កំពង់ចាម ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកំពុងរៀបចំចាប់ផ្ដើមសាងសង់ស្ពានជូនប្រជាពលរស់នៅលើទឹកដីកោះប៉ែនខេត្តកំពង់ចាមក្នុងពេលឆាប់ៗនេះហើយ។ ការសាងសង់ស្ពាននេះបានធ្វើឱ្យប្រជាពលរដ្ឋម្នាក់ៗមានការអរសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ជិតបានរួចផុតពីការលំបាកក្នុងការធ្វើដំណើឆ្លងទន្លេតាមរយៈទូកដនិងស្ពានបន្ទាឬស្សីឯកជនទៀតហើយ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពសាងសង់ស្ពានកាលពីព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១២កន្លងទៅនេះ លោក គង់ អៀង កង វិស្វកម្មជំនួយការសេម្ដចនាយករដ្ឋមន្ត្រី ជាអ្នកទទួលការសាងសង់ស្ពានខាងលើ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋបានឱ្យដឹងថា ស្ពានដែលលោកកំពុងចុះមកពិនិត្យស្ថានភាពសាងសង់នេះ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចរួចហើយ នៅឡើយតែដឹកគ្រឿងចក្រមកធ្វើការសាងសង់តែប៉ុណ្ណោះ។ លោកបន្តថាបច្ចុប្បន្នក្រុមបច្ចេកទេសកំពុងមមាញឹកធ្វើការវាសវែងព្រមទាំងខួងយកដីទៅធ្វើការពិនិត្យហើយប្រហែលនឹងអាចចាប់ផ្ដើមបើកការដ្ឋានសាងសង់ក្នុងកំឡុងពេលខែមិនាឬខែមេសាឆ្នាំ ២០១២ខាងមុខនេះ។
លោក គង់ អៀង ឱ្យដឹងបន្តថាស្ពាននេះជាស្ពានបេតុងមានប្រវែង៧៧៩មែត្រនិងទទឹង៨មែត្រ ត្រូវ ប្រើរយៈពេលសាងសង់ប្រហែលជា៣ឆ្នាំទើបរួចរាល់និងត្រូវចំណាយទឹកប្រាក់អស់ប្រហែលជិត ១០លានដុល្លារ។ស្ពាននេះផងដែរត្រូវធ្វើឆ្លងកាត់ដៃទន្លេមេគង្គ(ហៅទន្លេក្នុង)ពីត្រើយខាងជើងត្រង់ចំណុចភូមិរការក្រោម សង្កាត់សំបូមាស ក្រុងកំពង់ចាម ឆ្ពោះទៅលើកោះប៉ែន ដែលជាត្រើយខាងត្បូង ត្រង់ចំណុចភូមិកោះ កំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោក គង់ អៀង បានឱ្យដឹងបន្តទៀតថាកោះប៉ែនមានផ្ទៃដីធំល្វឹងល្វើយ មានប្រជាពលរដ្ឋរស់នៅជាច្រើនគ្រួសារ កោះនេះបានចែកចេញជា២ឃុំ គឺឃុំកោះមិត្ត ស្ថិតនៅក្នុងទឹកដីស្រុកកំពង់សៀម និងឃុំកោះសូទិន មានចំនួន១២ភូមិ ស្ថិតក្នុងទឹកដីស្រុកកោះសូទិន ឃុំទាំង២នេះមានប្រជាពលរដ្ឋចំនួន២២ភូមិ។
លោកបន្តថាតាំងពីយូរលង់មកហើយប្រជាពលរដ្ឋរស់នៅលើកោះប៉ែននេះមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើឆ្លងទន្លេតាមរយៈទូកដ និងស្ពានបន្ទាំឬស្សីរបស់ឯកជនធ្វើដើម្បីយកលុយពីប្រជាពលរដ្ឋ ហើយការធ្វើអាជីវកម្មទូកដ និងធ្វើស្ពានបន្ទាំឬស្សីដើម្បីយកលុយនេះផងដែរ ពួកម្ចាស់អាជីវកម្មបានទាលុយលើសពីសៀវភៅបន្ទុកដែលរដ្ឋបានកំណត់។ចំណែកឯពេលយប់វិញប្រជាពលរដ្ឋមានជម្ងឺមកឆ្លងទូកដដើម្បីដឹកអ្នកជម្ងឺទៅពេទ្យម្ចាស់ទូកដទារលុយថ្លៃចំឡងពី១៥ទៅ២០ម៉ឺនរៀលក៏មានហើយបានប្រើពាក្យមិនគួរសមទៅ លើប្រជាពលរដ្ឋណាដែលសុំតថ្លៃទៀតផង។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋបែបនេះលោក ហ៊ុន ណេង អភិបាននៃគណៈអភិបាលខេត្តកំពង់ចាម បានខិតខំរកដំណោះស្រាយ ដំបូងបានធ្វើការទាក់ទងជាមួយលោក គង់ អៀង ជំនួយការនាយករដ្ឋមន្ត្រីជាកងវិស្វកម្មផ្នែងធ្វើស្ពានថាបើមានដែកសេសសល់ពីការរុះរើស្ពានចាស់ៗពីទីណា សូមប្រមូលយកមកធ្វើស្ពានជូនប្រជាពលរដ្ឋនៅលើកោះប៉ែនផងព្រោះកំពុងជួបការលំបាកណាស់។
ប៉ុន្តែក្រោយពីលោក ហ៊ុន ណេង និង លោក គង់ អៀង បានសសេររបាយការណ៍ស្ដីពីការលំបាកធ្វើដំណើរឆ្លងទន្លេរបស់ប្រជាពលរដ្ឋរស់នៅលើកោះប៉ែនជូនទៅសម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន សម្ដេចបានចាត្រឡប់មកវិញដែលមានន័យថា ត្រូវតែធ្វើស្ពានជូនប្រជាពលរដ្ឋរស់នៅលើកោះប៉ែនឱ្យបាន កុំឱ្យប្រជាពលរដ្ឋមានកាលំបាកបែបនេះបន្តទៀត។
ប្រជាពលរដ្ឋនៅលើទឹកដីកោះប៉ែនក៏ដូចជាប្រជាពលរដ្ឋទាំងអស់ផងដែរមានការរំភើប អរសប្បាយរីក រាយព្រោះទាំងពីយូរលង់ណាស់មកហើយពួកគាត់ពុំដែលមានវាសនាបានស្ពានឆ្លងទេ ទើបតែនៅសម័យ តេជោសែននេះ ផ្លូវ ស្ពាន ថ្នល់ និងសាលារៀនដែលពុំធ្លាប់មាន សម្ដេចបានកសាងឡើងជាបន្តបន្ទាប់ រីកស្គុះស្គាយពេញផ្ទៃប្រទេស ដែលការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ៕
0 មតិ:
Post a Comment