ល្បែងបូតសណ្តែកនេះភាគច្រើនគេលែងតែពីរនាក់ទល់មុខគ្នា ឬ បើគេចង់លេងច្រើនអ្នក គេត្រូវមានដៃគូអង្គុយទល់មុខគ្នាហើយស្រែកច្រៀងរួមគ្នា។ ជាដំបូង គេយកបាតដៃបញ្ចូលគ្នា គឺបាតដៃស្តាំផ្អិបបាតដៃឆ្វេង បាតដៃឆ្វេងផ្អិបខ្នងដៃស្តាំនៃដៃគូរបស់ខ្លួន ហើយបូតចុះបូតឡើង ប្រកបដោយមនោសញ្ចេតនាស្អិតល្មួត និង រីករាយ។ ពេលបូតដៃនោះ គេស្រែកច្រៀងព្រមគ្នាថា: "បូតសណ្តែក រទេះបាក់បែក នាងនីដើរដី អស់ទាំងគេ គេជិះដំរី នាងនីដើរដី ជិះឆ្កែកំផើម។ ផើមផុត ចង់ស៊ីនំដុត ភ្លើងរលត់ ចង់ស៊ីនំឆៅ កំពប់ម្សៅអស់"។ ពេលច្រៀងចប់គេទះបាតដៃខ្លួនឯងមួយផូង ទះភ្លៅរៀងៗខ្លួនមួយផូង រួចទះបាតដៃខ្លួនឯងមួយផូង បានលើកដៃស្តាំឈោងខ្វែងទៅទះបាតដៃស្តាំនៃដៃគូរបស់ខ្លួនមួយផូង ទះដៃខ្លួនឯងមួយផូង រួចលើកដៃឆ្វេងឈោងខ្វែងទៅទះបាតដៃឆ្វេងនៃដៃគូរបស់ខ្លួនមួយផូង។ នេះជាវគ្គមួយ ហើយគេចាប់ដំណើរការទះសារជាថ្មីជាបន្តបន្ទាប់ ដូចដែលយើងបានអធិប្បាយរួចមក ហើយសាចុះសារឡើង តែចង្វាក់ក៏កាន់តែរន្ថើនញាប់ឡើងៗដែរ អ្នកណាទន់ដៃវាយទៅលែងរួចនោះគេគិតថាចាញ់។
របៀបទះដែលយើងរៀបរាប់មកនេះ ជារបៀបមួយបែប តែមានច្រើនបែបទៀត គឺ យោលទៅតាមការសន្មតគ្នា ថាទះភ្លៅប៉ុន្មានដង ទះដៃខ្លួនឯងប៉ុន្មាន រួចទះដៃគូប៉ុន្មាន ...។ នៅពេលរន្ថើនចង្វាក់ បើយើងភ្លេច ឬ ច្រឡំ ក៏គេចាត់ទុកថាចាញ់មួយដែរ៕(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២
0 មតិ:
Post a Comment