ក្រសួងមហាផ្ទៃបានចេញរបាយការណ៍ នៅថ្ងៃទី២៦ មករា អំពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈ ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ថា មានមនុស្សស្លាប់ ២៤នាក់ និងរបួស ១៧៦ នាក់។ ចំនួននេះបានថយចុះ ៣៥% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម កាលពីឆ្នាំ២០១១។
លោក ហឹម យ៉ាន ជាប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ។ លោកមានប្រសាសន៍នៅថ្ងៃទី២៦ មករា ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៤ថ្ងៃ គិតពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ មករា ឆ្នាំ២០១២ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នេះមានចំនួន ៩៤ករណី។
ចំនួននេះបានថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១០៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៩នាក់ និងរបួសចំនួន ២១០នាក់។
លោក ហឹម យ៉ាន បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនមកពីអ្នកបើកបរស្រវឹង៖ «ទោះជា ថយក្ដី ប៉ុន្តែវាមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយ ឥឡូវដូចជា ៤ថ្ងៃហ្នឹងស្លាប់ ១ថ្ងៃ ៦នាក់ បើថ្ងៃធម្មតាគ្រោះថ្នាក់តែ៣ ឬ ៤នាក់ទៀត ហើយបើចង់កាត់បន្ថយបាន កុំបើកបរក្នុងពេលស្រវឹង»។
របាយការណ៍របស់នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដោយសារអ្នកបើកបរស្រវឹងមានចំនួន ២៥ករណី បើកបរលើសល្បឿនកំណត់ ២៤ករណី មិនគោរពសិទ្ធិអាទិភាព ១៩ករណី បើកបរជែងគ្នាមាន ៨ករណី និងគ្រោះ ថ្នាក់ដោយសារកត្តាផ្សេងៗមាន ៩ករណី។
ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានចំនួនតិចជាងពិធីបុណ្យចូលឆ្នាំខ្មែរ។ គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាលពី ឆ្នាំ២០១១ មានមនុស្សស្លាប់ចំនួន ៥៨នាក់ និងរបួសចំនួន ៤៨៤នាក់។
មន្ត្រីគ្រប់គ្រងកម្មវិធី សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការជនពិការអន្តរជាតិបែលហ្សិក ហៅថា (Handicap) កញ្ញា សាន់ សុជាតា មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំចិន មានចំនួនតិចជាងពិធីបុណ្យចូលឆ្នាំខ្មែរនោះ ដោយសារតែពេលវេលាថ្ងៃឈប់សម្រាកចូលឆ្នាំចិនតិចជាងចូលឆ្នាំខ្មែរ។
កញ្ញា សុជាតា បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រឿងស្រវឹងនេះ នៅតែជាបញ្ហាកើតមានឥតឈប់ឈរនៅកម្ពុជា។ កញ្ញាបានជំរុញឲ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធបង្កើនប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងឲ្យបាន កាន់តែច្រើនថែមទៀត។
កញ្ញា សុជាតា៖ «បើសិនជាការកើនឡើងនៃរឹតបន្តឹង ការឆែកគ្រឿងស្រវឹងគ្រប់កន្លែងទេ អ៊ីចឹងគ្រោះថ្នាក់ចរាចរណ៍ វានៅតែបន្តកើតឡើងៗ។ នាងខ្ញុំមិនហាមមិនឲ្យពិសាគ្រឿងស្រវឹងទេ គ្រាន់តែថា កុំបើកបរក្រោយពេលពិសាគ្រឿងស្រវឹង»។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៃនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥.០៩៦ករណី ប្រៀបធៀបជាមួយឆ្នាំ២០១០ កន្លងទៅមានការថយចុះ ៨%។
ចំណែករបាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្សិក បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១០ ធ្វើឲ្យខាតបង់ថវិកាចំនួន ២៧៩លានដុល្លារអាមេរិក ហើយភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអ្នកបើកបរប្រើប្រាស់ គ្រឿងស្រវឹង៕
ប្រភព៖ Radio Free Asia
0 មតិ:
Post a Comment