www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 9, 2012

ស្តេចកំប្លែងពិភពលោក សាក់ឡូ

ឆាលី ឆាបលីន សញ្ជាតិអង់គ្លេស ជាកំពូលតារាកំប្លែងពិភពលោកក្នុងយុគភាពយន្ត “គ” ហើយគាត់ត្រូវបានពិភពលោកហៅឈ្មោះថា សាកឡូ, កាលីតូ និង ដឺ វ៉ាហ្កាប៊ុនដ៍, គាត់ក៏ជាអ្នកនិពន្ធ រឿងភាពយន្ត និងបទភ្លេង, ដឹកនាំរឿង និងជាតួសម្ដែងផងដែរ ហើយគាត់បានឆ្លងកាត់អាពាហ៍ពិ ពាហ៍ដល់ទៅ៤លើក ។
សាកឡូ មានឈ្មោះពេញថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលី ឆាបលីន(Charles Spencer Charlie Chaplin) ត្រូវបានគេហៅត្រឹមតែ ឆាលី ឬ ឆាបលីន កើតថ្ងៃទី១៦ មេសា ១៨៨៩ នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំឡេង និងជាតារាសម្ដែង , ម្តាយឈ្មោះ ហាណាហ៍ ឆាបលីន ជាអ្នកចម្រៀង និងជាតារាសម្ដែង ។ ពួកគេបានចែកផ្លូវគ្នានៅពេលដែល ឆាលី មានអាយុមិនទាន់បាន៣ឆ្នាំផង ។ ឆាលី បានរៀនច្រៀងពីឪពុក-ម្តាយរបស់គាត់ ។ គាត់បានរស់នៅជាមួយម្តាយ និងបងប្រុសម្តាយជាមួយ ឪពុកទីទៃម្នាក់ឈ្មោះ ស៊ីដនី វ៉លហ្វ័ដ ហើយបានផ្លាស់ប្តូរទីកន្លែងជារឿយៗ ។ ឪពុករបស់គាត់ជាមនុស្សប្រមឹក មានស្រីកំណាន់ម្នាក់ទៀត ហើយពុំសូវមានទំនាក់ទំនងជាមួយ ឆាលី ឡើយ ។
ឆាលី និង បងប្អូនឪពុកទីទៃរបស់គាត់បានរស់នៅជាមួយឪពុកគាត់ នៅពេលដែលម្តាយរបស់គាត់មានជំងឺផ្លូវចិត្ត ។ ស្រីកំណាន់របស់ឪពុកគាត់ បានបញ្ជូនពួកគាត់ទៅសាលាព្រះវិហារសម្រាប់កុមារឈ្មោះ Archbishop Temple’s Boys School ។ ឪពុករបស់គាត់បានស្លាប់នៅឆ្នាំ១៩០១ ដោយរោគថ្លើម នៅពេលដែល ឆាលី មានអាយុ១២ឆ្នាំ ។ ឆាលី ក៏បានរស់នៅជាមួយក្រុមល្ខោនកុមារីឈ្មោះ The Eight Lancashire Lads ។
ឆ្នាំ១៩០៣ ឆាលី បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Sherlock Holmes, និពន្ធដោយ វីល្លាម ហ្គីលីត តួសម្ដែងដោយតារាអង់គ្លេស សេន្តស្បើរ៍រី ។ សេន្តស្បើរ៍រី បានយក ឆាលី ឱ្យនៅក្បែរគាត់ និង បានបង្ហាត់បង្រៀនគាត់ឱ្យត្រួតត្រាលើទេពកោសល្យរបស់គាត់ ។
ឆ្នាំ១៩០៥ ហ្គីលីត បានត្រឡប់ទៅអង់គ្លេសម្តងទៀត ដើម្បីចាប់ផ្តើមរឿងថ្មីរបស់គាត់ឈ្មោះ Clarice ។ ឆាលី ត្រូវបានគេនាំយកមកពីខេត្តដើម្បីដើរតួជាអ្នកបម្រើឈ្មោះ ប៊ីល្លី ។ គាត់ត្រូវបាន ហ្គីលីត បង្ហាត់បង្រៀនពីរបៀបសម្ដែង ។
ឆ្នាំ១៩១០ ក្រុមល្ខោនរបស់គាត់បានទៅសម្ដែងនៅអាមេរិក រហូតដល់ឆ្នាំ១៩១២ ។ ត្រឡប់ទៅអង់គ្លេសបាន៥ខែ ឆាលី បានត្រឡប់ទៅអាមេរិកម្តងទៀតជាមួយក្រុមល្ខោន Fred Karno ប៉ុន្តែ នៅពេលក្រុមរបស់គាត់ត្រឡប់ទៅអង់គ្លេសវិញគាត់បានបន្តនៅអាមេរិក ។
ចុងឆ្នាំ១៩១៣ បន្ទាប់ពីការសម្ដែងមក គាត់ត្រូវបានក្រុមហ៊ុនភាពយន្តជាច្រើននៅសហរដ្ឋអាមេរិក ជួលគាត់ឱ្យថតឱ្យពួកគេ ។
ភាពយន្តដំបូងរបស់ ឆាលី គឺរឿង Making a Living ធ្វើឱ្យនាយកក្រុមហ៊ុនមិនសប្បាយចិត្តទាល់តែសោះ ដោយសារ ឆាលី ធ្វើឱ្យមានកំហុសដែលត្រូវបង់ថ្លៃខ្ពស់ ។ ទោះយ៉ាងណាគាត់បានផ្តល់ឱកាសឱ្យ ឆាលី ម្តងទៀត ។ រំពេចនោះភាពយន្តទាំងឡាយរបស់ ឆាលី ជោគជ័យយ៉ាងគគ្រឹកគគ្រេង ហើយគាត់បានក្លាយជាតារាដ៏សំខាន់បំផុតនៅឯក្រុមហ៊ុនផលិតភាពយន្ត អាមេរិក Keystone ។
ខ្សែភាពយន្ត “ ដំណើរតន្រ្ដំ” របស់គាត់បានចាប់ផ្តើមនៅក្នុងយុគនៃភាពយន្ត “គ” ឬ ភាពយន្តគ្មានសំឡេង កាលដែលគាត់នៅជាមួយក្រុមហ៊ុនភាពយន្តកំប្លែង Keystone បញ្ចាំងដំបូងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩១៤ ឈ្មោះ Kid Auto Races at Venice និង ក៏ជាពេលដែលគាត់ចាប់ផ្តើមប្រើម៉ូដសម្លៀកបំពាក់កំប្លែងមុនដំបូង បំផុតដែរ ។ ពេលនោះ ឆាលី និង របៀបដើរតន្ដ្រំរបស់គាត់បានក្លាយជាតារាដ៏មានប្រជាប្រិយបំផុត នៅក្នុងក្រុមហ៊ុនខ្សែភាពយន្ត Sennett ។ ក្នុងឆ្នាំដំបូងដែលគាត់នៅជាមួយក្រុមហ៊ុន Sennett ឆាលី បានថតភាពយន្តខ្លីចំនួន៣៤រឿង ។
តាមរយៈខ្សែភាពយន្តដំណើរតន្ដ្រំរបស់គាត់នេះឯងហើយដែលគាត់ត្រូវបាន គេស្គាល់ឈ្មោះថា “សាកឡូ” (Charlot) នៅក្នុងពិភពប្រទេសដែលនិយាយភាសាបារាំង, អ៊ីតាលី, អេស្ប៉ាញ, អង់ដូរ៉ា, ព័រទុយហ្កាល់, ក្រិក, រ៉ូម៉ានី និង តួកគី ។ ចំណែកនៅប្រទេសប្រេស៊ីល និង អាហ្សង់ទីន គេស្គាល់ឈ្មោះគាត់ថា “កាលីតូ” (Carlitos) ខណៈនៅអាល្លឺម៉ង់ គេស្គាល់ឈ្មោះថា “ដឺ វ៉ាហ្កាប៊ុនដ៍ (Der Vagabund) ។ ភាពយន្តដំណើរតន្រ្ដំ ត្រូវបានបញ្ចាំងមុនដំបូងបំផុតនៅសហរដ្ឋអាមេរិក ។ ឆាលី បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្ត “គ” ។
ឆ្នាំ១៩១៦ ក្រុមហ៊ុន Mutual Film Corporation បានជួលគាត់ឱ្យថតភាពយន្តកំប្លែងរាប់សិប ដែលក្នុងនោះភាពយន្តដែលល្បីល្បាញបំផុតមានដូចជារឿង Easy Street, One A.M., The Pawnshop, និង The Adventurer ជាដើម ។ ឆាលី បានចាត់ទុកថា អំឡុងពេលដែលគាត់នៅជាមួយក្រុមហ៊ុន Mutual គឺជាពេលដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់ ។ នៅពេលអាមេរិក ចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី១ ឆាលី បានក្លាយជាអ្នកនាំពាក្យឱ្យ Liberty Bonds ។
នៅពេលដែលគាត់បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Mutual នៅឆ្នាំ១៩១៧ គាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន First National ។
ឆ្នាំ១៩១៩ ឆាលី គឺជាស្ថាបនិកម្នាក់ជាមួយមិត្តជិតដិតរបស់គាត់៣នាក់ទៀតដែលបាន បង្កើតស្ទូឌីយោ (Studio) មានឈ្មោះថា United Artists (UA) ជាមធ្យាបាយគេចពីឥទ្ធិពលហូលីវូដ (Hollywood) ដែលព្យាយាមគ្របដណ្តប់លើវិស័យភាពយន្តទាំង ស្រុង។ គាត់បានបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ UA រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០ ។
ឆ្នាំ១៩២៧ ភាពយន្តមានសំឡេងបានចាប់ផ្តើម និង បានក្លាយជាភាពយន្តពេញនិយមបំផុត ប៉ុន្តែឆាលី ឬ សាកឡូ ឬ កាលីតូ ឬ ដឺ វ៉ាហ្កាប៊ុនដ៍ នៅតែមិនថតភាពយន្តមានសំឡេង ។ គាត់និយាយថា “ កាយវិការមានលក្ខណៈសកលជាងពាក្យសម្ដី” ។
ខ្សែភាពយន្តមានសំឡេងដំបូងបំផុតរបស់ ឆាលី គឺរឿង The Great Dictator ដែលត្រូវបានបញ្ចាំងនៅឆ្នាំ១៩៤០ បញ្ចាំងនៅសហរដ្ឋអាមេរិក ១ឆ្នាំ មុនពេលអាមេរិកសម្រេចចិត្តចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី២ ។ នៅក្នុង រឿងនេះ ឆាលី ធ្វើជាមនុស្សដែលយកម៉ូដែលតាម អាដុលហ្វ៍ ហ៊ីទ្លែរ របស់ អាល្លឺម៉ង់ ។
ទោះ ឆាលី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យភាពយន្ត និង បានតាំងលំនៅស្ថាននៅសហរដ្ឋអាមេរិក ពីឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩៥៣ ក្តី ក៏គាត់ត្រូវបាន FBI សង្ស័យថាជាសកម្មជនកុម្មុយនិស្ត ហើយពួកគេបានព្យាយាមបញ្ចប់និវេសនដ្ឋានរបស់គាត់នៅអាមេរិក ។ សម្ពាធរបស់ FBI ទៅលើ ឆាលី បន្ទាប់ពីយុទ្ធនាការឆ្នាំ១៩៤២ របស់គាត់សម្រាប់ពួកអឺរ៉ុប ។
ឆ្នាំ១៩៥២ គាត់បានចាកចេញពីអាមេរិកទៅលេងស្រុកកំណើតនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ FBI បានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឱ្យដកហូតទិដ្ឋាការរបស់ ឆាលី ដើម្បីកុំឱ្យគាត់មានសិទ្ធិត្រឡប់ចូលអាមេរិកវិញ ។ ឆាលី បានសម្រេចចិត្តថា នឹងមិនត្រឡប់ចូលអាមេរិកវិញឡើយ ដោយគាត់មិនពេញចិត្តនឹងរដ្ឋាភិបាលអាមេរិក ហើយគាត់បានតាំងលំនៅឋាន នៅប្រទេសស្វ៊ីស ។
ខែមេសា ឆ្នាំ១៩៧២ គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្នុងរយៈពេលដ៏ខ្លីជាមួយភរិយារបស់គាត់ ដើម្បីទទួលពានរង្វាន់ អូស្កា (Oscar) ។
ខ្សែភាពយន្តចុងក្រោយចំនួន២របស់ ឆាលី ត្រូវបានផលិតនៅទីក្រុងឡុងដ៍ គឺរឿង A King in New York, ១៩៥៧, ដែលគាត់បានដើរតួ, និពន្ធ, ដឹកនាំ និង ផលិត, និងរឿង A Countess from Hong Kong, ១៩៦៧ ដែលគាត់បានដឹកនាំ, ផលិត និងនិពន្ធ ។ គាត់ក៏បាននិពន្ធភ្លេងសម្រាប់ភាពយន្តទាំង២នេះផងដែរ ។
ឆាលី បានចូលនិវត្តន៍ពីពិភពសិល្បៈជាផ្លូវការនៅក្នុងខ្សែភាពយន្តរឿង Modern Times បញ្ចាំងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៣៦ ហើយនៅក្នុងភាពយន្តនេះ បានបញ្ចប់ដោយគាត់ដើរលើផ្លូវដ៏គ្មានទីបញ្ចប់មួយឆ្ពោះទៅជើងមេឃ ។ Modern Times ត្រូវបានគេចាត់ទុកថា ជាភាពយន្ត “គ “ចុងក្រោយបំផុតក្នុងលោក ។ ភាពយន្តច្រើនបំផុតរបស់ សាកឡូ គឺនៅពេលដែលគាត់នៅជាមួយក្រុមហ៊ុន Keystone, Essanay និងក្រុមហ៊ុន Mutual ។
សុខភាពរបស់ ឆាលី បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្សរ៍១៩៦០ បន្ទាប់ពីគាត់បានបង្ហើយភាពយន្តចុងក្រោយឈ្មោះ A Countess from Hong Kong ។ នៅ ឆ្នាំ១៩៧៧ គាត់ក្រោកដើរលែងរួច ក៏ប្រើកៅអីមានកង់ ។
ពិភពលោកលែងមានវត្តមានស្តេចកំប្លែងដ៏រស់រវើក ឆាលី ឆាបលីន ដោយគាត់បានលាចាកលោកនេះពេលកំពុងទទួលទានដំណេកនៅទីក្រុង Vevey, ប្រទេសស្វ៊ីស នៅថ្ងៃបុណ្យណូអែល នាឆ្នាំ១៩៧៧ ។
ឆាលី ត្រូវបានបញ្ចូលទៅក្នុង Corsier-Sur-Vevey Cemetery នៃ ប្រទេសស្វ៊ីស ។ ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៨ សាកសពរបស់គាត់ត្រូវបានគេលួចដើម្បីជម្រិតទារយកប្រាក់ពីគ្រួសារ ប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួន ហើយសពរបស់គាត់ត្រូវបានរកឃើញ១១សប្តាហ៍ក្រោយមក និង ត្រូវបានកប់ម្តងទៀតនៅក្នុងជម្រៅ១,៨ ម៉ែត្រ ក្នុងទីដ៏អាថ៌កំបាំងមួយដើម្បីចៀសវាងត្រូវគេលួចម្តងទៀត ។ រូបសំណាករបស់គាត់ត្រូវបានគេសាងសង់នៅទីក្រុងVevey, ប្រទេសស្វ៊ីស ដែលនៅគង់វង្សរហូតដល់សព្វថ្ងៃ ។
ទោះជាច្រើនទសវត្សរ៍ហើយក្តី រូបរបស់គាត់ និងភាពយន្តរបស់គាត់ នៅតែធ្វើឱ្យមនុស្សផ្ទុះសំណើចទប់មិនជាប់ដដែល ហើយរហូតមកដល់សព្វថ្ងៃនេះ ពិភពលោកនៅតែពុំទាន់មានតារាកំប្លែងណាម្នាក់អាចបំបែកឯតទគ្គកម្ម គាត់បាននៅឡើយ។
ចំពោះអាពាហ៍ពិពាហ៍វិញ ឆាលី បានឆ្លងកាត់ចំនួន៤លើក៖ ទី១ រៀបការជាមួយតារាភាពយន្តម្នាក់ឈ្មោះ មីលដ្រេដ ហារីស នៅឆ្នាំ១៩១៨ ហើយបានលែងលះគ្នានៅឆ្នាំ១៩២០ ។
ឆ្នាំ១៩២៤ គាត់បានរៀបការម្តងទៀតជាមួយតារាភាពយន្តឈ្មោះលីតាហ្ក្រេយ៍។ ពួកគេរួមរស់នឹងគ្នាបានកូន២នាក់ ក៏បានដល់ទីបញ្ចប់ទៀតនៅឆ្នាំ១៩២៧ ។
ឆ្នាំ១៩៣៦ គាត់បានរៀបការជាលើកទី៣ ជាមួយនាង ផល្លេត ហ្កូដដាដ ជាតារាភាពយន្តដែរ ហើយបានលែងលះគ្នាទៀតនៅឆ្នាំ១៩៤២ ។
ខែមិថុនា ឆ្នាំ១៩៤៣ ឆាលី ឆាបលីន បានរៀបការម្តងទៀតពេលដែលគាត់មានវ័យ៥៣ឆ្នាំ ជាមួយនាង អ៊ូណា អូណែល ដែលទើបតែមានអាយុ១៨ឆ្នាំ ។ ស្នេហ៍វ័យចំណាស់ ប៉ះប្រពន្ធក្មេងល្ហក់គូនេះចុះសម្រុង និងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ហើយជាប្រភពសុភមង្គលពិតប្រាកដនៃស្តេចកំប្លែងពិភពលោក ឆាលី ឆាបលីន ហៅ សាកឡូ របស់យើង ។ ពួកគេមានបុត្រ៨នាក់ និងរួមរស់នឹងគ្នាលុះ ឆាលី ទទួលអនិច្ចកម្ម ៕

0 មតិ:

Post a Comment