សមាគមន៍ពាណិជ្ជកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTBA) បានប្រកាសនូវលទ្ធផលបោះឆ្នោតជ្រើសនូវប្រធានថ្មី គឺ លោក វង្ស ពីលី ដែលជាអគ្គនាយក និងជាតំណាងជាន់ខ្ពស់នៃក្រុមហ៊ុន Microsoft MDP ត្រូវបានជ្រើសតាំងបន្តជាប្រធានថ្មីសម្រាប់អាណត្តិថ្មីនេះ ។ លោក វង្ស ពីលី បានលើកឡើងថា “យើងចង់ឲ្យវិស័យ ICT ក្លាយជាវិស័យមួយដែលមានភាពលេចធ្លោរ និងដើរតួរយ៉ាងសកម្មក្នុងសេដ្ឋកិច្ចកម្ពុជា” ។ ICTBA បានបង្កើតឡើងក្នុងឆ្នាំ២០១១ រហូតមកដល់សព្វថ្ងៃនេះ មានក្រុមហ៊ុនដែលទាក់ទង និងវិស័យព័ត៌មានវិទ្យា និង ប្រធានផ្នែកពត័មានវិទ្យា ជាច្រើនចូលរួមជាសមាជិក ។ ឆ្លងកាត់រយៈពេលពេញមួយឆ្នាំ សមាគមន៍នេះបាន និងកំពុងជួយដល់សមាជិករបស់ខ្លួនដោយពាំនាំមកនូវកាលានុវត្តភាពមុខជំនួញជា ច្រើន ។លោក វង្ស ពីលីបានមានប្រសាសន៍បន្ថែមទៀតថា ICTBA តាំងចិត្តជួយឲ្យបាននូវការលើកនូវតម្លៃ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទំនើបនៃប្រទេសកម្ពុជា តាមរយៈជំនាញរបស់ក្រុមហ៊ុនដែលជាសមាជិក ។ ចំណុចដែលផ្ដោតសំខាន់នោះរួមមាន៖ ១) ចំណេះដឹងផ្នែកបច្ចេកទេស ២) កម្មសិទ្ធបញ្ញា ៣) សង្វាក់នៃការដំណើរការជាមួយគ្នា ៤) ស្តង់ដារ E-Business “យើងសូមយកនូវឱកាសនេះអំពាវនាវដល់គ្រប់ក្រុមហ៊ុន ដែលផ្ដល់នូវសេវាកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍ ក៏ដូចជា អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងប្រធានផ្នែកព័ត៌មានវិទ្យាទាំងអស់ សូមចូលរួមជាសមាជិក ដើម្បីរួបរួមគ្នាជាធ្លុងមួយ ធ្វើឲ្យសុបិនដែលប្រទេសកម្ពុជា មិនត្រឹមតែក្លាយជាព្រះរាជាណាចក្រអច្ឆរិយតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយទៅជា Silicon Valley នៅក្នុង ASEAN ឲ្យក្លាយការពិត ។ ” សមាគមន៍ពាណិជ្ជកម្មព័ត៌មានវិទ្យា និងទូរគមនាគមន៍កម្ពុជា (ICTBA) បានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃក្នុងខែតុលា ឆ្នាំ២០១០ ។
0 មតិ:
Post a Comment