ភ្នំពេញ: ពិធីសែនដកជើងធូប ជាពិធីសែនមួយនៅក្នុងប្រពៃណីប្រជាជនចិន និងប្រជាជនវៀតណាម។ ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពីប្រាំថ្ងៃ ប្រាំមួយថ្ងៃ និងប្រាំពីរថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាម។ នេះបើតាមការលើកឡើងរបស់លោក សុខ មាន អ្នកនៅព្រះវិហារចិន វង់ ផេង ស្ថិតនៅខាងលិចសាលាវិទ្យាល័យ ព្រះយុគន្ធរ ក្នុងរាជធានីភ្នំពេញ។
មុនពេលដកជើងធូប ឬរុះរើបោសសម្អាត និងរៀបចំសាជាថ្មីឡើងវិញ ប្រជាជនចិន និងប្រជាជនវៀតណាម ប្រកាន់នូវប្រពៃណីដ៏ខ្ជាប់ខ្ជួនមួយ គឺត្រូវតែមានរៀបចំពិធីសែនព្រេន។ ពិធីសែនព្រេននេះហើយ ដែលគេហៅថា “សែនដកជើងធូប” ពោលគឺជាពិធីសែនដើម្បីសុំដកជើងធូប និងរៀបចំកំប៉ុង ជើងពាន ឬផើង សម្រាប់ដោតធូបសាជាថ្មីឡើងវិញ ដែលនឹងទុកសម្រាប់ប្រើប្រាស់រយៈពេលពេញមួយឆ្នាំតទៅមុខ។
លោក សុខ មាន បានលើកឡើងថា ពិធីសែនដកជើងធូប ជាពិធីសែនមួយក្នុងចំណោមពិធីសែនព្រេននានា នៅក្នុងប្រពៃណីប្រជាជនចិន និងប្រជាជនវៀតណាម ដែលគេធ្វើនៅរយៈពេល ប្រាំថ្ងៃ ប្រាំមួយថ្ងៃ និងប្រាំពីរថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មី រៀងរាល់ឆ្នាំ។ ពោលគឺថ្ងៃទី២៣ ( ប្រតិទិនចិន-វៀតណាម ) សម្រាប់ប្រជាជនវៀតណាម នៅថ្ងៃទី២៤ សម្រាប់ចិនកន្តាំង សម្រាប់ចិនទាជីវ គេធ្វើនៅថ្ងៃទី២៥ នៃប្រតិទិនចិន-វៀតណាម ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី១៦ ទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នៃប្រតិទិនឆ្នាំសកល។
លោក សុខ មាន ជាអ្នកស្នងរូបនៅព្រះវិហារ វង់ ផេង ខាងលិចសាលាព្រះយុគន្ធរ ដែលមានក្បូរក្បាច់រចនាតាមបែបចិន-វៀតណាម បានលើកឡើងថា “ការដែលយើងទៅប៉ះពាល់ រើរុះ លើក ដាក់ ពាន ឬផើងជើងធូបនោះ ម្ចាស់ជើងធូប ( ទេវតា និង កុង ម៉ា … ) មិនសប្បាយចិត្តទេ!”។
លោក សុខ មាន បានលើកឡើងថា “ការដែលគេមិនហ៊ានដកជើងធូបនៅថ្ងៃណាមួយ មុនពេលបានធ្វើពិធីសែនដកជើងធូបនោះ មកពីគេមិនហ៊ានប៉ះពាល់ពាន ឬផើងជើងធូប។ មិនហ៊ានប៉ះពាល់ពាន ឬផើងជើងធូប ព្រោះតែគេខ្លាចទេវតា ឬ កុង ម៉ា មិនសប្បាយចិត្ត។ ប្រជាជនចិន ក៏ដូចជាប្រជាជនវៀតណាម និងពលរដ្ឋខ្មែរ ដែលកាត់សែស្រឡាយចិន-វៀតណាម មិនហ៊ានបំពានប្រពៃណី ឬធ្វើឱ្យទេវតា កុង ម៉ា អាក់អន់ ឬឃ្នើសចិត្តឡើយ ត្បិតគេខ្លាចអ្នកទាំងនោះ ( ទេវតា កុង ម៉ា… ) មិនជួយថែរក្សា ចម្រុងចម្រើនដល់ពួកគេ”។
អ្នកនៅវិហារចិន លោក សុខ មាន បានរៀបរាប់ដោយសំដីប៉ៃឡាំ ជាភាសាខ្មែរថា “ពិធីសែនដកជើងធូប ដើម្បីដកជើងធូប និងរៀបចំពាន ឬផើងជើងធូបឡើងវិញ ដើម្បីដឹងគុណដល់ទេវតា កុង ម៉ា ដែលបានថែរក្សា និងឲ្យយើងចម្រុងចម្រើនអស់ពេញមួយឆ្នាំកន្លងមក។ ពិធីនេះក៏ដើម្បីជូនដំណើរទេវតា កុងម៉ា ត្រឡប់ទៅឋានទេវលោក ឬឋានលើ”។
នៅពាន កំប៉ុង ឬផើងជើងធូបទាំងនោះ គេរក្សាទុកជើងធូបប្រាំសរសៃនៅកន្លែងទេវតា។ ចំណែកនៅកុងម៉ា គេរក្សាទុកជើងធូបបីសរសៃ។ អ្នកកាត់ចិន-វៀតណាមខ្លះ ក្រោយពីដកជើងធូបហើយ ត្រូវអុចធូបសាជាថ្មីនោះ ដោយនៅកន្លែងទេវតា អុច ៥ សរសៃ និងនៅកន្លែងកុងម៉ា ៣ សរសៃ ដែលជាការទទួលស្វាគន៍ទេវតា និងកុង ម៉ា ដែលនឹងចុះមកបីបាច់ថែរក្សាចម្រុងចម្រើនដល់ប្រជាជនចិន-វៀតណាម នៅថ្ងៃសែនសម្រាប់ឆ្នាំថ្មី។
លោក សុខ មាន ក៏បានបន្ថែមថា ប្រពៃណីដែលជាត្រណមរបស់ប្រជាជនចិន ក៏ដូចជាប្រជាជនវៀតណាម សម្រាប់រយៈពេលមួយឆ្នាំ ជើងធូប ឬកន្ទុយធូប ត្រូវគេដកតែម្តងប៉ុណ្ណោះពីកំប៉ុងផើង ឬពានសម្រាប់ដោតធូប។ ពោលគឺចាប់ពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ ទើបគេហ៊ានរុះរើ និងដកជើងធូប និងរៀបចំឡើងវិញ។
នៅប្រទេសកម្ពុជា ជាពិសេសនៅតាមទីប្រជុំជន នៃបណ្តាខេត្តក្រុងនានា ក៏ដូចជានៅរាជធានីភ្នំពេញ មិនថាតែអ្នកដែលមានសាច់ឈាមជាចិន និងវៀតណាមសុទ្ធសាធ ឬអ្នកជាប់សែស្រឡាយចិនបន្តិចបន្តួចឡើយ សូម្បីអ្នកខ្លះដែលមានឈាមជ័រជាខ្មែរ សព្វថ្ងៃក៏ធ្វើពិធីសែនដកជើងធូប និងសែនពេលចូលឆ្នាំចិនផងដែរ។
ប៉ុន្តែនៅពេលសួរថា តើអ្នកបានចេះ ឬយល់ដឹងអំពីប្រពៃណីសែនដកជើងធូប ដែរឬទេ?។ ចម្លើយស្ទើរតែមួយរយភាគរយ សុទ្ធតែឆ្លើយថា “មិនដឹងដែរ! តែធ្វើនេះ ( សែនដកជើងធូប ) តាមគេ តាមឯង ដែលជាទម្លាប់តៗគ្នាមក”។
យ៉ាងណាក៏ដោយ ប្រពៃណីសែនដកជើងធូប ត្រូវបានប្រជាជនចិន វៀតណាម និងប្រជាជនកម្ពុជា មានសែស្រឡាយចិន និងជនជាតិវៀតណាមនៅកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅប្រាំ ឬប្រាំមួយថ្ងៃ ឬក៏ប្រាំពីរថ្ងៃមុនថ្ងៃសែនចូលឆ្នាំចិន។ ឆ្នាំនេះ សែនចូលឆ្នាំចិន-វៀតណាម ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។ ចំណែកថ្ងៃសែនដកជើងធូប ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ហើយអ្នកខ្លះគេធ្វើនៅថ្ងៃទី១៦ ឬក៏ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២៕
19.Jan.2012/02:05PM
0 មតិ:
Post a Comment