www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face
Showing posts with label អរិយធម៌. Show all posts
Showing posts with label អរិយធម៌. Show all posts

Monday, April 30, 2012

បូតសណ្តែកជាល្បែងកម្សាន្តរបស់ខ្មែរ



ល្បែងបូតសណ្តែក​នេះ​ភាគច្រើន​គេលែង​តែពីរនាក់​ទល់​មុខគ្នា ឬ បើគេ​ចង់​លេង​ច្រើនអ្នក គេត្រូវ​មានដៃគូ​អង្គុយ​ទល់​មុខ​គ្នា​ហើយ​ស្រែក​ច្រៀងរួម​គ្នា។ ជាដំបូង គេយក​បាតដៃ​បញ្ចូលគ្នា គឺបាត​ដៃស្តាំផ្អិប​បាតដៃឆ្វេង បាតដៃ​ឆ្វេងផ្អិប​ខ្នង​ដៃស្តាំ​នៃ​ដៃគូ​របស់​ខ្លួន ហើយ​បូតចុះ​បូត​ឡើង ប្រកប​ដោយ​មនោ​សញ្ចេតនា​ស្អិតល្មួត និង រីករាយ។ ពេល​បូតដៃ​នោះ គេ​ស្រែក​ច្រៀង​ព្រមគ្នាថា: "បូតសណ្តែក រទេះបាក់បែក នាងនី​ដើរដី អស់ទាំង​គេ គេជិះ​ដំរី នាងនី​ដើរដី ជិះ​ឆ្កែ​កំផើម។ ផើមផុត ចង់ស៊ីនំដុត ភ្លើងរលត់ ចង់ស៊ីនំឆៅ កំពប់​ម្សៅអស់"។ ពេលច្រៀង​ចប់គេទះ​បាតដៃ​ខ្លួនឯង​មួយផូង ទះភ្លៅ​រៀងៗ​ខ្លួនមួយ​ផូង រួចទះ​បាតដៃ​ខ្លួនឯង​មួយផូង បាន​លើក​ដៃស្តាំ​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ស្តាំនៃ​ដៃគូ​របស់​ខ្លួនមួយ​ផូង ទះដៃខ្លួន​ឯង​មួយផូង រួចលើកដៃ​ឆ្វេង​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ឆ្វេងនៃ​ដៃគូ​របស់ខ្លួន​មួយផូង។ នេះជា​វគ្គមួយ ហើយគេ​ចាប់ដំណើរ​ការទះ​​សារជាថ្មី​ជា​បន្តបន្ទាប់ ដូច​ដែល​យើង​បា​នអធិប្បាយ​រួចមក​ ហើយ​សាចុះសារ​ឡើង តែចង្វាក់​ក៏កាន់​តែរន្ថើន​ញាប់ឡើងៗ​ដែរ អ្នក​ណា​ទន់ដៃវាយ​ទៅលែង​រួចនោះ​គេគិត​ថាចាញ់។

របៀបទះ​ដែលយើង​រៀបរាប់​មកនេះ ជារបៀប​មួយបែប តែមាន​ច្រើនបែប​ទៀត គឺ យោល​ទៅតាមការ​សន្មតគ្នា ថាទះភ្លៅ​ប៉ុន្មានដង ទះដៃ​ខ្លួនឯង​ប៉ុន្មាន រួចទះដៃ​គូប៉ុន្មាន ...។ នៅពេល​រន្ថើន​ចង្វាក់ បើយើង​​ភ្លេច ឬ ច្រឡំ ក៏គេចាត់​ទុកថា​ចាញ់មួយដែរ៕(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២

ល្បែងសម្រាប់ក្មេងៗ កម្សាន្តតាមភូមិសូកកូឡា បុងបុង​​



ល្បែងនេះ​គេលេងគ្នា​ច្រើន​នាក់ជា​ការល្អ ហើយ​មិនរើស​មាឌតូច​ធំ​ឡើយ គឺ​សំរាប់​បែងចែក​គ្នា​ទាញ​យក​ឈ្នះចាញ់​នៅពេល​សំរាប់ចេញ​ជា​លទ្ធផល។ ន័យនេះ​បាន​សេចក្តី​ថា ជា​ដំបូង​មាន​កុមារ​មាឌ​ធំៗ​ពីរនាក់​ជាអ្នក​នាំ​អាទិ ដោយ​លើកដៃ​ជ្រោង​ខ្ពស់​កាន់ភ្ជាប់គ្នា ហើយគេ​សន្មត​រៀងៗ​ខ្លួនថា អ្នក​ណា​ជាអ្នក​យក​ឈ្មោះ​សូកកូឡា និង ម្នាក់ទៀត​យក​ឈ្មោះ​បុងបុង។

អ្នកនៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ឈរ​តោង​កន្ទុយគ្នា ហើយ​ដើររុល​ចូល​ក្រោម​ដៃអ្នក​ទាំងពីរ ដោយ​ស្រែក​ច្រៀង​ជាបណ្តើរៗ​ថា: "សូកកូឡា បុងបុង ៗៗៗ​..."។ នៅពេល​អ្នក​ទាំងពីរ គឺ​អ្នក​លើក​ដៃជ្រោង​ខ្ពស់​ឯកភាព​គ្នាទំលាក់​ដៃចុះ ស្ទាក់មិន​អោយរុល​ក្រោមដៃគេ គេទាំងពីរ​ត្រូវ​សួរថា​​"សូកកូឡា-​បុងបុង?" បាន​សេចក្តីថា​តើយក​សូកកូឡា ឬ យក​បុងបុង?។ បើអ្នក​​ត្រូវគេ​ស្ទាក់ស្រែកថា សូកកូឡា អ្នក​នោះត្រូវ ទៅ​ឈរ​ផ្នែកខាង​សូកកូឡា តែបើ​ស្រែកថា​បុងបុង ត្រូវ​ទៅឈរ​ផ្នែក​ខាង​បុងបុង។ ប៉ុន្តែ​នៅពេល​បញ្ជាក់​ការ​ស្ទាក់​ដើម្បី​សួរ​មនុស្ស​បានម្នាក់ៗ​ហើយ អ្នក​ទាំងពីរ​នោះ​តែង​ខ្សឹបគ្នា សន្មត​ដូរឈ្មោះ ឬ មិន​ដូរ​ដោយ​ទុក​ដដែល តែ​មិនអោយ​អ្នកដើរ​រុល​ក្រោម​ដៃដឹង​ខ្លួនទេ។ គេស្ទាក់​និង​សួរ​​របៀបនេះ លុះ​ត្រា​តែអស់​អ្នក​តោង​កន្ទុយ។ បន្ទាប់​មកបាន​គេប្រមូល​បក្សពួក​គេរៀងៗ​ខ្លួន ដើម្បី​ប្រទាញ​យក​ឈ្នះ​យក​ចាញ់​រហូត​ដល់​ដួល​រកេតរកូត។ ពួក​ដែលចាញ់គេ គឺពួកដែល​គេបាន​អូសទាញ យក​អស់មនុស្ស​ពីពួកខាង​ខ្លួន។
ចាស់ៗ​បានដំណាល​ថា

ល្បែងនេះ​កើតឡើង​ដោយសារ មានមនុស្ស​ពីរ​អ្នកក្តី​ដណ្តើម​ដីគ្នា។ ម្នាក់ៗ​ខំប្រមែ​ប្រមូល​កៀរគរ​គ្នា ដើម្បី​អោយបាន​សំលេង​ច្រើន​តែរៀងៗ​ខ្លួន។ ប៉ុន្តែ​នៅទី​បញ្ចប់ អ្នកដែល​ដួលនោះ​ជាអ្នកក្តី និង អ្នក​តូចតាច ឯអ្នក​មានកំលាំង​នៅតែឈរ​បានរឹងមាំ ព្រោះ​ដូចពាក្យ​សូកកូឡា គឺសូក​ក្រឡាបញ្ជី ឬ បុងបុង ព្រោះ​ពាក្យ បងៗ គឺបងៗដែល​មានតួនាទី​ធំ៕
(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២

Saturday, April 14, 2012

មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦



មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ​១៣៧៤ មហា​សករាជ​១៩៣៤ ពុទ្ធ​សករាជ​២៥៥៦ គ្រិស្តសករាជ​២០១២។ ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៥៥​ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១រោច ខែ​ពិសាខ ឆ្នាំរោង ចត្វាស័ក តទៅ​ចូល​ពុទ្ធសករាជ​២៥៥៦។ នឹង​គណនា​ឆ្នាំ រោង ឥឡូវ​នេះ​សង្ក្រាន្ត​​ចូល​មក​នៅ​ថ្ងៃ​សុក្រ ៧រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា គ.ស.២០១២ វេលា​ម៉ោង​១៩ និង​១១នាទី​ល្ងាច។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោវិថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះ​នាម កិមិរាទេវី ជា​បុត្រី​ទី៦ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ធាតុម្មហារាជិកា​ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ ផ្កាចង្កុលណី អភរណ​ទ្រង់​ពាក់ កែវបុស្សរាគ័ម ភក្សា​ហារ​ទ្រង់​សោយ ចេកណាំវ៉ា-ចេក​ទឹក ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ្យ ទ្រង់​ផ្ទំ​បើក​ព្រះនេត្រ​លើ​ខ្នង មហិង្សា (សត្វ​ក្របី) ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហាកែវ​ធម្មមាលី នាទី​ភ្នំកៃលាស ខេត្តហិមពាន្ត ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហា​ព្រហ្ម ដែល​តំកល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០នាទី (២៤ម៉ោង)។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​ អនោតត្តមហាស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ ដែល​ជា​មាត់​គោ ឧសភរាជ ទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមា​ទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អព​មង្គល​ឲ្យ​ជ្រះ​ស្រឡះ ហើយ​ចម្រើន​នូវ​សិរីសួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ទាំង​ឡាយ​តាំង​ពី​ឆ្នាំ​ថ្មី ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ សុខ​ក្សេម​ក្សាន្ត​តរៀង​ទៅ។

នៅ​ថ្ងៃ សុក្រ ៧រោច ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលា​ម៉ោង១៩ និង ១១នាទី​ល្ងាច ជា​ថ្ងៃ​ចូល​ឆ្នាំ រោង ចត្វាស័ក។

ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជា​វារៈវ័នបត។

ថ្ងៃអាទិត្យ​ ៩រោច ខែ​ចែត្រ​ត្រូវ​នឹង​ថ្ងៃទី ១៥មេសា គ.ស២០១២ នៅ​វេលា​ម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ​ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត បីថ្ងៃ ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​រោង​ចត្វាស័ក ចុល្លសក​រាជ ១៣៧៤ មហាសករាជ ១៩៣៤ និង​ពុទ្ធសករាជ​២៥៥៦ បរិបូរណ៍​តទៅ។

ក្នុង​ឱកាស​សង្រ្កាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​រៀបចំ​ពលិការ​គ្រឿង​សក្ការ​បូជា​អុច​ប្រទីប​ជាលា ថ្វាយ​ព្រះរតន​ត្រ័យ និង​ទទួល​ស្វាគមន៍​ទេវ​បុត្រ ទេវ​ធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ ជា​ចិត្ត​អប្រិយ៍​ជាប់​ដោយ​គំនុំ​គុំ​គួន ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរីសួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ។

រណ្តាប់​ទទួល​ទេវតា

រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍ បាយសី​៩ថ្នាក់​មួយ​គូ បាយ​សី​៧ថ្នាក់​មួយ​គូ បាយសី​៥ថ្នាក់​មួយ​គូ បាយ​សី៣​ថ្នាក់​មួយ​គូ បាយ​សី​ប៉ា​ឆាម​មួយគូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយគូ (ទៀន​៥​ធូប៥) លាច​៥ ផ្កា​៥​ដាក់​លើ​ជើង​ពាន​១គូ ចេក​នួន ចេក​ណាំវ៉ា​ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក ចេក​ណាំវ៉ា និង​ចេក​ទឹក ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនៈ​ត្រ័យ សមាទាន​សីល ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជា​ទី​ពឹង ទីរឫក​លុះ​ចប់​ពិធី​ទទួល​ទេវតា។

​សត្វ​នាគនិងដួងវិញ្ញាណខ្មែរ



ឆ្នាំ​រោង គឺ​ជា​ឆ្នាំ​តំណាង​អោយ​សត្វ​នាគ ដែល​ខ្មែរ​មាន​ជំនឿ​ថា ជា​និមិត្ត​រូប​នៃ​កំលាំង​អាទិទេព វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​វត្ថុ​ទិព្វ​របស់​ជន​ជាតិ​ខ្មែរ។
ជំនឿ​ចំពោះ​សត្វ​នាគ​នេះ កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​ជា​ពិសេស​មាន​រឿង​រ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទៀត​ផង។

នៅ​ក្នុង​សម័យ​អាណាចក្រ​ភ្នំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម និង​នៅ​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ។ គេ​ជឿ​ថា​បុព្វ​បុរស​ដូន​តា​របស់​ខ្លួន មាន​អំបូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរ​ភ្នំ នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​បី បាន​កត់​ត្រា​ទុក​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ ៥០ នៃ​គ្រិស្តសករាជ មាន​ជន​ជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា មក​កាន់​អាណាចក្រ​ភ្នំ។ មក​ដល់​នគរ​ភ្នំ ព្រះបាទ ហ៊ុន ទៀន ពើប​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះរាជិនី​នៃ​រដ្ឋ​នេះ​ គឺ​ព្រះ​នាង លីវ យី ដែល​បាន​នាំ​កម្លាំង​ទ័ព​ទៅ​វាយ​លុក​លើ​សំពៅ​ព្រះអង្គ។

ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ​ព្រះ​អង្គ​ក៏​ទទួល​ជ័យ​ជំនះ​លើ​ព្រះនាង លីវ យី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​ព្រះនាង អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។

ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូ​កែ​ដូច្នោះ ព្រះនាង លីវ យី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះ​អង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង ជា​ព្រះរាជ​អគ្គ​មហេសី តាំង​ពី​ពេល​នោះ​មក។

ព្រះរាជ​ពង្សាវតារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​ទទួល​ស្គាល់​ថា មាន​ការ​ចង​សម្ព័ន្ធ​មេត្រី​រវាង​ព្រាហ្មណ៍​ឥណ្ឌា និង​ម្ចាស់​ស្រុក ដែល​ជា​បុត្រី​ស្ដេច​ភុជង្គនាគ​ដែរ។ ប៉ុន្តែ ព្រះរាជ​ពង្សាវតារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហៅ ព្រះ​នាម​ស្ដេច ទាំង​ពីរ​នោះ​ថា ព្រះ​ថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្ត៍​ដំណែល ទំនៀម​ទំលាប់​ប្រពៃណី​ជា​ច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថែម​ទៀត​ផង។

រួម​សេចក្ដី​មក គឺ​ព្រះ​បាទ ហ៊ុន ទៀន ឬ​ព្រះ​ថោង និង​ព្រះនាង លីវ យី ឬ​នាង​នាគ​នេះ​ហើយ ដែល​ត្រូវ​គេ​ជឿ​ថា ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ ជា​ដំបូង​គេ​បង្អស់​នោះ។

ថ្វី​ត្បិត​តែ​ខ្មែរ​ជឿ​ថា ខ្លួន​មាន​អំបូរ​មក​ពី​សត្វ​នាគ ពាក់​កណ្ដាល​ក្ដី លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា អាំង ជូលាន សង្កេត​ឃើញ​ថា ក្រោយ​មក ខ្មែរ​បាន​ឆ្នៃ​រំដោះ​ខ្លួន​បន្តិច​ម្តងៗ ចេញ​សត្វ​នាគ ហើយ​អោយ​ក្លាយ​មក​ជា​មនុស្ស​វិញ។ លោក​សង្កេត​ឃើញ​ថា ចលនា​រំដោះ​ខ្លួន​ពី​នាគ​នេះ ស្តែង​ចេញ​តាម​រឿង​ព្រះ ថោង និង​នាង នាគ នេះ​ដដែល។ ប៉ុន្តែ គេ​អូស​បន្លាយ​សាច់​រឿង​អោយ​មក​ដល់​សម័យ​សាង​ប្រាសាទ​អង្គរ​ធំ ឯ​ខេត្ត​សៀមរាប​ឯ​ណេះ។

បើ​តាម​លោក​សាស្ត្រាចារ្យ អាំង ជូលាន រឿង​នេះ​មាន​សេចក្ដី​ថា ស្ដេច​នាគ ដែល​ជា​បិតា​របស់​នាង​នាគ ខ្លាច​មុខ​ព្រហ្ម ហើយ​ហាម​ព្រះ ថោង មិន​អោយ​សង់​ប្រាសាទ ដែល​មាន​មុខ​ព្រហ្ម​ទេ តែ​ព្រះ ថោង រឹង​ទទឹង.

លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹង​បាន​ចុះ​ទៅ​ឋាន​នាគ ដើម្បី​ទៅ​សុំ​ដណ្ដឹង​នាង នាគ​នោះ​ណា៎… រួច​ទៅ​បាន​ឪពុក​ក្មេក ដែល​ជា​ស្ដេច​នាគ​ហ្នឹង ក៏​លោក​ក៏​សុខ​ចិត្ត​អោយ​អញ្ចឹង​ទៅ… ហើយ​មក​ជួយ​សង់​អង្គរ​នេះ។ គឺ​ថា អង្គរ​ធំ​នេះ ដែល​មាន​ប្រាសាទ​បាយ័ន​នៅ​កណ្ដាល​នេះ។ រួច​ទៅ…ផ្ដាំ​ថា កូន​ឯង​បើ​សង់​អី​សង់​ទៅ កុំ​អោយ​តែ​មាន​មុខ​ព្រហ្ម​អី។ ឪ​ខ្លាច​ព្រហ្ម​ណាស់។ ព្រហ្ម​មុខ​បួន​នោះ។ ដល់​ព្រះ ថោង ដូច​ថា… ធ្វើ​របៀប​ជំទាស់​ប្រទូសរ៉ាយ​នឹង​ឪពុក ក្មេក​ហ្នឹង ក៏​សង់​ប្រាសាទ​បាយ័ន សង់​ក្លោង​ទ្វា​អង្គរ​ធំ​អី សុទ្ធ​តែ ឬ​មុខ​ព្រហ្ម​ហ្នឹង​ទៅ។ ដល់​តែ​ឪពុក​ហ្នឹង​ឡើង​ពី​ទឹក​មក​លេង​នឹង​កូន… យើង​ដឹង​ហើយ​ប្រាសាទ​បាយ័ន មិន​មាន​កន្លែង​មួយ គេ​ហៅ​ថា អណ្ដូង​ប្រេង​អញ្ចឹង​ណា៎។ គេ​ជឿ​ថា អណ្ដូង​ហ្នឹង ចុះ​ទៅ​បាត​សមុទ្រ។ ដល់​ពេល​ឪពុក​ហ្នឹង ងើប​ឡើង​មក​លេង​នឹង​កូន​ទៅ ឃើញ​ព្រហ្ម​ទៅ​ខឹង​ក៏​ច្បាំង​គ្នា​អី​អញ្ចឹង​ទៅ។ ទី​បំផុត ព្រះ ថោង ហ្នឹង​សម្លាប់​ឪពុក​ហ្នឹង​ទៅ។ ឪពុក​ក្មេក​នោះ»។

លោក​សាស្ត្រាចារ្យ​បន្ត​ថា គឺ​ការ​សំលាប់​ស្ដេច​នាគ ដែល​ជា​ឪពុក​ក្មេក​របស់​ព្រះ ថោង នេះ​ហើយ ដែល​ជា​ការ​ផ្ដាច់​ចំណង​ទាក់ទង​ពី​សត្វ​នាគ រស់​នៅ​ក្នុង​ទឹក មក​ជា​មនុស្ស​នៅ​លើ​គោក​វិញ។

លោក អាំង ជូលាន៖ «ដល់​អញ្ចឹង​ទៅ នាង នាគ ហ្នឹង លែង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ។ នាង​នាគ​ហ្នឹង​ក្លាយ​មក​នៅ​ឋាន​មនុស្ស​វិញ។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា ក្នុង​ការ​វិភាគ​រឿង​អញ្ចឹងៗ មាន​ន័យ​ថា យើង​ពី​ដើម… ខ្មែរ​យើង​ពី​ដើម​នេះ ជា​សត្វ​នាគ សត្វ​ពស់​អី ពាក់​កណ្ដាល​ណា៎​ម្ដាយ​ណា៎។ ប៉ុន្តែ ទី​បំផុត​ទៅ យើង​ទាត់​ចោល លែង​ទទួល​ស្គាល់​អា​ដេញ ហ្នែ…ម៉ា​ភាគ​នៃ​កំណើត​យើង ដែល​ជា​នាគ​ហ្នឹង​ទៅ។ ដូច​ជា​នាង នាគ ក្នុង​រឿង ព្រះ ថោង នាង នាគ។ ក្រោយ​មក​មាន​ចុះ​ទៅ​លេង​ឋាន​របស់​ខ្លួន​ឪពុក​អី ស្លាប់​អស់​ហើយ… ក្លាយ​ទៅ​ជាមួយ​មនុស្ស​រហូត​ទៅ​កើត​កូន កើត​ចៅ​អី​មក​ជា​ខ្មែរ…»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ថា នាគ គឺ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​អ្វី​មួយ ប្រជា​ពលរដ្ឋ​ខ្មែរ និយម​ធ្វើ​ពិធី​សែន​ព្រេន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី គឺ​ពិធី​សែន​ក្រុង​ពាលី ដែល​ជា​ស្ដេច​នាគ​នោះ​ឯង។

សត្វ​នាគ នេះ​ក៏​ត្រូវ​គេ​និយម​ថា ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​ក៏​ជា​សត្វ ដែល​តំណាង​អោយ​សភាវៈ​ល្អ ទាំង​ក្នុង​ហិណ្ឌូ​សាសនា និង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ នៅ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹក​ដោះ នៃ​លិទ្ធ​ពហុ​ទេវ​សាសនា​ហិណ្ឌូ នាគ មួយ​ឈ្មោះ វ៉ា សុគី បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​អោយ​ពួក​សុរា និង​ពួក​អសុរៈ ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​បេសកកម្ម​កូរ​សមុទ្រ​ទឹក​ដោះ​ស្វែង​រក​ទឹក​អម្រឹត ដើម្បី​ព្យាបាល​ដល់​ទេវតា និង​មនុស្ស​លោក​នៅ​គ្រប់​ទីស្ថាន។

ចំណែក​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ គេ​សង្កេត​ឃើញ​ស្ដេច​នាគ​ឈ្មោះ មុជ្ជលិន្ទ ដែល​មាន​ក្បាល ៧ ចេញ​ទៅ​ធ្វើ​ក្បាំង​ការពារ​ប្រក់​ពី​លើ​ព្រះពុទ្ធ ដែល​កំពុង​គង់​ធ្វើ​សមាធិ​ផង​ដែរ។

ម៉្យាង​ទៀត​បុព្វ​បុរស​ខ្មែរ បាន​ឆ្លាក់​រូប នាគ តាម​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ ជា​ច្រើន នៅ​តាម​ប្រាសាទ​ខ្មែរ​បុរាណ ជា​ពិសេស ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ។ លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​ថា ការ​យក នាគ សង់​ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​ដូច​នេះ ក៏​ព្រោះ​តែ​សត្វ​នាគ តំណាង​អោយ​ទឹក ឬ​ក៏​ឥន្ទធនូ​ផង និង​ជា​ស្ពាន​ចំលង​មនុស្ស​រំលង​ពី​ឋាន​មួយ​ទៅ​ឋាន​មួយ​ទៀត​ផង។

លោក អាំង ជូលាន៖ «នាគ គឺ​ដូច​ឥន្ទធនូ​អញ្ចឹង គឺ​ជា​មធ្យោបាយ​សំរាប់​ចំលង​ឋាន​យើង ទៅ​ឋាន​ទេព​នោះ។ ព្រោះ​ថា ប្រាសាទ…ឧបមា​ថា អង្គរវត្ត… ប្រាសាទ​ជា​លំនៅ​ណា៎ ជា​ឋាន​នៃ​ទេព​ហៅ​ថា លោក​ធាតុ​នេះ ណា៎។ យើង​ទៅ​ពី​ឋាន​យើង​នេះ ទៅ​ដល់​ឋាន​ទេព​ហ្នឹង វា​មាន នាគ ដើម្បី​ថា​ចំលង​មនុស្ស​ដើម្បី​ដល់​ទេព​អី​អញ្ចឹង​ទៅ…»។

បរិវេណ​ជុំវិញ​ប្រាសាទ និង​តួ​ប្រាសាទ​អង្គរវត្ត តំណាង​អោយ​ឋាន​របស់​អាទិទេព​គង់​នៅ។ ដើម្បី​ចូល​ទៅ​ដល់​តួ​ប្រាសាទ​អង្គរវត្ត ដែល​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ គេ​ត្រូវ​ដើរ​ឆ្លង​ទឹក​សមុទ្រ ដែល​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ។ ដូច្នេះ សំណង់​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ បាន​សាង​ជា​រូប នាគ ក្បាល ៧ នោះ គឺ​តំណាង​អោយ​ទឹក​សមុទ្រ​ផង និង​តំណាង​អោយ​វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​ក៏​ជា​ស្ពាន​ចំលង​មនុស្ស អោយ​ទៅ​ជួប​នឹង​ព្រះ​អាទិទេព​ផង។

ចំពោះ​អ្នក​កើត​ឆ្នាំ រោង ដែល​ជា​ឆ្នាំ​សត្វ នាគ បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ នៃ​ក្រសួង​ធម្មការ និង​សាសនា​ថា រមែង​ជា​មនុស្ស​មាន​និស្ស័យ និង​ជោគ​សំណាង​ល្អ នឹង​មាន​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត ចៅហ្វាយ​នាយ​ចិញ្ចឹម​បីបាច់​ថែ​រក្សា នឹង​បាន​ទៅ​ជា​អ្នក​មាន​បុណ្យ​ស័ក្ដិ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ។

ជា​មនុស្ស​មាន​ចិត្ត​បុណ្យ​សុន្ទរ​ទាន ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ អាច​តាំង​ខ្លួន​អោយ​ធំ​ដុំ​បាន ដោយ​ខ្លួន​ឯង។ យូរៗ ទើប​មាន​លាភ​ធំ​ម្ដង។ ជា​មនុស្ស​មាន​ព្រះ​កេតុ​ថែ​រក្សា​អរិ​សត្រូវ មិន​អាច​ប៉ុនប៉ង​ពាធា​បាន​ឡើយ។

ជា​មនុស្ស​មាន​វាចា​មោះមុត សតិ​បញ្ញា​ឈ្លាសវៃ ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់​វិញ។ អ្នក​កើត​ឆ្នាំ រោង ជា​មនុស្ស​ពេញ​ចិត្ត នឹង​រស់​កាមារម្មណ៍ មិន​ចេះ​នឿយ​ណាយ។

មនុស្ស​ឆ្នាំ រោង ច្រើន​តែ​ទទួល​ជោគ​លាភ ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើ​ការ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ហើយ តែងតែ​បាន​ទទួល​ផល​ល្អ​ជា​វិសេស៕

Sunday, March 4, 2012

យាយ ម៉ៅ នៅភ្នំបូកគោនាំសេចក្តីសុខ

គេសង្កេតឃើញថា នៅតាម តំបន់ព្រៃភ្នំនាដែនដីសមុទ្រ ក្នុងខេត្តបីដូចជាកំពត កោះកុង និង ខេត្តព្រះសីហនុ ភាគ ច្រើនមានរូបសំណាកយាយម៉ៅស្ថិតនៅគ្រប់ទីកន្លែងដែលមានបារមីខ្លាំងពូកែស័ក្តិសិទ្ធិ ។ ក្រៅពីយាយ ម៉ៅ ភ្នំពេជ្រ និល ដែលមានអ្នកដំណើរទៅមកឈប់រថយន្តចូលអុជធូបមិនសូវដាច់នោះ ដោយឡែកយាយ ម៉ៅ នៅលើកំពូលភ្នំ បូកគោ ខេត្តកំពតឯណោះវិញក៏មិនចាញ្ញ់គ្នាដែរ ។ ជារៀងរាល់ថ្ងៃតែងមានភ្ញៀវទេសចរឡើងទៅកម្សាន្ត ហើយម្នាក់ៗ មុនទៅដល់កំពូលភ្នំបូកគោ ឆ្លៀតឈប់មួយភ្លែតសិន មិនហ៊ានទៅហួសឡើយ ដើម្បីអុជធូបបួងសួងមុខរូបសំណាក យាយ ម៉ៅ មួយដ៏ធំខ្ពស់ សូមកុំឱ្យមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរឡើងចុះភ្នំ ។



កំពូលភ្នំបូកគោ គឺជាកន្លែងកម្សាន្តមួយ នៅក្នុងទឹកដីខេត្តកំពតក្នុងចំណោមឆ្នេរ សមុទ្រកែប ដែលមានអ្នកទៅ លេងច្រើនជាង គេ ។ នៅលើកំពូលភ្នំដ៏ខ្ពស់កប់អាកាស ប៉ះតែ ផ្ទាំងពពកអ័ព្ទនោះ ពិតជាមានទេសភាពស្រស់ ប្រណីតមែន រួមជាមួយនឹងសំណង់ផ្សេងៗ ដូច ជា កាស៊ីណូ ដំណាក់ស្តេច និង សំណង់វត្តសំពៅ ប្រាំ ជាដើម ដែលមានតាំងពីជំនាន់សង្គមរាស្ត្រ និយមម៉្លេះ ។ ដោយឡែកបើមើលពីចម្ងាយវិញ ជួរភ្នំនេះវែង កំពូលខ្ពស់ រាងដូចបូកគោ ដែលមានកម្ពស់ ១.០៧៥ ម៉ែត្រ ។ មិនតែប៉ុណ្ណោះថែមទាំងមានផ្លូវសម្រាប់ឡើងចុះ ចាក់ ក្រាលដោយកៅស៊ូរលោងស្រិលទៀតផង ដែលឆ្លងកាត់បត់បែន កាច់កេលលើក្រោមគ្នាតាមមាត់ជ្រោះពីជ្រលងខ្នងភ្នំមួយទៅជ្រលង ខ្នងភ្នំមួយទៀត ហើយពីជើងក្រោមទៅដល់កំពូលចម្ងាយប្រវែង ៣៣ គីឡូម៉ែត្រ ។ ផ្លូវទេរចោតឡើងភ្នំ ជាកន្លែងអាចឱ្យរថយន្ត និង ម៉ូតូដឹកភ្ញៀវទេសចរឡើងចុះបានប្រកបដោយសុវត្ថិភាពខ្ពស់ ។ ការ បើករថយន្ត ម៉ូតូដឹកមនុស្សឡើងភ្នំដ៏ខ្ពស់ឆ្លងជ្រោះ ចូលព្រៃ ពិត ជាធ្វើឱ្យភ្ញៀវទេសចរម្នាក់ៗមានអារម្មណ៍ស្ញើបភ័យខ្លាច នឹងគ្រោះ ថ្នាក់ ហើយតែងបន់អស់ខ្មោចម៉ែខ្មោចឪឱ្យជួយកាន់ខ្នងរងមុខមិន ខាន ។


ទន្ទឹមនឹងនោះពួកគេហាក់មានអារម្មណ៍កក់ក្តៅខ្លះ លែង មានការភ័យព្រួយអ្វីទៀតដូចមុនហើយបន្ទាប់ពី ឡើងទៅដល់ត្រង់ ចំណុចដែលមានរូបសំណាកយាយ ម៉ៅ ដោយបានអុជធូបបន់ស្រន់ ។ រូបយាយ ម៉ៅ ដ៏ធំខ្ពស់នេះធ្វើពីស៊ីម៉ងត៍ មានកម្ពស់ប្រ-ហែល ១០ ម៉ែត្រ ទោះបីកសាងមិនទាន់ហើយរួចរាល់ពិតមែន ប៉ុន្តែ មានបារមីខ្លាំងពូកែ ធ្វើឱ្យភ្ញៀវទេសចរទាំងឡាយឡើងភ្នំតែងឈប់ ចតរថយន្ត ម៉ូតូ ចូលអុជធូបបន់ស្រន់គ្រប់ៗគ្នា មិនហ៊ានទៅហួស មកហួសឡើយ ។ មិនត្រឹមប៉ុណ្ណោះទេ ពួកគេថែមមាននំចំណី ចេក និង ទឹកសុទ្ធ ជាដើម ថ្វាយយាយ ម៉ៅ សេពសោយទៀតផង ។ ក្នុង ចិត្តពួកគេម្នាក់ៗបានតាំងចិត្តប្រាថ្នាជាមួយនឹងពាក្យបួងសួងថា សូម បារមីយាយ ម៉ៅ ជួយកាន់ខ្នងរងមុខកូនចៅក្នុងការធ្វើដំណើរឡើង ចុះភ្នំផង សូមកុំឱ្យមានគ្រោះថ្នាក់ឡើយ ។ លុះបួងសួងចប់ហើយ ពួកគេនាំគ្នាឡើងរថយន្ត ម៉ូតូរៀងៗខ្លួនដើម្បីបន្តដំណើរឡើងភ្នំទៅ មុខទៀតឱ្យដល់គោលដៅ ។ ចំណែករថយន្ត ម៉ូតូដឹកភ្ញៀវទេសចរ ឡើងមកខាងក្រោយៗទៀតរមែងឈប់អុជធូបបន់ស្រន់យាយ ម៉ៅ ដូចអ្នកមុនៗដែរ ។


លោកតា សំ ឈន ជាអ្នកមើលការខុសត្រូវរូបសំណាក យាយ ម៉ៅ បានរៀបរាប់ឱ្យដឹងថា ភ្នំបូកគោមាន ភ្ញៀវទេសចរឡើង ទៅលេងជារៀងរាល់ថ្ងៃមិនដែលខាន ហើយតែងឈប់ចតរថយន្ត ម៉ូតូ ដើម្បីអុជធូបបន់ស្រន់សុំពរជ័យពីយាយ ម៉ៅ មុនទៅដល់ទីនោះ ដោយមិនហ៊ានទៅហួស ឡើយ ។ ពីជើងភ្នំទៅដល់កន្លែងយាយ ម៉ៅ មានចម្ងាយផ្លូវ ១៩ គីឡូម៉ែត្រ ហើយបន្តទៅមុខ ទៀតចំនួន ១៤ គីឡូម៉ែត្រ ទើបដល់កំពូលភ្នំ បូកគោ ។ លោកតាឱ្យដឹងទៀតថា កាលជំនាន់ សង្គមរាស្ត្រនិយម ភ្នំបូកគោតែងមានភ្ញៀវទេស-ចរឡើងទៅលេងដែរ ប៉ុន្តែពុំមានការឈប់រថយន្ត ដើម្បីអុជធូបបន់ស្រន់ដូចសព្វថ្ងៃនេះទេ ហើយក៏ ពុំមានរូបសំណាកយាយ ម៉ៅ ឡើយ ។ លុះមក ដល់សម័យបច្ចុប្បន្នស្របពេលភ្នំបូកគោមានការ អភិវឌ្ឍជាថ្មីឱ្យមានផ្ទះសំណាក់ សណ្ឋាគារ និង ផ្លូវឡើង ជាដើម ហើយបានបើកចំហឱ្យភ្ញៀវ ទេសចរទៅលេងបន្ទាប់ពីផុតភ្លើងសង្គ្រាមមក រូប សំណាកយាយ ម៉ៅ និង កន្លែងបន់ស្រន់ត្រូវគេ បង្កើតឡើងដែរក្នុងរូបភាពជំនឿ ។

លោកតាបញ្ជាក់បន្ថែមថា បារមី យាយ ម៉ៅ នៅលើភ្នំបូកគោខ្លាំងពូកែណាស់ បើ បន់ស្រន់បែបណា រមែងបានបែបនោះ ជាពិសេស ជួយកាន់ខ្នងរងមុខភ្ញៀវទេសចរទាំងឡាយដែល ជិះរថយន្ត ម៉ូតូឡើងភ្នំមិនឱ្យមានគ្រោះថ្នាក់ ផ្សេងៗដូចជាក្រឡាប់ធ្លាក់ជ្រោះជាដើម ។ ទោះ បីយ៉ាងណាពុំធ្លាប់មានគ្រោះថ្នាក់បែបនេះកើត ឡើងឡើយ នេះក៏មកពីបារមីយាយ ម៉ៅ ជួយ ឃុំ គ្រងពួកគាត់ដែរ ។

លោកតា សំ ឈន បន្តទៀតថា ម៉្យាងវិញ ទៀតអ្នកដែលគោរពបូជាយាយ ម៉ៅ នៅទីនេះ ភាគច្រើនគឺ ជាភ្ញៀវទេសចរឡើងទៅទស្សនាកម្សាន្ត លើកំពូលភ្នំបូកគោប៉ុណ្ណោះ ចំណែកក្រៅពីនេះ មិនមានឡើយ ហើយកម្រមាននរណាឡើងទៅ គោរពបូជាយាយ ម៉ៅ តែម្តងនោះទេ លុះត្រា មានការចាំបាច់ឡើងទៅកម្សាន្តលើភ្នំបូកគោទើប មានឱកាសឆ្លៀតឈប់រថយន្តមួយភ្លែតដើម្បីគោរព បូជាយាយ ម៉ៅ សុំសេចក្តីសុខ ។

ចំណែកកញ្ញា សុខ វត្តី មកពីស្រុក សង្កែ ខេត្តបាត់ដំបង បានទៅកម្សាន្តលើភ្នំបូកគោ មានប្រសាសន៍ ឱ្យដឹងថា នេះគឺជារឿងធម្មតាទេ សម្រាប់ជនជាតិខ្មែរយើងដែលជឿលើអប្បិយ ជំនឿ ។ បើកាលណាមានទុក្ខភ័យបារម្ភអ្វីមួយគេ តែងបន់ស្រន់អាទិទេព ឬ វត្ថុស័ក្តិសិទ្ធិណាមួយឱ្យ ជួយការពារ ។ តួយ៉ាងដូចជាអ្នកទេសចរទាំង ឡាយដែលឡើងភ្នំបូកគោនេះអ៊ីចឹង តែងពឹងលើ បារមីយាយ ម៉ៅ ដោយការបន់ស្រន់សុំឱ្យជួយពួក គេកុំឲ្យមានគ្រោះថ្នាក់ប្រការណាមួយក្នុងការជិះ រថយន្ត ម៉ូតូឡើងភ្នំដ៏ខ្ពស់ឆ្ងាយនេះឱ្យសោះ ។
កញ្ញាបន្តទៀតថា នាងខ្ញុំធ្លាប់ឮគេនិយាយតៗ គ្នាមកថា កាលក្នុងជំនាន់សង្គមរាស្ត្រនិយមនៅ លើភ្នំបូកគោ នេះមានរថយន្តដឹកមនុស្សបើកធ្លាក់ ជ្រោះជ្រៅ ។ អាស្រ័យហេតុនេះហើយទើប គាត់មានការភ័យខ្លាចនឹងហេតុការណ៍ដែលឮគេនិយាយប្រាប់នោះ ក៏ឈប់រថយន្តចុះទៅអុជធូប បន់ស្រន់សូមឱ្យយាយ ម៉ៅ ជួយបញ្ចៀសហេតុ ការណ៍នោះកុំឱ្យកើតមានចំពោះរថយន្តដែល គាត់បានជិះ ៕

Wednesday, February 29, 2012

​ប្រភព​នៃ​ព្រះពុព្ធសាសនាដែលហូរចូលស្រុក​ខ្មែរ​ដំបូង​

​ការវិភាគ​រូបចម្លាក់​តំណាង ព្រះពុទ្ធ​អង្គជា​ច្រើន នៃ​ស្រុក​អង្គរបុរី និង​នៅ​អាណាខេត្ត​មួយចំនួន​នៅ​ប្រទេស​វៀតណាម​ខាងត្បូង និង​ប្រទេស​ថៃ​បច្ចុប្បន្ន បានបង្ហាញ​ឲ្យ​ឃើញថា សិល្បៈ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ បានទទួល​នូវ​ឥទ្ធិពល​វប្បធម៌​ពី​ពុទ្ធ​មណ្ឌល​ធំៗ​ក្លិង្គ​មួយចំនួន​ដូចជា សាលា​វិចិត្រ​សិល្បៈគ​ន្ធា​រៈ អម​វ​តី អនុ​រា​ធ​បុ​រៈ និង​សាន​ជី​ជាដើម ។​
​ ​ថ្មីៗ​នេះ យើង​បាន​រកឃើញ​ព្រះ​កេស​ព្រះពុទ្ធ​អង្គ​មួយ ធ្វើ​អំពី​ថ្ម​ស្រាល នៅ​ភូមិ​កំពង់​ពោធិ៍ ស្រុក​អង្គ​បុរី ខេត្តតាកែវ​ដែល​បង្ហាញ នូវ​ឥទ្ធិពល​ពី​សិល្បៈ​បែ​បគ​ន្ធា​រៈដែ​ល​បាន​ប្រសូត្រ​ឡើង​នា​សតវត្សរ៍​ទី​ ១​និង​ទី​២​នៃ​គ្រិស្តសករាជ​។​ថ្វីត្បិតតែ​ចម្លាក់​នេះ​ដែលមាន​ចំណាស់​ដ៏​ យូរលង់ ហើយ​ម្យ៉ាងវិញទៀត​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​ខ្មែរ​ក៏​មែនពិត ក៏ប៉ុន្តែ​ពុំមែន​មានន័យថា ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ស្រុក​អង្គរបុរី​ដោយ វិចិត្រករ​ខ្មែរ​បុរាណ​នោះទេ ។ មានន័យថា ព្រះ​កេស​ខាងលើនេះ ត្រូវបាន​នាំចូល​ពី​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា យ៉ាង​ប្រាកដ ។
​ ​ប្រការ​ដែល​ធ្វើ​ឲ្យ​យើង​សន្និដ្ឋាន​ដូច្នេះ បណ្តាលមកពី​អវត្តមាន​ក្នុង​ទឹកដី​ខ្មែរ​នូវ​ប្រភេទ ឬ​ធាតុ​ថ្ម​ដែល​គេ​បាន​ឆ្លាក់​ព្រះ​កេស​ព្រះពុទ្ធ អង្គ​ខាងលើនេះ ។ លើសពីនេះ​ទៀត ព្រះ​កេស​ពុទ្ធអង្គ​នេះ​ពុំមាន​លក្ខណៈ​ពេញលេញ​ដូច​ព្រះ​កេស​ធម្មតា​ទេ ដោយហេតុថា​ផ្នែក​ខាងក្រោយ នៃ​រូបសំណាក​មិនត្រូវ​គេ​បាន​តុបតែង​ឡើយ ។​
​ ​យោងតាម​ការវិភាគ​នេះ យើង​អាច​អះអាងថា ព្រះ​កេស​ព្រះពុទ្ធ​អង្គ​នេះ​ត្រូវបាន​គេ​ឆ្លាក់​នៅក្នុង​ការដ្ឋាន​ណាមួយ​នៃ ​ប្រទេស ក្លិង្គ​ភាគ​ខាងជើង ហើយ​បាន​នាំចូល​ក្នុង​ទីក្រុង​អង្គរបុរី តាមរយៈ​កំពង់ផែ​អូរ​កែវ ដោយ​អ្នកជំនួញ​នា​សម័យ​នោះ ដើម្បី​ជាទីគោរព​សក្ការបូជា ។
​ ​ប្រការ​មួយទៀត​ដែល​ធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍​នោះ គឺ​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​របស់​ចម្លាក់​បុរាណ​នេះ ។ តាមពិតទៅ ព្រះ​កេសរ​បស់​យើង គឺជា​វត្ថុតាង​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​សិល្បៈករ​ខ្មែរ ក្នុងការ​ស្ថាបនា​ពុទ្ធបដិមា​កម្ម​ដំបូងបង្អស់ នា​ដើម​សតវត្សរ៍​ទី​២ និង​ទី​៤ នៃ​គ្រិស្តសករាជ នៅក្នុង​អាណាចក្រ​ភ្នំ ឬ​ហ្វូណន ។​
​ ​សូម​រំលឹកថា ការនាំ​ចូល​នូវ​ចម្លាក់​តំណាង​ព្រះសម្មាសម្ពុទ្ធ​អង្គ ដែលជា​វត្ថុ​ស័ក្ដិសិទ្ធិ នៅ​អង្គរបុរី មិនមែនជា​រឿង​ចៃដន្យ​នោះទេ ក៏ប៉ុន្ដែ​ត្រូវ​ស្ថិតក្នុង​បរិបថ​រួម​នៃ​ឥណ្ឌូ​រូបនីយកម្ម​នៃ​នគរ​ភ្នំ​ច​ ម្យ៉ា​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ព្រោះ​គេ​បាន​រកឃើញ​នូវ​បដិមា​ព្រះ​ ពុទ្ធអង្គ​ធ្វើ​អំពី​សំ​រិ​ទ្ធិ​ជាច្រើន​អង្គ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា ហើយ​ដែល​មិនមែនជា​សមិទ្ធផល​រប​ស់​អ្នកស្រុក​អាយ ។​
​ ​សូម​រំលឹកថា នៅក្នុង​អតីត​ទឹកដី​របស់​ប្រជាជន​ខ្មែរ​វិញ ពោលគឺ​ក្នុង​តំបន់​គោល​សីមា​នគរ​ភ្នំ ក្រៅពី​ទីក្រុង​អង្គរបុរី គេ​ក៏បាន​រកឃើញ​នូវ​ចម្លាក់​បែប​ពុទ្ធ​និយម​មួយចំនួន​ដូចជា ចម្លាក់​តំណាង​ឲ្យ​ព្រះ​ភិក្ខុសង្ឃ ៣ ព្រះអង្គ​នៅ​ទីក្រុង​អ៊ូ​ថង​បែប​អមរ​វ​តី ក្នុង​ខេត្ត​សុផាន់​បុរី (​ប្រទេស​សៀម​បច្ចុប្បន្ន​) និង​ព្រះ​កេស​ថ្ម​នៅ​ម្ដុំ​អូរ​កែវ បែប​គ​ន្ធា​រៈ​ជាដើម ។​
​ ​ក្នុងអម្លុង​ស​.​វ​ទី​១ និង​ទី​៤ រដ្ឋ​នគរ​ភ្នំ​ដែលមាន​ទីក្រុង​ធំៗ​មួយចំនួន មានការ​រីកចំរើន​អស្ចារ្យ​ខាង​ព្រះពុទ្ធសាសនា​ក៏ដូចជា ខាង​ព្រហ្មញ្ញសាសនា​។​មូលហេតុ​ដោយសារ​ប្រព័ន្ធ​សាសនា​មាន​ភាពរុងរឿង​ហើយ​ ត្រូវបាន​ផ្សព្វផ្សាយ​តាម​ទីប្រជុំជន​សំខាន់ៗ​ទាំងឡាយ​នៃ​ចក្រភព​នេះ ។ ដូចនេះ​ពុទ្ធបដិមា​កម្ម​មាន​ភាព​លូតលាស់​រុងរឿង ពិនិត្យ​ជារួម​ទូទាំង​អាណាចក្រ​ភ្នំ​នេះ ជាពិសេស​រាជធានី​អង្គរបុរី ស្ថិតនៅក្រោម​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​។​អ្វីមួយ​ដែល​បាន​បង្ក​ឲ្យ​មានការ​ ចម្លង​នៃ​រចនាបថ​ឥណ្ឌា​ដើម្បី​បម្រើ​វិស័យ​សាសនា​ពី​សំណាក់​ប្រជាជន​ខ្មែរ ។ ទន្ទឹមនឹង​នេះដែរ ទីក្រុង​អង្គរបុរី​ក៏បាន​យកចិត្ត​ទុក្ខ​ដាក់​បំផុត​លើ​ពុទ្ធបដិមា​កម្ម មកពី​សាលា​វិចិត្រសិល្បៈ​អមរ​វ​តី​ផងដែរ ។ ដូច្នេះហើយ​រចនាបថ នៅ​ទីក្រុង​របស់​យើង​មិន​ចាញ់​ចម្លាក់​នៃ​អាណាខេត្ត​ផ្សេងៗ​ទៀតឡើយ នេះ​បើ​សំអាង​លើ​របកគំហើញ​ខាង​បុរាណវិទ្យា ។​
​ ​សរុបសេចក្ដី​មក ការសិក្សា​វិភាគ​ដោយ​ប្រៀបធៀប នូវ​រចនា​ប្ម័​ថ​នៃ​ពុទ្ធបដិមា​កម្ម​ខែ្មរ​ដំបូងបង្អស់​ដែល​គេ​បាន​រកឃើញ​ នៅក្នុង​អតីត ខណ្ឌសីមា​របស់​អាណាចក្រ​ហ្វូណន​(​មុន​ការបង្កើត​រដ្ឋ​មន​ទ្វារ​វ​តី​)​បាន​ ឲ្យ​ដឹងថា​ការបង្កើត​នូវ​ពុទ្ធបដិមា​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​ពិតជា​បាន​ ទាក់ទង ជាមួយ​ការផ្សព្វផ្សាយ​នូវ​លទ្ធិ​ព្រះពុទ្ធសាសនា ដែល​ត្រូវបាន​ធ្វើឡើង​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​អន្ដរជាតិ ។​
​ ​អាស្រ័យ​ហេតុនេះហើយ​បានជា​យើង​បាន​ជួបប្រទះ​នូវ​ព្រះពុទ្ធ​អង្គ​ខ្មែរ​ ជាច្រើន​ដែល​បានទទួល​នូវ​ឥទ្ធិពល​ពី​មណ្ឌល​វប្បធម៌​បែប ពុទ្ធ​និយម​ដូចជា​គ​ន្ធា​រៈ​នៅ​ឥណ្ឌា​ខាងជើង​និង​អម្ពរ​វ​ត្តី​មកពី​ ស្រីលង្ការ​វាង​ស​.​វ​ទី​១​និង​ទី​៤​ជាដើម​។​ហើយដោយ​យោងទៅលើ​ប្រការ​អំណោយផល ​នៃ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ ដែល​អាចធ្វើ​ឲ្យ​បុព្វការី​ជន​ខ្មែរ​បាន​កសាង​ព្រះពុទ្ធ​អង្គ តាម​គំរូ​ឥណ្ឌា​ដែល​ខ្លួន​បានជ្រើសរើស ៕

ផ្នូរ​បុរាណ​ចំនួន ២ អាយុ​ជាង ៣ ពាន់​ឆ្នាំ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន​ត្រូវបានក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​-​បារាំងរកឃើញបន្ថែម




បាត់ដំបង: ក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​-​បារាំង​មួយក្រុម បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ២ និង​មាន​វត្ថុ​បុរាណ​ជាច្រើន​ទៀត​មាន​អាយុកាល​ជាង ៣ ពាន់​ឆ្នាំ ខណៈដែល​ក្រុម​អ្នក​បុរាណវិទ្យា​ស្រាវជ្រាវ​នេះ​ចុះ​ធ្វើ​កំណាយ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

​បេសកកម្ម​ស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​
​ ​
​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ២ នៅ​ជិតៗ​គ្នា ហើយ​និង​យក​ឆ្អឹង​សព​បុរាណ​នេះ​​ទៅពិនិត្យ​ក្នុង​មន្ទីរពិសោធន៍​ឯ​ប្រទេស​បារាំង​។ ផ្នូរខ្មោច​បុរាណ​នេះ មាន​អាយុកាល​ជាង ៣.៣០០ ឆ្នាំ​មកហើយ។ តាមរយៈ​ការធ្វើ​កំណាយ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​នេះ គេ​បាន​ប្រទះឃើញ​មាន​វត្ថុ​បុរាណ​ជាច្រើន​មុខ​ទៀត​ដែល​នៅ​ជិត​ផ្នូរ​សព​បុរាណ​នេះ មាន ផ្តិល ប្រដាប់​ប្រើប្រាស់​ប្រចាំថ្ងៃ មានកាំបិត ពូថៅ​ធ្វើ​ពី​ថ្ម​រំលីង និង​ថ្ម​រឹង​។​

​លោក​ជុច ភឿង បាន​ប្រាប់ថា ក្រៅពីនេះ​នៅមាន​កំទេចកំទី​ឆ្អឹង​សត្វ​រមាស ជ្រូក ពពែ ក្តាន់ និង​ប្រើស ដែល​មនុស្ស​ជំនាន់​មុន​នោះ បរបាញ់​សត្វ​សម្រាប់​យកមក​ធ្វើជា​អាហារ​ប្រចាំថ្ងៃ​។​

​លោក​ជុច ភឿន បាន​បញ្ជាក់ថា តាមច្បាប់​កំណត់​តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន​នេះ ហាម​មិន​ឲ្យ​មនុស្ស​ចូលទៅ​ធ្វើ​ការជីក​បំផ្លិច​បំផ្លាញ​កាប់​គាស់​ចាប់ពី​ចម្ងាយ ៣០០ ម៉ែត្រ​ទៅ ១.៣០០ ម៉ែត្រ។​
​ ​
​ចុងក្រោយ​លោក​ជុច ភឿន សង្ឃឹមថា តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​នេះ នឹង​ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយនាថ្ងៃអនាគត ពីព្រោះ​ទីនេះ​មាន​ព្រៃភ្នំ ល្អាង​ធំ​ទូលាយ មាន​ផ្ទាំង​ថ្ម​តូច ធំ​បែប​ធម្ម​ជាតិ​សុទ្ធសាធ​តែម្តង​៕

Tuesday, February 7, 2012

អត្ថន័យនៃពិធីបុណ្យមាឃបូជា ក្នុងព្រះពុទ្ធសាសនា



មាឃបូជា គឺជាឈ្មោះបុណ្យមួយសំរាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ ដើម្បី រំឮកដល់សាវកសន្និបាត «ការប្រជុំសាវ័ក» នៃព្រះសម្ពុទ្ធដែលហៅថា ចតុរង្គសន្និបាត «ការប្រជុំមានអង្គបួន» គឺ
១. ថ្ងៃនោះព្រះចន្ទចរចូលដល់មាឃនក្សត្រ(ថ្ងៃពេញបូរណ៌មីខែមាឃ)។
២.ព្រះភិក្ខុសង្ឃចំនួន១.២៥០អង្គ ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្តា។
៣.ព្រះភិក្ខុសង្ឃទាំងអម្បាលនោះ សុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់។
៤.ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។
ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្តងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខ...។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែមាឃ មន្ត្រីរាជកា គ្រប់ស្ថាប័ន្ថ ក្រសួង មន្ទីរ និងសិស្សានុសិស្ស ទាំងអស់គ្នាត្រូវបានឈប់សម្រាក ។
ដូច្នេះ បើអាចឆ្លៀតឱកាសបាន គួរគប្បីនាំគ្នាទៅទីវត្តអារាម ឬទីកន្លែងគោរពបូជាផ្សេងៗ
ដើម្បីសន្សំបុណ្យកុសល ដុសខាត់សំអាតចិត្តគំនិតឱ្យល្អផូរផង់ ទុកជាឧបនិស្ស័យសំរាប់អនាគតជាតិ និងក៏ដើម្បីចេញចាកពីលោកនេះឆ្ពោះទៅកាន់ព្រះនិព្វាន!

Wednesday, January 25, 2012

តើព្រះភូមិមានអត្ថន័យយ៉ាងណាក្នុងដូងព្រលឹងខ្មែរ?



តាំងពីដើមរៀងមកនៅគ្រប់បណ្តា ភូមិឋាន និង គេហដ្ឋានរបស់ជនជាតិខ្មែរ យើងសុទ្ធតែមានរៀបចំអាសនៈផ្សេងៗ ចាប់តាំងពីរបងផ្ទះមុខ ផ្ទះ និង បរិវេណ ខាងក្នុងផ្ទះនូវអាសនៈ ជំនាងផ្ទះ អាសនៈ ជីដូនជីតា បុព្វការីជន... ជាពិសេស គឺ ទេវតាព្រះភូមិដែលគេតែងឃើញមុនគេបង្អស់មានប្រតិស្ឋានអាសនៈ ឬ រានទេវតា តូចមួយនៅខាងមុខគេហដ្ឋាន ដើម្បីគោរព រំឭកគុណដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងការ ស្វែងរកសេចក្តីសុខដុមរមនា និង ភាព ចម្រុងចម្រើន ។ រានទេវតានោះខ្មែរ យើងធ្លាប់ហៅយ៉ាងខ្លីថា ព្រះភូមិ ។
តើព្រះភូមិទេវតាមានរូបរាងលក្ខណៈយ៉ាងណា មានបារមី មហិទ្ធិឫទ្ធិជួយ ដល់អ្នករៀបចំគោរពបូជាយ៉ាងណានោះ ? ខាងក្រោមនេះជាបទសម្ភាសជាមួយលោក សិង្ហ គា ម្ចាស់ផ្ទះជយភូមិ ប្រធានអង្គការចតុទ្ទិស សង្ឃប្រចាំប្រទេសកម្ពុជា និង ជាអ្នកស្រាវជ្រាវឯករាជ្យផ្នែកវប្បធម៌ ស្តីពីព្រះភូមិទេវតា ដែលជាទេវតាមួយព្រះអង្គ ក្នុងចំណោមទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិស្ថាន ក្នុងជំនឿ និង ផ្នត់គំនិតរបស់ជនជាតិខ្មែរយើងតាំងពីបុរាណមក ។
ទឹកមុខរីករាយបង្កប់ទៅដោយស្នាមញញ្ញឹមនៃក្តីស្រឡាញ់វប្បធម៌ដ៏រុងរឿងរបស់ ជាតិខ្មែរ លោក សិង្ហ គា បានលើកបង្ហាញអ្នកយកព័ត៌មានយើងនូវរូបគំនូរមួយផ្ទាំង យ៉ាងស្រស់ស្អាត រូបទេវតាជិះលើសត្វអណ្តើក រចនាបថខ្មែរសុទ្ធសាធ ដែលមើលទៅ លោកដូចជាស្រឡាញ់ពេញចិត្តពេញថ្លើមនឹងរូបគំនូរនេះមិនតិចនោះទេ ហើយលោក បានឧទានបញ្ជាក់ដោយសម្តីមួយៗតែច្បាស់ថា “នេះគឺជារូបគំនូរព្រះភូមិទេវតាដែលខ្ញុំ បានស្រាវជ្រាវរកឃើញ និង ទើបឱ្យជាងគំនូរខ្មែរដ៏ចំណានគូរឱ្យកាលពីពេលថ្មីៗនេះ”។
លោកបានបន្តឱ្យដឹងថា នៅក្នុងជំនឿខ្មែរក្រៅពីទេវតាប្រចាំទិសទាំងប្រាំបីនៃភូមិ ឋាននោះ ខ្មែរក៏មានរុក្ខទេវតាប្រចាំទិសផងដែរ ។ ការប្រតិស្ឋានទីអាស្រ័យនៃពពួក ទេវតាទាំងនោះគេពុំអាចធ្វើទៅដោយស្មានៗបានទេ ។ ដោយឡែកសម្រាប់ព្រះភូមិ ទេវតាគួរដាក់ទិសណានៃភូមិឋាន និង មានរូបរាងលក្ខណៈសណ្ឋានបែបណានោះ បានបាត់ឈឹងគ្មានពុំមានរូបរាងទាល់តែសោះ សូម្បីតែមួយក៏គ្មានដែរ នេះជាការគួរឱ្យ សោកស្តាយណាស់របស់ជនជាតិខ្មែរកន្លងមក ។
ជាសំណាងល្អ ព្រះភូមិទេវតាបានយាងត្រឡប់មកវិញ ដែលជាចំណងដៃថ្មីជូនដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រ-ទេសក៏ដូចនៅក្រៅប្រទេស ។
លោង សិង្ហ គា បានបរិយាយគាស់កកាយ វប្បធម៌ដ៏ចំណាស់ដែលបានបាត់បង់ជាយូរមកហើយ នោះ ទាក់ទងនឹងរឿងព្រះភូមិទេវតាឱ្យទស្សនាវដ្តី “ប្រជាប្រិយ”ដឹងថា កាលពី ១៩៣៣ ឆ្នាំមុនមាន ព្រះឥន្ទ្រាធិរាជធ្លាប់យាងចុះមកប្រទេសកម្ពុជាដែល បណ្តាលឱ្យនគរខ្មែរយើងក្លាយជាចក្រភពមួយដ៏រឹងមាំ និង ខ្លាំងក្លា ។ កាលនោះទំនងជាព្រះរាជាខ្មែរ ក៏ដូចពលរដ្ឋខ្មែរទូទៅបានប្រកាន់ខ្ជាប់នូវក្បួនច្បាប់ ផ្នែកសាសនា រហូតដល់ព្រះឥន្ទ្រាធិរាជយាងចុះមក ជួយតម្រង់ទិសដឹកនាំជាតិដល់ព្រះកេតុមាលា ស្តេច ចក្រពត្តិខ្មែរ ។ “សាកគិតទៅមើល៍ កុំថាឡើយនគរ មួយ សូម្បីផ្ទះមួយដែលមានមន្ត្រីរាជការមកសាក សួរសុខទុក្ខរាប់អាននោះ ក៏ជាមហាកិត្តិយសណាស់ ហើយ” (លោក សិង្ហ គា ធ្វើការឧបមា) ។
ម្ចាស់ផ្ទះព្រះភូមិរូបនេះបន្តថា“ក្រៅពីជំនាងផ្ទះ ជំនាងគ្រឹះស្ថាននោះ ខ្មែរយើងមានទេវតាប្រាំបី អង្គប្រចាំទិសទាំងប្រាំបីរបស់ភូមិឋាន ឬ សំណង់ធំៗ របស់ជនជាតិខ្មែររាប់ទាំងវត្តអារាមផងដែរ” ។ ក្នុង ចំណោមទេវតាទាំងប្រាំបីអង្គនោះមានមួយព្រះអង្គ ជាព្រះភូមិដែលជាប្អូនបង្កើតរបស់ស្តេចក្រុងញលី ។ ព្រះអង្គមានតួនាទីថែរក្សាភូមិឱ្យបានសុខចម្រើននៅ ត្រង់ទិសមួយក្នុងចំណោមទិសទាំងប្រាំបីដែលមាន ទេវតាមួយអង្គៗចាំថែរក្សាដាច់ដោយឡែកពីគ្នា ពុំ អាចខុសទិសណាមួយក្នុងទិសទាំងប្រាំបីបានទេ គឺ ទេវតាមួយអង្គទិសមួយដាច់ខាត ។
នៅក្នុងការគោរពបូជាព្រះភូមិទេវតាឱ្យបាន ត្រឹមត្រូវតាមបុរាណាចារ្យនោះ លោក សិង្ហ គា បានប្រាប់ឱ្យដឹងថា“ក្នុងការរៀបចំសែនព្រេនព្រះ ភូមិ ឬ ក្រុងញលីនោះ គឺត្រូវពិនិត្យរៀបចំតង្វាយឱ្យ បានត្រឹមត្រូវ ពីព្រោះព្រះភូមិលោកតែងប្រែកាឡា ឬ បែងភាគទៅតាមថ្ងៃ” ។ លោក គា បានបន្តថា “ថ្ងៃទី ១ គឺថ្ងៃអាទិត្យ ព្រះភូមិប្រែជារាជកុមារ ថ្ងៃ ចន្ទប្រែជាព្រះនាង ឧមាភគវតី ថ្ងៃអង្គារប្រែជាយក្ខ ថ្ងៃពុធប្រែជាតាបស ថ្ងៃព្រហស្បតិ៍ប្រែជាមហាឥសី ថ្ងៃសុក្រប្រែជាសត្វគោ ឬ សត្វលា និង ថ្ងៃសៅរ៍ ប្រែជារាជសីហ៍” ។
អ្នកស្រាវជ្រាវឯករាជ្យរូបនេះបានសង្កត់ធ្ងន់ ច្បាស់ៗថា កាលពី ១៩៣៣ ឆ្នាំមុន ទំនងជាគ្រប់ផ្ទះ ខ្មែរបានតម្កល់ព្រះភូមិទេវតាត្រូវតាមទិស ពុំចាក់ខ្សែ ដូចឥឡូវ ហើយមួយទៀតទំនងជារាស្ត្រខ្មែរស្គាល់ ច្បាស់ពីរូបសម្បត្តិ លក្ខណៈរបស់ព្រះភូមិ ទើបមាន ភូមិទេវតានៅតាមគេហដ្ឋាន ។
បើគ្រប់គេហដ្ឋានខ្មែរសុទ្ធតែមានទេវតាព្រះ ភូមិ បានន័យថា មិនពិបាកដល់ស្តេចទេវតាដែលជា ព្រះឥន្ទ្រាធិរាជយាងចុះមកស្រុកខ្មែរយើងទេ ។ ព្រឹត្តិការណ៍ដ៏មហាអតិរេកនេះគឺសមល្មមនឹងបុព្វបុរសខ្មែរបង្កើតសករាជមួយសម្រាប់ប្រជាជាតិខ្មែរ គឺ “មហាសករាជ”ដែលសព្វថ្ងៃនេះកន្លងបាន ១៩៣៣ ឆ្នាំទៅហើយ ។
ទាំងអស់នេះគឺជាការរកឃើញមកវិញនូវអត្ត-សញ្ញាណរបស់ព្រះភូមិខ្មែរដែលបានបាត់បង់ជាយូរ មកហើយនោះ ។ ក្នុងនាមជាកុលបុត្រ កុលធីតា ខ្មែរគួរគោរពបូជាឱ្យបានត្រឹមត្រូវ ទាំងការរៀប រណ្តាប់សែនព្រេនទៅតាមថ្ងៃ ការរៀបចំប្រតិស្ឋាន ឱ្យត្រូវតាមទិស ដើម្បីខ្លួនយើង គ្រួសារយើងបាន សុខដុមរមនា និង ចម្រុងចម្រើន ព្រោះថាបើ គ្រួសារខ្មែរគ្រប់គ្រួសារទទួលបានចម្រុងចម្រើន ហើយ ប្រទេសជាតិខ្មែរទាំងមូលក៏ថ្កុំថ្កើងរុងរឿង សមជាអច្ឆរិយប្រទេសដែលពិភពលោកទទួលស្គាល់ ដែរ ។
ការរកឃើញមកវិញនូវអត្តសញ្ញាណរបស់ព្រះភូមិទេវតានេះ ម្ចាស់ជយភូមិបានបញ្ជាក់ថា សមិទ្ធ-ផលវប្បធម៌ដ៏ថ្លៃថ្លានេះចាត់ទុកជាចំណងដៃសុភ-មង្គលមួយ ឬ អត្ថប្រយោជន៍ណាមួយដែលកើត ចេញពីទង្វើនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមបួងសួង ដល់បារមីស្តេចទេវតា ទេវតាទាំងប្រាំបីទិស បារមី គ្រងនគរកម្ពុជាធិបតី សូមបង្វែរឧទ្ធិសកុសលនេះ ទៅជាការប្រសិទ្ធពរជ័យថ្វាយចំពោះសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ អតីតព្រះមហា ក្សត្រខ្មែរ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវ ។ សម្តេចអគ្គមហាធម្ម-ញេធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ ។ សម្តេច មហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និង លោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំង អស់ ។ មួយផ្នែកទៀតខ្ញុំបាទក៏សូមទុកជាការដឹង គុណចំពោះបុព្វបុរសខ្មែរ ជាពិសេសបណ្តាអ្នកប្រាជ្ញ នានាដែលកំពុងមមាញ្ញឹកក្នុងការងារវប្បធម៌ខ្មែរ សូម លោកទទួលយកអានិសង្សនេះផងចុះ ។ (បើវត្ថុ មានតម្លៃតូចតាចការញរមិនបាន ចាំបាច់អ្វីនិយាយ ដល់ការការញរមហាប្រាសាទអង្គរវត្ត) ៕​(ឯកដើមការផ្សព្វផ្សាយរបស់ទូទស្សន៍បាយ័ន្ត)
25,Jan,2012/04:12PM

Thursday, January 19, 2012

ស្វែងយល់​ពី​ប្រពៃណី​ចិន



ភ្នំពេញ: ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយនៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និងប្រជាជន​វៀត​ណាម​។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវបាន​ធ្វើឡើង​ចន្លោះ​ពី​ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំ​ពីរ​​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិននិង​វៀតណាម​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក សុខ មាន អ្នក​នៅ​ព្រះវិហារ​ចិន វង់ ផេង ស្ថិតនៅ​ខាងលិចសាលា​វិទ្យាល័យ ព្រះយុគន្ធរ ក្នុងរាជធានី​ភ្នំពេញ​។​

​មុន​ពេល​ដក​ជើងធូប ឬ​រុះរើ​បោសសម្អាត និង​រៀបចំ​សាជាថ្មី​ឡើងវិញ ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ប្រកាន់​នូវ​ប្រពៃណី​ដ៏​ខ្ជាប់ខ្ជួន​មួយ គឺ​ត្រូវតែ​មាន​រៀបចំ​ពិធី​សែន​ព្រេន​។ ពិធីសែនព្រេន​នេះហើយ ដែល​គេ​ហៅថា “​សែន​ដក​ជើងធូប​” ពោល​គឺ​ជា​​ពិធី​សែនដើម្បី​សុំ​ដក​ជើងធូប និង​រៀបចំ​កំប៉ុង ជើង​ពាន ឬ​ផើង សម្រាប់​ដោត​ធូប​សាជាថ្មី​ឡើងវិញ ដែល​នឹង​ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​ពេញ​មួ​យឆ្នាំ​ត​ទៅ​មុខ​។

​លោក សុខ មាន បាន​លើកឡើង​ថា ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយក្នុង​ចំណោម​​ពិធីសែនព្រេន​នានា នៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ដែល​គេ​ធ្វើ​នៅ​រយៈពេល ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំពីរ​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី រៀងរាល់​ឆ្នាំ​។ ពោល​គឺ​ថ្ងៃ​ទី​២៣ ( ប្រតិទិន​ចិន​-​វៀតណាម ) សម្រាប់​ប្រជាជន​វៀតណាម នៅ​ថ្ងៃ​ទី​២៤ សម្រាប់​ចិន​កន្តាំង សម្រាប់​ចិន​ទា​ជីវ គេ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ នៃ​ប្រតិទិន​ចិន​-​វៀត​ណាម ដែល​ឆ្នាំ​នេះត្រូវ​នឹង​ថ្ងៃទី​១៦ ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ នៃ​ប្រតិ​ទិន​​ឆ្នាំ​សកល​។

​លោក សុខ មាន ជា​អ្នក​ស្នង​រូប​នៅ​ព្រះវិហារ វង់ ផេង ខាងលិច​សាលា​ព្រះ​យុគន្ធរ ដែល​មាន​ក្បូរ​ក្បាច់រចនា​តាម​បែប​ចិន​-​វៀតណាម បាន​លើកឡើង​ថា “​ការ​ដែល​យើង​ទៅ​ប៉ះពាល់ រើ​រុះ លើក ដាក់ ពា​ន ឬ​ផើង​ជើង​ធូប​នោះ ម្ចាស់​ជើងធូប ( ទេវតា និង កុង ម៉ា … ) មិន​សប្បាយ​ចិត្ត​ទេ​!”​។​

​លោក សុខ មាន បាន​លើកឡើង​ថា “​ការ​ដែល​គេ​មិន​ហ៊ាន​ដក​ជើងធូបនៅ​ថ្ងៃ​ណា​មួយ មុន​ពេល​បាន​ធ្វើ​ពិធី​សែន​ដក​ជើង​ធូប​នោះ មក​ពី​គេ​មិន​ហ៊ានប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប​។ មិន​ហ៊ាន​ប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប ព្រោះតែ​គេ​ខ្លាច​ទេវតា ឬ កុង ម៉ា មិន​សប្បាយចិត្ត​។ ប្រជាជន​ចិន ក៏ដូចជា​ប្រជាជន​វៀតណាម និង​ពលរដ្ឋ​ខ្មែរ ដែល​កាត់​សែ​ស្រឡាយ​ចិន​-​វៀតណាម មិន​ហ៊ាន​បំពាន​ប្រពៃណី ឬ​ធ្វើឱ្យ​ទេវតា កុង ម៉ា អាក់​អន់ ឬ​ឃ្នើសចិត្ត​ឡើយ ត្បិត​គេ​ខ្លាច​អ្នក​ទាំងនោះ ( ទេវតា កុង ម៉ា​… ) មិន​ជួយ​ថែរក្សា ចម្រុងចម្រើន​ដល់​ពួកគេ​”​។​

​អ្នក​នៅ​វិហារ​ចិន លោក សុខ មាន បាន​រៀបរាប់​ដោយ​សំដី​ប៉ៃ​ឡាំ ជា​ភាសា​ខ្មែរ​ថា “​ពិធី​សែន​ដក​ជើងធូប ដើម្បី​ដក​ជើងធូប និង​រៀបចំ​ពាន ឬ​ផើង​ជើងធូប​ឡើងវិញ ដើម្បី​ដឹង​គុណ​ដល់​ទេវតា កុង ម៉ា ដែល​បាន​ថែរក្សា និង​ឲ្យ​យើង​ចម្រុងចម្រើន​អស់​ពេញ​មួយ​ឆ្នាំ​កន្លងមក​។ ពិធី​នេះក៏​ដើម្បី​ជូន​ដំណើរ​ទេវតា កុង​ម៉ា ត្រឡប់​ទៅ​ឋាន​ទេវលោក ឬ​ឋាន​លើ​”​។

​នៅពាន កំប៉ុង ឬ​ផើង​ជើងធូប​ទាំងនោះ គេ​រក្សាទុក​ជើងធូប​ប្រាំ​សរសៃនៅ​កន្លែង​ទេវតា​។ ចំណែក​នៅ​កុងម៉ា គេ​រក្សាទុក​ជើងធូប​បី​សរសៃ​។ អ្នក​កាត់​ចិន​-​វៀតណាម​ខ្លះ ក្រោយ​ពី​ដក​ជើងធូប​ហើយ ត្រូវ​អុចធូប​សាជាថ្មី​នោះ ដោយ​នៅ​កន្លែង​ទេវតា អុច ៥ សរសៃ និង​នៅ​កន្លែង​កុងម៉ា ៣ សរសៃ ដែល​ជា​ការទទួល​ស្វា​គន៍​ទេវតា និង​កុង ម៉ា ដែល​នឹង​ចុះ​មក​បីបាច់​ថែរក្សា​ចម្រុងចម្រើន​ដល់​ប្រជាជន​ចិន​-​វៀតណាម នៅ​ថ្ងៃ​សែនសម្រាប់​ឆ្នាំ​ថ្មី​។​

​លោក សុខ មាន ក៏​បាន​បន្ថែមថា ប្រពៃណី​ដែលជា​ត្រណម​របស់​ប្រជាជន​ចិន ក៏ដូចជាប្រជាជន​វៀតណាម សម្រាប់​រយៈពេល​មួយ​ឆ្នាំ ជើង​ធូប ឬ​កន្ទុយ​ធូប ត្រូវ​គេ​ដក​តែ​ម្តង​ប៉ុណ្ណោះពី​កំប៉ុង​ផើង ឬ​ពាន​សម្រាប់​ដោត​ធូប​។ ពោល​គឺ​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ ទើប​គេ​ហ៊ាន​រុះរើ និង​ដក​ជើងធូប និង​រៀបចំ​ឡើង​វិញ​។​

​នៅ​ប្រទេស​កម្ពុជា ជាពិសេសនៅតាម​ទីប្រជុំជន នៃ​បណ្តា​ខេត្ត​ក្រុង​នានា ក៏ដូចជា​នៅរាជធានី​ភ្នំពេញ មិន​ថា​តែ​អ្នកដែល​មាន​សាច់ឈាម​ជា​ចិន និង​វៀតណាម​សុទ្ធសាធ ឬ​អ្នក​ជាប់សែស្រឡាយ​ចិន​បន្តិចបន្តួច​ឡើយ សូម្បី​អ្នក​ខ្លះដែល​មាន​ឈាមជ័រ​ជា​ខ្មែរ សព្វថ្ងៃក៏​ធ្វើ​ពិធី​សែន​ដក​ជើងធូប និង​សែន​ពេល​ចូលឆ្នាំ​ចិន​ផង​ដែរ​។

ប៉ុន្តែ​នៅពេល​សួរថា តើ​អ្នក​បាន​ចេះ ឬ​យល់​ដឹង​អំពី​ប្រពៃណី​សែន​ដក​ជើងធូប ដែរឬទេ​?​។ ចម្លើយ​ស្ទើរតែ​មួយរយ​ភាគរយ សុទ្ធតែ​ឆ្លើយថា “​មិន​ដឹង​ដែរ​! តែ​ធ្វើ​នេះ ( សែន​ដក​ជើងធូប ) តាម​គេ តាម​ឯង ដែល​ជា​ទម្លាប់​តៗ​គ្នា​មក​”​។​

​យ៉ាងណាក៏ដោយ ប្រពៃណី​សែន​ដក​ជើងធូប ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ប្រជាជន​កម្ពុជា មាន​សែស្រឡាយ​ចិន និង​ជនជាតិ​វៀតណាមនៅ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ប្រាំ ឬ​ប្រាំ​មួយថ្ងៃ ឬក៏ប្រាំពីរថ្ងៃមុន​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​។ ឆ្នាំនេះ សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១២​។ ចំណែក​ថ្ងៃ​សែន​ដក​ជើងធូប ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១២ ហើយ​អ្នកខ្លះ​គេ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ឬក៏​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១២៕
19.Jan.2012/02:05PM

Thursday, January 5, 2012

ប្លង់ ឬ​លក្ខណៈ ផ្សេងៗ នៃ​ទីប្រជុំជន ឬ​ទីក្រុង​មុន​ឥណ្ឌូ​រូបនីយកម្ម នៅ​កម្ពុជា

Thursday 05/01/2012 by: SOTHEAN
    ​ការ​លើកយក​លក្ខណៈផ្សេងៗ​នៃ​ទីក្រុង​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​មក​អធិប្បាយ មាន​គោលដៅ គឺ​ការរួម ចំណែក និង​ជួយ​ស្វែងយល់​អំពី​ឫសកែវ​ខ្មែរ ក្នុងភូមិ​ភាគ​នេះ​ដែល​ដើមឡើយ​ជា​ភាគ​មួយ​នៃ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ ខ្មែរ ។
​    ​ដូចនេះ បន្ទាប់ពី​ការដួលរលំ​ចក្រភព​អង្គរ​មក ទឹកដី​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ក៏ត្រូវ​បាន​ផ្តាច់​ពី​មាតុភូមិ​ខ្មែរ ដូច​ករណី​កម្ពុជា​ក្រោម និង ប្រទេស​លាវ ។ ក៏ប៉ុន្តែ បាន​បន្សល់ទុក​ស្លាកស្នាម​វប្បធម៌​មិនមែនជា​របស់​ជនជាតិ​ថៃ ដែលជា​ជនជាតិ​ចំណូល​ថ្មី​ចាប់តាំងពី​ស​.​តទី​១៣ ។​
​    ​យើង​ដឹង​ហើយ​ថា បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ជាពិសេស​យុគ​លោហធាតុ ចូលចិត្ត​កសាង​ទីប្រជុំជន រាង​មូល​ដូច​ក្បាច់ គូថ​ខ្យង ភាគច្រើន​នៅ​នៅលើ​ទី​ដី​ខ្ពស់ ឬ​ទួល ហើយ​មាន​គូរ​ទឹក​ហ៊ុំ​ព័ន្ធ​ជុំវិញ សម្រាប់​ការពារ​ជ្រកកោន​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន​អន្តរាយ ឬ ចម្បាំងរាំងជល់ ។ ដូចនេះ​កត្តា​សម្រាប់​ចងចាំ​ចំណាំទុក​នៃ​ទីប្រជុំជន​បុរាណ​ទាំងនោះ ដែលជា​លក្ខណៈ​ទូទៅ គឺ​រូបរាង​ជា​រង្វង់​មូល និង​គូ​ទឹក ជុំវិញ ដែល​គេ​បាន​ធ្លាប់​ជួបប្រទះ​ក្នុង​តំបន់​នានា​នៃ​ឥណ្ឌូចិន ក្នុង​ភូមិភាគ​កណ្តាល ។​

ភូមិ​ជនជាតិខ្មែរ​ដើម ភាគតិច ទំពួន នៅ​ភូមិភាគ​ឥសាន​ប្រទេស​ខ្មែរ​បច្ចុប្បន្ន និង ក្រុង​មូល​ឈ្មោះ​ភូមិ​ល្វា ខេត្តសៀមរាប នា​សម័យ​បុរេប្រវត្តិសាស្ត្រ (​ឯកសារ​បារាំង​)

​     ​ថ្មីៗ​នេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ថៃ នៅក្នុង​ដែនដី​ខ្មែរ​បុរាណ ដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក បាន​ពង្រីក ការចេះដឹង​បន្ថែម ពី​អតីតកាល​របស់​ជនជាតិ​ខ្មែរ ។ ព្រោះ​ជាទី​ក្រុង​បុរាណ​ទាំងនោះ គឺជា​គ្រឹះ​យ៉ាង​មាំ​តែមួយគត់​សម្រាប់​ស្វែងយល់​អំពី​ការ អភិវឌ្ឍន៍​សង្គម​ខ្មែរ ។ អ្វីមួយ​ដែល​យើង​ចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ ទោះបី​វិសាលភាព​នៃ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល​យ៉ាង ណាក៏ដោយ ។​
​    ​ម្យ៉ាងទៀត យើង​ក៏ត្រូវ​ទទួលស្គាល់ថា ដូនតា​ខ្មែរ​ក្នុងសង្គម​នា​សម័យបុរាណ​បាន​បាត់បង់​ភូមិភាគ​នេះ ពិតមែន ដោយ​ចាញ់ សង្គ្រាម ។ លើសពីនេះ​ទៀត​រហូត​សម័យអង្គរ បុព្វការី​ជន​ខ្មែរ បាន​បន្ត​បន្សល់ទុក​នៅលើ​ទីប្រជុំជន​បុរាណ​ទាំងនោះ នូវ​តឹកតាង​បុរាណវិទ្យា​ជា ច្រើន​លើសលុប​ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម ។​
​    ​តាម​ទំនង​នេះ យើង​អាច​និយាយបានថា រវាង​១០០០​ឆ្នាំមុន​គ​.​ស មុន​ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​បាន​អនុវត្ត​ពេញ​ភូមិភាគ នេះ​នូវ​ទីក្រុង​តូចធំ​ជាច្រើន ហើយ​ទីក្រុង​ដើម​ទាំងនោះ​ក៏បាន​ក្លាយទៅជា​បុរី​នា​សម័យ​ឥណ្ឌូ​រូបនីយកម្ម ។ ការណ៍​នេះ មាន​សារៈសំខាន់​ណាស់ ដល់​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​មានន័យថា ក្រុង​ខ្មែរ​ទាំងនោះ​ត្រូវបាន​កកើតឡើង​មុន​វប្បធម៌​បុរី​បែប​ឥណ្ឌា ។
​    ​ដូច្នេះហើយ​ចង់ ឬ​មិន​ចង់ ស្លាកស្នាម​នៃ​ក្រុង​បុរាណ​ទាំងឡាយ​ដែលជា​ទី​ប្រមូល​ប្រជុំជន នៅតែ​រស់​រវើក​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏ដូចជា​ក្នុង សតិសម្បជញ្ញៈ​របស់​អ្នកស្រុក​ដើមកំណើត​ខ្មែរ​ក្នុង​តំបន់ ក្នុង​ស្រមោល​អន្ទោលតាមប្រាណ ស្ថិតក្នុង​អារម្មណ៍​របស់​មនុស្ស​ខ្មែរ ទោះបី​ស្ថិត​នៅទីណា​ក៏ដោយ ។​
​    ​ឧទាហរណ៍​ជាក់ស្តែង​ជនជាតិខ្មែរ​នៅ​ចុង​ស​.​វ​ទី​១៩ ក៏ដូចជា​រហូតដល់​ដើម​ស​.​តទី​២១​នេះដែរ នៅពេលដែល​ជួបប្រទះ​គូ​ទឹក ឬក៏ ទួល​ទីក្រុង​បុរាណ​ទាំងនោះ​រមែងតែ​ពោលថា ទួល ឬ​ទីក្រុង​បុរាណ​ខ្មែរ ។ មានន័យថា ពួកគេ​មិនបាន​ភ្លេច​ស្នាដៃ​ដូនតា​របស់ខ្លួន នា​សម័យមុន ឡើយ បន្ទាប់ពី​ទឹកដី​កំណើត​របស់​ពួកគេ​ត្រូវ​ក្លាយទៅជា​ទឹកដី​ថៃ​ក្រោយពី​ សម័យអង្គរ​ក៏ដោយ ។ ដូចនេះ​តាំងពី​មុន​សម័យ​ឥណ្ឌូ​រូបនីយកម្ម រហូតមកដល់​សម័យ​ទំនើប​នេះ ជនជាតិខ្មែរ​នៅទីនេះ មិនបាន​ផ្លាស់ប្តូរ​ទីតាំង​ម្តងណា​ឡើយ ដោយហេតុថា​ពួកគេ​ជា​អ្នកស្រុក​ដើម ដោយ​ម្យ៉ាង វិញទៀត ពួកគេ​ភាគច្រើន​នៅតែ​រក្សាបាន​ភាសា និង​ប្រពៃណី​ខ្មែរ ហើយ​ជួនកាល​ជាប់​ខ្សែស្រឡាយ​ជាមួយ​ពួក​កួយ​ផង ។​
​    ​ការសិក្សា​អំពី​ទីប្រជុំជន ឬ​ក្រុង​បុរាណ​មុន​សម័យ​ប្រវត្តិសាស្ត្រ​មាន​ផលប្រយោជន៍​ជាច្រើន ព្រោះ​បាន​ជួយ យើង​ឲ្យ​ឃើញ​ការ​គ្រប់ គ្រង​រៀបចំ​ស្រុកភូមិ​តាមបែប​ជំនឿ​ជី​វច​ល​និយម ដូច​រាង​ទីក្រុង​ជា​ក្បាច់​គូថ​ខ្យង​ជាដើម និង​ការវិវត្តន៍​របស់​វា​ក្នុង​អតីតកាល ។​
​    ​យើង​បានដឹង​ជា​ប្រាកដថា តាមរយៈ​ការស្រាវជ្រាវ យើង​អាច​ឃើញ​ទីប្រជុំជន​បុរេប្រវត្តិសាស្ត្រ​មាន​ទ្រង់ទ្រាយ​ជាច្រើន ។ ទន្ទឹមនឹង នេះ ធ្វើ​ឲ្យ​យើង​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​ទីក្រុង​ទាំងនោះ នឹង​តំបន់​មួយចំនួនទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។​

ទីប្រជុំជន នា​សម័យ​ប្រវត្តិសាស្ត្រ នៅ​ខេត្តកំពង់ចាម​, រូបថត មើល​ពីលើ​អាកាស (Cf. Google) និង រូបភាព​ទីប្រជុំជន នៅ​ភូមិ​ពូន ស​ង្គះ ខេត្ត សុ​រិ​ន្ទ្រ (​ឯកសារ​ថៃ​)

​     ​នៅក្នុង​ខេត្ត​មួយចំនួន​ជាពិសេស​ក្នុង​ខេត្ត​បុរីរម្យ នៃ​ប្រទេស​ថៃ គេ​តែង​ជួប​ទីប្រជុំជន​ដែលមាន​លក្ខណៈ​ជា​រង្វង់​មូល ហើយ​ជួនកាល មាន​រង្វង់​ជាច្រើន​ជាន់​ដោយមាន​គូរ​ទឹក ហ៊ំ​ព័ន្ធ​ជុំវិញ​ថែមទៀត​ផង ។ ទម្រង់​ក្រុង​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ទៀត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ គឺ​រាង​ជា​ពងក្រពើ ។ ហើយ​ទីប្រជុំជន​ប្រភេទ​នេះ ស្ថិតនៅលើ​ទួល​មាន​រាង​រាបស្មើរ​បែប​ខ្សែកោង ភ្ជាប់​គ្នា​ដូច​រាង​ពងក្រពើ​អញ្ចឹង ។​
​    ​ក្រៅពីនេះ យើង​ក៏បាន​ឃើញ​នូវ​វត្តមាន​របស់​ទីប្រជុំជន​ជាច្រើន​ដែលមាន​រូបរាង​ជា​ រង្វង់​មូល​ដោយ​ស្ថិត​លើ ទួល​រាបស្មើ​បែប​ខ្សែកោង ជាប់​គ្នា ។ តែ​អ្វីដែល​គួរ​ឲ្យ​កត់ត្រា​នោះ​គឺ នៅ​ទីតាំង​នេះ​មាន​រាង​រង្វង់​មូល​ជាច្រើន​ជាន់ ឬ​ថ្នាក់ ។
​    ​នៅមាន​ទីក្រុង​ច្រើន​ប្រភេទ​ទៀត ដូចជា​ទីក្រុង​ដែលមាន​រាង​មូល ហើយ​មាន​ជ្រុង​មូល ដែល​គេ​ឃើញ​គូរ និង​ទួល​មាន​រាង​ជា​ខ្សែ​ត្រង់ ហើយ​ភ្ជាប់​គ្នា​ជា​មុំ​រង្វង់ ។ សូម​ជម្រាប​ផងដែរ​ថា នៅមាន​ទីប្រជុំជន​បុរាណ​មួយ​ប្រភេទ​ទៀត ដែលមាន​ជ្រុង​នៅ​មុំ គូរ​ទឹក​មាន​លក្ខណៈ​ត្រង់ ភ្ជាប់​គ្នា​ជា​មុំ​ជ្រុង​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​
​    ​មិនតែប៉ុណ្ណោះ​សោត ការវិភាគ​រូបថត​លើ​អាកាស ក៏បាន​ឲ្យ​ដឹង​ជា​បន្ថែមទៀតថា មាន​ទីក្រុង​ដែលមាន​លក្ខណៈ​សេរី​ពោលគឺ ខុស ប្លែក​ពី​ទម្រង់​ដែល​បាន​ជួប​នៅ​ខាងលើ ។ គូរ និង​ទួល​មាន​លក្ខណៈ​កោង​ភ្ជាប់​គ្នា​បែប​សេរី ។ ជនជាតិខ្មែរ​ដើម​រស់នៅក្នុង​តំបន់​នេះ​ក៏បាន​បន្សល់ ទុក​ទីប្រជុំជន​មួយចំនួន​ផ្សេងទៀត​ដែរ ដែលមាន​រូបរាង​ប្រហាក់ប្រហែល​នឹង​ទីក្រុង ទើបតែ​អធិប្បាយ​ខាងលើ តែមាន​ទ្រង់ទ្រាយ​ជួនកាល ស្របគ្នា ជួនកាល​មិន​ស្របគ្នា តាម​លក្ខណៈ​នៃ​ភូមិសាស្ត្រ ព្រោះ​កើតចេញ​តាម​សេចក្តី​តម្រូវការ​នា​ជំនាន់​នោះ ។​
​    ​សរុបមក ស្លាកស្នាម​នៃ​ស្ថាបត្យកម្ម​បុរាណ​នា​ចុង​សម័យ​លោហធាតុ​ខាងលើនេះ​ជាការ​ណ៍​ មួយ​យ៉ាងសំខាន់​ណាស់​បង្ហាញ​ឲ្យ​យើង ឃើញ​មានការ​កាន់កាប់​រៀបចំ​គ្រប់គ្រង​ភូមិភាគ​នេះ អ្វីមួយ​ដែល​សព្វថ្ងៃ​គេ​ឲ្យ​ឈ្មោះថា នគររូបនីយកម្ម ជា​សមិទ្ធផល​វប្បធម៌​សង្គម យ៉ាង សំខាន់​ជាងគេ  សម​ស្របតាម​ការវិវឌ្ឍ​ន៍​របស់​សហគមន៍​មន​ខ្មែរ​មុន​ការ​ជ្រួ​ប​ជ្រាប​នៃ​ ឥទ្ធិពល​ឥណ្ឌា​ក្នុងភូមិ​ភាគ​នេះ នា​សម័យ​ស​.​តទី​១ នៃ​គ​.​ស ៕​    ​    ​    ​
​    ​តទៅ​នេះ​គឺជា រូបភាព​បន្ទាយ​គូ​ទាំង​៧​ប្រភេទ​ដែល​លោក ធុ​យ ចាន់​ធួន បាន​រកឃើញ​នៅលើ​ទឹកដី​ខ្មែរ​បច្ចុប្បន្ន :

១. ច្រកចូល​តែមួយ​ដោយមាន​ផ្លូវដី​ចូល ដោយ​មិន​មានការ​កាត់ផ្តាច់​ដោយ​គូ​ទឹក (​ស្ថានីយ​ក្រែក​៥២/​ស្ថានីយ​គគី​៦២), ២. ច្រកចូល​តែមួយ​គ្មាន​លើកដី​ធ្វើជា​ផ្លូវ​ដើរ (​ស្ថានីយ​លំពែង​២), ៣. ច្រកចូល​ពីរ​តែ​គ្មាន​លើកដី​ធ្វើជា​ផ្លូវដី (​ស្ថានីយ​កំពែង​១), ៤. មាន​ច្រកចូល​២ ហើយ​មាន​ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ធំ (​ស្ថានីយ​ត្រមែង​, ស្ថានីយ​កំពាន់​), ៥. ត្រង​ច្រកចូល​មាន​ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ទាំង​២ (​ស្ថានីយ​បេង​២), ៦. មាន​ដី​ជា​រាង​អណ្តាត​ចេញពី​ផ្ទៃ​ខាង​ក្នុងនៃ​ស្ថានីយ​ត្រង់​ច្រកចូល​មាន​ ទីទួល​មួយ​នៅ​ចំ​ពីមុខ​ច្រក​ទាំង​២ (​ស្ថានីយ​បេង​២, ស្ថានីយ​ត្របែក​) និង ៧. មាន​ច្រកចូល​ច្រើន (​ស្ថានីយ​ត្របែក​)​  (ចម្លងចេញពីឯកសារដើមវប្បធម៌អរិយធម៌ខ្មែរ)

Monday, January 2, 2012

របៀបកោសក់របស់ជនជាតិ Miao

ជនជាតិMiaoគឺជាជនជាតិមួយក្ន្ងងចំណោមជនជាតិភាគតិចចិនទាំងអស់។ជនជាតិMiaoមួយក្រុមបានយកកណ្តៀវរបស់ពួកគេធ្វើជាកាបិតសម្រាប់កោរសក់អ្នកភូមិ Basha ដែលរស់នៅស្រុកកុងជាំង ខេត្តហ៊្គូស៊ូប្រទេសចិន។
អ្នកភូមិមួយក្រុមដែលជាអម្បូរជនជាតិភាគតិចMiao មានអត្រាប្រជាជនប្រហែល​២១០០នាក់ដែលគេជឿថ ជាអ្នកភូមិចុងក្រោយបំផុតត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យប្រើប្រាស់អវុធកាំភ្លើង ដោយសារពួកគេរស់នៅនិងប្រកបរបរជាព្រានព្រៃសម្រាប់ជីវភាពប្រចាំថ្ងៃ។ ប្រពៃណីបរបាញ់សត្វរបស់ពួកគេគឺមានកាំភ្លើងលីលើស្មា និងកាំបិតសៀតនៅត្រង់ចង្កេះ។​​ដោយ សុធាន

ពិធីចូលម្លប់ និងចេញម្លប់របស់កូនក្រមុំខ្មែរ


ពិធី ​ចូល និង​ចេញ​ម្លប់​កាលពី​សម័យ​ដើម​ចាត់​ថា ជា​មង្គល​មួយ​យ៉ាង​សំខាន់​សម្រាប់​ស្ត្រី​ខ្មែរ ។ បុព្វបុរស​ខ្មែរ​បង្កើត​ពិធី​សម្រាប់ឲ្យ​កូនស្រី​ចាប់អារម្មណ៍ ពី​លំដាប់ថ្នាក់​ប្រចាំ​ជីវិត ដែល​ត្រូវ​ឈានឡើង ដោយ​ឲ្យ​ប្រឹងប្រែង​តស៊ូ​ជានិច្ច ដើម្បី​វឌ្ឍនភាព ។ ប៉ុន្តែ​ជំនាន់​ក្រោយនេះ ពិធី​ចូល​ម្លប់​ចេញ​ម្លប់​លែង​មាន​ន័យ​អ្វី​ទៀត​ហើយ ។ គេ​កម្រ​ឃើញ​គ្រួសារ​ណាមួយ នៅ​ប្រកាន់​ទំនៀមទម្លាប់​នេះ​ទៀត​ណាស់ ទោះ​ជា​ខ្មែរ​នៅ​ស្រុក​សៀម ឬ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ក៏​ដោយ ព្រោះ​វា​ហួស​សម័យ​ទៅហើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពិធី​ចូល​ម្លប់​ដូនតា​ធ្លាប់​គោរព​ប្រតិបត្តិ មិន​ដែល​ខាន​ចំពោះ​កូនស្រី​របស់​ខ្លួន​ដែល​ចូល​វ័យ​ក្រមុំ ។ តើ​ពិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាងណា​ខ្លះ​នោះ អ្នកស្រី កែវ ណា​រុំ សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​រៀបរាប់​ដូចតទៅ ៖  ​ឆ្លង​ពី​ថ្នាក់​កុមារី​ចូល​ដល់​វ័យ​ពេញក្រមុំ ដែល​ការកំណត់​របស់​សង្គម​ខ្មែរ គឺ​នៅ​ត្រង់​កូនស្រី​ចាប់​មាន​រដូវ​ជា​លើកទីមួយ ហើយ​គេ​និយម​ហៅ​ថាគ្រប់​ការ​ សម្រាប់​ថ្នាក់​នេះ​នៅ​ពេល​កំពុង​ឈាន​ឡើង​នាង​មាន​លក្ខណៈ​ប្លែក​គឺ អត្តចរិត​ជួន​ឆាប់​ខឹង ជួន​អៀនខ្មាស ជួន​ចូលចិត្ត​ស្ងប់ស្ងាត់​នៅ​តែ​ម្នាក់ឯង ឬ​ព្រួយចិត្ត​ដោយ​ឥត​មូលហេតុ ។ នាង​នឹង​មាន​ការភិតិភ័យ​ណាស់ ប្រសិនបើ​ពុំ​មាន​នរណា​ម្នាក់​បាន​ពន្យល់​ប្រាប់​ជាមុន​ពី​ហេតុការណ៍​ ធម្មជាតិ ដែល​នឹង​ត្រូវ​កើតឡើង​ចំពោះ​នាង ។ នា​ទីនេះ គឺ​អ្នក​ម្តាយ​តែង​ឃ្លាំមើល​ឥរិយាបថ​របស់​កូនស្រី ដើម្បី​ពន្យល់ និង​ជួយ​រៀបចំ​គ្រឿង​ស្លៀកពាក់​ផ្សេងៗ​សម្រាប់​កូន ។ មិន​ចំពោះតែ​អ្នក​ម្តាយ​ទេ គឺ​ក្នុង​គ្រួសារ​ទាំងមូល​ត្រូវ​ជួយ​ជ្រោមជ្រែង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត សម្រាប់​ឲ្យ​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ពេល​ខាងមុខ ។ នាង​នឹង​ត្រូវបំពេញ​តួនាទី​ជា​ភរិយា ហើយ​និង​ជា​ម្តាយ​ដ៏​ល្អ​សម្រាប់​សង្គម ។ ហេតុដូច្នេះ​ហើយ បានជា​គេ​រៀបចំ​ពិធី​ចូល​ម្លប់ ដើម្បី​បំពាក់បំប៉ន​ដល់​កូនស្រី​របស់​គេ មុន​នឹង​ឈាន​ចូល​ទៅ​បំពេញ​តួនាទី​ដ៏​ចម្បង​នេះ ។​
​ចូល​ម្ល
​គេ​បញ្ចូល​ម្លប់​កូនស្រី​មិន​មើល​ពេលវេលា​ ទេ គឺ​សម្រេច​យក​ថ្ងៃ​ណា​មួយ ដែល​នាង​មក​រដូវ​ជា​លើកទីមួយ ។ ចំណែក​ពិធី​ក៏​មិន​មាន​រៀបចំ​អ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ឲ្យ​ឪពុក​ម្តាយ​នាង​ជម្រាប​ដល់​សាច់ញាតិ​ជិតដិត ឲ្យបាន​ដឹង​កូនស្រី​ឈ្មោះ​នេះ​បាន​បញ្ចូល​ម្លប់​នៅថ្ងៃនេះ ថ្ងៃ​នោះ​ហើយ ។​
​នៅ​ថ្ងៃ​បញ្ចូល​គេ​រៀបចំ​សែនព្រេន​អុជ​ធូប​ទៀន​ជម្រាប​ដូនតា និង​ប្រកាស​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យបាន​ដឹង​ឮ អំពី​ការចូល​ម្លប់​របស់​កូនស្រី និង​សុំ​សេចក្តីសុខ​សប្បាយ ។ ប្រការ​សំខាន់​ត្រូវ​គិតគូរ​ពី​អ្នក​ជួយ​បម្រើ​សេចក្តីត្រូវការ​របស់​នា​ង និង​ជួយ​បណ្តុះបណ្តាល​នាង ។ សំខាន់​មួយទៀត​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ថ្ងៃ​បញ្ចេញ​ម្លប់ ដោយ​មាន​បម្រុង​គ្រឿង​ហូបចុក សម្រាប់​លៀងភ្ញៀវ​ដែល​ត្រូវ​មក​ចូលរួម​ពិធី ។​
    ​ការត្រៀម​លក្ខណៈ​នេះ ស្រុក​ខ្លះ​គេ​ដាំ​ចេកណាំវ៉ា​ជា​និមិត្តរូប គឺ​ប្រារព្ធ​ពិធី​បញ្ចេញ​ម្លប់​នៅពេល​ផ្លែ​ចេកទុំ​ខ្លះ ទៀត​គេ​ចិញ្ចិម​មាន់ ទា​ជាដើម​ទៅតាម​លទ្ធភាព​ក្នុង​គ្រួសារ ។ ពេលវេលា​នៃ​ការចូល​ម្លប់​មិនមាន​កំណត់​ទេ គឺ​យោង​ទៅតាម​ធនធាន​នៃ​គ្រួសារ អ្នក​ខ្លះ​ចូល​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ខ្លះ​ទៀត​រហូតដល់​មួយ​ឆ្នាំ​ក៏មានដែរ ។​
​​ភារកិច្ច​នៅ​ពេល​ចូល​ម្លប់​
    ​ពេល​ចូល​ម្លប់ គឺជា​ពេល​ដែល​កូនស្រី​ខ្មែរ​ត្រូវ​ទទួល​ការសិក្សា​ពី​ក្បួនច្បាប់​ទូន្មាន​ ល្អៗ ជាពិសេស​ច្បាប់​ទូន្មាន​ស្រី ។ ច្បាប់​នេះ​ចែង​ពី​តួនាទី​របស់​ស្រី​ក្នុង​ការរស់នៅ ។ លោក​ចែងថា សេចក្តីសុខ និង​សុភមង្គល​ក្នុង​គ្រួសារ​មួយ​ភាគ​ធំ​ស្ថិតនៅ លើ​ស្រី​ជា​អ្នក​កំណត់ ។ ដូច្នេះ​គេ​ត្រូវ​ឲ្យ​នាង​ទន្ទេញ​ចាំ​ស្ទាត់ ដើម្បី​ទុក​អនុវត្ត​តាម​លំ​អាន​ដែល​ក្បួន​បាន​ចែង ។ ក្រៅ​ពី​ការសិក្សា​ក្បួនច្បាប់​នាង​ត្រូវ​រៀន​ធម៌ ។ ប្រសិនបើ​សុខភាព​នាង​ធានា​ត្រូវ​កាន់សីល ១០ ដើម្បី​កាន់​ចិត្ត​អំណត់ ខន្តី​ដូច​ដូនជី​ដែរ ។ ក្នុង​ជីវភាព​ដូនជី​នាង​ត្រូវ​ហូបចុក​ម្ហូប​បួស ហើយ​កំណត់ពេល​ម៉ោង​ដូច​ព្រះសង្ឃ​ដែរ ។ នាង​មាន​តំណម​លើស​ដូនជី ដោយ​មិន​ត្រឹមតែ​មិន​ឲ្យ​ប្រុសៗ​ឃើញ​ប៉ុណ្ណោះ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឆ្លើយឆ្លង​រក​ប្រុស​ទៀត ។ នាង​ត្រូវ​តស៊ូ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ត្រង​ស្តាប់​នូវ​វិជ្ជា​មេផ្ទះ ស្តី​ពី​ការរស់នៅ​ក្នុង​គ្រួសារ ចំពោះ​សាច់ញាតិ​ផ្ទាល់ ឬ​ញាតិ​ជិតខាង ពិសេស​អាកប្បកិរិយា​ចំពោះ​ប្តី ។ ជាមួយគ្នា​នោះ​ក៏​ត្រូវ​រៀន​វិជ្ជា​ធ្វើ​ម្ហូប វិជ្ជា​តម្បាញ ការរៀបចំ​ផ្ទះ សម្បែង និង​ការអប់រំ​កូនចៅ​ជាដើម ។ ភារកិច្ច​ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សាច់ ដោយ​ត្រូវ​លា​បរមៀត​សព្វ​ខ្លួនប្រាណ ដៃជើង​ឲ្យមាន​សម្បុរលឿង​ស្រស់​ផូរផង់ ។​
​នៅ​ពេល​ចេញ​ម្លប់​
    ​ពិធី​ចេញ​ម្លប់​នេះ​មាន​លក្ខណៈ​ពិធី​ច្រើនយ៉ាង​ណាស់​ខុសពី​ពិធី​ចូល​ម្លប់ ។ ប៉ុន្តែ​វត្ថុបំណង​គឺ​បំពេញ​លក្ខណ៍​គម្រប់​ឲ្យ​កូនស្រី ។ ឆ្លង​តាម​រយៈកាល​បញ្ចូល​ម្លប់​គ្រប់​តាម​កាល​កំណត់​ហើយ មាតា បិតា នៃ​កូនស្រី បាន​រើស​រក​ពេលវេលា​សម្រាប់​បញ្ចេញ​ម្លប់​កូនស្រី ។ ពេល​ដឹង​ថ្ងៃ​ជោគ​សិរី​មង្គល​ហើយ គ្រួសារ​ទាំងអស់​រវល់​ដើររក​ភស្តុភារ និង​អញ្ជើញ​ញាតិមិត្ត​ដូច​រៀប​មង្គលកា​រដែរ ។ កម្មវិធី​នៃ​ដំណើរការ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​មួយ​យប់ ។​
​នៅ​ថ្ងៃ​ ដំណើរការ​ដំបូង​ចាប់ពី​ពេល​ព្រឹក​រហូតដល់​ថ្ងៃត្រង់ មានតែ​ការទទួល​ញាតិ​មិត្ត​ជិតខាង​និង​ការលៀង​ភោជនាហារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ចាប់ពី​ពេល​រសៀល​ទៅ​មាន​ពិធី​ជា​ហូរហែ​បន្តបន្ទាប់​ដូចជា ៖
    ​ពិធី​កាត់សក់ ៖ ជា​លើកដំបូង​បំផុត គឺ​ត្រូវ​បញ្ចេញ​កូនស្រី​មក​កាត់សក់ ។ គឺ​ទើប​ចេញពី​បន្ទប់​នៅក្នុង​ផ្ទះ​ដែល​ចូល​ម្លប់ ។ បន្ទាប់​ពី​ការ​កាត់សក់​លាប​ប្រេង​ម្សៅ​ហើយ នាង​ត្រូវ​វិល​ចូល​ទៅក្នុង​បន្ទប់​វិញ ។ ពេល​កាត់សក់​ភ្លេង​កំដរ នូវ​បទ​សារិកាកែវ ។​
    ​ពិធី​សូត្រមន្ត ៖ សាច់ញាតិ​ជា​ស្ត្រីភេទ​ម្នាក់ ដែល​ត្រូវបាន​ទទួលស្គាល់ថា ខ្ពង់ខ្ពស់​មាន​ចរិយា​សម្បត្តិ​ល្អ ត្រូវ​ទៅ​បន្ទាប​ដឹក​ដៃ​នាង​ឲ្យចេញ​មក​ទទួល​ទឹកមន្ត និង​ធម៌​លើករាសី​ពី​ព្រះសង្ឃ ។​
    ​ពិធី​សែនព្រេន ៖ នៅពេល​ព្រលប់​រៀបចំ​ពិធី​សែនដូនតា​ម្ចាស់​ទឹក​ម្ចាស់​ដី ។​
    ​ពិធី​បុកល័ក្ត ៖ ពិធី​នេះ​គេ​ធ្វើ​នៅពេល​យប់ បន្ទាប់​ពី​ការ​ពិសា​អាហារ​ហើយ ដែល​ប្រកបដោយ​ពិធី​ជា​ហូរហែ​បន្តបន្ទាប់​ទៀត ៖
    ​ពិធី​ទៅរក​ល័ក្ត ៖ ពិធី​នេះ​ដំណើរការ​ដោយ​អ្នកភ្លេង​ជា​របៀប​កំប្លែង​ធ្វើជា​ទៅរក​ល័ក្ត​ ក្នុងព្រៃ​ជួប​សត្វ​តាឱ​ដេញ ទិច​ស្ទុះ​រត់​ច្រឡោត​ជាន់​គ្នា​រញ៉េរញ៉ៃ ។​
    ​ពិធី​កាត់​ត្បាល់ ៖ ពិធី​នេះ​ដំណើរការ​ដោយ​សារ​អ្នកភ្លេង​ដែរ គេ​ធ្វើ​ជា​ទៅ​ក្នុង​ព្រៃ​រក​ឈើ​ល្អ​មក​ធ្វើ​ត្បាល់​ថ្មី ស្រប​តាម​កូនស្រី​ដែល​ចេញពី​ម្លប់​ដែរ ។​
    ​ពិធី​បុកល័ក្ត ៖ ពិធី​នេះ​ធ្វើឡើង​ដើម្បី​យក​ល័ក្ត​មក​ធ្វើ​ធ្មេញ​បំពេញ​លក្ខណ៍​ឲ្យ​កូនស្រី ។ គេ​ឲ្យ​កុមារី​ព្រហ្មចារី ៤ នាក់ មក​បក​ក្រមរ​ល័ក្ត​ចេញពី​មែកឈើ រួច​ប្រគល់​ជូន​តា​អាចារ្យ​ទៅ​ដាក់​ក្នុង​ត្បាល់ ហើយ​អ្នកភ្លេង​ជា​អ្នកដើរតួ​បុកល័ក្ត​រហូត​ដល់​ល្អិត ទើប​កាយ​ដាក់​ផ្តិល​ប្រគល់​ជូន​តា​អាចារ្យ​វិញ ។​
ពិធី​ធ្វើ​ធ្មេញ ៖ តាអាចារ្យ​យក​ល័ក្ត​ទៅ​ដាំ​ស្ងោរ​នៅ​កណ្តាល​ផ្ទះ​ជាមួយ​សម្បក​ស្បែ​ង និង​ផ្លែ​សំបួរមាស ។ ស្ងោរ ដោយ​ឆ្នាំង​ថ្មី ចង្ក្រាន​ថ្មី ដោយ​រម្ងាស់​ចេញ​ជាតិ​ពណ៌​ក្រហម​ស្រស់ បាន​យក​ទៅឲ្យ​សាមីខ្លួន​ស្រី​បៀម ។ នៅពេល​មាន​ចំហាយ​ទឹក​អាចារ្យ​យក​សំឡី​ផ្តិត​ចំហាយ​ទឹក​ស្ងោរ​ល័ក្ត​មក​លាប​ ធ្មេញ​ឲ្យ​កូនស្រី​ដែល​ចេញពី​ម្លប់ ដោយ​ប្រសិទ្ធពរ​ឲ្យ​ទឹក​ល័ក្ត​នេះ ធ្វើឲ្យ​នាង​ក្លាយ​ជា​ស្រី​គ្រប់លក្ខណ៍​ពេញ​បរិបូណ៌​។ អ្នក​ទីទ័លក្រ មិន​មាន​លទ្ធភាព​រៀប​ពិធី​ចេញ​ម្លប់ ឲ្យ​កូនស្រី​អាច​យក​កូនស្រី​ខ្លួន​មក​ចូលរួម​ធ្វើ​ធ្មេញ​បំពេញ​លក្ខណ៍ ជាមួយ​កូនស្រី​ដែល​ចេញពី​ម្លប់ និង​មាន​ការយល់ព្រម​ផង ។​
    ​ពិធី​ដេក​អង្ករ​រាប ៖ ពិធី​នេះ​មាន​លក្ខណៈ​ដូច​ពិធី​កោរ​ជុក​ដែរ ប្រសិនបើ​មាន​រៀបចំ​ពិធី​កោរ​ជុក​ហើយ​នោះ​មិនបាច់​ក៏​បាន​ដែរ តែ​ត្រូវ​ភ្ញាក់​ពេល​ទៀប​ភ្លឺ​រង់ចាំ​ទទួល​ពេលា ដើម្បី​សំពះ​ព្រះអាទិត្យ​ទៀត ។ នៅ​មុនពេល​នាង​ចេញពី​បន្ទប់​នោះ​មក កាន់​កន្លែង​ពិធី ត្រូវ​ស្លៀកពាក់​ដូច​កូនក្រមុំ​ពេល​រៀប​មង្គលការ ដៃ​កាន់​បាយព្រលឹង​មក​អង្គុយ​លើ​កម្រាលព្រំ ដែល​មាន​ញាតិ​មិត្ត​រង់ចាំ​ឲ្យ​ពរជ័យ ។ អាចារ្យ​សូត្រ​ប្រកាស​បួងសួង​ហើយ​ចាប់ផ្តើម​បង្វិលពពិល​ចំនួន ១៩ ជុំ ហើយ​ញាតិសណ្តាន​នាំគ្នា​ចងដៃ​ដោយ​អំ​បោះ ព្រមទាំង​ប្រាក់​កាស មាស​ដើម្បី​ជូនពរ និង​ភ្ជាប់​ព្រលឹង​ឲ្យ​នាង ។ លុះ​ចប់ ហើយ​ញាតិមិត្ត​ដឹក​ដៃ​កូនស្រី​ទៅ​ក្នុង​បន្ទប់​វិញ ។​
    ​ពិធី​សាកន្ទេល​និង​លក់​កន្ទេល ៖ អ្នកភ្លេង​ច្រៀង​រាំ​បណ្តើរ​ឆ្កឹះរ​មូរកន្ទេល​ដែល​កូនស្រី​អង្គុយ​សំពះ​ បង្វិលពពិល នោះ​បណ្តើរ ហើយ​យក​ដាក់​លើ​ស្មា ។ ច្រៀង​លក់​កន្ទេល​ចំពោះ​តែ​អ្នក​មាន​និស្ស័យ និង​អានុភាព ។ អ្នក​មាន​វាសនា ពេល​យក​ទៅ​ក្រាល​ដេក​កើត​មាស​កើត​ប្រាក់ ទ្រព្យសម្បត្តិ​ ពេល​នោះ​សាមីខ្លួន​ត្រូវ​ចេញ​មក​សុំ​ទិញ​ហើយ​សន្មត​ថា ចប់​ពិធីលក់កន្ទេល ។ គេ​យក​ល័ក្ត​ដែល​បារ​ទុក​ខ្លះ​ពី​ការធ្វើ​ធ្មេញ​នោះ ឲ្យ​កូនស្រី​យក​ទៅ​កប់​នឹង​ចបជីក​ថ្មី​នៅ​លើ​ដី​ភូមិ​ណា​ដែល​ថា ឪពុក​ម្តាយ​បម្រុង​ចែក​ឲ្យ​ជា​កេរ្តិ៍​នោះ និង​ដាំ​ដើម​ចេក ដើម​អំពៅ​មួយ​ដើមៗ​ពីលើ ។ ជា​និមិត្តរូប​ថា ជីវិត និង​ការរស់នៅ​ក្នុង​សុភមង្គល​ផ្អែម​ដូច​ផ្លែ​ចេក​និង​ដើម​អំពៅ​ដែរ ។ ចាប់ពី​ពេលនេះ​ទៅ​នាង​អាច​ដើរ​ចេញ​ក្រៅ​បន្ទប់​ទៅ ណា​មក​ណា​បាន​ដោយ​សេរី​ហើយ ៕ (ដកស្រង់ពីសៀវភៅវប្បធម៌ប្រពៃណីខ្មែរ) ដោយ សុធាន