www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, April 6, 2012

កម្មករ​រោងចក្រ​ចំនួន​២ ​ដួល​សន្លប់

ករណី​កម្មករ​ពុល និង​ដួល​សន្លប់​បាន​កើត​ឡើង​សា​ជា​ថ្មី​នៅ​រោងចក្រ​កាត់ដេរ​ឈ្មោះ សាប្រីណា (Sabrina) ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១២ ហើយ​​​​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ មាន​កម្មករ​ប្រមាណ ៤០​នាក់​នៃ​រោងចក្រ​កាត់ដេរ​មួយ​ទៀត​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក៏​បាន​ពុល និង​ដួល​សន្លប់​​ដូច​គ្នា។


កម្មករ​ប្រមាណ ២០០​នាក់​នៃ​រោងចក្រ​កាត់ដេរ សាប្រីណា បាន​ពុល ក្អួត​ចង្អោរ និង​ដួល​សន្លប់ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១២ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ព្យាបាល​ជា​បន្ត​បន្ទាប់ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។
កម្មការិនី​មួយ​ចំនួន​ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ អះអាង​ថា ​ពួក​គាត់​ពុល ហើយ​ដួល​សន្លប់ គឺ​ដោយសារ​ក្លិន​ចម្លែក​នៅ​ក្នុង​រោងចក្រ​ផង និង​ដោយ​ការ​ភ័យខ្លាច​ត​ៗ​គ្នា​ផង។
អ្នកស្រី  ឆឹង ឆៃនី ដែល​កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​ពេទ្យ ថ្លែង​ថា ​អ្នកស្រី​នៅ​មាន​អាការៈ​តឹង​ទ្រូង វិល​មុខ និង​ចុក​ដៃ​ជើង។

អ្នកស្រី ឆឹង ឆៃនី រៀបរាប់​ពី​ហេតុការណ៍​មុន​ពេល​ដែល​អ្នកស្រី​ពុល និង​សន្លប់៖ «ចូល ​ទៅ​ដូច​នៅ​តែ​ព្រឺ​រោម។ កាល​ពី​ម្សិល​ម្ង៉ៃ​យើង​នៅ​ភ័យ នៅ​ខ្លាច​នៅ​ឡើយ។ ចូល​ទៅ​មាន​ក្លិន​ដែរ តែ​ក្លិន​ស្រាល...។ ឃើញ​គេ​ដួល​ស្លុត ណា​មួយ​ធំ​ក្លិន​ផង»
កម្មករ សន្លប់ ៣០៥
កម្មករ​រោងចក្រ ម៉ីរ៉េ អឹភែរ៉ល (MIRAE APPAREL) ដែល​ដួល​សន្លប់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​​ខ្មែរ-​សូវៀត នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១២។ 
ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត អោ វណ្ណថេន មាន​ប្រសាសន៍​ថា មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ព្យាបាល​កម្មករ​ពី​រោងចក្រ​កាត់​ដេរ សាប្រីណា ចំនួន ១៩៥​នាក់​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ហើយ​លោក​អះអាង​ថា ការ​ដែល​កម្មករ​ពុល​គឺ​បណ្ដាល​មក​ពី​អារម្មណ៍​ភ័យខ្លាច​ផង រួមផ្សំ​នឹង​សុខភាព​របស់​កម្មករ​ខ្សោយ​ផង តែ​លោក​ថា គ្មាន​កម្មករ​សន្លប់​ទេ។
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន បន្ថែម​ថា មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្មករ​ពុល​នៅ​ឡើយ​ទេ។
ទោះ​យ៉ាង​ណា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី អះអាង​ថា ការ​ពុល និង​ដួល​សន្លប់​របស់​កម្មករ​រោងចក្រ​កាត់ដេរ សាប្រីណា គឺ​បណ្ដាល​មក​ពី​ការ​ពុល។
នេះ​គឺ​ជា​ការ​ពុល​លើក​ទី​២​ហើយ​នៅ​រោងចក្រ​ដដែល​ក្នុង​សប្ដាហ៍​តែ​មួយ ដែល​ការ​ពុល​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា បណ្ដាល​ឲ្យ​កម្មករ​ជាង ១៣០​នាក់​ដួល​សន្លប់។
នៅ​ថ្ងៃ​ដដែល​នេះ​ដែរ កម្មករ​រោងចក្រ​កាត់ដេរ ម៉ីរ៉េ អឹបភែរ៉ឹល (MIRAE APPAREL) ប្រមាណ ៤០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ។
ក្រុម​កម្មករ​ថ្លែង​ថា នៅ​ពេល​ចូល​ធ្វើ​ការ​បន្ទាប់​ពី​ពួក​គេ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច​នោះ កម្មករ​មួយ​ចំនួន​មាន​អាការៈ​ថប់​ដង្ហើម និង​ដួល​សន្លប់។ រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​បញ្ជូន​ក្រុម​កម្មករ​ទាំង​នោះ​ទៅ​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​មិត្តភាព ខ្មែរ សូវៀត ហើយ​ខ្លះ​ទៀត​ទៅ​គ្លីនិក​ឯក​ជន​មួយ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ។
លោក​វេជ្ជបណ្ឌិត លី សម្បត្តិ អ្នក​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូវៀត មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​កម្មករ​ទាំង​អស់​នោះ​បាន​ធូរ​ស្បើយ​ហើយ។
មិន​ទាន់​មាន​ការ​អះអាង​ពី​មូលហេតុ​ច្បាស់​លាស់​ទាក់​ទិន​នឹង​ករណី​ដែល​ កម្មករ​ពុល និង​ដួល​សន្លប់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ក្រុម​គ្រូ​ពេទ្យ គឺ​ទំនង​មក​ពី​កម្មករ​ទាំង​នោះ​ទទួល​ទាន​មិន​គ្រប់​គ្រាន់ ហើយ​ចំ​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ផង​ក៏​បណ្ដាល​ឲ្យ​ពួក​គេ​សន្លប់​តែ​ម្ដង​ទៅ៕    RFA

0 មតិ:

Post a Comment