កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងគួរអោយរន្ធត់ ដោយម៉ូតូ២គ្រឿង បើកបរជិះបញ្រ្ជាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលធ្វើអោយស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ ស្រាល០២នាក់ នៅចំណុចមុខសហគ្រាសសុវណ្ណឌី ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ លឹម វណ្ណណូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកម៉ូតូម៉ាក C125 ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខ 1A .0380 បណ្តាលអោយស្លាប់នៅពេលរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាល ខេត្តដឹកយកមកដល់មន្ទីរពេទ្យបង្អែកខេត្ត រីឯភាគីម្ខាងទៀតមានគ្នា៣នាក់ ជិះម៉ូតូម៉ាកឃ្លិក ពណ៌ខ្មៅលាយស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ឹម វ៉ាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខធនាគារសាធារណៈ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ១.ឈ្មោះ ទេព ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ២.ឈ្មោះ ថន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង អ្នកទាំង២រងរបួសសា្រល ចំណែកម៉ូតូទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខទាំងស្រុង។
បច្ចុប្បន្ន កម្លាំងអធិការដ្នានគរបាលចរាចរ ក្រុងខេមរភូមិន្ទ បានយកម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយ ហើយសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
0 មតិ:
Post a Comment