www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 30, 2012

ល្បែងសម្រាប់ក្មេងៗ កម្សាន្តតាមភូមិសូកកូឡា បុងបុង​​



ល្បែងនេះ​គេលេងគ្នា​ច្រើន​នាក់ជា​ការល្អ ហើយ​មិនរើស​មាឌតូច​ធំ​ឡើយ គឺ​សំរាប់​បែងចែក​គ្នា​ទាញ​យក​ឈ្នះចាញ់​នៅពេល​សំរាប់ចេញ​ជា​លទ្ធផល។ ន័យនេះ​បាន​សេចក្តី​ថា ជា​ដំបូង​មាន​កុមារ​មាឌ​ធំៗ​ពីរនាក់​ជាអ្នក​នាំ​អាទិ ដោយ​លើកដៃ​ជ្រោង​ខ្ពស់​កាន់ភ្ជាប់គ្នា ហើយគេ​សន្មត​រៀងៗ​ខ្លួនថា អ្នក​ណា​ជាអ្នក​យក​ឈ្មោះ​សូកកូឡា និង ម្នាក់ទៀត​យក​ឈ្មោះ​បុងបុង។

អ្នកនៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ឈរ​តោង​កន្ទុយគ្នា ហើយ​ដើររុល​ចូល​ក្រោម​ដៃអ្នក​ទាំងពីរ ដោយ​ស្រែក​ច្រៀង​ជាបណ្តើរៗ​ថា: "សូកកូឡា បុងបុង ៗៗៗ​..."។ នៅពេល​អ្នក​ទាំងពីរ គឺ​អ្នក​លើក​ដៃជ្រោង​ខ្ពស់​ឯកភាព​គ្នាទំលាក់​ដៃចុះ ស្ទាក់មិន​អោយរុល​ក្រោមដៃគេ គេទាំងពីរ​ត្រូវ​សួរថា​​"សូកកូឡា-​បុងបុង?" បាន​សេចក្តីថា​តើយក​សូកកូឡា ឬ យក​បុងបុង?។ បើអ្នក​​ត្រូវគេ​ស្ទាក់ស្រែកថា សូកកូឡា អ្នក​នោះត្រូវ ទៅ​ឈរ​ផ្នែកខាង​សូកកូឡា តែបើ​ស្រែកថា​បុងបុង ត្រូវ​ទៅឈរ​ផ្នែក​ខាង​បុងបុង។ ប៉ុន្តែ​នៅពេល​បញ្ជាក់​ការ​ស្ទាក់​ដើម្បី​សួរ​មនុស្ស​បានម្នាក់ៗ​ហើយ អ្នក​ទាំងពីរ​នោះ​តែង​ខ្សឹបគ្នា សន្មត​ដូរឈ្មោះ ឬ មិន​ដូរ​ដោយ​ទុក​ដដែល តែ​មិនអោយ​អ្នកដើរ​រុល​ក្រោម​ដៃដឹង​ខ្លួនទេ។ គេស្ទាក់​និង​សួរ​​របៀបនេះ លុះ​ត្រា​តែអស់​អ្នក​តោង​កន្ទុយ។ បន្ទាប់​មកបាន​គេប្រមូល​បក្សពួក​គេរៀងៗ​ខ្លួន ដើម្បី​ប្រទាញ​យក​ឈ្នះ​យក​ចាញ់​រហូត​ដល់​ដួល​រកេតរកូត។ ពួក​ដែលចាញ់គេ គឺពួកដែល​គេបាន​អូសទាញ យក​អស់មនុស្ស​ពីពួកខាង​ខ្លួន។
ចាស់ៗ​បានដំណាល​ថា

ល្បែងនេះ​កើតឡើង​ដោយសារ មានមនុស្ស​ពីរ​អ្នកក្តី​ដណ្តើម​ដីគ្នា។ ម្នាក់ៗ​ខំប្រមែ​ប្រមូល​កៀរគរ​គ្នា ដើម្បី​អោយបាន​សំលេង​ច្រើន​តែរៀងៗ​ខ្លួន។ ប៉ុន្តែ​នៅទី​បញ្ចប់ អ្នកដែល​ដួលនោះ​ជាអ្នកក្តី និង អ្នក​តូចតាច ឯអ្នក​មានកំលាំង​នៅតែឈរ​បានរឹងមាំ ព្រោះ​ដូចពាក្យ​សូកកូឡា គឺសូក​ក្រឡាបញ្ជី ឬ បុងបុង ព្រោះ​ពាក្យ បងៗ គឺបងៗដែល​មានតួនាទី​ធំ៕
(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២

Sunday, April 29, 2012

ទាហាន​ខ្មែរ និង​ថៃ បាញ់​​គ្នា​មួយ​ប្រាវនៅ​ជាំ​ក្សាន្ត

មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​មួយ រវាង​ទាហាន​ខ្មែរ និង​ថៃ ដែល​ការពារ​ព្រំដែន​នៃ​ទឹក​ដី​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជាប់​នឹង​ព្រំដែន ខេត្ត​អ៊ូប៊ុន​របស់​ថៃ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ​ទី ២៩ ខែ​មេសា។

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ មាន​រយៈ​ពេល​ប្រហែល ១០ នាទី នៅ​ចម្ងាយ​ប្រមាណ ២ គីឡូ​ម៉ែត្រ ភាគ​ខាង​លិច​ច្រក​ព្រំដែន​អាន​សេះ និង​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូ​ម៉ែត្រ ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ប្រភព​ពី​កង​ទាហាន​ខ្មែរ​មួយ​រូប​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​ឱ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ បាន​កើត​ឡើង​នៅ​ពេល​ដែល​កង​ការពារ​ព្រំដែន​ខ្មែរ​ចំនួន ៧ នាក់ បាន​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន ដើម្បី​រារាំង​សកម្មភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន កុំ​ឱ្យ​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។


សំឡេង៖ «យើង​ដើរ​ល្បាត។ សភាពការណ៍​ប៉ុន្មាន​ថ្ងៃ​មុន ពួក​អ្នក​ស្រុក​ច្រើន គឺ​យើង​កំពុង​ការពារ​កុំ​ឱ្យ​ឡើង (ទៅ​កាប់​ឈើ​ខុស​ច្បាប់) នៅ​មុខ​តំបន់​ឈើ​ទាល​គង តាទុំ។ ទាហាន​ពួក​វា​នៅ​ទល់​មុខ​យើង​ វា​លួច​បាញ់ ព័ទ្ធ​បាញ់​តែ​ម្ដង»។
ប្រភព​ពត៌មាន​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា ទាហាន​ខ្មែរ​ម្នាក់​រង​របួស។ ក៏​ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ទាហាន​ថៃ​រង​របួស​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ឬ​ទេ។
ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​យោធា​ខ្មែរ​សំខាន់ៗ ជា​ច្រើន​រូប ដែល​​មាន​តួនាទី​គ្រប់គ្រង​តាម​បន្ទាត់​ព្រំ​ដែន​ ទីនោះ បាន​ព្យាយាម​មិន​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​នេះ​ទេ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី ២៩ ខែ​មេសា ឆ្នាំ ២០១២៕  RFA

ការស្លាប់​របស់​លោក​ឈុត វុទ្ធី និង​មន្ត្រី​អាវុធហត្ថ​នៅ​តែ​ជា​អាថ៌កំបាំង

រឿងរ៉ាវ​ដែល​ឈានដល់​ការផ្ទះ​អាវុធ​នាំ​ឲ្យ​ស្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅឯ​ខេត្តកោះកុង​នៅតែ​បន្ត​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅឡើយ។ ខណៈដែល​ការស៊ើបអង្កេត​កំពុងដំណើរការ កាសែត The Cambodia Daily ដែលមាន​អ្នកកាសែត​ពីរ​នាក់​ស្ថិតក្នុង​ហេតុការណ៍​នោះបាន​រៀបរាប់​យ៉ាង​ពិស្តារ​អំពី​ហេតុការណ៍​នោះ។ យ៉ាងណាក៏ដោយ អ្នកកាសែត​ទាំងពីរ​អះអាងថា​ខ្លួន​មិនបាន​ឃើញ​អ្នកបាញ់​សម្លាប់​លោក​ឈុត វុទ្ធី និង​មន្ត្រី​ប្រដាប់អាវុធ​ម្នាក់​នោះទេ។

អ្នកកាសែត​ពីរ​នាក់​ដែល​ស្ថិតក្នុង​ហេតុការណ៍​បាញ់សម្លាប់​លោក ឈុត វុទ្ធី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​សាក្សី​ដ៏​សំខាន់​ក្នុង​សំណុំ​រឿងនេះ​មិនបាន​និយាយ​ជា​សាធារណៈ​អំពី​ហេតុការណ៍​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ កាសែត The Cambodia Dailyដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​រៀបរាប់​ដំណើររឿង​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​យ៉ាង​ពិស្តារ។

បើ​យោងតាម​កាសែត​ជា​ភាសា​អង់គ្លេស និង​មានបក​ប្រែជា​ភាសា​ខ្មែរ​មួយ​នេះ ហេតុការណ៍​ពិតជា​បាន​ផ្តើមឡើង​ដោយសារ​តែ​ការរារាំង​មិន​ឲ្យ​អ្នកកាសែត និង​អ្នកការពារ​ព្រៃឈើ​ថតរូប​គំនរ​ឈើ និង​វល្លិ​រមៀត​ដែល​គេ​បានគរ​ទុក​នៅ​ទីនោះ។ ការព្យាយាម​ថតរូប​ភាព​របស់​អ្នកកាសែត​ទាំងពីរ និង​របស់លោក ឈុត វុទ្ធី​ផង បានធ្វើ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ដែល​ឈរ​ការពារ​ទីតាំង​នោះ​ខឹងសម្បា និង​ព្យាយាម​ដកយក​ម៉ាស៊ីន​ថត​ពី​ពួកគេ។ ទំនាស់​បាន​ឈានដល់​ការជជែក​គ្នា​យ៉ាង​តឹងសរសៃក និង​ថែមទាំង​មាន​ការប្រតាយប្រតប់គ្នា​ទៀតផង។ ទីបំផុត សូរ​អាវុធ​បាន​ផ្ទុះឡើង​សំដៅ​លោក ឈុត វុទ្ធី។
កាសែត​Cambodia Daily​បង្ហាញ​រូប​លោក​ឈុត វុទ្ធី​នៅថ្ងៃ​កើតហេតុ
ប៉ុន្តែ អ្នកកាសែត​ទាំងពីរ​អះអាង​ថា ​មិន​បាន​ដឹង​អ្នកណា​ជា​អ្នកបាញ់​ទេ។ បន្ទាប់ពី​រត់​ចូល​ព្រៃ​មួយសន្ទុះ ពួកគេ​បានចេញ​មកវិញ ស្រាប់តែ​ឃើញ​មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ស្លាប់ នៅ​ពីមុខ​រថយន្ត​របស់​លោក ឈុត វុទ្ធី។ ចំណែក​លោក​វុទ្ធី​កំពុង​ត្រូវរបួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅក្នុង​រថយន្ត​របស់ខ្លួន។ នេះ​បើតាម​សាច់រឿង​ដែល​អ្នកកាសែត​ទាំងពីរ​រៀបរាប់​ប្រាប់​កាសែត​របស់ខ្លួន។ ដូច្នេះ បើ​យោងតាម​កាសែត The Cambodia Dailyសាក្សី​ដ៏​សំខាន់​ទាំងពីរ​ក៏​មិនបាន​ដឹងថា អ្នកណា​ជា​អ្នកបាញ់​សម្លាប់​អ្នក​ទាំងពីរ​ដែរ។

យោងតាម​របាយការណ៍​សន្និដ្ឋាន​របស់​កងរាជ​អាវុធហត្ថ មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា អាយុ៣២ឆ្នាំ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ គឺជា​អ្នកបាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​បន្ទាប់មក​បាន​បាញ់សម្លាប់​ខ្លួនឯង​តែម្តង។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​នៅ​មិនទាន់​ជឿ​របាយការណ៍​នេះ​ទេ។ លោក ចាន់ សូវ៉េត មន្ត្រី​អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ផ្ទាល់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ការសន្និដ្ឋាន​របស់​កងរាជ​អាវុធហត្ថ​មិនទាន់​សម​ហេតុផល​ទេ។ យ៉ាងណាក៏ដោយ ក្រុមការងារ​របស់លោក​កំពុងតែ​ស៊ើបអង្កេត​បន្តទៀត​ដើម្បី​រក​ការពិត។

នៅថ្ងៃនេះ​ដែរ សព​របស់លោក ឈុត វុទ្ធី ត្រូវបាន​គេ​បញ្ជូន​មកដល់​ស្រុកកំណើត​នៅឯ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ការចូលរួម​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល គណបក្សនយោបាយ និង​ប្រជា​សហគមន៍​ព្រៃឡង់​ជាច្រើន។ ចំណែកឯ​សព​របស់​មន្ត្រី​រាជ​អាវុធហត្ថ​ក៏ត្រូវ​បាន​គេ​ធ្វើបុណ្យ​ដែរ នៅឯ​ស្រុក​កណ្តាលស្ទឹង​ក្នុង​ខេត្តកណ្តាល​ដូចគ្នា៕  RFI

Friday, April 27, 2012

Global Witness ប្រតិកម្ម​នឹង​ការ ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី



ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កំពុង​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោល​ទោស​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness ធ្លាប់​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​នៃ​ចុង​ទសវត្សរ៍​១៩៩០។ អង្គការ Global Witness ទទួល​ស្គាល់​ថា​លោក ឈុត វុទ្ធី ជា​សកម្ម​ជន​មួយ​រូប​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​មាន​សេចក្ដី​ក្លាហាន សកម្ម ចេញ​មុខ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស។

លោក​ស្រី មេហ្កិន ណាស៊ីនិស (Megan Nacinness) មន្ត្រី​ផ្នែក​ឃោសនា​នៃ​អង្គការ Global Witness ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដុង នៃ​ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​មក​ថា ពួក​គាត់​មាន​ក្ដី​សោក​ស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​មរណភាព​របស់​លោក ឈុត វុទ្ធី ៖ «ជា​ការ​ពិត​ណាស់ គឺ​យើង​មាន​ក្ដី​តក់ស្លុត និង​សោក​ស្ដាយ​ខ្លាំង ចំពោះ​ដំណឹង​ដែល​ថា​គាត់​ស្លាប់​ដូច្នេះ។ តាម​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ គឺ​ថា​លោក ឈុត វុទ្ធី ជា​ពល​រដ្ឋ​ម្នាក់ ឋិត​ក្នុង​ចំណោម​សកម្ម​ជន​មួយ​ចំនួន ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​បញ្ហា​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រឹបអូស​ដីធ្លី​នៅ​កម្ពុជា។ យើង​ខ្ញុំ​បាន​ដឹង​ថា លោក ឈុត វុទ្ធី និង​សកម្ម​ជន​មួយ​ចំនួន​ទៀត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​តាំង​ពី​យូរ​មក​ហើយ។ យើង​ខ្ញុំ​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ឮ​ថា​គាត់​ស្លាប់។ យើង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ផ្ដន្ទា​ទោស​ជា​បន្ទាន់​ជា​សាធារណៈ ចំពោះ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​ត្រូវ​ចាត់​វិធានការ​លើ​ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់»។

ទំព័រ Website របស់​អង្គការ Global Witness បាន​អះអាង​ថា តាំង​ពី​ឆ្នាំ​១៩៩៥ មក អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ជា​ច្រើន​ផ្ដោត​អំពី​រចនាសម្ព័ន្ធ​នៃ​អង្គការ​ចាត់​តាំង​ការ​កាប់​ព្រៃ​ឈើ​ដ៏​មាន​អំណាច​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ញាតិសន្ដាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន។ តែ​ក្នុង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នេះ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្តី ជន​ជាតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ភាគ​ច្រើន​នៅ​តែ​មើល​ឃើញ​ថា អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​កំពុង​កើត​មាន​បន្ត ទើប​បណ្ដាល​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​បាញ់​ប្រហារ​លើ​ប្រជា​ពល​រដ្ឋ​ដូច​ជា​កម្មការិនី ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង ឲ្យ​រង​របួស និង​ម្សិល​មិញ ឈាន​ដល់​ការ​បាញ់​សម្លាប់​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ម្នាក់​នេះ​ទៀត។ អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក​បណ្ឌិត ឌី ការ៉េត មាន​ប្រសាសន៍​ថា អំពើ​និទ្ទណ្ឌភាព​បែប​នេះ​មិន​អាច​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​គេ​គោរព​ច្បាប់​ជា​ធំ​នោះ​ទេ ៖ «រឿង​គេ​បាញ់​លោក ឈុត វុទ្ធី គឺ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​អី​ទេ ព្រោះ​ថា ជា​ទម្លាប់​មួយ​របស់​របប​គេ​ហ្នឹង ឲ្យ​តែ​មាន​ពល​រដ្ឋ​ចេញ​ធ្វើ​ការ​តវ៉ា​អំពី​សិទ្ធិ​សេរីភាព ការពារ​ទី​កន្លែង​រស់​នៅ ឬ​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​គេ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​គេ​មក​គំរាម មក​បាញ់ ដូច​ករណី​នៅ​ខេត្ត​ស្វាយរៀង នៅ​បាវិត ដោយ​គ្រាន់​តែ​គ្នា​ធ្វើ​បាតុកម្ម​សន្តិវិធី គឺ​គេ​យក​កាំភ្លើង​ទៅ​បង្ក្រាប​តែ​ម្ដង។ យើង​មិន​ដែល​ឃើញ​អំពើ​បែប​នេះ​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​អារ្យធម៌​ត្រឹម​ត្រូវ គឺ​មិន​ដែល​ឃើញ​ៗ​តែ​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ ក្រោម​របប​លោក ហ៊ុន សែន ដែល​ធ្វើ​បែប​ហ្នឹង»។

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប​ទៀត គឺ​លោក គុជ ចាន់លី នៅ​រដ្ឋ Maryland នៃ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ថ្វីបើ​លោក​បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ មក​នេះ​ក្ដី ក៏​លោក​នៅ​តែ​បន្ត​ជាប់​ជា​និច្ច តាម​ដាន​អំពី​សុខ​ទុក្ខ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក ៖ «ខ្ញុំ​បាទ​តែង​ចំណាយ​ពេល​វេលា​គ្រប់​ដង្ហើម​ចេញ​ចូល ដើម្បី​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​មាតុ​ភូមិ​កំណើត​របស់​ខ្ញុំ និង​របស់​ខ្មែរ​យើង​រាប់​លាន​នាក់​ទៀត។ សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ គឺ​យើង​បាន​ដឹង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។ ចំពោះ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ​នេះ គឺ​ជា​សោកនាដកម្ម​មួយ​គួរ​ឲ្យ​សោក​ស្ដាយ។ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​វីរជន​ដែល​លះ​បង់​កម្លាំង​កាយ​បញ្ញា​ស្មារតី ដើម្បី​ការ​ពារ​ធន​ធាន​ធម្មជាតិ​ខ្មែរ​យើង ការពារ​ព្រៃ​ឈើ មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​ណា​មួយ​មក​រំលោភ​មក​ឈ្លាន​ពាន​បាន។ ព្រោះ​ថា ធន​ធាន​ធម្មជាតិ​នានា​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង មាន​រ៉ែ ត្រី ព្រៃ​ប្រឹក្សា ជា​ដើម គឺ​ជា​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង»។

លោក គុជ ចាន់លី អំពាវនាវ​ក៏​ដូច​ជា​រំលឹក​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឲ្យ​គោរព​ច្បាប់​ជា​ធំ ក្នុង​ការ​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ៖ «រដ្ឋាភិបាល​គឺ​ជា​ស្ថាប័ន​រដ្ឋ​មួយ ដែល​ប្រជា​ពល​រដ្ឋ​ប្រគល់​ការ​ទុក​ចិត្ត ប្រគល់​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ ដូច្នេះ​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ឲ្យ​បាន​ហ្មត់ចត់​នៅ​ក្នុង​សង្គម គឺ​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​ឈរ​លើ​ច្បាប់ អនុវត្ត​កិច្ច​ការ​អី​មួយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​សារ​តែ​ខ្លួន​សំអាង​លើ​អំណាច និង​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​នោះ​ទេ។ បុគ្គល​ទាំង​អស់​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ប្រជា​ពល​រដ្ឋ​ប្រគល់​នាទី​ឲ្យ​ខ្លួន​បម្រើ។ ពាក្យ​ថា បម្រើ​គឺ​មាន​ន័យ​ថា បម្រើ​ស្វែង​រក និង​ការ​ពារ​សន្តិសុខ​ដល់​ប្រជា​ពល​រដ្ឋ មិន​មែន​ជា​អ្នក​ជិះ​ជាន់ មិន​មែន​ជា​អ្នក​មាន​អំណាច​ប្រើប្រាស់​ដើម្បី​បាញ់​សម្លាប់​គេ​ឯង ប្លន់​យក​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ។ ហ្នឹង​មិន​មែន​អ្នក​ធ្វើ​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​នោះ​ទេ»។

អង្គការ Global Witness គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អំពី​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ឯ​ខេត្ត​កោះកុង​នោះ៕

ភ្នំពេញៈ២៧មេសា២០១២

ករណី​បាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ត្រូវបាន​ អង្គការ​សហប្រជាជាតិ​ និង អង្គការ​សង្គម​ស៊ីវិល ក្នុង​ស្រុក​​ចំនួ៣​ចុះ​ទៅ​អង្កេត


ក្រុម​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជា និង អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនូន​៣​ទៀត​​ដែល​​ក្នុង​​នោះ​រួម​មាន អង្គការ​សិទ្ធិមនុស្ស​អាដហុក , លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ​បាន​ចុះ​ទៅ​អង្កេត​​ដល់​ទី​កន្លែង ដែល​មាន​ការ​បាញ់​ប្រហារ​​លើ​សកម្មជន​ព្រៃ​ឈើ នៅ​ចំណុច វាល​បី​ ក្នុង​ស្រុក មណ្ឌល​សីមា នៃ ខេត្ត កោះកុង ដើម្បី​ឲ្យ​បា្រកដ​ថា ហេតុកាណ៏​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្ដេច ឬ ក៏ ជា​​គម្រោង​​ផែន​ការ​ងងឹត​របស់​ក្រុម​ណា​មួយ ។
លោក ឈុត វុទ្ធី អាយុ ៤៦ ឆ្នាំ សកម្មជន​ការពារ​ព្រៃឈើ ដ៏លេច​ធ្លោ​​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​វេលាម៉ោង ប្រមាណ​១២ ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ ​ខណៈ​ដែល​​លោក បើក​រថយន្ត ល្បាត​និង​ថត សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ ដែល​ស្ថិត​នៅ​តាម​ព្រំ​ប្រទល់​រវាង​​ខេត្ត​ ពោធិ៍​សាត់ និង ខេត្ត កោះកុង ក្នុង​ស្រុក បណ្ឌលសីមា ។
នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណបក្ស​សម រង្ស៊ី ក៏​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៏​ ដោយ​ធ្វើ​ការ​រិៈគន់​ខ្លាំង​ៗ ផង​ដែរ ចំពោះ​ករ​ណីបាញ់​សម្លាប់ សម្មជន​ព្រៃ​ឈើ​រូប​នេះ ដោយ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​អ្នក​នៅ​ពី​ក្រោ​ និង ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​​ក្នុង​សំណុំរឿង​នេះ យក​មក​កាត់​ទោស​តាម​ច្បាប់ និង ត្រូវ​ការពារ​​អ្នក​កាសែត​​ឌឹ​ឃឹមបូឌា​ដេលី ២​នាក់ ជា​សាក្សី​សំខាន់ ​ដែល​កំពុង​ត្រូវ​បាន​​សាកសួរ​ដោយ​សមត្ថកិច្ច​​នា​ពេល​នេះ ៕ភ្នំពេញៈ២៧មេសា២០១២

Thursday, April 26, 2012

អ្នក​​ការពារ​បរិស្ថាន​ត្រូវ​បាញ់​សម្លាប់​នៅ​កោះកុង​


ប្រធាន​​​អង្គការ​​​ការពារ​​​បរិស្ថាន​​​លោក​​ ឈុត ​វុទ្ធី​​​និង​​​មន្ត្រី​​​កង​​រាជ​អាវុធ​ហត្ថ​​​ម្នាក់​​​បាន​​​ស្លាប់​​​នៅ​​ក្នុង​​ហេតុការណ៍​​ផ្ទុះ​អាវុធ​​​​មួយ​​​កាល​ពី​​​វេលា​​ម៉ោង​​​១២​​​ថ្ងៃ​​​ត្រង់​​​​២៦​​​មេសា​​​នេះ​​​នៅ​​​ស្រុក​​​ថ្មបាំង​​​ខេត្ត​​​កោះកុង។​​ នៅ​​ក្នុង​​ព្រឹត្តិការណ៍​​នោះ ​អ្នក​កាសែត​​របស់​​ព្រឹត្តិបត្តិ​​The Cambodia Daily​ ២​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ផង​ដែរ។​ ក្លឹប​​អ្នក​កាសែត​​កម្ពុជា ​​បាន​​សម្តែង​​ការ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​​ឃាត់​​ខ្លួន​​អ្នក​​កាសែត​​នោះ។​

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ លោក​ឈុត វុទ្ធី​ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​មួយ​នៅ​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា​នេះ។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​អ្នកកាសែត​ស្រ្តី​របស់​ព្រឹត្តិបត្តិ The Cambodia Daily ២​នាក់ គឺ​ជនជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​អាមេរិកកាំង​ម្នាក់​ផងដែរ។

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​បាន​រៀបរាប់​អោយ​ដឹង​ថា លោក​ឈុត វុទ្ធី​ជា​ប្រធាន​អង្គការ​ការពារ​ធម្មជាតិ​បាន​ជូន​ដំណើរ​អ្នក​កាសែត​របស់​ Cambodia Daily​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រៃ​ជ្រៅ​អំពី​ការ​កាប់​ព្រៃឈើ។ នៅ​តាម​ផ្លូវ​លោក​ឈុត វុទ្ធី​ បាន​ថត​រូប​គំនរ​​ឈើ​មួយ​របស់​អង្គការ ​Wild Aid។

មន្ត្រី​អង្គការ​លីកាដូ​ដែល​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​ដែល​ចុះ​ស៊ើបអង្កេត​បញ្ហា​នេះ​បាន​បន្ត​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា មន្ត្រី​អង្គការ ​Wiild Aid ​បាន​ស្នើ​អោយ​មន្ត្រី​កងរាជអាវុធ​ហត្ថ​ម្នាក់​​មក​សួរ​នាំ​សុំ​ដក​យក​រូបថត។ ប៉ុន្តែ​លោក​ឈុត វុទ្ធី​ មិន​ព្រម​ប្រគល់​រូបថត​នោះ​អោយ​ឡើយ​ ទើប​មាន​ការ​ហេតុការណ៍​បាញ់​លើ​រថយន្ត​ដែល​មាន​លោក​ឈុត វុទ្ធី​និង​អ្នកកាសែត​តែម្តង។ ហើយ​គ្រាប់​ចុង​ក្រោយ បាន​ផ្លាត​មក​ត្រូវ​មន្ត្រី​កងរាជអាវុធ​ហត្ថ​វិញ​បណ្តាល​អោយ​ស្លាប់​ដូចគ្នា។

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចាន់ សុវេត មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​ ​អាដហុក​ បាន​អះអាង​អោយ​ដឹងថាអ្នកកាសែត​ស្ត្រី​២នាក់​របស់​ Cambodia Daily នោះ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ។ រីឯ​សាកសព​របស់​លោក​ឈុត វុទ្ធី​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កោះកុង​ដឹក​យក​មក​ដំកល់​នៅ​មន្ទីរពេទ្យ​បង្អែក​កោះកុង៕  RFI

Apple​នឹងពន្យាពេលចេញ​ iPhone 5​ ខណៈ​ iPhone​ 4S នៅ​ជា​ផលិត​ថ្មី​នៅ​ឡើយ

ពាក្យ​ចចាម​អារាម​ជា​ច្រើន​កាល​ពី​ពេល​មុន​នេះ បាន​លើក​ឡើង​ស្រដៀង​ៗ​គ្នា​ថា iPhone 5 នឹង​ត្រូវ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ពោល​គឺ​ក្នុង​ត្រីមាស​ទី​បី​។ ប៉ុន្ដែ​ក្រោយ​ពី​ Apple បាន​ប្រកាស​ពី​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាស​ទី​មួយ​ដ៏​លើស​លប់ ​នោះ​មក បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ គិត​ថា Apple នឹង​មិន​ទាន់​ចេញ iPhone 5 នោះ​ទេ​។

​កាល​ពីពេលថ្មីៗនេះ​ Apple បាន​ទទួល​ប្រាក់​ចំណេញដល់ទៅ ៣៩,១​ពាន់​លាន​ដុល្លារ​ ដោយ​លក់​បាន iPad ជិត​១២លាន​គ្រឿង, iPod ៤លាន​គ្រឿង និង​កុំព្យូទ័រ​ Mac ៤លាន​គ្រឿង​។

ចំនួន​លក់ខាង​លើ​នេះ​គឺ​ច្រើន​ណាស់ ប៉ុន្ដែ​អ្វី​ដែលច្រើន​បំផុត​នោះ គឺ​ iPhone ដែល Apple បាន​លក់​ដាច់​ដល់ទៅ ៣៥,១​លាន​គ្រឿង​។ Wall Street Journal បាន​ទស្សន៍​ទាយ​ថា នេះ​គឺដោយ​សារ​តែ​តម្រូវ​ការ​ដ៏​ច្រើន​នៅ​ប្រទេស​ចិន​ ចាប់​តាំង​ពី​ iPhone 4S លក់នៅ​ទី​នោះ​ក្នុង​ខែ​មករា​។
តម្រូវ​ការ​ដ៏​ច្រើន​នៃ iPhone 4S ដែល​នៅ​តែ​បន្ត អាច​ជា​កត្តា​មួយ​យ៉ាង​ធំ ដែល​ជម្រុញឲ្យ Apple ពន្យារ​ពេល​ចេញ iPhone 5។ តើ​ Apple ចាំ​បាច់​អ្វី នឹង​កែ​ឆ្នៃ​ផលិត​ផល​ថ្មី ខណៈ​ដែល​រូប​រាង​ដើម នៅតែ​ជា​ទី​ពេញ​និយម​នោះ​?

មួយ​វិញ​ទៀត ទីផ្សារ​នៅ​ប្រទេស​ខ្លះ iPhone 4S ទើប​តែ​ដាក់​លក់​បាន​មួយ​ខែ​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​ទូរសព្ទ​នេះ ចេញ​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១​ក៏​ដោយ ដែល​មាន​ន័យ​ថា iPhone 4S នៅ​ជា​ផលិត​ថ្មី​នៅ​ឡើយ ហើយ​តម្រូវ​ការ​ក៏​នៅ​តែ​មាន​ច្រើន​​។ Apple ប្រហែល​ជា​ប្រញ៉ាប់​ចេញ​ថ្មី ដល់ថ្នាក់​ធ្វើ​ឲ្យ​ផលិត​ផល​ដែល​មាន​ស្រាប់ ប្រែ​ជា​ហួស​សម័យ​នោះ​ទេ​។

លើស​ពី​នេះ​ទៀត Apple បាន​ចេញ​តម្រុយ​ខ្លះ​ទៅ​ហើយ​ ថា​ខ្លួន​នឹង​មិន​ចេញ​ iPhone ថ្មី​នោះ​ទេ តាម​រយៈ​ការ​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​នៃការ​លក់ iPhone 4S នៅ​ត្រីមាស​ទី​ពីរ​នេះ ពោល​គឺ​ពី​ខែ​មេសា ដល់​មិថុនា ដែល​ជា​ខែ​ដែលគេ​គិត​ថា iPhone 5 នឹង​ចេញ​។ ការ​ព្យាករណ៍​ថា​នឹង​ធ្លាក់​ដល់ទៅ​១០លាន​គ្រឿង គឺ​មាន​ន័យ​ថា វា​ជា​ផលិត​ផល​ចាស់ ដែល​តម្រូវ​ការ​ធ្លាក់​ចុះ មិន​មែន​ជា​ការ​ចេញ​ផលិត​ថ្មី​នោះ​ទេ​។

ចំពោះ​រូប​រាង​ថ្មី​វិញ ក៏​នៅ​​តែ​មិន​ទាន់​ក្លាយ​ជា​ការ​ពិត​នោះ​ដែរ ខណៈ​ដែល​កាល​ពី​មុន ពាក្យ​ចចាម​អារាម​ជា​ច្រើន បាន​លើក​ឡើង​ពី iPhone ដែល​ស្ដើង​ជាង​មុន ​វែង​ជាង​មុន និង​ទទឹង​ធំ​ជាង​មុន​ជា​ដើម​។

នៅ​ចាំ​បាន​ថា ពេល​ដែល Apple ចេញ iPhone 4S មាន​ការ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ ដោយ​សារ​តែ​មិន​មាន​ការ​កែ​ប្រែ​នូវ​រូប​រាង​ខាង​ក្រៅ​ ជា​ពិសេស​គឺ​ទំហំ​អេក្រង់​ដែល​មិន​ធំ​ជាង​មុន (៣,៥អ៊ីញ​)។ ទោះ​យ៉ាង​ណា​ក្ដី Apple នៅ​តែ​អាច​លក់​បំបែក​កំណត់​ត្រា​បាន​ដដែល​ នូវ​ទូរសព្ទ​ថ្មី​នោះ​។

បើ​រូប​រាង​ដើម ទទួល​ការ​គាំ​ទ្រ​បែប​នេះ​ទៅ​ហើយ តើ​ចាំ​បាច់​អ្វី​ដែល Apple ត្រូវ​ប្រឈម​នឹង​ហានីភ័យ​នៃ​ការ​ប្ដូរ​រូប​រាង​ផលិត​ផល​នោះ ?​​ 



ប្រភព