វង្សណយអ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ នឹងជួបប្រកួតជាមួយស៊ីវ ឌីណា អ្នកប្រដាល់ក្លិបកងពលទ័ពឆ័ត្រយោង៩១១ នាថ្ងៃអាទិត្យទី៥ ខែ កុម្ភៈ ឆ្នាំ២០១២ នៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ន ។
អ្នកប្រដាល់ជើងចាស់ទាំងពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេកន្លងមក ។ ដោយសារពីមុន ពួកគេមានទម្ងន់ខុសគ្នា តែឥឡូវវង្សណយគេមានទម្ងន់ដល់ស្មើជាមួយស៊ីវ ឌីណាហើយ គឺ៦៣,៥០០គ.ក្រ ។
ស៊ីវ ឌីណា ថ្វីត្បិតតែគេរាងចាស់ជាងវង្សណយបន្តិចក្តី ប៉ុន្តែមិនងាយបង្ក្រាបគេនោះទេ ព្រោះស៊ីវឌីណាគេវ៉ៃស៊ូណាស់ និងមានប្រដាល់ធំថែមទៀត ម្ល៉ោះហើយពិបាកនឹងយកឈ្នះគេងាយៗនោះទេ ។ កម្លាំងស៊ុហ្វរបស់គេ រឹងមាំទៀតផង ។ គេប្រកួតចុងក្រោយ វាយឈ្នះមៀច សុខរ៉ា អ្នកប្រដាល់ក្លិបក្រសួងមហាផ្ទៃក្នុងទឹកទី៣ ។
ចំណែកវង្សណយវិញ គេមានការឈានឡើងខ្លាំងណាស់ក្នុងក្បាច់ប្រដាល់ខ្មែរនេះ ។ ឡើងប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ វង្សណយវ៉ៃឈ្នះរហូត ដែលប្រកួតចុងក្រោយគេ គឺវាយឈ្នះហេង លាភ អ្នកប្រដាល់ក្លិបនិរោធមានជ័យក្នុងទឹកទី៤ ។
ស៊ីវ ឌីណា គេវាយល្អ កណ្តាប់ដៃខ្លាំង សន្ទុះជើងទាត់ខ្លាំង ។ ប្រសិនបើគេហាត់ដិតដល់លើកនេះ ច្បាស់ជាមិនចាញ់វង្សណយឡើយ ។តែទោះជាយ៉ាងណាក្តី ការចង់ឈ្នះលើវង្សណយនោះ គឺជារឿងពិបាកបំផុត ព្រោះគេមានផ្លែល្អណាស់ ។
ហុន គីរី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន នឹងត្រូវជួបជម្រះបញ្ជី ជាមួយ ចាន់ សុខហួន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបគ្នាលើកមុនគឺប្រកួតស្មើគ្នា ។
ចាន់ សុខហួន ជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ចិត្តប្រដាល់ធំ និងស៊ូចំពោះការប្រកួតថែមទៀត ។ សុខហួន ប្រកួតចាញ់ពីរប្រកួតជាប់ៗគ្នាចុងក្រោយនេះ ដែលចុងក្រោយគេនេះគេវាយស្មើជាមួយហុនគីរីនេះ ។
គីរី ថ្វីត្បិតតែស្គាល់រេញមុនសុខហួន ប៉ុន្តែមិនប្រាកដថាងាយយកឈ្នះសុខហួនបានឡើយ ។ គីរីអត់មានផ្លែល្អទេគ្រាន់តែបានសំដែងបានល្អក្នុងការប្រកួតតែប៉ុណ្ណោះ ។ យ៉ាងណាៗ គេពុំមានជំនឿថាហុនគីរីឈ្នះចាន់សុខហួននោះឡើយសំរាប់ការជួបគ្នាលើកនេះ ។
យុគយក្សផ្លែ អ្នកប្រដាល់ក្លិបក្រុងប៉ោយប៉ែត នឹងជួបជាមួយជុនសាវុធ អ្នកប្រដាល់ក្លិបអូដឹមកីឡា ។ អ្នកទាំងពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក ។ ជុន សាវុធ មានកាយសម្បទាមិនជារឹងមាំប៉ុន្មានទេ បើប្រៀបធៀបជាមួយ យុគយក្សផ្លែ ប៉ុន្តែគេខ្ពស់ជាងនិងមានផ្លែកែងនិងជង្គង់ល្អជាងយក្សផ្លែ ។ការ ប្រកួតចុងក្រោយ សាវុធវាយឈ្នះឈិន ធារ៉ា អ្នកប្រដាល់ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែងដោយពិន្ទុ ។
ចំណែក យុគ យក្សផ្លែវិញ គេវាយរាងឆេវឆាវ អាងកម្លាំងបាយ គេវ៉ៃប្តូរកែងនិងកណ្តាប់ដៃ យកម៉ាឈ្នះដៃតែម្តង ត្រង់វ៉ៃចំគោលដៅឬមិនចំនោះគេមិនគិតទេ ។ ប្រកួតចុងក្រោយ គេវាយឈ្នះពុទ្ធខុនណាតដោយពិន្ទុ ។សំរាប់ការជួបគ្នារវាងយក្សផ្លែនិងជុនសាវុធនេះ មិនដឹងថាអ្នកណាជាអ្នកឈ្នះទេ ? ។
កីឡាការិនី គិន ស្រីយ័ន ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ នឹងឡើងសងសឹក កីឡាការិនី ធី កន្និកា ក្លិបឥន្ទ្រីយ៍កីឡា ។ កាលពីប្រកួតគ្នាលើកមុន ស្រីយ័នវាយចាញ់កន្និកាដោយពិន្ទុ ។
គិន ស្រីយ័ន ធ្លាប់ជួបកន្និកា៥ដងហើយ ប៉ុន្តែមិនដែលវាយឈ្នះកន្និកាទេ គឺបានត្រឹមស្មើម្តងនិងចាញ់៤ដង ។ លើកនេះ ស្រីយ័នមិនដឹងថាអាចសងសឹកបាសំរេចឬអត់ទេ ព្រោះកន្និកានាងខ្ពស់ជាង កណ្ដាប់ដៃវ៉ៃចេញត្រង់ជាង ហើយចំគោលដៅល្អជាង ។
*សង្វៀនកោះពេជ្រ
សុខសុវណ្ណង ជួប ភីរម្យ ភក្តី ខណះ ម៉ន សាម៉េត ជួប អ៊ឹង បូរ៉ា សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលតូចលេខ៣១ នឹងជួបសងសឹកជាមួយ ភីរម្យភក្តី អ្នកប្រដាល់ក្លិបរការខ្នុរបង្ក្រាបគ្រឿងញៀន ។ ពីរនាក់នេះ ជាអ្នកប្រដាល់ជើងចាស់ដូចគ្នា ហើយជួបគ្នាលើកមុនសុវណ្ណវាយចាញ់ភក្តីដោយប្រផិតប្រផើយតែប៉ុណ្ណោះ គឺចាញ់ដោយពិន្ទុ ។
សុវណ្ណសព្វថ្ងៃត្រូវបានគេចាត់ទុកថាជាជើងខ្លាំងម្នាក់ ។ កណ្តាប់ដៃ សន្ទុះជើងទាត់និងជង្គង់ កែង គឺខ្លាំង និងល្អរហ័សណាស់។ គេប្រកួតមិនដែលសូវចាញ់នោះទេ ។ការប្រកួតចុងក្រោយ សុវណ្ណវាយឈ្នះជឹម ដារ៉ាអ្នកប្រដាល់ក្លិបសិង្ហៈកីឡា ដោយពិន្ទុ ។
ភីរម្យភក្តី ក៏ជាអ្នកប្រដាល់ជើងចាស់ដែលមានស្នៀតប្រដាល់មិនអន់នោះទេ គ្រាន់តែគេយ៉ាប់ខាងកម្លាំងស៊ុហ្វបន្តិច ដោយសារគេរាងជ្រេបន្តិចទៅហើយ ។ សូម្បីតែប្រកួតជាមួយខុមពិសិដ្ឋអ្នកប្រដាល់ក្លិបអូដឹមកីឡានិងអ៊ឹងបូរ៉ាអ្នកប្រដាល់ក្លិបគុជសារកីឡាដែលជាអ្នកប្រដាល់ស្រករក្រោយ ក៏ភក្តីវ៉ៃចាញ់ដែរ គឺទើបតែមកឈ្នះសុខសុវណ្ណប៉ុណ្ណោះ ។ ទោះជាយ៉ាងណា អ្នកប្រដាល់ទាំងពីរនាក់នេះ មិនអាចមើលស្រាលគ្នាបានឡើយ ។ ប្រសិនអ្នកណាហ៊ានប្រហែស មុខជាចាញ់មិនខាន ។ សំរាប់ការជួបសងសឹកនេះ គេសង្ឃឹមថាសុខសុវណ្ណអាចសងសឹកបានសំរេច ។
អ៊ឹង បូរ៉ា អ្នកប្រដាល់ក្លិបគុជសារកីឡា នឹងជួបប្រកួតជាមួយ ម៉ន សាម៉េត អ្នកប្រដាល់ក្លិបព្រែកឯងកីឡា ។ ពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក ។
អ៊ឹង បូរ៉ានេះ គេមានស្នៀតប្រដាល់ល្អ កាយសម្បទារឹងមាំ និងមានល្បិច ច្រើនក្នុងការប្រកួត ។ អ្នកប្រដាល់រូបនេះ មានផ្លែល្អណាស់ ព្រមទាំងមាន បច្ចេកទេសនៅក្នុងពេលប្រកួតល្អថែមទៀត។
បូរ៉ាវ៉ៃភាគច្រើនឈ្នះគេរហូត និងបានផ្ដួលដៃគូប្រកួតអោយសន្លប់ និងចុះចាញ់មុនចប់ទឹកទីប្រាំថែមទៀត ។ គេប្រកួតចុងក្រោយ វាយឈ្នះជិន រ៉ា អ្នកប្រដាល់ក្លិបក្រសួងការពារជាតិដោយពិន្ទុ។
ម៉ន សាម៉េត ជាជើងខ្លាំងស្រករមុន ។ គេមានផ្លែល្អនិងមានល្បិចកលប្រកួតខ្ពស់ជាងឆៃដែន។ កណ្តាប់ដៃរបស់សាម៉េត ក៏ខ្លាំងនិងធ្ងន់ជាងសាម៉េតដែរ ។ ការប្រកួតចុងក្រោយរបស់ម៉ន សាម៉េត គឺវាយឈ្នះឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុ ។
សំរាប់ការជួបគ្នារវាងជិនរ៉ា និង អ៊ឹង បូរ៉ា នេះ មិនមានអ្នកណាហ៊ាន ទាយមុនថា អ្នកណាជាអ្នកឈ្នះនោះឡើយ ? ។ ដោយសារ តែអ្នកប្រដាល់ ទាំងពីរ មានស្នៀតប្រដាល់ល្អ និងបទពិសោធន៍ជោគជាំលើសង្វៀនដូចគ្នា ។ ទោះជាយ៉ាងណា គេនៅតែមានជំនឿទុកចិត្តលើអ៊ឹងបូរ៉ាច្រើនក្នុងការឈ្នះនេះ ។ចាំមើល តើម៉នសាម៉េត ឬ អ៊ឹងបូរ៉ា ដែលឈ្នះការប្រកួតនេះ ? ។
ព្រំ វី អ្នកប្រដាល់ក្លិបសាមគ្គីស្រុកស្ទោងខេត្តកំពង់ធំ នឹងជួបជាមួយអ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ។ ពួកគេមិនដែលជួបគ្នាទេពីមុនមក។ ព្រំ វី មានស្នៀតប្រដាល់ល្អ និង ស៊ូចំពោះការប្រកួត ។
កីឡាការិនី សុខ ស្រីទូច ក្លិបកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងជួបប្រកួតជាមួយ កីឡាការិនី គង់ សារី ក្លិបឃុំជ្រៃខេត្តបាត់ដំបង ។ កាលមុន គង់សារី មិនមែនជាដៃគូជាមួយសុខស្រីទូចនោះទេ ដោយសារមានទម្ងន់ខុសគ្នា ។តែពេលនេះ គង់សារី នាងមានទម្ងន់ធ្ងន់ឡើងដល់៥៧គ.ក្រស្មើសុខស្រីទូចហើយ ទើបត្រូវគេផ្គូផ្គងអោយជួបគ្នានេះ ។ ចំពោះការជួបគ្នានេះ មិនទាន់ហ៊ានសន្និដ្ឋានថាអ្នកណាឈ្នះនោះទេសូមអ្នកទស្សនាទាំងអស់ចូលរួមតាមដានទាំងអស់គ្នានាថ្ងៃអាទិត្យនេះ៕
0 មតិ:
Post a Comment