ក្រុមការងារចម្រុះ នៃក្រសួងការពារជាតិកម្ពុជា សម្រាប់ការប្រជុំអនុវត្តដីកាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនោះ បានជូបប្រជុំគ្នានៅព្រឹកថ្ងៃពុធនេះ ដើម្បីត្រៀមខ្លួនទៅចូលរួមប្រជុំជាមួយក្រុមការងារចម្រុះរបស់ថៃ។ កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងភ្លាម នៅពេលដែលកម្ពុជាបានដឹងថាថៃទើបបានបង្កើតសមាសភាពក្រុមការងាររបស់គេរួចហើយ។
នាយឧត្តមសេនីយនាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចម្រុះភាគីកម្ពុជាបានបើកកិច្ចប្រជុំក្រុមការងារនេះដើម្បីត្រៀមខ្លួនចាកចេញទៅប្រជុំជាមួយក្រុមការងាររបស់ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយឯក ឈុំ សុជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីកម្ពុជាបានទទួលព័ត៌មានថា ភាគីថៃទើបបង្កើតបានក្រុមការងារចម្រុះរបស់ពួកគេកាលពីសប្តាហ៍មុន។ មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្តថា កិច្ចប្រជុំក្រុមការងារចម្រុះនេះបានពិនិត្យមើលឡើងវិញនូវឯកសារនិងប្រធានបទនានាដែលត្រូវលើកដាក់លើតុពិភាក្សាជាមួយភាគីថៃទាក់ទងនឹងការអនុវត្តនីតិវិធីនៃការដកកងទ័ពចេញពីតំបន់គ្មានព្រំដែនបណ្តោះអាសន្នក្បែរប្រាសាទព្រះវិហារ។
រហូតដល់ពេលនេះ កម្ពុជាបានទទួលតែព័ត៌មានស្តីការបង្កើតក្រុមការងារចម្រុះរបស់ភាគីថៃតែប៉ុណ្ណោះ ប៉ុន្តែកាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ភាគីថៃនៅមិនទាន់បានសម្រេចនៅឡើយទេ បើទោះជាមានការសួរនាំអំពីបញ្ហានេះ ពីលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ទៅសមភាគីថៃកន្លងមកក៏ដោយ។
ទាក់ទងនឹងស្ថានភាពព្រំដែនដដែល សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រសួងមហាផ្ទៃបាននិងកំពុងផ្លាស់ប្តូរកម្លាំងនគរបាលព្រំដែនចំនួន៦០០នាក់នៅតាមព្រំដែនប្រាសាទព្រះវិហារ។ ប៉ុន្តែថា ការផ្លាស់ប្តូរកម្លាំងនគរបាលការពារព្រំដែននេះ មិនមានអ្វីពាក់ព័ន្ធនឹងតំបន់ដែលគ្មានកងទ័ពបណ្តោះអាសន្នដែលកំណត់ដោយដីកាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនោះទេ៕
ប្រភព៖ RFI
0 មតិ:
Post a Comment