ពុធ ០៤ មករា២០១២ ដោយ សុធាន
ក្រុងសេអ៊ូលៈ កូរ៉េខាងជើងបានសម្តែងភាព ស្មោះរបស់ខ្លួនជាថ្មី ជាមួយនឹងមេដឹកនាំថ្មីរបស់ខ្លួនគឺលោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារដោយប្រើពាក្យសម្តីចុងក្រោយរបស់ឪពុកលោក គីម ជុងអ៊ីល ដែលមានស្លាប់ទៅហើយ និងបានរៀបចំពិធីជួបជុំដ៏ធំមួយ ជាការគាំទ្រដល់ស្នងតំណែងនោះ។
របាយការណ៍ថ្មីៗនេះនៅក្នុងប្រព័ន្ធឃោស ជាផ្លូវការរបស់រដ្ឋកុម្មុយនិស្តនេះ បានណែនាំអ្វីដែលគេនិយាយថាជាបណ្តាំចុងក្រោយរបស់ លោកគីម ជុងអ៊ីល ដែលទំនងជាបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់លោកប្រគល់អំណាចឲ្យទៅកូនពៅរបស់លោក។
យោងតាមប្រព័ន្ធឃោសនាកូរ៉េខាងជើងបានឲ្យដឹងថា អតីតមេដឹកនាំដែលមានវ័យ៦៩ឆ្នាំ រូបនេះ បានស្លាប់ដោយសារជំងឺបេះដូងកាលពីថ្ងៃទី១៧ ធ្នូ។ ពិធីបុណ្យសពរបស់លោក ត្រូវបានរៀបចំនៅក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន ដោយបង្ហាញពីការចាប់ផ្តើមជាផ្លូវការនៃការដឹកនាំថ្មី ដែលមានវ័យប្រមាណជា២៧ឆ្នាំប៉ុណ្ណោះ។
អត្តបទមួយដែលគេផ្សាយ កាលពីថ្ងៃចន្ទលើគេហទំព័រកូរ៉េខាងជើង Uriminzokkiri បាននិយាយថាលោក គីម ជុងអ៊ីល «បានកត់សម្គាល់ថា បដិវត្តន៍ Juche នឹងបន្តភ្លឺចែងចាំងក្រោមឧត្តមសេនីយ៍គីម ជុងអ៊ុន របស់យើង» ដោយសំដៅលើមនោគមន៍វិជ្ជាតែមួយរបស់កូរ៉េខាងជើង ស្តីពីការពឹងលើខ្លួនឯង។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា លោក គីម ជុងអ៊ុន ត្រូវបានគេតែងតាំងជាមេបញ្ជាការកំពូលនៃយោធាដែលមានកម្លាំង១,១លាន នាក់របស់ប្រទេសនេះ ស្របទៅតាមពាក្យបណ្តាំរបស់ឪពុកលោក ពេលដែលរៀបនឹងស្លាប់កាលពីថ្ងៃទី៨ តុលា»។
0 មតិ:
Post a Comment