ល្បែងនេះគេលេងគ្នាច្រើននាក់ជាការល្អ ហើយមិនរើសមាឌតូចធំឡើយ គឺសំរាប់បែងចែកគ្នាទាញយកឈ្នះចាញ់នៅពេលសំរាប់ចេញជាលទ្ធផល។ ន័យនេះបានសេចក្តីថា ជាដំបូងមានកុមារមាឌធំៗពីរនាក់ជាអ្នកនាំអាទិ ដោយលើកដៃជ្រោងខ្ពស់កាន់ភ្ជាប់គ្នា ហើយគេសន្មតរៀងៗខ្លួនថា អ្នកណាជាអ្នកយកឈ្មោះសូកកូឡា និង ម្នាក់ទៀតយកឈ្មោះបុងបុង។
អ្នកនៅសល់ទាំងប៉ុន្មានត្រូវឈរតោងកន្ទុយគ្នា ហើយដើររុលចូលក្រោមដៃអ្នកទាំងពីរ ដោយស្រែកច្រៀងជាបណ្តើរៗថា: "សូកកូឡា បុងបុង ៗៗៗ..."។ នៅពេលអ្នកទាំងពីរ គឺអ្នកលើកដៃជ្រោងខ្ពស់ឯកភាពគ្នាទំលាក់ដៃចុះ ស្ទាក់មិនអោយរុលក្រោមដៃគេ គេទាំងពីរត្រូវសួរថា"សូកកូឡា-បុងបុង?" បានសេចក្តីថាតើយកសូកកូឡា ឬ យកបុងបុង?។ បើអ្នកត្រូវគេស្ទាក់ស្រែកថា សូកកូឡា អ្នកនោះត្រូវ ទៅឈរផ្នែកខាងសូកកូឡា តែបើស្រែកថាបុងបុង ត្រូវទៅឈរផ្នែកខាងបុងបុង។ ប៉ុន្តែនៅពេលបញ្ជាក់ការស្ទាក់ដើម្បីសួរមនុស្សបានម្នាក់ៗហើយ អ្នកទាំងពីរនោះតែងខ្សឹបគ្នា សន្មតដូរឈ្មោះ ឬ មិនដូរដោយទុកដដែល តែមិនអោយអ្នកដើររុលក្រោមដៃដឹងខ្លួនទេ។ គេស្ទាក់និងសួររបៀបនេះ លុះត្រាតែអស់អ្នកតោងកន្ទុយ។ បន្ទាប់មកបានគេប្រមូលបក្សពួកគេរៀងៗខ្លួន ដើម្បីប្រទាញយកឈ្នះយកចាញ់រហូតដល់ដួលរកេតរកូត។ ពួកដែលចាញ់គេ គឺពួកដែលគេបានអូសទាញ យកអស់មនុស្សពីពួកខាងខ្លួន។
ចាស់ៗបានដំណាលថា
ល្បែងនេះកើតឡើងដោយសារ មានមនុស្សពីរអ្នកក្តីដណ្តើមដីគ្នា។ ម្នាក់ៗខំប្រមែប្រមូលកៀរគរគ្នា ដើម្បីអោយបានសំលេងច្រើនតែរៀងៗខ្លួន។ ប៉ុន្តែនៅទីបញ្ចប់ អ្នកដែលដួលនោះជាអ្នកក្តី និង អ្នកតូចតាច ឯអ្នកមានកំលាំងនៅតែឈរបានរឹងមាំ ព្រោះដូចពាក្យសូកកូឡា គឺសូកក្រឡាបញ្ជី ឬ បុងបុង ព្រោះពាក្យ បងៗ គឺបងៗដែលមានតួនាទីធំ៕
(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២
0 មតិ:
Post a Comment