I. ស្ថានភាពទូទៅ
ត្រប់ជាដំណាំមួយដែលប្រជាជននៅលើពិភពលោកតែងតែបានស្គាល់និង ប្រើប្រាស់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុត ចាប់តាំងពីដើមសតវត្សទី១៦មកម្ល៉េះ។ នៅឆ្នាំ១៧៥៣ ក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន បានកំណត់ប្រភេទ រុក្ខជាតិនេះនៅក្នុងក្រុមគ្រួសារ សូឡាណាសេ (Solanacear) លំដាប់ សូឡានូម Solanum។ ហើយមានឈ្មោះវិទ្យាសាស្ដ្រហៅថាSolanum melonggnaL. ប៉ុន្ដែវាក៏មានឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ១៧៧៥ អ្នកប្រាជ្ញឈ្មោះ Forsskal បានអោយឈ្មោះ Solanum cagulans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញឈ្មោះDun Dunal បានអោយឈ្មោះថាSolanum pressum។ នៅក្នុងប្រភេទ ដំណាំត្រប់មានច្រើន ប្រភេទដូចជាៈ
- ត្រប់ពុតញងៈ ឈ្មោះវិទ្យាសាស្ដ្រហោថា Solanum torvum Swarte ឈ្មោះធម្មតាហោថា Bitter egg plant ។
- ត្រប់ស្រួយ ត្រប់ខារ ឬត្រប់ពងមាន់ៈ ឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum macrocarpon ឈ្មោះធម្មតាអាចហៅថាBitter egg plant បានដែរ។
- ត្រប់ក្រាំងរមាស ឬត្រប់សណ្ដាយៈ មានឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum melongena មានឈ្មោះធម្មតាហៅថា Egg plant ឬ ត្រប់ សណ្ដាយ និងត្រប់ក្រាំងរមាសដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះឬបៃតង។ ជាទូទៅគេពិនិត្យឃើញមានចំនួន ២២ ប្រភេទនៃក្រុម Solanumនៅក្នុងប្រទេសឥណ្ឌា ។
តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា នៅប្រទេសចិន ឥណ្ឌា និងទ្វីបអាហ្វ្រិក។ ប៉ុន្ដែក្រោយមករីករាយដាលដល់ទ្វីបអាមេរិក និងពេញពិភពលោក ជាពិសេសតំបន់សីតុណ្ហភាពក្ដៅ។ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។ គេដាំដុះវាជាលក្ខណៈចំការធំៗតាមបណ្ដោយទន្លេមេគង្គនិងតំបន់ផ្សេងៗទៀតជា ច្រើនតែដាំជាលក្ខណៈសួនបន្លែចំរុះ ។
II. លក្ខខណ្ឌដី និងអាកាសធាតុ
១- លក្ខខណ្ឌអាកាសធាតុ
ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើប្រែប្រួលពី អាកាសធាតុជាពិសេសនៅពេលសីតុណ្ហភាពត្រជាក់ សំណើមបរិយាកាស ខ្ពស់វាធ្វើ អោយឥទ្ធិពលនៃការបន្ដពូជ ប្រដាប់បន្ដពូជញីមិនទទួលយកលំអងផ្កាឈ្មោលក្នុងពេលវេលាដែលបង្កកំណើត ប៉ុន្ដែសីតុណ្ហភាពត្រជាក់មធ្យមហើយរយៈពេលវែងក្នុងរដូវដាំដុះធ្វើឱ្យ ត្រប់ទទួលបានជោគជ័យ លើការងារកសិកម្ម ។ ចំពោះប្រភេទពូជដែលមានអាយុកាលលូតលាស់វែងអាចមានកំរិតធន់ទ្រាំ និងបន្សាំបានល្អក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ នៅពេលយប់ត្រជាក់ហើយពេលថ្ងៃក្ដៅរយៈពេលខ្លី (ថ្ងៃខ្លី) ធ្វើអោយត្រប់បាត់បង់ទិន្នផលច្រើន។ ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥oC ធ្វើអោយការដុះលូតលាស់និងទិន្នផលខ្ពស់ជាទីបំផុតគឺដុះលូតលាស់លឿន ផ្កាចេញស្រុះគ្នាល្អកំរិតបន្ដពូជ និងការធំធាត់របស់ផ្លែបានល្អ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ពី៣០-៣៣ oC និងមាន ខ្យល់បក់ខ្លាំងក្នុងអំឡុងពេល ត្រប់ចេញផ្កា វាធ្វើអោយមានឥទ្ធិពលអាក្រក់ដល់ផ្ការីក ហើយលទ្ធផលទិន្នន័យថយចុះក៏កាន់តែខ្លាំង ។ គ្រាប់ពូជដុះពន្លកបានល្អជាមធ្យម គឺ២៥ ។
២- អំពីលក្ខខណ្ឌដី
ត្រប់គឺជាប្រភេទដំណាំមួយដែលអាច ដុះលូតលាស់បានលើផ្ទៃដីស្ទើគ្រប់ ប្រភេទដូចជាប្រភេទដីខ្សាច់ស្រាល ខ្សាច់មធ្យម ខ្សាច់ធ្ងន់ ដីឥដ្ឋខ្សោយ ឥដ្ឋមធ្យម និងដីឥដ្ឋ។ ប្រភេទដីដែលសមស្របសំរាប់ដំណាំនេះគឺដីឥដ្ឋល្បាយនិង ដីល្បាយ ខ្សាច់ធ្វើអោយត្រប់ទទួលបានទិន្នផលខ្ពស់។ ប៉ុន្ដែដីសំរាប់ដាំត្រប់គួរតែស្រទាប់ដាំដុះជ្រៅ និង pH ចាប់ពី៥,៥-៦,០ទើបទទួលបានល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់ pH ទាបជាង៥ឬខ្ពស់ជាង៨ វាតែងតែធ្វើអោយត្រប់ជួបប្រទះនូវ បញ្ហាជំងឺកង្វះសារធាតុចិញ្ចឹមច្រើនលើផ្លែ ។
III. បច្ចេកទេសដាំដុះ
១- ការជ្រើសរើសពូជ និងសំរិតសំរាំងកូន
- ការជ្រើសរើសពូជៈ ដំណាំត្រប់ក៏ដូចជាដំណាំឯទៀតដែរ ការជ្រើសរើសត្រូវយកមកសំអាតជាមុន បន្ទាប់មកយកទៅដាក់ហាលថ្ងៃ។ពូជមានសារៈសំខាន់បំផុតគឺសំដៅ ការលូតលាស់ និង អោយផលខ្ពស់។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ដែលហៅថា ពូជក្នុងស្រុកមានអាយុកាលលូតលាស់ សមស្របនឹងតំបន់ដាំដុះព្រមទាំងពេញនិយមប្រើប្រាស់ ។ គ្រាប់ពូជមានសុខភាពល្អភាពសុទ្ធការកំណត់ប្រើជាក់លាក់។
- ការសាបកូន និងថែទាំកូនត្រប់ៈ គ្រាប់ត្រប់តូចល្អិតសំប៉ែត សំបករឹងហើយក្រាស់ ជាទូទៅចំនួន ២៥០គ្រាប់អោយទំងន់១ ក្រាម។ ដើម្បីដាំលើផ្ទៃ ដី១ហ.តគេត្រូវប្រើគ្រាប់ពូជចំនួន ៣៧៥-៥០០ក្រាម។ មុននឹងសាបគ្រាប់ពូជរយៈពេល ១-២ ម៉ោងក្រោយមកទៀតយកទៅត្រាំទឹកក្ដៅឧណ្ហៗ រយៈពេល១៥-២០នាទីទើប ត្រាំទឹកត្រជាក់ធម្មតា មួយយប់ក្រោយមកយកទៅផ្អាប់ពីរយប់ នៅពេលគ្រាប់ត្រប់ដុះពន្លកសៗដំបូងអាចយកទៅសាបឬដាក់ក្នុងកន្ទោងក៏បាន។ របៀបសាប ឬ បណ្ដុះត្រប់មានច្រើនវិធីដូចខាងក្រោមនេះ ៖
វីធីសាប និងថ្នាលធម្មតាៈ ដំបូងត្រូវរកទីតាំងថ្នាលសាបគឺស្រឡះ ដីទួល ស្រស់ទឹក មានជីជាតិល្អ បន្ទាប់មកត្រូវកាប់ហាលដីអោយស្ងួតទើបលើរងអោយបានត្រឹមត្រូវ ដីលើរងគឺអោយម៉ដ្ឋល្មមកៀរអោយស្មើ (គួរធ្វើដំបូលប្រក់ពេលមេឃភ្លៀង) ទើបយកជីប្រភេទ ស៊ុបពែផូស្វាត មកបាចពីលោកចំនួន ១៥០ក្រាម សម្រាប់ផ្ទៃថ្នាល ១០ម២ ឬជី ១៥.១៥.១៥ ចំនួន ២០០ក្រាម បន្ទាប់មករាស់លុបជីទាំងនោះអោយកប់ជ្រៅទៅក្នុងដី។ ការសាបគ្រាប់ពូជត្រូវរោយកំទេចចំបើងចិញ្ច្រាំខ្លីៗពីលើតាមក្រោយ ដើម្បីការពារសំណើមដី បន្ទាប់មកស្រោចទឹក អោយជោគហើយស្រោចសូលុយស្យុងថ្នាំផ្សិតដូចជា Mancozeb ការពារជំងឺរលួយកូន ឈ្មោះDamping off នៅពេលវាដុះថ្មីៗ។ ការស្រោចទឹកដកស្មៅនិងជីបំប៉នត្រូវធ្វើឡើងជាប្រចាំ ដើម្បីអោយកូនដំណាំលូតលាស់ល្អ ក្រោយពីសាបរយៈពេល ៣-៤អាទិត្យអាចដកយក ទៅដាំបាន ។
ការសាបនឹងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំងឬកេសដែលមានទទឹង០,៥ម បណ្ដោយ១ម ជំរៅ៥សម បាតកេសត្រូវមានរន្ធតូចៗ យកដីខ្សាច់ម៉ដ្ឋដុតសំលាប់ មេរោគជាមុនហើយទុកអោយត្រជាក់ ទើបចាក់ចូល ក្នុងកេសអោយពេញស្រោច ទឹកអោយជោគបន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗ ទៅសាបតាមចង្អូរជំរៅ ១សម ចន្លោះចង្អូរ៥សម ក្រោយសាបហើយត្រូវលប់ដីខ្សាច់នោះពីលើអោយជិត គ្របចំបើង ស្ងួតពីលើហើយស្រោចទឹកអោយជោគព្រឹក ល្ងាច រយៈពេល ២-៣ថ្ងៃ អាចបកចំបើងនោះចេញ គឺពេលត្រប់ដុះទូលដីខ្សាច់ចេញមក។ ក្រោយពីវាដុះមាន សន្លឹកកំណើតដំបូង មានអាយុ ៧-១០ថ្ងៃ អាចដកកូនពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ដិ និងអង្កាម ។
ការថែទាំស្រោចទឹកស្រោចជីអាចធ្វើឡើងដូចគ្នានឹងការសាបថ្នាលធម្មតាដែរតែការសាបរបៀបនេះ បើគ្រាប់ពូជចំនួនតិចអាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានយកទៅដាំ គឺរយៈពេលតែបីអាទិត្យប៉ុណ្ណោះ ។
២- រដូវកាលដាំដុះ
ត្រប់ជាប្រភេទដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំដោយមិនប្រកាន់រដូវ ក៏ប៉ុន្ដែនៅពេលសីតុណ្ហភាពឡើងខ្ពស់ ធ្វើអោយត្រប់ បន្ថយការចេញផ្កា ឬពេល សំណើមដីមិនគ្រប់គ្រាន់ធ្វើអោយត្រប់ផ្លែមិនបានវែងហើយមានរស់ជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺរដូវប្រាំង និងរដូវវស្សា។ នៅតំបន់ទំនាបទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្ដើមពីរដូវទឹកសំរកនៅខែតុលា វិច្ឆិកា ដល់ខែកក្កដា និងសីហានៅតំបន់ខ្ពង់រាប និងភ្នំ គឺពីខែឧសភាដល់ ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង។
៣- ការរៀបចំដី
ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់ ។ការភ្ជួរអោយជ្រៅរាស់បំបែកដីអោយម៉ដ្ឋនិងច្រើនលើកគឺ រឹតតែធ្វើអោយដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសំរួលដល់ការដុះលូតលាស់នូវប្រព័ន្ធឬសជ្រាបទឹកបានរហ័ស សំរួលអោយការស្រូបយកជីជាតិបានល្អ។ ការរៀបចំដីអាចធ្វើឡើងទៅតាមរបៀបផ្សេងៗគ្នា ដូចជាកាប់នឹង ចប ភ្ជួរនង្គ័ល គោយន្ដ ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំផ្ទៃដី ។ ដំបូងត្រូវរាស់ប្រមូលនូវស្មៅ កាកសំណល់ដំណាំចាស់ ដុត ឬ យកចេញពីចំការបន្ទាប់មកភ្ជួរហាលដីរយៈពេល ៥-៧ថ្ងៃ អោយស្មៅងាប់និងផ្ដាច់ជីវិតពពួកសត្វល្អិត ចង្រៃផ្សេងៗ នៅក្នុងដីក្រោយមកទើបរាស់បំបែកដីអោយម៉ដ្ឋ និងកៀរអោយស្មើ។ ដើម្បីលើករងដាំបានត្រូវភ្ជួររាស់ដីអោយបាន ៣-៤លើក។ ការដាំតាមរបៀបកសិករគេមិនលើករងឡើយ តែដើម្បីអោយងាយស្រួលស្រោចគេលើករង។ ការលើករងមានសារៈសំខាន់បំផុត ដូចជានៅរដូវវស្សា ការលើករងអោយមានកំពស់ ខ្ពស់ធ្វើអោយទឹកហូរចេញពីចំការបានរហ័ស។ នៅរដូវ ប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាលសំរាប់ដាំត្រប់គឺមានទទឹង ១០០សម កំពស់ ២០-២៥សម បណ្ដោយតាមលទ្ធភាព ឬសភាព របស់ដី។
៤- ររបៀបដាំដុះ
បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្ដៅតាមបណ្ដោយរង ឬ ថ្នាលដាំមួយជួរគឺចន្លោះជួរ ១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ព មួយ ដើម។ ជំរៅរណ្ដៅដែលកាប់គឺ ៨-១០សម ក្នុងរកណីកូនត្រប់សាបលើថ្នាល ផ្ទាល់គេត្រូវស្រោចទឹកកូនត្រប់អោយជោគរយៈពេល២០-៣០នាទីមុនដកដើម្បី បន្ធូនូវ ការដាច់ឬស ។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកយកវាទៅដាក់ ក្នុងឧបករណ៍ ដូចជា កញ្ជើ ល្អី កញ្ឆេ ។ល។ ហើយស្រោចទឹកអោយជោគរក្សាទុកនៅក្រោមម្លប់ ធ្វើអោយកូនត្រប់មានសភាពរឹងមាំធន់កំដៅថ្ងៃក្រោយមកទើបយកទៅដាំនៅពេលរសៀល ចាប់ពីម៉ោង២រហូតដល់ ពេលល្ងាចត្រជាក់ក្រោយពីដាំភ្លាមត្រូវស្រោចទឹក អោយជោគតាមរណ្ដៅនីមួយៗ ។
៥- ការស្រោចស្រព
ទឹកជាកត្ដាសំខាន់សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើអោយជីជាតិទាំង ឡាយនៅក្នុងដីរលាយហើយអាចអោយដំណាំស្រូបយកបានទៅចិញ្ចឹមសរីរាង្គ។ ត្រប់ជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ ហើយបន្ដស្រោចជាធម្មតាមួយថ្ងៃ ១-២លើកព្រឹក-ល្ងាច ប៉ុន្ដែនៅពេលត្រប់ចាប់ផ្ដើមចេញផ្ការហូតដល់ពេលប្រមូលផលវាត្រូវការទឹក ច្រើនជាងពេលដាំ ។ក្នុងដំណាក់កាលនេះគេអាចបញ្ចូលដោយម៉ាស៊ីនទៅតាមចន្លោះរងក៏បានហើយបាញ់ អោយជោគក៏បានធ្វើយ៉ាងណា អោយដីមានសំណើមកាន់តែខ្លាំងក្នុងដំណាក់កាលនេះជាពិសេសនៅរដូវប្រាំង។
៦- ការប្រើប្រាស់ជី
ត្រប់ត្រូវការសារធាតុចិញ្ចឹមមុខ គឺ វាត្រូវការដីដែលមានជីជាតិច្រើន ដែលជាសមាសធាតុសំរាប់ផ្ដល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់ ។ ជី ធម្មជាតិដូចជាកំប៉ុស្ដផ្សំ លាមកសត្វគ្រប់ប្រភេទជីស្រស់ ឬជីបៃតងសុទ្ធសឹងជាសមាសធាតុ ដែលបណ្ដោលអោយលូតលាស់ លឿន និងទិន្នផលខ្ពស់។ ជីអាចម៌មាន់គេប្រើកំរិតពី ៨-១០តោន/ហត ជីលាមកគោ ក្របីចំនួនពី ១៥-២០តោន/ហត ជាពិសេសគឺដាក់នៅ ពេលដាំដែលហៅថាជីទ្រាប់បាត។ ដំណាំនេះត្រូវការសារធាតុសំខាន់ៗ ដូចជា N, P, K, Ca, S, Fe និងB ។ កាលណាកង្វះសារធាតុទាំងនេះអាចលេចចេញនូវសញ្ញាដូចតទៅ
- កង្វះធាតុអាសូត(N) ធ្វើអោយដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក ។
- កង្វះធាតុផូស្វ័រ (P) ស្លឹកប្រផេះស្រអាប់ហើយធ្វើអោយស្លឹកឆាប់ ប្រែពណ៌ទៅជាលឿងទុំជ្រុលមុនអាយុដើមមែកទន់មិនរឹងមាំ ។
- កង្វះធាតុប៉ូតាស្យូម (K) និងដែកFe: ធ្វើអោយពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រមទាំងលូតលាស់មិន ពេញលេញឆាប់ទទួលរង ជំងឺផ្សេងៗ ពិសេសជំងឺផ្សិតលើស្លឹក ។
ដំណាំនេះគេប្រើជីមានច្រើនដំណាក់កាលដូចជា៖មុនពេលដាំ (ទ្រាប់បាត) ប្រើជី ១៥,១៥,១៥ ចំនួន ២០០គក្រ/ហត ក្រោយដាំ រយៈពេល ៧-១០ថ្ងៃ ប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥គក្រ/ហតដោយលាយទឹកស្រោច ឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន ។ រយៈពេលបីអាទិត្យក្រោយដាំគេដាក់ជីបំប៉នប្រភេទ ១៥,១៥,១៥ ចំនួន ២០០គក្រ/ហតដោយដាក់តាមចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចទឹកអោយជោគ។ លើកចុងក្រោយគឺដាក់ជីប្រភេទអ៊ុយរ៉េចំនួន ៨៤គក្រ លាយជាមួយ ជីផូស្វាត (P2O520%) ចំនួន១០០គក្រដើម្បីដាក់លើកផ្ទៃដី ១ហតនៅពេលត្រប់ ចាប់ផ្ដើម ប្រមូលផលលើកទីមួយមានរយៈពេល ៦៥-៧០ថ្ងៃ ក្រោយដាំ ។
៧- ការកំចាត់ស្មៅ
ការកំចាត់ស្មៅ គឺគេចាប់ផ្ដើមអនុវត្ដតាំងពីចាប់ផ្ដើមភ្ជួរដីមកដោយរាស់ ប្រមូលដុតចោលទើបភ្ជួរដី ។ ការដាំដុះលក្ខណៈទីផ្សារធំៗមុនរាស់យកស្មៅចេញ គេប្រើថ្នាំសំលាប់ស្មៅឈ្មោះGlyphosate ឬ Glycine ៤៨ ១ហតផ្ទៃដីប្រើ ២,៥លីត្រ ។ វិធីប្រើគឺកំរិត ៦៩-៧០ CC លាយទឹក ២០លីត្រ បាញ់លើផ្ទៃដី២០០ម២ ក្រោយ ពីបាញ់រយៈពេល៧ថ្ងៃ ទើបចាប់ផ្ដើមរាស់ប្រមូលផលយកស្មៅចេញហើយភ្ជួរ ហាលដី។វិធីសាស្រ្តធ្វើដោយចបគឺក្រោយដាំ២អាទិត្យគេត្រូវជ្រំជ្រោយ ដីឱ្យផុស ល្អហាលដី២ ថ្ងៃទើបពូនរងឡើងវិញ ដើម្បីអោយស្មៅចង្រៃងាប់។ លើកទី២ គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយដីឡើយ ។
IV. អំពីជំងឺ និងវិធានការការពារ
ត្រប់ជាប្រភេទដំណាំមួយដែលទទួលរង ការបំផ្លាញពីជំងឺផ្សិតតូច ដើម ស្លឹក ឬស និងផ្លែ ។
ជំងឺរលួយគល់កូនត្រប់ៈ ឈ្មោះ (Damping off Pythium SPP. Rhizontonia Spp) តាមធម្មតាជំងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ឌ អាកាសធាតុនិងបណ្ដាលមកពីកត្ដាសំណើមនៃដី។ប្រភេទជំងឺរលួយគល់កូនត្រប់ឈ្មោះ DamPing off នេះគឺបំំផ្លាញ កូនត្រប់ទើបនឹងដុះរហូតដល់កូនត្រប់មាន សន្លឹកពិតលក្ខណៈ ពិសេសរបស់វាគឺ បណ្ដាលមកពីដីដែលមានមេរោគ ។
វិធានការការពារ
ត្រូវបាចកំបោរសចំនួន ២៥០-៣៥០គក្រ/ហត ហើយភ្ជួរលុបរយៈពេលពីរសប្ដាហ៍ ទើបរៀបចំដីដាំបាញ់ថ្នាំផ្សិតដូចជា Mancozeb Manev ឫ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និង ផ្លែ ។
V. អំពីសត្វល្អិត
សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានពីរក្រុមធំៗ ក្រុមចោះ និងស៊ីបំផ្លាញព្រមទាំងក្រុមជញ្ជក់យករុក្ខរស ។ ក្រុមស៊ីបំផ្លាញ ៖ ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជាៈ ដង្កូវស៊ីរូងផ្លែ និងដើម ឈ្មោះEgg Plant Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្ដ្រនៅក្នុងគ្រួសារ Leucinodes Orbonalis Lepidoptera lMdab; Pyraliden លក្ខណៈនៃការបំផ្លាញមេអំបៅតែងពងដាក់ស្លឹកខាងក្រោមរាយៗ ជាក្រុមខ្លះទៀតពងដាក់លើផ្កា និង ដើមក្រោយមកពងវាញាស់ហើយចោះចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយ ឬ ក្ដឹបខ្ចីធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោន ផ្លែត្រប់ស្អុយមិនអាចលូតលាស់បាន ជាពិសេសវាបង្កកំណើតនៅលើគ្រប់ដំណាំអំបូរ សូឡាណាសេ ធ្វើអោយវាមានលទ្ធភាពពង្រីក ប្រជាករបានយ៉ាងលឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ។ដើម្បីការពារទៅនឹង កត្ដាចង្រៃ បែបនេះគេត្រូវអនុវត្ដតាមវិធីសាស្ដ្រច្រើន យ៉ាងដូចជា ជ្រើសរើសពូជធន់ទ្រាំល្អ រៀបចំដីឱ្យត្រឹមត្រូវ ផ្លាស់ប្ដូរមុខដំណាំ ជ្រើសរើសរដូវដាំអោយមានចន្លោះជួរនិងគុម្ពអោយបានត្រឹមត្រូវកាត់រំលោះស្លឹក ចោលខ្លះសំអាតស្មៅក្នុងចំការព្រមទាំងវិធានការគីមីរួមផ្សំពេលសត្វល្អិតទើបនឹងកើត ។
VI. ការប្រមូលផល
ត្រប់អាចប្រមូលផលបានក្រោយពី ដាំរយៈពេលខុសៗគ្នាទៅតាមប្រភេទ របស់ត្រប់ និងប្រភេទរបស់ពូជ។
- ប្រភេទត្រប់ផ្លែខ្ចីដូចជាត្រប់ពងមាន់ ត្រប់ក្រាំងរមាសនិងត្រប់សណ្ដាយ
ផ្លែខ្ចីវាគឺន្លោះពី ៧០-៧៥ថ្ងៃ ហើយការប្រមូលផលអាច ច្រើនលើកអាស្រ័យទៅលើការថែទាំជាពិសេសគឺការកាត់ស្លឹកចាស់ចោល ដាក់ជីបន្ថែម និងស្រោចទឹក។ ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំង រមាសគឺ ១១-១៣តោន/ហត ត្រប់ពងមាន់ចន្លោះពី ៨-១០តោន/ហត រឺឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី ៧-៩តោន/ហត។
ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានឹងត្រប់ខាងលើដែរ អាស្រ័យទៅតាមប្រភេទពូជពូជទំនើបចន្លោះពី៦៥-៧៥ថ្ងៃ។ ពូជក្នុងស្រុកចន្លោះពី៧៥-៨០តោនថ្ងៃ រឺឯទិន្នផលចន្លោះពី ៨-១៣តោន/ហត។ ត្រប់អាចប្រមូលផលបានច្រើនសារអាស្រ័យ លើការថែទាំ និងការកាត់ស្លឹកចាស់ៗ ចោលនៅពេលវាបន្ថយផ្កា។ ដើម្បីអោយផ្លែត្រប់រក្សាបាននូវសោភ័ណភាពល្អ និងគុណភាព គេតែធ្វើការប្រមូលផលពេលព្រឹកព្រលឹមល្ងាចត្រជាក់ក្រោយពីស្រោចទឹក ហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹក ជាចំហាយបន្ដិចៗទើបរៀបចំទុក ដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។ អត្ថបទដកស្រង់របស់ក្រសួងកសិកម្ម
01,Feb,2012 / 08:34AM
0 មតិ:
Post a Comment