បើទោះបីជាមានការឧបត្ថម្ភធនស្ងៀមស្ងាត់ពីសំណាក់រដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏តម្លៃប្រេងសាំងនៅលើទីផ្សារនៃប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់។ កើនឡើងរហូតដល់មានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានទូទៅ។
នៅថ្ងៃអាទិត្យនេះនៅតាមស្ថានីយ៍នានានៅទីក្រុងភ្នំពេញ ប្រេងសាំងស៊ុបពែមានតម្លៃជិត១ដុល្លារកន្លះក្នុងមួយលីត្រ។ នេះជាតម្លៃប្រេងសាំងដែលហក់ឡើងខ្លាំងជាងពេលណាៗទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសបារាំង ប្រេងសាំងក៏កើនតម្លៃបន្តិចដែរពោលគឺជិត២អឺរ៉ូនៅក្នុងសប្តាហ៍នេះ។
មូលហេតុដែលនាំអោយតម្លៃប្រេងសាំងកើនឡើងនៅគ្រប់ទីកន្លែងគឺដោយសារបញ្ហានៅមជ្ឈឹមបូព៌ាជាពិសេសរឿងនុយក្លេអ៊ែនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអត្ថាធិប្បាយនៅថ្ងៃអាទិត្យនេះថា ប្រេងសាំងឡើងថ្លៃកប់ពពកនេះនឹងប៉ះពាល់ជីវភាពអ្នកក្រីក្រយ៉ាងខ្លាំងពីព្រោះពួកគេពិបាករកប្រាក់ចំណូល។ លោក ពៅ បានលើកឧទាហណ៍មកបញ្ជាក់ថា អ្នករត់ម៉ូតូឌុបគ្រប់គ្នាពិបាករកប្រាក់ចំណូលណាស់ពីព្រោះប្រេងសាំងឡើងថ្លៃខ្លាំងពេក។ អ្នកជិះម៉ូតូឌុបតថ្លៃពីព្រោះពួកគាត់ពិបាករកប្រាក់ចំណូលដែរ។
ប្រេងសាំងឡើងថ្លៃនាំអោយតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃតាមដែរពីព្រោះប្រេងសាំងគឺជាកត្តាលិកជំរុញអោយតម្លៃដើមទំនិញគ្រប់មុខឡើងថ្លៃតាម។ ប្រទេសកម្ពុជានៅមានប្រជាជនជិត៣០ភាគរយទៀតកំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ មានន័យថា ពួកគេរកប្រាក់ចំណូលបានតិចជាង១ដុល្លារក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជាធ្លាប់បានបញ្ជាក់ប្រាប់ថា ក្រសួងបានទប់ស្កាត់ការឡើងថ្លៃប្រេងសាំងតាមរយៈការឧបត្ថម្ភធនស្ងាត់ស្ងៀម។ ម្យ៉ាងទៀត លោក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតែងតែអំពាវនាវដល់ប្រជាពលរដ្ឋនិងស្ថាប័ន្ធរដ្ឋទាំងឡាយអោយធ្វើការសន្សំសំចៃប្រេងសាំង។
អ្នករិះគន់នៅក្នុងប្រទេសកម្ពុជាតែងតែនិយាយថា តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃលឿនជាងទីផ្សារអន្តរជាតិទៅទៀតពីព្រោះថៅកែប្រេងនៅក្នុងប្រទេសកម្ពុជាតែងតែដំឡើងថ្លៃប្រេងសាំងស្ទាក់ទុកជាមុន។
តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជាត្រូវបានគេវាយតម្លៃថា ថ្លៃជាងគេនៅអាស៊ីអាគ្នេយ៍។ ជាក់ស្តែង ដោយសារតែបញ្ហានេះ អ្នកវិនិយោគភាគច្រើនពិបាកនឹងសម្រេចចិត្តវិនិយោគបើកផលិតកម្មនៅក្នុងប្រទេសក្រីក្រមួយនេះ៕
0 មតិ:
Post a Comment