នេះជាលើកដំបូងបំផុតហើយ ដែលនិស្សិតកម្ពុជា រៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេស កម្ពុជា ដែលមានទីតាំស្ថិតនៅប្រហែលជា ១០គីឡូម៉ែត្រពី រាជធានីភ្នំពេញអាចផលិត រ៉ូបូតបាន។
និស្សិតខ្មែរចំនួន ២០រូប បានសហការជាមួយនឹងនិស្សិត កូរ៉េខាងត្បូង មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា និង អប់រំរបស់កូរ៉េ (KUT) ដើម្បីផលិតរ៉ូបូតតូចៗ ដែលមានដូចជា រ៉ូបូតដែលមានរាងដូចមនុស្ស កន្ទុំរុយ ឡានប្រើពន្លឺព្រះអាទិត្យ រ៉ូបូតទាត់បាល់ និង Tuk Tuk ដោយប្រើគ្រឿងបរិក្ខារពីប្រទេសកូរ៉េ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានចុះហត្ថលេខា សហប្រតិបត្តិការជាមួយនឹង សាកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ ដូច្នេះនិស្សិតសាលាទាំងពីរ អាចចែករំលែកនូវចំណេះដឹងគ្នាទៅវិញ ទៅមក។
លោកប្រាប់ថា ៖« នេះជាសញ្ញានៃការអភិវឌ្ឍបច្ចេកវិទ្យា។ បន្ទាប់ពីបានឃើញនូវស្នាដៃទាំងនេះ ទាំងសិស្ស និងគ្រូបង្រៀននឹងបានស្វែងយល់។ ខ្ញុំសង្ឃឹមថា នូវថ្ងៃណាមួយសិស្សយើងនឹងមានគំនិតផលិតអ្វីថ្មីបែបហ្នឹងដូច គេដែរ» ។
ក្រុមបច្ចេកទេសវ័យក្មេង ទាំងនោះបានបង្ហាញរ៉ូបូតដែលគេផលិត មានដូចជា រ៉ូបូតរាងដូចមនុស្ស ដែលចេះជំរាបសួរ ធ្វើលំហាត់ប្រាណ ទាត់បាល់ ឬ ចលនាផ្សេងៗ។ រ៉ូបូតនេះអាចធ្វើត្រាប់តាមមនុស្សបាន។ រ៉ូបូតទីពីរ គឺកន្ទុំរុយ ដែលអាចហោះបាន ប៉ុន្តែត្រូវការអ្នកបញ្ជាម្នាក់នៅក្បែរនោះដែរ។ រ៉ូបូតទីបី គឺរថយន្តដែលប្រើប្រាស់ ពន្លឺព្រះអាទិត្យ។ រ៉ូបូតទីបួន គឺ Tuk Tuk ដែលត្រូវបានរចនាដូច Tuk Tuk ខ្មែរបេះបិទ។ ឯរ៉ូបូតចុងក្រោយ គឺអាចលេងបាល់បាន។
ប្រធានមជ្ឈមណ្ឌលទំនាក់ទំនង និង សហប្រតិបត្តិការនៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា លោក ម៉ី គឹមសាន្ត ជឿថាបន្ទាប់ពីឮថាប្រជាជនខ្មែរ អាចផលិត រ៉ូបូតបាន ប្រជាជនខ្មែរនឹងមានការចាប់អារម្មណ៍ខ្លាំង ឡើងទៅលើបច្ចេកវិទ្យា។ បច្ចុប្បន្នលោកដឹងថា ប្រជាជនខ្មែរពុំសូវចាប់អារម្មណ៍លើបច្ចេកវិទ្យាប៉ុន្មានទេ។ ភាគច្រើនចូលចិត្តជំនាញ ដែលមិនសូវផ្តល់សក្តានុពលក្នុងការអភិវឌ្ឍ ប្រទេសខ្លាំងដូចបច្ចេកទេស ឬ មេកានិក។
លោកថ្លែងថា ៖« កាលឆ្នាំមុន តាមដែលខ្ញុំនៅចាំ មានសិស្សប្រមាណជា១១០ ០០០នាក់បានបញ្ចប់នូវថ្នាក់វិទ្យាល័យ ប៉ុន្តែមានប្រហែលជាមួយពាន់នាក់ប៉ុណ្ណោះ ចុះឈ្មោះចូលរៀនផ្នែក បច្ចេកវិទ្យា។ ក្រុមហ៊ុនដំឡើងរថយន្ត Hyundai នៅកោះកុង ស្នើសុំអ្នកមេកានិកពីយើង ប៉ុន្តែយើងមិនដែលបញ្ជូនទៅគ្រប់ឲ្យពួកគេទេ មូលហេតុយើងខ្វះសិស្សផ្នែកនេះ »។ លោកបន្តថា នៅឆ្នាំក្រោយពួកគេផលិតកន្ទុំរុយមួយដែលអាចលើកទំងន់បាន ៦០គីឡូ ក្រាម។
កញ្ញា គិន បូភួង អាយុ១៨ និស្សិតឆ្នាំទី១ផ្នែកអគ្គិសនីនិយាយថា គាត់មានការភ្ញាក់ផ្អើលណាស់នៅពេលឮថា និស្សិតខ្មែរអាចដំឡើងរ៉ូបូតបាន។
កញ្ញាថ្លែងថា៖« ខ្ញុំចង់ផលិតអ្វីស្រដៀងហ្នឹងដែរ។ រ៉ូបូតពួកគេពិតជាជំរុញឲ្យខ្ញុំសិក្សាផ្នែកអគ្គិសនីកាន់តែ ខ្លាំង ឡើង»។
លោកហៀក ហិម អាយុ២៥ឆ្នាំ និស្សិតឆ្នាំទី៤ ផ្នែកមេកានិក ដែលបានចូលរួមជាមួយនិស្សិតកូរ៉េក្នុងការផលិតរ៉ូបូតនេះ មានការរំភើបចិត្តនៅពេលស្នាដៃរបស់គាត់ត្រូវបានគេអបអរ។ ប៉ុន្តែគាត់បានឲ្យគុណសម្បត្តិនេះទៅសមភាគី ជនជាតិកូរ៉េរបស់គាត់ ដែលថ្នឹកនឹងបច្ចេកវិទ្យាថ្មីនេះជាងគាត់។ សមត្ថភាពដែលគាត់បានបញ្ចេញចូលរួមក្នុងការងារនេះ គឺគំនិតរចនារូបរាង និង បញ្ចូលកម្មវិធី។
លោកបន្ថែមថា៖« ខ្ញុំយល់ច្រើនអំពីការផលិតរ៉ូបូត ជាពិសេសការដំឡើង។ វាជារ៉ូបូតដ៏តូចមែន ប៉ុន្តែការសិក្សាពីម៉ាស៊ីនតូចនេះអាចជាគំរូឲ្យ យើងឈានទៅផលិត រ៉ូបូតធំៗបាន។ សម្រាប់កិច្ចសហការនេះ ខ្ញុំចាប់អារម្មណ៍លើឡាន ប្រើប្រាស់ថាមពលព្រះអាទិត្យ»៕
ប្រភព៖
0 មតិ:
Post a Comment