ករណីកម្មករពុល និងដួលសន្លប់បានកើតឡើងសាជាថ្មីនៅរោងចក្រកាត់ដេរឈ្មោះ សាប្រីណា (Sabrina) ស្ថិតក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ហើយនៅថ្ងៃដដែលនេះដែរ មានកម្មករប្រមាណ ៤០នាក់នៃរោងចក្រកាត់ដេរមួយទៀតស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានពុល និងដួលសន្លប់ដូចគ្នា។
កម្មករប្រមាណ ២០០នាក់នៃរោងចក្រកាត់ដេរ សាប្រីណា បានពុល ក្អួតចង្អោរ និងដួលសន្លប់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ហើយត្រូវបានគេដឹកយកទៅព្យាបាលជាបន្តបន្ទាប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
កម្មការិនីមួយចំនួនដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ អះអាងថា ពួកគាត់ពុល ហើយដួលសន្លប់ គឺដោយសារក្លិនចម្លែកនៅក្នុងរោងចក្រផង និងដោយការភ័យខ្លាចតៗគ្នាផង។
អ្នកស្រី ឆឹង ឆៃនី ដែលកំពុងតែសម្រាកនៅលើគ្រែពេទ្យ ថ្លែងថា អ្នកស្រីនៅមានអាការៈតឹងទ្រូង វិលមុខ និងចុកដៃជើង។
អ្នកស្រី ឆឹង ឆៃនី រៀបរាប់ពីហេតុការណ៍មុនពេលដែលអ្នកស្រីពុល និងសន្លប់៖ «ចូល ទៅដូចនៅតែព្រឺរោម។ កាលពីម្សិលម្ង៉ៃយើងនៅភ័យ នៅខ្លាចនៅឡើយ។ ចូលទៅមានក្លិនដែរ តែក្លិនស្រាល...។ ឃើញគេដួលស្លុត ណាមួយធំក្លិនផង»។
កម្មកររោងចក្រ ម៉ីរ៉េ អឹភែរ៉ល (MIRAE APPAREL) ដែលដួលសន្លប់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២។
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន បន្ថែមថា មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុដែលធ្វើឲ្យកម្មករពុលនៅឡើយទេ។
ទោះយ៉ាងណា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី អះអាងថា ការពុល និងដួលសន្លប់របស់កម្មកររោងចក្រកាត់ដេរ សាប្រីណា គឺបណ្ដាលមកពីការពុល។
នេះគឺជាការពុលលើកទី២ហើយនៅរោងចក្រដដែលក្នុងសប្ដាហ៍តែមួយ ដែលការពុលលើកទី១កាលពីថ្ងៃទី៤ ខែមីនា បណ្ដាលឲ្យកម្មករជាង ១៣០នាក់ដួលសន្លប់។
នៅថ្ងៃដដែលនេះដែរ កម្មកររោងចក្រកាត់ដេរ ម៉ីរ៉េ អឹបភែរ៉ឹល (MIRAE APPAREL) ប្រមាណ ៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
ក្រុមកម្មករថ្លែងថា នៅពេលចូលធ្វើការបន្ទាប់ពីពួកគេទទួលទានអាហារថ្ងៃត្រង់រួចនោះ កម្មករមួយចំនួនមានអាការៈថប់ដង្ហើម និងដួលសន្លប់។ រថយន្តសង្គ្រោះបន្ទាន់បានបញ្ជូនក្រុមកម្មករទាំងនោះទៅសង្គ្រោះនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ហើយខ្លះទៀតទៅគ្លីនិកឯកជនមួយក្នុងខណ្ឌពោធិ៍សែនជ័យ។
លោកវេជ្ជបណ្ឌិត លី សម្បត្តិ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យបានសង្គ្រោះកម្មករទាំងអស់នោះបានធូរស្បើយហើយ។
មិនទាន់មានការអះអាងពីមូលហេតុច្បាស់លាស់ទាក់ទិននឹងករណីដែល កម្មករពុល និងដួលសន្លប់នេះនៅឡើយទេ ប៉ុន្តែការសន្និដ្ឋានជំហានដំបូងរបស់ក្រុមគ្រូពេទ្យ គឺទំនងមកពីកម្មករទាំងនោះទទួលទានមិនគ្រប់គ្រាន់ ហើយចំពេលដែលអាកាសធាតុក្ដៅផងក៏បណ្ដាលឲ្យពួកគេសន្លប់តែម្ដងទៅ៕ RFA
0 មតិ:
Post a Comment