បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ មានការរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន១៧៥នាក់ដែលមានស្នាដៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ដូង សារឿន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាននាយកដ្ឋានបុគ្គលិក ព្រមទាំងអស់លោកជាប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង លោកស្នងការ ស្នងការង តំណាងថ្នាក់ដឹកនាំ សឹករងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ យ៉ាងច្រើនកុះករ។
លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ ពីសភាពការណ៍សន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋាន ដែលស្នងការដ្ឋាននគរបាលខេត្តអនុវត្តទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើរទាំងការងារសន្តិសុខផ្ទៃក្នុង និងការងារសន្តិសុខតាមខែ្សបន្ទាត់ព្រំដែន គឺអនុវត្តតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងផែនការណែនាំរបស់ក្រសួងមហាផ្ទៃ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពីគណៈបញ្ជាការឯករដ្ឋបាលខេត្ត។ ស្នងការដ្ឋាននគរបាលខេត្ត បានជំរុញគ្រប់ជំនាញឲ្យយកចិត្តទិកដាក់ ក្នុងតួនាទីភារកិច្ចរបស់ខ្លួនលើកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បង្រ្កាបលើបទល្មើសចោរលួចចោរប្លន់ ព្រមទាំងស្រាវជ្រាវចាប់ជនប្រព្រឹត្តល្មើសរត់គេចខ្លួន យកទៅផ្តន្ទាទោសជាបន្តបន្ទាប់។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានកាត់បន្ថយនូវបទល្មើសជាច្រើន។
លោកឧត្តមសេនីយ៍ ស្នងការបានគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងការងារសម្រេចបានកន្លងមក លើវិស័យការងារកសាងកងជួរនគរបាលក្នុងជ្រុងមួយនៃយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។ ស្នងការដ្ឋាន បាននឹងកំពុងជំរុញយ៉ាងខ្លាំងក្លា កែលំអរពង្រឹងគុណភាពការងារគ្រប់អង្គភាព ដែលចំណុះអធិការដ្ឋានឲ្យបានល្អ ទាំងរបៀបរបបធ្វើការងារ ការគោរពវិន័យ ការអនុវត្តច្បាប់ ព្រមទាំងពង្រីកសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ។ ជាងនេះទៀតថ្មីៗ នេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ការពារសន្តិសុខ សុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងមកនេះ។
ក្នុងប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរសកិ្តនេះ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានសម្រេចផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចំនួន១៧៥នាក់ ក្នុងនោះមន្ត្រីនគរបាលដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន២៦នាក់ និងមន្ត្រីនគរបាលដែលត្រូវបានបំពាក់ឋានន្តរសកិ្តចាប់ពីវរសេនីយ៍ទោ ដល់ពលបាលឯក ចំនួន១៤៩នាក់។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដូង សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក និងឯកឧត្តម អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍កោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ខិតខំប្រឹង ប្រែងរបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការបំរើផលប្រយោជន៍សង្គមជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជាងនេះទៀត បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ប្រជាពលរដ្ឋមានជំនឿជឿជាក់ និងមានកិច្ចសហការជាមួយសមត្ថកិច្ច ដែលធ្វើឲ្យសភាពការណ៍បទល្មើសនៅតាមមូលដ្ឋាន មានការថយចុះគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ ជោគជ័យដែលយើងទទួលបានថ្មីនេះ គឺការបោះឆ្នោតព្រឹទ្ធសភា គឺយើងការពារសន្តិសុខ សុវត្ថិភាព ដោយពុំមានបាតុភាពអ្វី មកធ្វើវិទ្ធង្សនា ក្នុងដំណើរការបោះឆ្នោតនោះឡើយ។
ឯកឧត្តម អ៊ុង អឿន បានបញ្ជាក់ថា អស់លោកដែលត្រូវបានតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះ គឺដោយមានទំនុកទុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដូច្នេះដើម្បីជាការឆ្លើយតបនូវទំនុកទុកចិត្តនេះ សូមឲ្យអស់លោកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត លើកាតព្វកិច្ចរបស់ខ្លួនជៀសវាងការយកតួនាទី និងភារកិច្ចរបស់ខ្លួនទៅប្រព្រឹត្តខុសពីច្បាប់ និងត្រូវបន្តពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយពីការហាមប៉ះពាល់នូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងដើម្បីបញ្ចៀសការគ្រោះថ្នាក់។
ជាចុងក្រោយឯកឧត្តម អ៊ុង អឿន បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិនៃខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការឲ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់សមត្ថកិច្ចក្នុងខេត្ត៕
0 មតិ:
Post a Comment