ភ្នំពេញ: កីឡាករ ម៉ា វីរ៉ូ ដែលជាសិស្សតែម្នាក់គត់របស់អ្នករត់ម៉ារ៉ាតុងលំដាប់កំពូលកម្ពុជា ហែម ប៊ុនទីង នោះនឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងហុងកុង ជាមួយលោក ពៅ ស៊ីថា នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីទៅចូលរួមការប្រកួតរត់ម៉ារ៉ាតុងមួយដែលមានឈ្មោះថា Standard Chartered Hong Kong Marathon 2012 ដែលការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខ។
ម៉ា វីរ៉ូ មានស្រុកកំណើតនៅភូមិកាំងមេម៉ាយ ឃុំព្រះបាទ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយរូបគេជាកូនទី១១នៅក្នុងចំណោមបងប្អូនចំនួន១១នាក់ នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ម៉ា ស៊ន និងអ្នកម្តាយឈ្មោះ ពុធ ឆេម។ បើគិតមកដល់ពេលនេះ វីរ៉ូ បានទទួលការបណ្តុះបណ្តាលផ្នែកកីឡាអត្តពលកម្មពីលោក ហែម ប៊ុនទីង មិនទាន់បាន១ឆ្នាំស្រួលបួលផង។
ប៉ុន្តែដោយមានឧបនិស្ស័យ រួមទាំងការព្យាយាមហ្វឹកហាត់យ៉ាងសស្រោកសស្រាំនោះ បានជំរុញឲ្យកំលោះដែលបានឃ្លាតឆ្ងាយពីស្រុកកំណើត ដើម្បីបន្តការសិក្សាគ្រូកម្រិតមធ្យម(គណិតវិទ្យា និង រូបវិទ្យា)នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ ម្នាក់នេះបាន ទទួលជោគជ័យជាបន្តបន្ទាប់ នៅក្នុងព្រឹត្តិការណ៍ប្រកួតរត់ចម្ងាយផ្សេងៗនៅក្នុងស្រុក។
ម៉ា វីរ៉ូ បាននិយាយថា៖«ខ្ញុំស្រឡាញ់កីឡាអត្តពលកម្មនេះ តាំងពីនៅតូច ហើយកាលពីពេលខ្ញុំនៅស្រុកកំណើត ខ្ញុំតែងតាមដានរាល់ការប្រកួតកីឡាមួយនេះ តាមទូរទស្សន៍ និងអានកាសែតផ្សេងៗ ប៉ុន្តែខ្ញុំគ្មានឱកាសបានចូលប្រឡូកក្នុងវិស័យមួយនេះឡើយ។ តែជាសំណាងល្អ នៅពេលខ្ញុំមកសិក្សានៅភ្នំពេញ ខ្ញុំបានជួបបង ហែម ប៊ុនទីង ហើយគាត់ក៏បានបង្ហាត់ខ្ញុំពីរបៀបរត់ និងផ្តល់ឱកាសឲ្យខ្ញុំ បានចូលរួមប្រកួតជាបន្តបន្ទាប់»។
ក្នុងការបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធីរត់ប្រណាំងអបអរទិវាអូឡាំពិកនៅរាជធានីភ្នំពេញ ម៉ា វីរ៉ូ ដែលមិនធ្លាប់មានអ្នកណាស្គាល់ឈ្មោះនោះ បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការរត់ចម្ងាយ៨គីឡូម៉ែត្រ ជាមួយថិរវេលា២៨:២៥នាទី គឺមុនពេលរូបទទួលបានចំណាត់ថ្នាក់លេខ៣ នាកាប្រកួតជ្រើសរើសជើងឯកសិស្សនិស្សិតមធ្យមសិក្សា ចម្ងាយ៥គីឡូម៉ែត្រ ដោយប្រើថិរវេលា១៧:១០នាទី។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតជ្រើសរើសជើងឯកភូមិភាគនៅមណ្ឌលរាជធានីភ្នំពេញ កាលពីខែកញ្ញាឆ្នាំ២០១១ វីរ៉ូ ដែលចូលប្រកួតតំណាងឲ្យសាកលវិទ្យាល័យធនធានមនុស្សបានកា្លយជា ម្ចាស់ជើងឯកក្នុងការរត់ចម្ងាយ១០គីឡូម៉ែត្រ ដោយគេធ្វើបាន៣៨:០០នាទី ហើយការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេស នៅខេត្តកំពង់ចាម វីរ៉ូ បានធ្វើការប្រកួតនៅលើ៣វិញ្ញាសាតែម្តង។
ការរត់ចម្ងាយ១០គីឡូម៉ែត្រ វីរ៉ូ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងថិរវេលា ៣៩:០០នាទី រីឯការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង គេបានជាប់លេខ២ ទាំង២វិញ្ញាសា ជាមួយថិរវេលា១:២១:១៥ម៉ោង និង ៣:១០:០០ម៉ោង បន្ទាប់ពីគ្រូរបស់គេ ហែម ប៊ុនទីង។ ចំណែកឯការប្រកួតរត់ប្រណាំងដងស្ទឹងពោធិ៍សាត់ នាខែវិច្ឆិកាកន្លងមក វីរ៉ូ បានលេខ២ ក្នុងចម្ងាយ១០គីឡូម៉ែត្រជាមួយថិរវេលា៣៧នាទី។
ដោយឡែកសម្រាប់ការប្រកួតធ្វើតេស្ត ដើម្បីដណ្តើមសិទិ្ធចេញទៅប្រកួត Standard Chartered Hong Kong Marathon 2012 កាលពីដើមខែមករា ក្រោមការរៀបចំរបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្ម លើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ម៉ា វីរ៉ូ ទទួលបានចំណាត់ថ្នាក់លេខ១ជាមួយថិរវេលា១:២៥:៤២ម៉ោង។ លទ្ធផលនេះ បានធ្វើឲ្យបុរសវ័យ២៥ឆ្នាំ ម៉ា វីរ៉ូ ទទួលបានឱកាសចេញទៅប្រកួតជាលក្ខណៈអន្តរជាតិមួយនេះ ដ៏គួរឲ្យភ្ញាក់ផ្អើល ជំនួសគ្រូបង្វឹក ហែម ប៊ុនទីង ដែលមិនបានមកធ្វើតេស្ត ដោយសាររូបគេត្រូវចេញទៅហ្វឹកហាត់ នៅប្រទេសកេនយ៉ា ជាមួយកីឡាការិនី លី ណារី។
ឆ្លើយតបនឹងការទទួលបានឱកាសចេញទៅប្រកួតលើកនេះ វីរ៉ូ បានប្រាប់ថា៖«ខ្ញុំពិតជាសប្បាយរីករាយ រកអ្វីថ្លែងមិនបានទេ ព្រោះការចេញទៅប្រកួតលក្ខណៈអន្តរជាតិធំដុំបែបនេះ មិនមែនចេះតែទទួលបានឱកាសចូលរួមងាយៗទេ ហេតុនេះ វាជាមោទនភាពដ៏ធំបំផុត នៅក្នុងឆាកជីវិតរបស់ខ្ញុំ»។
តាមពិតអ្នកដែលមានសិទិ្ធទៅចូលរួមក្នុងកម្មវិធី Standard Chartered Hong Kong Marathon 2012 លុះត្រាតែរកបានថិរវេលាតាមការកំណត់ ទើបអាចមានសិទ្ធិទៅប្រកួតបាន ដោយក្នុងនោះកីឡាករ ត្រូវមានកំណត់ត្រា ២ម៉ោង និង២៥នាទី ខណៈកីឡាការិនី ត្រូវមានថិរវេលា៣ម៉ោង ហេតុនេះការបញ្ជូន ម៉ា វីរ៉ូ ចេញទៅប្រកួតតំណាងឲ្យសហព័ន្ធលើកនេះ គឺធ្វើឡើងក្នុងនាមយើងជាសមាជិកសហព័ន្ធកីឡាអត្តពលកម្មពិភពលោកតែប៉ុណ្ណោះ ព្រោះមកដល់ពេលនេះមិនទាន់មានកីឡាករកីឡាការិនីកម្ពុជា រូបណាអាចបំបែកថិរវេលា តាមការកំណត់ខាងលើឡើយ។
ម៉ា វីរ៉ូ បានបញ្ជាក់ថា៖«ការហ្វឹកហាត់របស់ខ្ញុំមកដល់ពេលនេះ នៅខ្ចីណាស់ ហើយបើធ្វើការប្រៀបធៀបពីអ្វីដែលខ្ញុំធ្វើបានកន្លងមក គឺវាខុសគ្នាជាមួយកីឡាករបរទេសឆ្ងាយណាស់ ក៏ប៉ុន្តែនេះជាពេលវេលាដ៏សំខាន់ ដែលខ្ញុំអាចទទួលបានបទពិសោធ និងបានឃើញពីរបៀបរត់របស់កីឡាករលំដាប់ពិភពលោក នៅក្នុងការប្រកួតនោះ។ បើទោះបីជាខ្ញុំ មិនអាចប្រជែងជាមួយពួកគេក៏ដោយ ប៉ុន្តែខ្ញុំប្តេជ្ញាថា ខ្ញុំនឹងរក្សាល្បឿនរត់ឲ្យដល់គោលដៅ មិនឲ្យគេនិយាយថា កីឡាករកម្ពុជារត់បែកកង់នៅពាក់កណ្តាលទីនោះទេ។ ខ្ញុំក៏សង្ឃឹមដែរថា ខ្ញុំនឹងអាចបំបែកឯតទគ្គកម្មចាស់ខ្លួនឯង ហើយខ្ញុំជឿថា ខ្ញុំអាចនឹងធ្វើបានក្នុងថិរវេលាក្រោម៣ម៉ោង»។
លោក ពៅ ស៊ីថា ដែលទទួលភារកិច្ចមើលថែនិងបង្វឹក ម៉ា វីរ៉ូ មុនពេលនាំរូបគេចេញទៅប្រកួតម៉ារ៉ាតុងនៅហុងកុងនោះ បានប្រាប់ថា៖«ខ្ញុំមិនអាចឲ្យ វីរ៉ូ ធ្វើការហ្វឹកហាត់ខ្លាំងបាននោះទេ ព្រោះគេឈឺជើង ហើយសរសៃនិងសាច់ដុំរបស់គេ ក៏មានបញ្ហាផងដែរ។ នេះដោយសារតែគេធ្វើការធ្ងន់នៅលើទីលាន ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ម្ល៉េះហើយវាជាពេលវេលាដែលឲ្យគេហ្វឹកហាត់តាមបច្ចេកទេស រួមផ្សំទាំងការធ្វើសរសៃ ដើម្បីព្យាបាលរបួសរបស់គេ។ ការធ្វើបែបនេះ បានធ្វើឲ្យរបួសរបស់គេ មានភាពធូរស្រាលប្រមាណ៨០ភាគរយវិញហើយមកដល់ពេលនេះ»។
គ្រូបង្វឹករូបនេះបានសង្កត់ធ្ងន់ថា៖«ម៉ា វីរ៉ូ មានកាយសម្បទាអំណោយផល ហើយរូបគេអាចក្លាយជាកីឡាករដ៏ឆ្នើមរបស់កម្ពុជាបន្ទាប់ពី ហែម ប៊ុនទីង នាពេលអនាគត ប៉ុន្តែចំពោះការប្រកួត Standard Chartered Hong Kong Marathon 2012 នៅថ្ងៃទី៥ ខែកុម្ភៈ ដែលមានកីឡាកររាប់ម៉ឺននាក់នៅជុំវិញពិភពលោកចូលរួមនោះ ម៉ា វីរ៉ូ មិនអាចទៅជាមួយគេរួចនោះទេ ព្រោះការហ្វឹកហាត់របស់គេនៅខ្លីពេក។ និយាយរួមឲ្យតែគេធ្វើបាននៅក្នុងថិរវេលាក្រោម៣ម៉ោង យើងចាត់ទុកថា គេល្អពេកទៅហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាជាពេលវេលាដ៏សំខាន់បំផុតដែល ម៉ា វីរ៉ូ ទទួលបានបទពិសោធ នាការប្រកួតជាលក្ខណៈអន្តរជាតិ ជាលើកដំបូង»។
សម្រាប់ការចេញទៅប្រកួតនេះ សហព័ន្ធខ្មែរអត្តពលកម្ម ជាអ្នកឧបត្ថម្ភលើការហ្វឹកហាត់ត្រៀមរយៈពេលពេញ១ខែ ព្រមទាំងចេញថ្លៃសំបុត្រយន្តហោះ ធ្វើដំណើរដល់គ្រូបង្វឹក និងកីឡាករទាំង២ រីឯ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកផ្តល់ថវិកាដាក់ហោប៉ាវ នៅពេលពួកគេចេញទៅប្រកួត៕
0 មតិ:
Post a Comment