ភ្នំពេញ:កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះរដ្ឋសភានៃប្រទេសកម្ពុជា ដែលដឹកនាំដោយលោក ហេង សំរិន បានប្រកាសបិទសម័យប្រជុំលើកទី៧ ក្នុងនីតិកាលទី៤ របស់ខ្លួនដោយផ្លែផ្កា ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា សម័យប្រជុំលើកទី៧ នីតិកាលទី៤ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ របស់ស្ថាប័ននីតិប្បញ្ញត្តិនេះ បានសម្រេចអនុម័តលើច្បាប់ចំនួន៩ ដែលស្នើដោយរដ្ឋាភិបាល ក្នុងនោះមាន ១.ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាល ឲ្យក្រុមហ៊ុនខេមបូឌា អ៊ិនធើណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែនគ្រុប, ២.ច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង, ៣.ច្បាប់ស្តីពីពន្ធនាគារ, ៤.ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២, ៥.ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ៦.ច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃវែងកំពុងរងគ្រោះថ្នាក់, ៧.ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម, ៨.ច្បាប់ស្តីពីការកំណត់ចំនួនអសនៈរដ្ឋសភាសម្រាប់នីតិកាលទី៥ និង ៩.ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។
ជាមួយគ្នានេះ រដ្ឋសភាក៏បានធ្វើការបោះឆ្នោតទុកចិត្តលើការកែសម្រួលសមាភាពរាជរដ្ឋាភិបាលចំនួន១រូប គឺលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, បោះឆ្នោតទុកចិត្តលើការតែងតាំងលោកស្រី សោម គឹមសួគ៌ ជាអគ្គសវនករ, លោក ឆាយ គឹម ជាអគ្គសវនកររង, លោក សួន សុធី ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ, បោះឆ្នោតជ្រើសតាំងលោក ម៉ែន កួន ជាសមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា, ទទួលស្គាល់តំណាងរាស្រ្តថ្មី គឺលោក សុក ប៊ន ជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺពីគណបក្សប្រជាជនកម្ពុជា ជំនួសលោក សំរិត ប៉ិច ដែលបានសុំលាលែងពីតំណែង, ទទួលស្គាល់លោកស្រី អ៊ុន សុគន្ធា ជាតំណាងរាស្រ្តខេត្តកំពតពីគណបក្សប្រជាជនកម្ពុជា ជំនួសលោកស្រី សោម គឹមសួគ៌ ដែលបានសុំលាលែងពីតំណេង, ទទួលស្គាល់លោក សាន សាង ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ពីគណបក្សសមរង្ស៊ីជំនួសលោក តុ វ៉ាន់ចាន់ ដែលបានលុបឈ្មោះចេញពីបញ្ជីគណបក្ស, ទទួលស្គាល់លោក មែន កួន ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ពីគណបក្សប្រជាជនកម្ពុជាជំនួសលោកស្រី អ៊ឹម រុន ដែលបានទទួលមរណភាព។
សម័យប្រជុំរដ្ឋសភានីតិកាលទី៤នេះ ក៏បានប្រកាសពីការអនុម័តលើកអភ័យឯកសិទ្ធិសភារបស់លោក ចាន់ ចេង សមាជិកសភាមណ្ឌលខេត្តកណ្តាលមកពីគណបក្សសមរង្ស៊ីផងដែរ៕
17 Jan 2012(11:10AM)By: Neak Toch
0 មតិ:
Post a Comment