើឱ្យសម្បូរ​ចាប់​ផ្តើម​ស្រុត​ចុះ​កម្លាំង​យ៉ាង​ខ្លាំង​នៅ​ទឹក​ទី​៤​និង​ទី​៥​ ។ សុខ​ ចិន្តា​ដែល​មាន​ជំហរទាប​ជាង​នោះ​ បានវាយ​ចំៗគោលដៅ​ទី​បំផុត​ ចិន្តា​អាច​យក​ឈ្នះ​ពិន្ទុ​សម្បូរ​​ ។

ជ័យ ស៊ី​នេត​ មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​បាន​យក​ឈ្នះ ធិន​ សុវណ្ណ​ មក​ពី​ក្លឹប​កង​ពលតូច​លេខ​៧០​ ​ដោយ​ពិន្ទុ​​​ ។ ទឹក​ទី​១​ដល់​ទឹក​ទី​៣ ស៊ី​នេត​ ប្រៀប​បាន​នឹ​ង​ដំរី​ចុះ​ប្រេង​ គេ​បាន​ដេញ​វាយ​សុវណ្ណ​ឱ្យ​រត់​ពេញ​ផ្ទៃ​សង្វៀន​ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​៤​និង​ទី​៥​ ស៊ី​នេត​​​ស្រុត​ចុះ​​កម្លាំង​បន្តិច​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គេ​នៅ​តែ​អាច​យក​ឈ្នះ​ពិន្ទុ​សុវណ្ណ​បាន​ដដែល​ ។ ម៉ន​ វិរៈ មកពី​​ក្លឹប​ព្រែក​ឯង​កីឡា​វាយ​ផ្តួល​ថៃ​ ណារិន​ មក​ពី​ក្លឹប​ក្រុង​ប៉ោយ​ប៉ែត​ ឱ្យចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី​៤​ ៕

0 មតិ:

Post a Comment