Thursday 05/01/2012 by: SOTHEAN
ការលើកយកលក្ខណៈផ្សេងៗនៃទីក្រុងនាសម័យបុរេប្រវត្តិសាស្ត្រ ក្នុងប្រទេសថៃបច្ចុប្បន្នមកអធិប្បាយ មានគោលដៅ គឺការរួម ចំណែក និងជួយស្វែងយល់អំពីឫសកែវខ្មែរ ក្នុងភូមិភាគនេះដែលដើមឡើយជាភាគមួយនៃទឹកដីកំណើតរបស់ពូជសាសន៍ ខ្មែរ ។
ដូចនេះ បន្ទាប់ពីការដួលរលំចក្រភពអង្គរមក ទឹកដីនៃប្រទេសថៃបច្ចុប្បន្នក៏ត្រូវបានផ្តាច់ពីមាតុភូមិខ្មែរ ដូចករណីកម្ពុជាក្រោម និង ប្រទេសលាវ ។ ក៏ប៉ុន្តែ បានបន្សល់ទុកស្លាកស្នាមវប្បធម៌មិនមែនជារបស់ជនជាតិថៃ ដែលជាជនជាតិចំណូលថ្មីចាប់តាំងពីស.តទី១៣ ។ការលើកយកលក្ខណៈផ្សេងៗនៃទីក្រុងនាសម័យបុរេប្រវត្តិសាស្ត្រ ក្នុងប្រទេសថៃបច្ចុប្បន្នមកអធិប្បាយ មានគោលដៅ គឺការរួម ចំណែក និងជួយស្វែងយល់អំពីឫសកែវខ្មែរ ក្នុងភូមិភាគនេះដែលដើមឡើយជាភាគមួយនៃទឹកដីកំណើតរបស់ពូជសាសន៍ ខ្មែរ ។
យើងដឹងហើយថា បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រជាពិសេសយុគលោហធាតុ ចូលចិត្តកសាងទីប្រជុំជន រាងមូលដូចក្បាច់ គូថខ្យង ភាគច្រើននៅនៅលើទីដីខ្ពស់ ឬទួល ហើយមានគូរទឹកហ៊ុំព័ន្ធជុំវិញ សម្រាប់ការពារជ្រកកោនក្នុងគ្រាមានភ័យអាសន្នអន្តរាយ ឬ ចម្បាំងរាំងជល់ ។ ដូចនេះកត្តាសម្រាប់ចងចាំចំណាំទុកនៃទីប្រជុំជនបុរាណទាំងនោះ ដែលជាលក្ខណៈទូទៅ គឺរូបរាងជារង្វង់មូល និងគូទឹក ជុំវិញ ដែលគេបានធ្លាប់ជួបប្រទះក្នុងតំបន់នានានៃឥណ្ឌូចិន ក្នុងភូមិភាគកណ្តាល ។
ភូមិជនជាតិខ្មែរដើម ភាគតិច ទំពួន នៅភូមិភាគឥសានប្រទេសខ្មែរបច្ចុប្បន្ន និង ក្រុងមូលឈ្មោះភូមិល្វា ខេត្តសៀមរាប នាសម័យបុរេប្រវត្តិសាស្ត្រ (ឯកសារបារាំង)
ថ្មីៗនេះ លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកឯកទេសថៃ នៅក្នុងដែនដីខ្មែរបុរាណ ដែលស្ថិតនៅម្ខាងទៀតនៃជួរភ្នំដងរែក បានពង្រីក ការចេះដឹងបន្ថែម ពីអតីតកាលរបស់ជនជាតិខ្មែរ ។ ព្រោះជាទីក្រុងបុរាណទាំងនោះ គឺជាគ្រឹះយ៉ាងមាំតែមួយគត់សម្រាប់ស្វែងយល់អំពីការ អភិវឌ្ឍន៍សង្គមខ្មែរ ។ អ្វីមួយដែលយើងចាត់ទុកថា ជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ទោះបីវិសាលភាពនៃភូមិសាស្ត្រមានការប្រែប្រួលយ៉ាង ណាក៏ដោយ ។
ម្យ៉ាងទៀត យើងក៏ត្រូវទទួលស្គាល់ថា ដូនតាខ្មែរក្នុងសង្គមនាសម័យបុរាណបានបាត់បង់ភូមិភាគនេះ ពិតមែន ដោយចាញ់ សង្គ្រាម ។ លើសពីនេះទៀតរហូតសម័យអង្គរ បុព្វការីជនខ្មែរ បានបន្តបន្សល់ទុកនៅលើទីប្រជុំជនបុរាណទាំងនោះ នូវតឹកតាងបុរាណវិទ្យាជា ច្រើនលើសលុបដូចជាប្រាង្គប្រាសាទជាដើម ។
តាមទំនងនេះ យើងអាចនិយាយបានថា រវាង១០០០ឆ្នាំមុនគ.ស មុនការផ្សព្វផ្សាយវប្បធម៌ឥណ្ឌា ជនជាតិខ្មែរបានអនុវត្តពេញភូមិភាគ នេះនូវទីក្រុងតូចធំជាច្រើន ហើយទីក្រុងដើមទាំងនោះក៏បានក្លាយទៅជាបុរីនាសម័យឥណ្ឌូរូបនីយកម្ម ។ ការណ៍នេះ មានសារៈសំខាន់ណាស់ ដល់ប្រវត្តិសាស្ត្រខ្មែរ ហើយមានន័យថា ក្រុងខ្មែរទាំងនោះត្រូវបានកកើតឡើងមុនវប្បធម៌បុរីបែបឥណ្ឌា ។
ដូច្នេះហើយចង់ ឬមិនចង់ ស្លាកស្នាមនៃក្រុងបុរាណទាំងឡាយដែលជាទីប្រមូលប្រជុំជន នៅតែរស់រវើកក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាក្នុង សតិសម្បជញ្ញៈរបស់អ្នកស្រុកដើមកំណើតខ្មែរក្នុងតំបន់ ក្នុងស្រមោលអន្ទោលតាមប្រាណ ស្ថិតក្នុងអារម្មណ៍របស់មនុស្សខ្មែរ ទោះបីស្ថិតនៅទីណាក៏ដោយ ។
ឧទាហរណ៍ជាក់ស្តែងជនជាតិខ្មែរនៅចុងស.វទី១៩ ក៏ដូចជារហូតដល់ដើមស.តទី២១នេះដែរ នៅពេលដែលជួបប្រទះគូទឹក ឬក៏ ទួលទីក្រុងបុរាណទាំងនោះរមែងតែពោលថា ទួល ឬទីក្រុងបុរាណខ្មែរ ។ មានន័យថា ពួកគេមិនបានភ្លេចស្នាដៃដូនតារបស់ខ្លួន នាសម័យមុន ឡើយ បន្ទាប់ពីទឹកដីកំណើតរបស់ពួកគេត្រូវក្លាយទៅជាទឹកដីថៃក្រោយពី សម័យអង្គរក៏ដោយ ។ ដូចនេះតាំងពីមុនសម័យឥណ្ឌូរូបនីយកម្ម រហូតមកដល់សម័យទំនើបនេះ ជនជាតិខ្មែរនៅទីនេះ មិនបានផ្លាស់ប្តូរទីតាំងម្តងណាឡើយ ដោយហេតុថាពួកគេជាអ្នកស្រុកដើម ដោយម្យ៉ាង វិញទៀត ពួកគេភាគច្រើននៅតែរក្សាបានភាសា និងប្រពៃណីខ្មែរ ហើយជួនកាលជាប់ខ្សែស្រឡាយជាមួយពួកកួយផង ។
ការសិក្សាអំពីទីប្រជុំជន ឬក្រុងបុរាណមុនសម័យប្រវត្តិសាស្ត្រមានផលប្រយោជន៍ជាច្រើន ព្រោះបានជួយ យើងឲ្យឃើញការគ្រប់ គ្រងរៀបចំស្រុកភូមិតាមបែបជំនឿជីវចលនិយម ដូចរាងទីក្រុងជាក្បាច់គូថខ្យងជាដើម និងការវិវត្តន៍របស់វាក្នុងអតីតកាល ។
យើងបានដឹងជាប្រាកដថា តាមរយៈការស្រាវជ្រាវ យើងអាចឃើញទីប្រជុំជនបុរេប្រវត្តិសាស្ត្រមានទ្រង់ទ្រាយជាច្រើន ។ ទន្ទឹមនឹង នេះ ធ្វើឲ្យយើងស្វែងយល់អំពីទំនាក់ទំនងរវាងទីក្រុងទាំងនោះ នឹងតំបន់មួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។
ទីប្រជុំជន នាសម័យប្រវត្តិសាស្ត្រ នៅខេត្តកំពង់ចាម, រូបថត មើលពីលើអាកាស (Cf. Google) និង រូបភាពទីប្រជុំជន នៅភូមិពូន សង្គះ ខេត្ត សុរិន្ទ្រ (ឯកសារថៃ)
នៅក្នុងខេត្តមួយចំនួនជាពិសេសក្នុងខេត្តបុរីរម្យ នៃប្រទេសថៃ គេតែងជួបទីប្រជុំជនដែលមានលក្ខណៈជារង្វង់មូល ហើយជួនកាល មានរង្វង់ជាច្រើនជាន់ដោយមានគូរទឹក ហ៊ំព័ន្ធជុំវិញថែមទៀតផង ។ ទម្រង់ក្រុងបុរាណខ្មែរមួយប្រភេទទៀត ដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺរាងជាពងក្រពើ ។ ហើយទីប្រជុំជនប្រភេទនេះ ស្ថិតនៅលើទួលមានរាងរាបស្មើរបែបខ្សែកោង ភ្ជាប់គ្នាដូចរាងពងក្រពើអញ្ចឹង ។
ក្រៅពីនេះ យើងក៏បានឃើញនូវវត្តមានរបស់ទីប្រជុំជនជាច្រើនដែលមានរូបរាងជា រង្វង់មូលដោយស្ថិតលើ ទួលរាបស្មើបែបខ្សែកោង ជាប់គ្នា ។ តែអ្វីដែលគួរឲ្យកត់ត្រានោះគឺ នៅទីតាំងនេះមានរាងរង្វង់មូលជាច្រើនជាន់ ឬថ្នាក់ ។
នៅមានទីក្រុងច្រើនប្រភេទទៀត ដូចជាទីក្រុងដែលមានរាងមូល ហើយមានជ្រុងមូល ដែលគេឃើញគូរ និងទួលមានរាងជាខ្សែត្រង់ ហើយភ្ជាប់គ្នាជាមុំរង្វង់ ។ សូមជម្រាបផងដែរថា នៅមានទីប្រជុំជនបុរាណមួយប្រភេទទៀត ដែលមានជ្រុងនៅមុំ គូរទឹកមានលក្ខណៈត្រង់ ភ្ជាប់គ្នាជាមុំជ្រុងគួរឲ្យចាប់អារម្មណ៍ ។
មិនតែប៉ុណ្ណោះសោត ការវិភាគរូបថតលើអាកាស ក៏បានឲ្យដឹងជាបន្ថែមទៀតថា មានទីក្រុងដែលមានលក្ខណៈសេរីពោលគឺ ខុស ប្លែកពីទម្រង់ដែលបានជួបនៅខាងលើ ។ គូរ និងទួលមានលក្ខណៈកោងភ្ជាប់គ្នាបែបសេរី ។ ជនជាតិខ្មែរដើមរស់នៅក្នុងតំបន់នេះក៏បានបន្សល់ ទុកទីប្រជុំជនមួយចំនួនផ្សេងទៀតដែរ ដែលមានរូបរាងប្រហាក់ប្រហែលនឹងទីក្រុង ទើបតែអធិប្បាយខាងលើ តែមានទ្រង់ទ្រាយជួនកាល ស្របគ្នា ជួនកាលមិនស្របគ្នា តាមលក្ខណៈនៃភូមិសាស្ត្រ ព្រោះកើតចេញតាមសេចក្តីតម្រូវការនាជំនាន់នោះ ។
សរុបមក ស្លាកស្នាមនៃស្ថាបត្យកម្មបុរាណនាចុងសម័យលោហធាតុខាងលើនេះជាការណ៍ មួយយ៉ាងសំខាន់ណាស់បង្ហាញឲ្យយើង ឃើញមានការកាន់កាប់រៀបចំគ្រប់គ្រងភូមិភាគនេះ អ្វីមួយដែលសព្វថ្ងៃគេឲ្យឈ្មោះថា នគររូបនីយកម្ម ជាសមិទ្ធផលវប្បធម៌សង្គម យ៉ាង សំខាន់ជាងគេ សមស្របតាមការវិវឌ្ឍន៍របស់សហគមន៍មនខ្មែរមុនការជ្រួបជ្រាបនៃ ឥទ្ធិពលឥណ្ឌាក្នុងភូមិភាគនេះ នាសម័យស.តទី១ នៃគ.ស ៕
តទៅនេះគឺជា រូបភាពបន្ទាយគូទាំង៧ប្រភេទដែលលោក ធុយ ចាន់ធួន បានរកឃើញនៅលើទឹកដីខ្មែរបច្ចុប្បន្ន :
១. ច្រកចូលតែមួយដោយមានផ្លូវដីចូល ដោយមិនមានការកាត់ផ្តាច់ដោយគូទឹក (ស្ថានីយក្រែក៥២/ស្ថានីយគគី៦២), ២. ច្រកចូលតែមួយគ្មានលើកដីធ្វើជាផ្លូវដើរ (ស្ថានីយលំពែង២), ៣. ច្រកចូលពីរតែគ្មានលើកដីធ្វើជាផ្លូវដី (ស្ថានីយកំពែង១), ៤. មានច្រកចូល២ ហើយមានទីទួលមួយនៅចំពីមុខច្រកធំ (ស្ថានីយត្រមែង, ស្ថានីយកំពាន់), ៥. ត្រងច្រកចូលមានទីទួលមួយនៅចំពីមុខច្រកទាំង២ (ស្ថានីយបេង២), ៦. មានដីជារាងអណ្តាតចេញពីផ្ទៃខាងក្នុងនៃស្ថានីយត្រង់ច្រកចូលមាន ទីទួលមួយនៅចំពីមុខច្រកទាំង២ (ស្ថានីយបេង២, ស្ថានីយត្របែក) និង ៧. មានច្រកចូលច្រើន (ស្ថានីយត្របែក) (ចម្លងចេញពីឯកសារដើមវប្បធម៌អរិយធម៌ខ្មែរ)
0 មតិ:
Post a Comment