ពីធីបុណ្យមាឃបូជា ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់មួយបាន ប្រារព្ធឡើង កាលពីថ្ងៃអង្គារ ទី៧ ដើមសប្តាហ៍នេះ ។មាឃបូជា ក៏ដូចវិសាខបូជាដែរ សុទ្ធតែជាប់ពាក់ពន្ធ័ទៅនឹងពុទ្ធប្រវត្តិស្រដៀង នឹងបុណ្យណូអែល (Christmas) របស់សាសនាគ្រឹស្ត។ ប៉ុន្តែ យុវជនខ្មែរជាទូទៅមិនបានស្គាល់ និងមិនបានចាប់អារម្មណ៍ទៅលើ ពិធីបុណ្យ ដែលតំណាងឲ្យដួងព្រលឹង របស់ខ្លួនតាំងពីដូនតាមកនោះឡើយ។ ផ្ទុយទៅវិញគ្រាន់តែថ្ងៃ ១៤កុម្ភៈ ជិតចូលមកដល់ យុវវ័យខ្មែរបែរជា នាំគ្នាជ្រួលជ្រើមជាស្រេច ដើម្បីទទួលអំណរបុណ្យ “សង្សារ” ដែលពួកគេនាំគ្នាហៅជំនួសឲ្យបុណ្យនៃក្តីស្រឡាញ់របស់ បស្ចិមប្រទេសទៅវិញ។
តើនេះមិនមែនជាភស្តុតាង នៃការស្រុតចុះយ៉ាងខ្លាំងនៃប្រពៃណីខ្មែរ ទេឬ?
កាលពីថ្ងៃអង្គារ ទី៧ ដើមសប្តាហ៍នេះ គឺជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ សិស្ស និស្សិត ឬបុគ្គលិកក្រុមហ៊ុនឯកជន មួយចំនួន។ គឺឈប់សម្រាក ដើម្បីប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់។ ប៉ុន្តែ យុវវ័យខ្មែរជាច្រើនបានដឹងត្រឹមថាជាថ្ងៃឈប់សម្រាក ឬមួយចំនួនទៀតដឹងត្រឹមថាថ្ងៃមាឃបូជា តែពួកគេមិនបានចាប់អារម្មណ៍ លើពិធីនេះឡើយ។ ផ្ទុយទៅវិញ គ្រាន់តែថ្ងៃ ១៤កុម្ភៈ ឈានចូលមកដល់ ពួកគេបានផ្តើមនាំគ្នាជ្រួលជ្រើម គិតគូររៀបចំជាស្រេចដល់ពិធីបុណ្យ «សង្សារ» ដែលគេនាំគ្នាហៅ យ៉ាងពេញនិយមជំនួសពាក្យ«បុណ្យនៃក្តីស្រឡាញ់» (Valentine’s Day ឬ Saint-Valantin) តាមបែបបស្ចិមប្រទេសទៅវិញ។
តាំងពីច្រើនឆ្នាំមកហើយ យុវវ័យខ្មែរកាន់តែច្រើនឡើង បានទទួលយកវប្បធម៌បែបបស្ចិមប្រទេស កាន់តែច្រើនឡើង និងយ៉ាងងប់ងល់។ ពិធីបុណ្យដែលយុវវ័យខ្មែរ និយមចូលចិត្តជាងគេមានដូចជា បុណ្យ Christmas, Valentine’s Day ដែលគេហៅថា «បុណ្យសង្សារ» ឬ Birthday តាមបែបបស្ចិមប្រទេស។ វាមិនមែនជារឿងចម្លែកទេ សម្រាប់ប្រទេសក្រីក្រដែលកំពុងអភិវឌ្ឍ និងកំពុងបើកចំហទៅកាន់ពិភពលោក ដែលត្រូវទទួលរងឥទ្ធិពល ពីប្រទេសដែលមានអរិយធម៌ជឿនលឿននោះ ប៉ុន្តែ អ្វីដែលគួរឲ្យព្រួយបារម្ភ គឺភាពងប់ងល់របស់យុវជន ដែលមានគ្រឹះនៃ អត្តសញ្ញាណវប្បធម៌របស់ខ្លួននៅទន់ជ្រាយនៅឡើយ។
ម្យ៉ាងទៀត ការរៀបចំអបអរបុណ្យ បស្ចិមប្រទេសទាំងនោះ ក៏គ្មានអ្វីខុសទាស់ដែរ ប្រសិនបើពួកគេមានចេតនាត្រឹមតែចូលរួមអបអរជាមួយមិត្តភ័ក្តិបរទេស ដើម្បីកម្សាន្តសប្បាយនោះ ប៉ុន្តែ គ្រោះថ្នាក់នៅត្រង់ថា ពិធីបុណ្យទាំងនោះត្រូវបានគេចាត់ទុក ជាទំនៀមទម្លាប់របស់ខ្លួន និងថែមទាំងបានកាឡៃអត្ថន័យរបស់វាទៅរកផ្លូវខុស ដើម្បីគោលដៅផ្សេងទៅវិញ។ ជាក់ស្តែង អ្វីដែលធ្ងន់ធ្ងរបំផុត គឺ Valentine’s Day នេះតែម្តង។ ក្នុងអារម្មណ៍ដែលប្រកបដោយភាព ស្រើបស្រាលរបស់យុវវ័យខ្មែរ Valentine’s Day ដែលពួកគេកាឡៃទៅជា «បុណ្យសង្សារ» នោះ គឺជាថ្ងៃដែលពួកគេត្រូវធ្វើអ្វីម្យ៉ាងសម្រាប់គូសង្សាររបស់ខ្លួន ដែលជាទូទៅ គឺសំដៅលើការរួមភេទនេះឯង។ និន្នាការនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅៗជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមអ្នកតាមដានការវិវឌ្ឍន៍សង្គមកម្ពុជា បានមើលឃើញចំណុច គ្រោះថ្នាក់សម្រាប់យុវវ័យខ្មែរ ដែលកំពុងតែងប់ងល់ទៅនឹង ភាពភ្លើតភ្លើនគ្មានព្រំដែន និងគ្មានមូលដ្ឋានទាំងនេះ។ ការសិក្សាដ៏ដូចជាតាមការដឹង និងការមើលឃើញជាទូទៅដែរ មានយុវវ័យជាច្រើន និងពេលខ្លះសិស្សសាលាដែលមិនទាន់គ្រប់អាយុផងបានប្រឡូកយ៉ាងសកម្ម និងតាមបែបអនាធិបតេយ្យទៅក្នុងសកម្មភាពអសីលធម៌ និងខុសប្រពៃណីនេះ។ ការជូនអំណោយឲ្យគ្នា ការណាត់ជួបគ្នា ដើម្បីសម្តែងអារម្មណ៍ស្នេហានៅតាមទីសាធារណៈ រមណីយដ្ឋាន ឬនៅតាមផ្ទះសំណាក់ គឺជានិន្នាការកំពុងពេញនិយម។ នៅពេលដែលយុវវ័យងប់ងល់ និងវក់វីនឹងរឿងស្នហាដ៏ស្រើបស្រាលនេះ ពួកគេប្រាកដណាស់ថា នឹងភ្លេចការសិក្សា។
តើនេះមិនមែនជាគ្រោះថ្នាក់សម្រាប់សង្គមខ្មែរទេឬ?
ប្រឈមមុខទៅនឹងបញ្ហាអស់ទាំងនេះ អ្នកតម្រង់ទិសសង្គមទាំងឡាយ រួមទាំងឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ ឬតម្រែតម្រង់យុវវ័យ ឬកូនចៅរបស់ខ្លួនឲ្យចៀសផុតពីគ្រោះថ្នាក់។ ការហូរចូលនៃវប្បធម៌បរទេសជារឿងដែលមិនអាចចៀសវាងបាន ប៉ុន្តែ ការបណ្តែតបណ្តោយឲ្យកូនខ្មែរទទួលយកវប្បធម៌ទាំងនោះទាំងងងឹតងងល់ដោយ គ្មានប្រទីបបំភ្លឺផ្លូវ គឺជាគ្រោះថ្នាក់ធំធេងសម្រាប់អនាគតសង្គមកម្ពុជា។ បច្ចុប្បន្ននេះ អ្វីដែលច្បាស់លាស់គឺ សីលធម៌ វប្បធម៌ និងប្រពៃណីខ្មែរកំពុងតែស្រុតចុះដុនដាប ដែលទាមទារឲ្យទាំងអស់គ្នាជួយជ្រោមជ្រែង ដើម្បីសង្គ្រោះចេញពីគ្រោះថ្នាក់៕
ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
0 មតិ:
Post a Comment