អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានសម្តែងនូវការសោកស្តាយជាខ្លាំង ចំពោះទង្វើរបស់ថៃកាលពីពេលថ្មីៗនេះដែលបង្កឡើងដោយក្រុមជាតិនិយម ជ្រុលរបស់ថៃមួយក្តាប់តូចដែលបានធ្វើបាតុកម្មនៅខាងក្រៅបរិវេណ ការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងបាងកក និងនាំពួកសកម្មជនមួយក្រុមមកដាក់តាំងព្រះពុទ្ធបដិមានៅលើ ភ្នំទ្រព្យ ស្ថិតនៅជិតប្រាសាទព្រះវិហារ និងចូលយ៉ាងជ្រៅក្នុងតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (Provisional Demilitarized Zone) ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) ។
សកម្មភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ដែលរួមមាន 15th Move ដែលចេញនៅថ្ងៃទី៨ មករា ២០១២ និង Thairath ដែលចេញនៅថ្ងៃទី៨-៩ មករា ២០១២ កន្លងផុតមកហើយ ។ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដែលមិនត្រឹមតែរំលោភយ៉ាងច្បាស់ក្រឡែតលើដីកាសម្រេចរបស់តុលា ការយុត្តិធម៌អន្តរជាតិដែលចេញនៅថ្ងៃទី១៨ កក្កដា ២០១១ ប៉ុណ្ណោះទេ ថែមទាំងផ្ទុយទៅនឹងស្មារតីនៃលទ្ធផលវិជ្ជមានក្នុងកិច្ច ប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee) រវាងរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២១ ធ្នូ ២០១១ នៅរាជធានីភ្នំពេញ ។
តុលាការយុត្តិធម៌អន្តជាតិបានបង្កើតនូវតំបន់ គ្មានកងទ័ពបណ្តោះអាសន្ន និងបានចេញដីកាសម្រេចថា «ភាគីទាំងពីរត្រូវទប់ស្កាត់នូវរាល់សកម្មភាពណាមួយដែលអាចធ្វើ ឱ្យកាន់តែធ្ងន់ធ្ងរ ឬពង្រីកជម្លោះមុនតុលាការ ឬធ្វើឱ្យកាន់តែមានការពិបាកថែមទៀតក្នុងការដោះស្រាយ» ។ ក្នុងខណៈដែលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅបានចេញ នូវសេចក្តីថ្លែងការណ៍រួមថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តតាមដីកាសម្រេចរបស់តុលា ការយុត្តិធម៌អន្តរជាតិ ដែលចេញនៅថ្ងៃទី១៨ កក្កដា ២០១១ ប្រកបដោយតម្លាភាព ស្មើភាព និងដែលអាចផ្ទៀងផ្ទាត់បាន» ។ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកមានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសកម្មភាពដែលងងើលរបស់ពួកនេះដែលយកប្រជាជន និងសាសនាមកធ្វើជាឈ្នន់សម្រាប់ផលចំនេញរបស់ខ្លួន ដែលមតិជាតិអន្តរជាតិបានមើលឃើញថា ជាអំពើប៉ុនប៉ងបង្កើតភាពតានតឹង ដល់ការអភិរក្សនៃប្រាសាទព្រះវិហារដ៏មានតម្លៃដែលជា សម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។
អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក សូមជំរុញឱ្យភាគីទាំងពីរគោរពតាមដីកាសម្រេចរបស់តុលាការយុត្តិ ធម៌អន្តរជាតិ និងលទ្ធផលនៃកិច្ចប្រជុំនាពេលថ្មីៗនេះរបស់គណៈកម្មាធិការ ព្រំដែនទូទៅ ហើយមានសេចក្តីសង្ឃឹមថាពួកជាតិនិយមជ្រុលរបស់ថៃទាំងអស់ នឹងមិនធ្វើសកម្មភាពណាមួយឡើយ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងល្អដែលទើបបានបង្កើត ឡើងនាពេលថ្មីៗនេះ រវាងប្រទេសជិតខាង និងប្រជាជនទាំងពីរដែលចង់រស់នៅប្រកបដោយសុខសន្តិភាព និងសុខដុមរមនានៅក្នុងពិភពលោកមួយដែលសីុវិល័យ និងទំនើប ៕January,13,2012(2:30PM) By: Neak Toch
0 មតិ:
Post a Comment