January,0៦,2012 By: SOTHEAN
ទីកន្លែងកំសាន្ដសំខាន់របស់ខេត្ដកែប រួមមាន ៖
ទី១- ទីក្រុងមាត់សមុទ្រដ៏តូចនៃខេត្ដកែប ត្រូវបានស្ថាបនាតាមរបៀបបារាំង តាំងពីឆ្នាំ១៩០៨ មកម្ល៉េះ តែការរីកចម្រើនរខ្លាំងនៅក្នុងអំឡុងទសវត្សរ៍១៩៦០។ ក្រុងនេះក៏មានកេរ្ដិ៍ឈ្មោះល្បី ដោយរសជាតិរបស់ក្ដាមសមុទ្រ និងម្ហូបអាហារសមុទ្រដទៃៗទៀតផងដែរ។
ចំពោះមុខម្ហូបតាមរបៀប ទំនៀមទម្លាប់ខ្មែរ ការទទួលទានអាហារតាមវាលនៅទីនោះ គឺជាបទពិសោធន៍ដែលភ្ញៀវទេសចរពុំគួររំលងឡើយ។
ចំណែកម្ហូបអាហារ ត្រូវបានគេរៀបចំដាក់ពេញចានជាមួយទឹកជ្រលក់ អមដោយភេសជ្ជៈត្រជាក់ៗរួចជាស្រេច។ អ្នកខ្លះទៀត និយមការហែលទឹកនៅតាមចន្លោះរលកសមុទ្រ ឬ គយគន់ទេសភាពផ្ទៃសមុទ្រ ឆ្ពោះទៅកោះជាច្រើនដែលនៅទល់មុខឆ្នេរនោះ។
ក្រុងកែបមានចម្ងាយ ១៦៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយស្ថិតនៅតំបន់មាត់សមុទ្រ។ ដោយមានការយកចិត្ដទុកដាក់អស់មួយរយៈពេលមក ក្រុងកែបក៏បានចាប់ផ្ដើមសកម្មភាពរស់រវើក សប្បាយរីករាយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទី២-កោះទន្សាយ គឺជាកោះមួយដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ដោយសារសម្រស់ឆ្នេរខ្សាច់ពណ៌សល្អស្អាត ក៏នៅមានកោះជាច្រើនដែលលាក់កំបាំង នូវសម្រស់ធម្មជាតិដ៏គួរជាទីចាប់ចិត្ដ នៅជុំវិញជ្រោយខេត្ដកែបផងដែរ។ កោះទន្សាយ មានទស្សនីយភាពឆ្នេរពណ៌ពងមាន់ល្អត្រកាល និងមានខ្យល់អាកាសបរិសុទ្ធ ដែលអាចធ្វើឱ្យអ្នកទេសចរទាំងឡាយបន្ធូរបន្ថយជម្រុះអស់ទុក្ខកង្វល់ ហើយផ្ដល់ឱ្យពួកគេទទួលបាននូវអារម្មណ៍ជ្រះថ្លា ដូចបានទៅដល់ស្ថានសម្រាកលំហែកាយដ៏សុខដុម។ រហូតមកដល់ពេលថ្មីៗនេះ មានភ្ញៀវទេសចរមិនច្រើនប៉ុន្មានទេ ដែលបានទៅសម្រាកលំហែកាយនៅលើកោះនេះ។ វត្ដមានរបស់ភ្ញៀវទេសចរ ក៏បានផ្ដល់ឱកាសដល់អ្នកស្រុក បង្កើតបានមុខរបរអាជីវកម្មផងដែរ។
ឥឡូវនេះ ពួកគេបង្កើតជាភោជនីយដ្ឋាន និងផ្ទះសំណាក់ សម្រាប់ផ្ដល់សេវាកម្មដល់អ្នកមានបំណងស្នាក់អាស្រ័យនៅលើកោះនោះ។ តម្លៃស្នាក់គឺចាប់ពី ៥ ដុល្លារ សម្រាប់បន្ទប់បាងកាឡូ ធ្វើពីឈើ-ឫស្សី។ រីឯតម្លៃទូកឆ្លងពីផែទេសចរណ៍ក្រុងកែប ទៅកោះទន្សាយ គឺ ២០ ដុល្លារ ទូកមួយទាំងទៅទាំងមក។
ទី ៣-កោះពោធិ គឺជាកោះមួយដែលមានទេសភាព ស្រស់ស្អាតដែលអាចត្រូវនឹងចំណូលចិត្ដសម្រាប់ភ្ញៀវនិយមគោលដៅអេកូ ទេសចរណ៍ ហើយវាក៏មានឆ្នេរខ្សាច់ល្អ ប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្មេរខ្សាច់ពណ៌ពងមាន់ និងព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅយ៉ាងស្ងាត់ស្ងៀមលើកោះ នៃភូមិសាស្ដ្រខេត្ដកែបនេះ។
វា ក៏ដូចសហគមន៍អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងសកម្មភាពក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាជននៅកោះពោធិមួយរយភាគរយ គឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរ ទៅរកដីគោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីក្រុងកែប។ ដើម្បីទៅដល់កោះពោធិ ត្រូវធ្វើដំណើរ ២ម៉ោង ទាំងទៅទាំងមក ដោយជួលទូកក្នុងតម្លៃ ៤០ ដុល្លារ ពីកំពង់ផែទេសចរណ៍ក្រុងកែប។
សម្រាប់ការចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅត្រឹមកោះទន្សាយទាំងទៅទាំងមក ២០ ដុល្លារ ហើយអាចចរចាជាមួយអ្នកបើកទូកឱ្យជូនទៅកោះពោធិបន្ដទៀត ដោយបង់ថ្លៃថោកជាងច្រើន។
ទី៤-ប្រាសាទភូមិឈ្ងោក និងរូងភ្នំ នៅជុំវិញខេត្ដកែបមានភ្នំជាច្រើនដែលមានរូង ហើយរូងភ្នំទាំងនោះ គឺជាមណ្ឌលនៃថ្មកំបោរធំៗ ដុះពីលើចុះក្រោម និងដុះពីក្រោមឡើងទៅលើ រួមទាំងមានសំណង់បូជនីយដ្ឋាននៅទីនោះផងដែរ រូងភ្នំទីមួយឈ្មោះថា ល្អាងភ្នំឈ្ងោក គឺជាទីដែលមានប្រាសាទបុរាណ ធ្វើអំពីឥដ្ឋតាំងពីសតវត្សរ៍ទី៥ ឬទី៦មកម្ល៉េះ។ ប្រាសាទឥដ្ឋនេះ សង់ព័ទ្ធជុំវិញថ្មកំបោរដុះឡើងលើ និងចុះក្រោមមួយគូ ហើយថ្មកំបោរទាំងនោះបង្កើតបានជារូបរាងលិង្គធម្មជាតិដ៏ល្អឥតខ្ចោះមួយ ។ នៅក្បែររូងនោះ មានរូងមួយទៀតគេហៅថា ល្អាងគុហារថ្មភ្លេង។ មានថ្មកំបោរដុះពីលើចុះក្រោមច្រូងច្រាងវែងៗជាច្រើន ហើយថ្មដុះនោះឯងដែលបង្កើតបានជាសូរសៀងភ្លេង។ ប្រសិនបើយើងយកវត្ថុអ្វីមួយទៅគោះថ្នមៗ ពីថ្មមួយទៅថ្មមួយទៀត វានឹងបញ្ចេញសំឡេងជាឪសូឡាដូមីឱ។ បន្ទាប់ទៀតគឺល្អាងភាជមាស ក៏ជាទីកន្លែងសម្រាប់ភ្ញៀវទស្សនាស្វែងយល់ផងដែរ។ ភ្នំឈ្ងោកស្ថិតនៅក្នុងឃុំត្រពាំងព្រីង មានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ពីក្រុងកែប។
ទី៥-រូងថ្មភ្នំសសៀរ គឺជារូងមួយដែលស្ថិតនៅក្បែរក្រុងកែប ទីនេះគឺជារមណីយដ្ឋានមួយទៀតដែលគេណែនាំឱ្យអ្នកកម្សាន្ត ធ្វើទស្សនាចរនៅរូងថ្មភ្នំសសៀរ ដែលស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រ ពីរង្វង់មូលសេះស។ នៅទីនោះ មានរូងថ្មសំខាន់ៗចំនួន ៤ គឺល្អាងស្ដេចដំរីស, ល្អាងវាលស្រែ១០០, ល្អាងសខ្មៅ និងល្អាងប្រចៀវ។ ល្អាងស្ដេចដំរីស គឺជាល្អាងធំ ហើយសំខាន់ជាងគេ សម្រាប់ធ្វើការគោរពបូរជា ព្រោះទីនោះមានថ្មពណ៌សដុះដូចរូបសត្វដំរី។ រីឯល្អាងប្រចៀវ នៅផ្នែកម្ខាងទៀតនៃភ្នំ ហើយមុននឹងចូលទៅដល់ អ្នកអាចឮសូរសំឡេងរងំនៃសត្វប្រចៀវទាំងនោះ។ វាក៏ជារូងធំហើយជ្រៅ និងមានទឹកខួបប្រាំង ខួបវស្សានៅទីនោះ។
ទី៦-រូងថ្មភ្នំកំពង់ត្រាច ដែលស្ថិតប្រហែល ១៥ គីឡូម៉ែត្រពីក្រុងកែប។ រូងថ្មដ៏គួរឱ្យស្ញប់ស្ញែងនេះស្ថិតនៅចំកណ្ដាលភ្នំ វាគឺជាកំពែងរូងដ៏ធំទៅលើ ប្រសិនបើអ្នកឈរនៅបាតរូងនោះ រួចសំលឹងទៅលើនឹងឃើញមេឃ។ វាមើលទៅ ហាក់ដូចជានរណាម្នាក់មកខួងទម្លុះភ្នំនេះ។ អ្នកនឹងមានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះជញ្ជាំងថ្មភ្នំឈរចោទត្រង់ឡើងទៅលើទាំងនោះ ... គឺខ្ពស់ព័ទ្ធជុំវិញអ្នក ហើយមានដើមឈើតូចឆ្មារៗ និងវល្លិ៍ជាច្រើនប្រភេទដុះឡើងនៅលើផ្ទាំងថ្មនោះ។ នៅបាតក្រោមនៃភ្នំ ដែលជាផ្លូវចូលទៅកាន់កំផែងរូងឯកណ្ដាលភ្នំ មានថ្មជាច្រើនដុះចេញជារូបរាងដូចជាសត្វ អណ្ដើក, ត្រី , ជាក្ដោងសំពៅ និងជាព្រះពុទ្ធរូប។ អ្នកស្រុកជឿថា រូបសំណាកនៅសល់ទាំងនេះ គឺព្រោះតែសត្វនាគពុំទាន់លេបពួកវាចូលក្នុងក្រពះអស់។ ក្រពះរបស់នាគ គឺជាកំផែងរូងកណ្ដាលភ្នំនោះឯង។ ប៉ុន្ដែតាមការពិតរូបភាពជាត្រី, ក្ដោងសំពៅ ... មាននៅទីនោះ គឺជាសណ្ឋាននៃសំណឹកថ្ម ដោយសារចលនាសមុទ្ររាប់ពាន់ឆ្នាំមុន។
ទី៧-ចំការម្រេច ជាធម្មតាគេដាំម្រេចនៅតាមតំបន់ជួរមាត់សមុទ្រ ក្នុងខេត្ដកំពត-កែប និងកោះកុង ។ មានចំការម្រេចជាច្រើន នៅជុំវិញក្រុងកែប ដែលជាញយៗគេឃើញអ្នកស្រុកដាំវានៅជិតចំការធុរេន, ស្វាយ និងស្វាយចន្ទី -ល- ហើយចំការដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺស្ថិតនៅតាមផ្លូវទៅកាន់ភ្នំវល្លិ៍ មានចម្ងាយប្រហែល ៩ គីឡូម៉ែត្រ ពីក្រុងកែប។ ចំការម្រេចបានមកពីការកាត់ដើមវល្លិ៍របស់វា យកទៅដាំតាមជន្លង់ឈើសម្រាប់ឱ្យម្រេចវារតោងឡើង។ បន្ទាប់ពីរយៈពេល ៣ឆ្នាំ វាមានកម្ពស់ ២ម៉ែត្រ (វាអាចមានកម្ពស់ដល់ ៩ម៉ែត្រ) ពេលនោះវាចាប់ផ្ដើមផ្ដល់ផលហើយ។ ម្រេចចាប់ផ្ដើមចេញផ្កា-ផ្លែ ឬហៅថាគ្រាប់ នៅក្នុងខែឧសភាដល់ខែធ្នូ។ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ ផលិតផលម្រេចខ្មែរដ៏មានគុណភាពខ្ពស់នោះ ត្រូវបានគេទទួលស្គាល់ជាសកល បន្ទាប់ពីព្រៃឈើ និងកៅស៊ូ គឺម្រេចស្ថិតនៅលំដាបលេខ៣ សម្រាប់កសិផលនាំចេញនាពេលនោះ។ ប៉ុន្ដែដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ៣០ឆ្នាំ ផលិតផលម្រេចខ្មៅកម្ពុជា បានត្រឹមឆ្លើយតបទីផ្សារក្នុងស្រុកប៉ុណ្ណោះ ហើយម្រេចខ្មែរក៏បាត់បង់កេរ្ដិ៍ឈ្មោះរបស់ខ្លួនពីទីផ្សារសកលលោក ផងដែរ។
ទី៨-កសិដ្ឋានអំបិល គ្មាននរណាម្នាក់ដឹងថា កម្ពុជាចាប់ផ្ដើមផលិតអំបិលពីពេលណាមកទេ ប៉ុន្ដែជនជាតិខ្មែរបានផលិតអំបិលពីទឹកសមុទ្រ តាំងពីបុរាណកាលមកម្ល៉េះ។ អំបិល គឺជាសារធាតុដ៏សំខាន់សម្រាប់ទ្រទ្រង់សរីរាង្គកាយមនុស្ស បើគ្មានអំបិលសុខុមាលភាពរបស់មនុស្សពុំរឹងមាំទេ។ នៅភាគខាងកើតក្រុងកែប មានទីតាំងកសិដ្ឋានផលិតអំបិលចំនួន ២ គឺស្រែអំបិលទី១ ចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីក្រុង រីឯស្រែអំបិលទី២ មានឈ្មោះថា ស្រែអំបិលអង្កោល គឺជាកសិដ្ឋានធំមានសកម្មភាពមមាញឹកខ្លាំង មានចម្ងាយ ៨ គីឡូម៉ែត្រពីក្រុង។ គេផលិតអំបិលតាមវិធីងាយៗ ដោយគ្រាន់តែបង្ហូរទឹកសមុទ្រចូលទៅក្នុងស្រែអំបិល មាន ៤ ដំណាក់កាល រួចរក្សាទឹកនោះឱ្យនឹងដើម្បីឱ្យអំបិលចាប់ផ្ដើមកកជាក្រាម នៅតាមស្រែដែលមានសីតុណ្ហភាពទឹក ២៥ អង្សាសេ។ បន្ទាប់មកគេបង្ហូរទឹកដែលនៅសេសសល់ចេញពីស្រែ ហើយហាលវានៅក្នុងស្រែនោះចំនួន ៣-៤ ថ្ងៃ ទើបគេប្រមូលយកក្រាមគ្រាប់អំបិលជាការស្រេច។
ទី៩- ឆ្នេរអង្កោល សម្រាប់អ្នកដែលចាប់អារម្មណ៍ទីរមណីយដ្ឋានស្រស់ស្អាត ដោយបរិស្ថានធម្មជាតិបរិសុទ្ធ មានសភាពស្ងប់ស្ងាត់ផុតឆ្ងាយពីហ្វូងមនុស្ស ឆ្នេរអង្កោល គឺពិតជាទីកន្លែងដែលអ្នកត្រូវការ។ ទេសភាពឆ្នេរប្រវែង ១,៥ គីឡូម៉ែត្រ រំលេចដោយខ្សាច់ពណ៌ស វាអាចឆ្លើយតបនឹងសេចក្ដីត្រូវការ ដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរទាំងឡាយ។ ឆ្នេរដ៏ជាទីពេញនិយមនេះស្ថិតនៅចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងកែប ឬក៏ធ្វើដំណើរហួសពីកសិដ្ឋានស្រែអំបិលអង្កោលតែ ១៥ នាទីប៉ុណ្ណោះ។ ឆ្នេរអង្កោលបានលាក់កំបាំងសម្រស់ធម្មជាតិផូរផង់ ដោយគ្មានការបំផ្លិចបំផ្លាញពីមនុស្ស វាមានឆ្នេរស្រស់ស្អាត និងអមដោយដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ នៅទល់មុខឆ្នេរនេះគឺមាន កោះកុក កោះស្វាយ និងកោះត្បាល់។
ឆ្នេរនេះមានអ្នកលក់ភេសជ្ជៈ និងភោជនីយដ្ឋាន ដែលដំណើរការដោយសមាជិកសហគមន៍នៅនោះ សម្រាប់បំរើភ្ញៀវទេសចរ។
ទី១០-វ៉េរ៉ង់ដារីសត វាមិនស្ថិតនៅចំពីមុខឆ្នេរ ប៉ុន្ដែវាស្ថិតនៅលើចង្កេះភ្នំ ដែលផ្ដល់ឱកាសល្អសម្រាប់ការគយគន់ផ្ទៃសមុទ្រ និងភ្នំបូកគោដ៏ខៀវស្រងាត់។ វ៉េរ៉ង់ដារីសត មានអាងហែលទឹកមួយ និង ២០ បាងកាឡូ ដែលត្រូវបានរចនាឡើងដោយសំយោគបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណ ខ្មែរ និងស្ថាបត្យកម្មទំនើប បង្កើតបានជាប្រណិតភាព សំណង់ទាំងឡាយមានប្រើឈើដើមឫស្សី និងបេតុង។ អ្វីៗទាំងអស់ស្ថិតនៅលើផ្ទៃដី ២,៥ ហិកតា ស្ថាបត្យកម្មដោយដៃគួរឱ្យស្រឡាញ់ ជាស្នាដៃឯករបស់ម្ចាស់អចលនទ្រព្យនេះ។ នៅតាមបាងកាឡូឯកជននីមួយៗ តភ្ជាប់គ្នាដោយរុក្ខជាតិហូបផ្លែ និងផ្កាព្រៃធម្មជាតិ ធម្មជាតិទាំងនោះបាននាំផ្លូវយើងឱ្យចូលទៅដល់ខាងក្នុងបន្ទប់គួរឱ្យ ចាប់ចិត្ដ បន្ទប់គេងបំពាក់ដោយសម្ភារៈតុបតែងទំនើបប្រណិតៗ និងបន្ទប់ទឹក (ក្ដៅ-ត្រជាក់)។ បាងកាឡូទាំងនោះមានជាប្រភេទស្ដង់ដា និងឌឺលុច តម្លៃរបស់វាចាប់ពី ៣៨ ដល់ ៨៥ ដុល្លារក្នុងមួយបន្ទប់។
0 មតិ:
Post a Comment