January,10,2012
អ្នកនិពន្ធជនជាតិខ្មែរម្នាក់ និងជាអ្នកសារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) បានចេញផ្សាយសៀវភៅដែលជាស្នាដៃលើកដំបូងរបស់លោក នៅថ្ងៃ៥ ខែមករា ឆ្នាំ២០១២។
៥-មករា-២០១២៖ លោក ឆាយ សុផល លើកបង្ហាញសៀវភៅដែលស្នាដៃរបស់លោកស្ដីអំពីការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសន្និសីទកាសែត នារាជធានីភ្នំពេញ។
លោក ឆាយ សុផល លើក បង្ហាញ សៀវភៅ ដែល ស្នាដៃ របស់ លោក ស្ដី អំពី ការ ដឹក នាំ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ក្នុង សន្និសីទ កាសែត នា រាជធានី ភ្នំពេញ។ (RFA/Sok Serey)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអនុញ្ញាតឲ្យនិពន្ធនាយកសារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) គឺលោក ឆាយ សុផល ចេញផ្សាយសៀវភៅស្នាដៃលើកដំបូង ផ្ដោតលើការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការដឹកនាំ ដើម្បីការពារទឹកដីនៅតំបន់ប្រាសាទព្រះវិហារ។
គេបានបោះពុម្ពសៀវភៅនេះលើកដំបូងចំនួន ៥.០០០ក្បាល ជាភាសាខ្មែរ ហើយគេគ្រោងប្រែសម្រួលជាភាសាអង់គ្លេសនៅថ្ងៃអនាគត។
និពន្ធនាយកនៃសារព័ត៌មាន ខេមបូឌា ញូវ លោក ឆាយ សុផល ដែលជាអ្នកនិពន្ធសៀវភៅនេះ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ ឲ្យដឹងថា ការនិពន្ធសៀវភៅនេះ លោកបានប្រើរយៈពេលជាង ២ឆ្នាំកន្លងមក គឺជាការលាតត្រដាងនូវការពិត និងព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា។
លោក ឆាយ សុផល៖ «សម្តេច ហ៊ុន សែន បានចូលរួមក្នុងការរំដោះប្រជាពលរដ្ឋ។ ចំណុចទី២ គឺលោកបានបញ្ចប់សង្គ្រាមជាស្ថាពរ នាំសន្តិភាពមកកាន់កម្ពុជា ទាំងស្រុង។ ចំណុចទី៣ គាត់បាននាំមេដឹកនាំខ្មែរក្រហមកំពូលៗមកកាត់ទោស ដើម្បីយុត្តិធម៌មនុស្សជាតិ ចុងក្រោយនេះលោកបានការពារនៃទឹកដីនៅជុំវិញតំបន់ប្រាសាទព្រះវិហារ»។
សមាជិកគណៈកម្មការនាយកនៃក្លឹបអ្នកកាសែតកម្ពុជា លោក ខៀវ កូឡា បានមានប្រសាសន៍ថា សៀវភៅនេះគឺជួយឲ្យអ្នកអានយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរនៅក្នុងរយៈពេលចុងក្រោយនេះ៖ «ជនជាតិខ្មែរដឹងរឿងខ្មែរច្រើនជាងបរទេស។ សង្គ្រាមនៅកម្ពុជា ខ្មែរអត់បានបង្កើតទេ។ ប៉ុន្តែយើងដឹងហើយថា ជនជាតិខ្មែរទាំងអស់គ្នាហ្នឹង រួមគ្នាបញ្ចប់សង្គ្រាម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺថា លោកជាមេដឹកនាំកំពូលនៃប្រទេសកម្ពុជា ដែលរួមគ្នាចរចានាំមកនូវឯកភាពជាតិ»។
នេះជាការចេញផ្សាយលើកទី២ហើយនូវសៀវភៅស្ដីពីការដឹកនាំរបស់លោក ហ៊ុន សែន ក្រោយពីការចេញផ្សាយសៀវភៅលើកដំបូងដោយប្រធាននាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ឯក នឹម សុវត្ថិ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ។
សៀវភៅនោះគឺស្ដីពីនយោបាយឈ្នះៗ របស់លោក ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយបានធ្វើសមាហរណកម្មនៃកងទ័ពខ្មែរក្រហម ក្រោយពីការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជា នៅឆ្នាំ១៩៩៣ កន្លងទៅ រៀបចំដោយអ៊ុនតាក់ (UNTACT)។
ដោយឡែកចាប់តាំងពីឆ្នាំ២០០១ កន្លងមក សៀវភៅដែលជាស្នាដៃនិពន្ធដោយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលកម្ពុជា ហាមឃាត់មិនឲ្យចេញផ្សាយ ឬចែកចាយជាសាធារណៈឡើយ។
សៀវភៅនោះគឺមានឈ្មោះថា “ពន្លឺភ្លើងទៀន” ត្រូវបានក្រសួងមហាផ្ទៃ បានរឹបអូសនៅឆ្នាំ២០០១ កន្លងទៅ និងសៀវភៅមួយទៀតឈ្មោះថា “ឫសចាក់ក្នុងថ្ម” ជាភាសាបារាំង រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ក៏ត្រូវរដ្ឋាភិបាលហាមឃាត់មិនឲ្យចេញផ្សាយដែរ កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងទៅ។
លោក សម រង្ស៊ី ធ្លាប់បានប្រតិកម្មចំពោះរដ្ឋាភិបាលថា បានរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ក្នុងឋានៈលោកជាប្រជាពលរដ្ឋខ្មែរ និងសមាជិកសភា៕
ដោយ:នាគតូច
0 មតិ:
Post a Comment