កំពង់ធំ ៖ បទល្មើសព្រៃឈើត្រូវបានប្រើប្រាស់រូបភាពបែបពាក់ស្បែកខ្លាសំរាប់បំភាន់ភ្នែកសមត្ថកិច្ច តាមដងផ្លូវតែទីបំផុតត្រូវបានសមត្ថកិច្ចស្គាល់ដល់ក្រឡើត បកស្បែកចេញទើបបានជាប់អន្ទាក់របស់តែរបស់សមត្ថកិច្ចចម្រុះតែម្តង។
រថយន្តពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខ ខម ៩១១៤ ត្រូវបានសមត្ថកិច្ចឃាត់នៅចំនុច ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកនាថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១២ដោយសារតែរថយន្តនេះបានក្លែងបន្លំដឹកឈើគ្រញូងពីលើពេញព្រៀបតែម្តង ដោយឲ្យទាហ៊ានអង្គុយ ពីលើដើម្បីកុំឲ្យមានការចាប់អារម្មណ៍ពីសមត្ថកិច្ច។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា មុខពេលឃាត់រថយន្តនេះបាន លោកបានទទួលព័ត៌មានមកពីបណ្តាញសម្ងាត់ថា មានរថយន្តទាហានមួយគ្រឿង បានបើកចេញពីខេត្តព្រះវិហារ ដោយមានទាហានជាង១០នាក់ដែលបានអង្គុយពីលើឈើគ្រញូង នៅលើឡានទើបលោកបានដឹកនាំកំលាំងផ្ទាល់ដោយសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យបានតាមដាន រថយន្តមុខសញ្ញាចាប់តាំងពីព្រំប្រទល់ខេត្តព្រះវិហារ រហូតមកដល់ខេត្តកំពង់ធំ ទើបលោក សុំយោបល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងមានការចង្អុលបង្ហាញ ពីលោក តិប ញាតា នាយខណ្ឌរដ្ឋបាលកំពង់ធំ ឲ្យមានការសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ត និងកំលាំងអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាល្ល័ង ឃាត់រថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៦៤ ត្រង់ចំនុចមុខស្នាក់ការសង្កាត់ព្រៃឈើសាលាវិស័យ ទើបបាននាំរថយន្ត និងវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។ លោក តុង យី បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានឃាត់រថយន្តនោះរួច ទាហានមួយចំនួនបានជិះរថយន្តតាក់ស៊ីត្រឡប់ទៅក្រោយវិញ និងមួយចំនួនទៀតត្រូវបានឃាត់ខ្លួនបានចំនួន៥នាក់និងធ្វើការសួរនាំទាហានទាំងនោះបានសារភាពថាពួកគេនៅអង្គភាព កងពលលេខ ១ និងកងពលលេខ៤ និងត្រូវបានឈ្មួញជួលឲ្យជិះក្នុងតំលៃ១០ដុល្លារក្នុងម្នាក់ ដោយឡែក តៃកុងឡាន និងព្រូឡាន បានសារភាពថាខ្លួនមិនមែនជា កងកម្លាំង ប្រដាប់អាវុធឡើយ គឺត្រូវបានឈ្មួញជួលឲ្យបើកឡាន និងស្លៀកពាក់ជាទាហាន ចំណែកចំនួនឈើដែលត្រូវ បានរឹប អូសបាន និងបានវាស់វែងមានចំនួន៣២៣ដុំមានទម្ងន់៦០០០គីឡូក្រាម ស្មើរនិង៥ ម៉ែត្រគូប ដោយឡែកជនល្មើសទាំងពីនាក់ទី១ឈ្មោះ មុត គៀ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅក្រចាប់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ ទី២ឈ្មោះ មុត ទិវា ភេទប្រុសអាយុ៣២ មានទីលំនៅភូមិអមលាំង ឃុំខ្ពរ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនល្មើសទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីនៃច្បាប់។ ចំណែកទាហានទាំង៥នាក់ត្រូវបាន បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីធ្វើការសួរនាំ ទើបបានប្រទះឃើញមានម្នាក់មានអត្តសញ្ញាណប័ណ្ណជាទាហាន ចំនែក៤ នាក់ជាទាហានក្លែងក្លាយ គ្មានអ្វីសំគាល់ ទើបបានជាសមត្ថកិច្ចកងរាជអាវុធហត្ថ ដោះឯក សណ្ឋានចេញរួចបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រភពព័ត៌បានបញ្ជាក់ថា ឈើទាំងនេះជារបស់ឈ្មួញម្នាក់រស់នៅភូមិត្រើង ឃុំ កំពង់សៀម ខេត្តកំពង់ចាម ដែលជាឈ្នួញដុះស្លែរប៉ាវដាច់ទឹកដីកំពង់ធំ និងកំពង់ចាម ដោយការដឹកឈើនេះ មានការជួលទាហាន ដោយជាដំបងការពារឆ្កែ តែទោះជាយ៉ាងណានោះ គេសង្កេតឃើញថា នៅតាមកំណាត់ផ្លូវចាប់ចំនុចភ្នំដែកមកខេត្តកំពង់ធំ មានស្នាក់ការមេព្រៃ ដូចជាសង្កាត់រដ្ឋបាលព្រៃឈើរវាង និងផ្នែរដ្ឋបាលព្រៃឈើរវាងដែលនៅចំនុចតាមដងផ្លូវ ដែល ត្រូវបានគេដឹងថាមានការឃុបឃិតគ្នា ដាក់ស្នាក់ការចាំទទួលសំណែន ជាពិសេសលោក នួន សុខុម ជាដើមជានាយសង្កាត់រវាង ដែលមិនដែលចោលគំនិតសូម្បីតែដកទៅនៅកន្លែងណាក៏ដោយ គឺដាក់ស្នាក់ការពិនិត្យគ្រប់រថយន្ត តែហេតុដូចម្តេចបានជាមិនអាចឃាត់រថយន្តដឹកឈើគ្រញូងបាន ឬក៏រថយន្តដឹកគ្រញូងទាំងនោះ មកដល់ចំនុចនេះចេះហោះរំលង ទើបមានរថយន្តបើកដឹកឈើគ្រញូងបន្តកន្ទុយគ្នា តែមិនដែលឃើញលោក ម៉ន វុទ្ធី នាយផ្នែករវាង និង នួន សុខុម នាយសង្កាត់រវាងគាត់ចាប់បាននោះទេ ទើបបានជារថយន្តដឹកឈើរបូតធ្លាក់មកដល់ខេត្តកំពង់ធំ
ដែលចំនុចនេះ លោកប្រធានរដ្ឋបាលព្រៃឈើ គួរតែមានការបើកស៊ើបអង្កេតនៅ ស្នាក់ការមេព្រៃសង្កាត់រវាងផង ឲ្យមានវិធានការទប់ស្កាត់ទាំងអស់គ្នា មិនមែនបង្ក្រាបតែខេត្តកំពង់ធំនោះទេ ចូរមើលតាមតំបន់ប្រតិបត្តិការណ៍ផ្សេងៗទៀតផង៕
0 មតិ:
Post a Comment