បាងកកៈ លោក Chaleo ស្ថិតនៅក្នុងលំដាប់លេខ២០៥ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលើពិភពលោករបស់សារព័ត៌មាន Forbes ដោយសារលោកមានទ្រព្យសម្បត្តិ៥ពាន់លានដុល្លារ។
ដោយសារកើតក្នុងត្រកូលអន្តោប្រវេសន៍ លោកមិនដែលសម្ញែងទ្រព្យសម្បត្តិរបស់លោកទេ និងតែងគេចចេញពីទីសាធារណៈ ។ យោងតាមសារព័ត៌មាន The Nation ឱ្យដឹងថា លោកមិនដែលផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មាន ឬបង្ហាញខ្លួនក្នុងទីសាធារណៈអស់រយៈពេល៣០ឆ្នាំមកហើយ ។
គួបញ្ជាក់ផងដែរថាលោក Chaleo Yoovidhya ដែលកើតចេញពីគ្រួសារក្រីក្រតោកយ៉ាក តស៊ូរហូតក្លាយជាមហាសេដ្ឋីម្នាក់ក្នុងពិភពលោក ព្រោះតែបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈគោជល់ ដែលជាប្រភេទភេសជ្ជៈជំនួយកម្លាំង បានស្លាប់ក្នុងប្រទេសកំណើតរបស់លោកហើយ ។ បណ្តាញព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកបានទទួលមរណភាពដោយជរាពាធ ក្នុងមន្ទីរពេទ្យក្រុងបាងកក កាលពីថ្ងៃសៅរ៍ក្នុងជន្មាយុ៨៩ឆ្នាំ។
ក្នុងការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន The Nation លោក Saravudh ជាកូនប្រុសរបស់លោក Chaleo បានរំលឹកពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍក្រុមហ៊ុនគោជល់ក្នុងប្រទេស និងនៅបរទេស បន្ទាប់ពីចាប់ផ្តើមដំណើរការក្នុងទសវត្សឆ្នាំ១៩៧០ ថា ក្រុមហ៊ុនគោជល់បានជំរុញផលិតផលចូលទីផ្សារតាមខេត្តជាដំបូងក្នុងការចែកចាយដល់អ្នកបើកបររថយន្តធំៗ ។ ក្រោយមកទៀតភេសជ្ជៈគោជល់បានវាយលុកចូលទីផ្សារក្នុងក្រុងទៀត និងទទួលបានភាពល្បីល្បាញក្នុងស្រុកមុនពេលវាយលុកចូលទីផ្សារអន្តរជាតិ ក្រោមការសហការជាដៃគូជាមួយជនជាតិអូស្ត្រាលី លោក Dietrich Mateschitz នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ ។
ដោយទទួលបានផលចំណេញពីភាពជាដៃគូនេះ លោក Mateschitz បានឈរនៅលំដាប់លេខ១៩ក្នុងបញ្ជី Forbes ។ កូនប្រុសរបស់លោកបន្តថា ឪពុករបស់លោកមិនបានរៀនសូត្រខ្ពង់ខ្ពស់ទេ គាត់រៀនភាសាអង់គ្លេសដោយខ្លួនឯង។ ភាពប៉ិនប្រសប់របស់ឪពុកលោក និងបទពិសោធន៍ខ្ពស់នាំឱ្យរដ្ឋាភិបាលថៃត្រូវការជំនួយពីគាត់ធ្វើឱ្យគាត់ក្លាយជាទីប្រឹក្សានាយករដ្ឋមន្ត្រី ។
ស្លាកសញ្ញារបស់ក្រុមហ៊ុនគោជល់ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោកតាមរយៈក្រុមប្រណាំងរថយន្ត Formula One និងក្រុមបាល់ទាត់របស់សហរដ្ឋអាមេរិក គឺ New York Red Bulls ៕
0 មតិ:
Post a Comment