ក្រុមហ៊ុនអ៊ីនធឺណេត Google ត្រូវបានប្រកាសផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើតេស្ត៍រថយន្តបើកបរដោយខ្លួនឯង ឬ ដោយស្វ័យប្រវត្តិ ។ នេះគឺជាប្រភេទអាជ្ញាប័ណ្ណដំបូងគេហើយដែល Google ទទួលបាននៅសហរដ្ឋអាមេរិក ។ Google នឹងធ្វើតេស្ត៍រថយន្តបើកបរដោយខ្លួនឯងនេះនៅលើផ្លូវនានាក្នុងរដ្ឋណេវ៉ាដា បន្ទាប់ពីបានរៀបចំការបង្ហាញនៅលើមហាវិថី Las Vegas Strip និង នៅក្នុងទីក្រុង Carson ដែលបង្ហាញថារថយន្តនេះគឺមានសុវត្ថភាព ឬ ប្រហែលជាមានសុវត្ថិភាពជាងអ្នកបើកបរជាមនុស្សទៅទៀត ។ លោក ប្រ៊ូស ប្រេស្លូ ប្រធាននាយកដ្ឋានយានយន្តប្រចាំរដ្ឋណេវ៉ាដា បាននិយាយថា "វារាងលាន់សម្លេងខ្លាំងញឹកញាប់បន្តិចព្រោះវាមានសុវត្ថិភាព" ។ បច្ចេកវិទ្យាយានយន្តបើកបរដោយស្វ័យប្រវត្តិដំណើរការដូចតៃកុងស្វ័យប្រវត្តិម្នាក់ដែលកំពុងបញ្ជារថយន្តអ៊ីចឹងដែរ ក្នុងករណីនេះ រថយន្ត Prius របស់ Toyota នឹងត្រូវធ្វើតេស្ត៍ ដោយគ្មានអន្តរាគមន៍ណាមួយពីអ្នកបើកបរជាមនុស្សនោះឡើយ ។ រ៉ាដាឡាហ្សែរដែលបំពាក់នៅលើដំបូង និងនៅក្នុងចង្អើរមុខរថយន្តមានមុខងារស្វែងរកអ្នកដំណើរថ្មើរជើង អ្នកជិះកង់ និង យានយន្តដទៃទៀត ដោយវាបង្កើតបានជាតំបន់ហាមចូលមួយនៅជុំវិញកន្លែងស្ទះចរាចរណ៍ ហើយបន្ទាប់មករថយន្តនឹងចៀសចេញពីកន្លែងនោះ ។ ខណៈមានការប្រមើលមើលមួយចំនួនថា រថយន្តរ៉ូបូតមួយនេះអាចនឹងដឹកអ្នកដំណើរដាក់នៅមុខផ្សារទំនើប និង ស្វែងរកទីកន្លែងចតរថយន្តដោយខ្លួនវានោះ លោកប្រេស្លូបាននិយាយថា មិនវិវត្តន៍លឿនដល់ថ្នាក់នោះពេកនោះឡើយ ។ បទបញ្ជារបស់រដ្ឋណេវ៉ាដាតម្រូវឲ្យមានមនុស្សពីរនាក់នៅក្នុងរថយន្តនេះគ្រប់ពេលវេលា ។ មនុស្សម្នាក់គឺស្ថិតនៅក្រោយរថយន្ត ចំណែកម្នាក់ទៀតពិនិត្យមើលអេក្រង់កុំព្យូទ័រដែលបង្ហាញពីផ្លូវដែលរៀបចំទុកជាមុនរបស់រថយន្ត និង ត្រូវឃ្លាំមើលជានិច្ចនៅលើផ្លូវដែលមានលក្ខណៈគ្រោះថ្នាក់ និង នៅពេលមានភ្លើងសញ្ញាចរាចរណ៍ ។ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយ អ្នកបើកបរដែលជាមនុស្សអាចជួយជាន់ហ្វ្រាំងជំនួសបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនេះ ឬ ក៏ជួយកាច់ចង្កូតផងដែរ ។ លោកប្រេស្លូបាននិយាយថា រថយន្តបើកបរដោយស្វ័យប្រវត្តិមួយនេះនឹងតំណាងឲ្យយានជំនិះក្នុងពេលអនាគត ហើយលោកព្យាករណ៍ថាវាអាចនឹងមានវត្តមានលើទីផ្សារក្នុងពេលបីទៅប្រាំឆ្នាំទៀត ៕ CEN
0 មតិ:
Post a Comment