ទីបំផុតកម្ពុជាកម្ពុជានឹងមិននៅស្ងៀម ចំពោះគម្រោងសាងសង់អង្គរវត្តនៅក្នុងប្រទេសឥណ្ឌានោះទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកចម ប្រសិទ្ធបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងពាណិជ្ជកម្មរបស់លោកគឺជាអ្នករៀបចំឯកសារដើម្បីទប់ស្កាត់គម្រោងដ៏គួរអោយភ្ញាក់ផ្អើលនេះរបស់អង្គការក្រៅរដ្ឋាភិបាលមួយរបស់ឥណ្ឌាដែលកំពុងចាប់ផ្តើមសាងសង់អង្គរវត្តអោយធំជាងប្រាសាទអង្គរវត្តដើមរបស់កម្ពុជាទៅទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានបញ្ជាក់នៅថ្ងៃ ចន្ទទី ១៩មីនា នេះថា ក្រសួងពាណិជ្ជកម្មរបស់លោកកំពុងរៀបចំឯកសារ ដើម្បីទប់ស្កាត់គម្រោងសាងសង់អង្គរវត្តដ៏ធំមួយនៅប្រទេសឥណ្ឌា។ The Mahavir Mandir Trust គឺជាអង្គការក្រៅរដ្ឋាភិបាលមួយនៅឥណ្ឌាដែលបានប្រកាសសាងសង់អង្គរវត្តចម្លងពីប្រាសាទអង្គរវត្តចំណាស់ ១០០០ឆ្នាំរបស់កម្ពុជា។ អង្គការនេះគ្រោងប្រើរយៈពេល ១០ឆ្នាំ និងទឹកប្រាក់ ២០លានដុល្លារ ដើម្បីសាងសង់ប្រាសាទហិណ្ឌូមួយនេះអោយធំជាងគេក្នុងពិភពលោក។
ក្នុងពេលកន្លងមក មិនមានប្រតិកម្មផ្លូវការណាមួយពីរដ្ឋាភិបាលកម្ពុជានោះឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋាភិបាលបានបញ្ចេញគំនិតផ្ទាល់ខ្លួនដែលបង្ហាញពីការយល់ឃើញខុសគ្នា ចំពោះគម្រោងសាងសង់អង្គរវត្តនេះ។ នៅពេលរដ្ឋមន្ត្រីមួយចំនួនថ្លែងថា ការសាងសង់អង្គរវត្តចម្លងនេះនឹងធ្វើអោយអង្គរវត្តពិតប្រាកដកាន់តែមានតម្លៃនោះ រដ្ឋមន្ត្រីផ្សេងទៀតបានបញ្ចេញទស្សនៈប្រឆាំងដាច់អហង្ការ។ មតិប្រឆាំងគម្រោងសាងសង់អង្គរវត្តទំនងអាចក្លាយជាប្រតិកម្មផ្លូវការរបស់កម្ពុជាហើយនេះបើគេស្តាប់លឺប្រសាសន៍របស់ លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងប្រាប់អ្នកកាសែតនៅក្រោយជំនួបជាមួយប្រតិភូអាមេរិក លោកចម ប្រសិទ្ធ បានថ្លែងចាត់ទុកគម្រោងសាងសង់អង្គរវត្ត គឺជាការចម្លងកម្មសិទ្ធិបញ្ញានៃប្រាសាទអង្គរវត្ត របស់កម្ពុជា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តថា បើទោះជាប្រាសាទអង្គរវត្តមានរចនាបទហិណ្ឌូដែលមានកំណើតនៅឥណ្ឌាមែន ប៉ុន្តែថា រចនាបទហិណ្ឌូនៅលើប្រាសាទអង្គរវត្តនេះ ជារចនាបទដែលកម្ពុជាបានច្នៃក្លាយជារបស់ខ្លួនតាំងពី ១០០០ឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរបស់លោកនឹងធ្វើការងារប្រតិកម្មនេះដោយប្រយ័ត្នប្រយែង៕ RFI
0 មតិ:
Post a Comment