អ្នកប្រដាល់ជើងខ្លាំងចំនួន៤រូប ត្រូវអ្នកផ្គូផ្គងប្រដាល់នៅសង្វៀនបាយ័នជ្រើសរើសឲ្យចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក«ស៊ីម៉ងត៍ភ្នំ» ទម្ងន់៦៩គីឡូក្រាម ។ តាមកម្មវិធីដែលបានគ្រោងទុករួចហើយនោះ ការប្រកួតនឹងចាប់ផ្តើមរៀងរាល់ល្ងាចថ្ងៃសុក្រ ចាប់ពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១២ខាងមុខនេះ នឹងត្រូវបញ្ចប់នាថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១២ ។
ជើងខ្លាំងទាំង៤រូបនោះ រួមមាន ពេជ្រ សម្បត្តិ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ វង្ស ស៊ីតោ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ វ៉ែន សុវណ្ណ អ្នកប្រដាល់ក្លិបកងកេងខេត្តបាត់ដំបង និង យុគ យក្សគីល អ្នកប្រដាល់ក្លិបយុវកីឡាខេត្តបាត់ដំបង ។ ពួកគេទាំង៤ នឹងប្រកួតគ្នាទៅតាមរូបមន្តជម្រុះវិលជុំ ដោយម្នាក់ៗត្រូវជួបប្រកួតចំនួន៣ប្រកួតម្នាក់ ហើយជម្រុះចោលពីរនាក់ ទុកពីរនាក់ដែលមានពិន្ទុច្រើនលើសគេ សំរាប់ឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកតំណែងជើងឯកម្ចាស់ខ្សែក្រវាត់ស៊ីម៉ងត៍ភ្នំទម្ងន់៦៩គីឡូក្រាម ។
សំរាប់ការជួបគ្នាថ្ងៃដំបូងនោះ គឺវង្ស ស៊ីតោ ត្រូវប្រកួតជាមួយយុគ យក្សគីល និងមួយគូទៀតវ៉ែន សុវណ្ណ ប្រកួតជាមួយពេជ្រ សម្បត្តិ ។
តាមអ្នកចាត់ការនៅសង្វៀនបាយ័នឲ្យដឹងនោះថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនសេង ហុងហេងម្ចាស់ផលិតផលស៊ីម៉ងត៍ភ្នំរៀបចំព្រឹត្តិការណ៍ខ្សែក្រវាត់នេះ ដែលលើកទី១ធ្វើលើប្រភេទទម្ងន់៦៥គីឡូក្រាម ហើយកែវ រំចង់ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ៣ ជាអ្នកដណ្តើមបាន ៕
0 មតិ:
Post a Comment