កម្ពុជាបានធ្វើកំណត់ទូតផ្ញើទៅ រដ្ឋាភិបាលថៃហើយ នៅថ្ងៃពុធទី៨កុម្ភៈនេះ ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដែលដឹកជញ្ជូនគ្រឿងសំណង់ ដើម្បីសាងសង់ព្រះវិហារ នៅលើកំពូលភ្នំទ្រព្យ។ កំណត់ទូតតវ៉ានេះ ក៏ត្រូវបានចម្លងជូនទៅ តុលាកាឡាអេផងដែរ ដើម្បីបង្ហាញថា យោធាថៃកំពុងរំលោភបូរណភាពទឹកដីកម្ពុជា និងរំលោភដីកាបញ្ជា របស់តុលាការក្រុងឡាអេ ថ្ងៃទី១៨កក្កដា ឆ្នាំ២០១១។
រដ្ឋាភិបាលក្រុងភ្នំពេញ បានផ្ញើកំណត់ទូតតវ៉ា ប្រឆាំងសកម្មភាពយោធាថៃ នៅថ្ងៃពុធទី៨កុម្ភៈនេះ ទៅរដ្ឋាភិបាលក្រុងបាងកកហើយ។ កំណត់ទូតស្តីបន្ទោសយោធាថៃនេះ ក៏ត្រូវបានថតចម្លង និងផ្ញើទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេដូចគ្នាដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងប្រាប់ វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃពុធនេះ អំពីខ្លឹមសារនៃកំណត់ទូត ដែលពិពណ៌នាអំពី ការរំលោភបំពានរបស់យោធាថៃ ដែលកាលពីថ្ងៃអង្គារ បានដឹកជញ្ជូនគ្រឿងសំណង់ ឡើងលើភ្នំទ្រព្យដែលកម្ពុជា អះអាងថាស្ថិត នៅក្នុងបូរណភាពទឹកដីខ្លួន។
យោងតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបទេសរូបនេះ នៅក្នុងកំណត់ទូតនោះ រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃថា សកម្មភាពរបស់យោធាថៃបានរំលោភទៅលើបូរណភាពទឹកដីរបស់កម្ពុជា ហើយក៏កំពុងរំលោភដីការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៨កក្កដាឆ្នាំ២០១១ ដែលចែងអំពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននោះដែរ។
បើយោងតាមការបញ្ជាក់របស់មេបញ្ជាកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយឯក ស្រី ឌឹក ស្ថានភាពនៅតំបន់ភ្នំទ្រព្យនៅថ្ងៃនេះ ស្ងប់ស្ងាត់ធម្មតាទេ បន្ទាប់ពីកម្ពុជាបានហាមប្រាមមិនអោយកងទ័ពថៃឡើងទៅកាន់កំពូលភ្នំ ទ្រព្យ។
កាលពីថ្ងៃអង្គារ ក្រោយពីវិលត្រឡប់ពីប្រទេសចិនមកដល់កម្ពុជាវិញ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានថ្លែងប្រាប់អ្នកសារព័ត៌មានដែលសួរលោកអំពីសកម្មភាពរបស់យោធាថៃ នេះថា ភ្នំទ្រព្យគឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ដែលកម្ពុជាត្រូវការពារ៕
ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
0 មតិ:
Post a Comment