www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, May 15, 2012

អភិបាលជួបជាមួយពលរដ្ឋសហគមន៍បុរីសន្តិភាព ២



បើតាមប្រភពព័ត៌មានរបស់គេហទំព័ររបស់សាលាក្រុងភ្នំពេញកាលពីថ្ងៃទី១៤ខែឧសភាម្សិលម៉ិញបានឲ្រដឹងថាៈ
ប្រជាពលរដ្ឋចំនួន ១.៥១២គ្រួសារ ក្នុងនោះមានចំនួន ១.៤៣០គ្រួសារ ដែលបានផ្ទេរលំនៅដ្ឋានពីសំណង់មិន រៀបរយនានាក្នុងរាជធានីភ្នំពេញ ហើយបានមកតាំងលំនៅដ្ឋានថ្មីនៅសហគមន៍បុរីសន្តិភាព ២ សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ និងចំនួន ៨២ គ្រួសារទៀត ដែលទទួលរងដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ កាលពី ពេលថ្មីៗនេះ ត្រូវបាន ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ទទួលជួបសំណេះសំណាលសាកសួរ សុខទុក្ខ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ នៅក្នុងបរិវេណសហគមន៍បុរីសន្តិភាព ២ ផ្ទាល់តែម្តង។
លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ បានឲ្យដឹងថា សង្កាត់នេះមានផ្ទៃដីសរុបចំនួន ២.២៧០,៧២ ហិកតា ចែកចេញជា ២៧ ភូមិ និង ០៩ សហគមន៍ មានប្រជាពលរដ្ឋសរុបចំនួន ៧១.១១១ នាក់ ស្រី ៤៧.៥១៧ នាក់។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានមកតាំងលំនៅដ្ឋានថ្មី ហើយបានស្នាក់នៅពិតប្រាកដក្នុងសហគមន៍ បុរី សន្តិភាព ២ មានចំនួន ១.៤៣០ គ្រួសារ ក្នុងនោះ ផ្ទេរពីតំបន់ដីក្រហម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានចំនួន ៨៣៤ គ្រួសារ និងផ្ទេរពីតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ៥៩៦ គ្រួសារ។ លោកចៅសង្កាត់ បាន បន្តទៀតថា សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំ បញ្ជា អនុវត្តពី ឯកឧត្តម កែ ជុតិមា អភិបាលរាជធានីភ្នំពេញ ជានិច្ចកាលតែងតែបានគិតគូរយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ព្រម ទាំងបានផ្តល់ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឥតឈប់ឈរ សំដៅធ្វើយ៉ាងណាឲ្យការរស់នៅរបស់បងប្អូនមានភាព ងាយស្រួលនិងកាន់តែប្រសើរឡើង ហើយពុំដែលបានទុកចោលបងប្អូនឲ្យរស់នៅតែឯកឯងម្តងណាឡើយ ជាក់ស្តែង វត្តមានរបស់ ឯកឧត្តមអភិបាល នាពេលនេះ គឺពីតជាបានបង្ហាញឲ្យកាន់តែច្បាស់ពីភាពកង្វល់ និងការយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមសហគមន៍។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានសម្តែងនូវក្តីរីករាយ ជាមួយបងប្អូន ប្រជាពលរដ្ឋសហគមន៍បុរីសន្តិភាព ២ ដោយសារតែ សហគមន៍នេះ មានការអភិវឌ្ឍររីកចម្រើន ផ្នែកហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ លូ អគ្គិសនី ទឹកស្អាត ផ្សារ រួមទាំងអគារលំនៅដ្ឋានមានភាពស្រស់ ស្អាត ហើយការអភវិឌ្ឍន៍នេះនៅតែបន្តឥតឈប់ឈរ ទៅតាមគ្រប់មធ្យោបាយ លទ្ធភាព និងធ្វើជាជំហ៊ានៗ ធ្វើយ៉ាងណាឲ្យកាន់តែមាន ការរីកចម្រើនលើ គ្រប់វិស័យសម្រាប់ប្រជាជនយើងឲ្យទទួលបាននូវភាពសុខដុម្យរមនា។ ឯកឧត្តម បានបន្តទៀថា ជាមួយនឹងផ្លែផ្កាដែលទទួលផលបានមកពីការអភិវឌ្ឍន៍នេះ បងប្អូនប្រជាពលរដ្ឋដែលរស់ នៅទីនេះ គួរគប្បីត្រូវចេះថែក្សាការពារឲ្យបានគត់ហ្មត់ ហើយត្រូវជៀសវាងឲ្យឆ្ងាយនូវអំពើអបាយមុខទាំងឡាយណា ដែលនាំឲ្យនូវក្តីវិនាស និងការបំផ្លិចបំផ្លាញដល់ជីវភាពក្នុងគ្រួសារ ដូចជាការងុបងុលនឹងគ្រឿងស្រវឹង និងល្បែង ស៊ីសងជាដើម។ល។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពរបស់បងបងប្អូនប្រជាពលរដ្ឋ ដែលនៅជួបប្រទះ ការលំបាក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានផ្តល់នូវម៉ូតូកង់បី ចំនួន ០៥ គ្រឿង ជាកម្ចីឥណទានជូនដល់ បងប្អូនណាដែលខ្វះខាតជាងគេ ដើម្បីបានប្រកបរបរចិញ្ចឹមជីវិត ដោយមិនយកការប្រាក់ឡើយ។ ដោយឡែក ចំពោះ កម្ចីឥណទានផ្សេងទៀត សាលារាជធានីភ្នំពេញ នឹងធ្វើការពិនិត្យសម្រេចជូននៅពេលក្រោយតាមសំណូមពរ។ បន្ទាប់មក ឯកឧត្តមអភិបាល ក៍បាននាំយកអំណោយផ្ទាល់ខ្លួនទៅចែកជូនបងប្អូនទាំង ១.៥១២ គ្រួសារ ក្នុងមួយ គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម ក្រមាមួយ សារុងមួយ ទឹកត្រី០៦ដប និងទឹកស៊ីអ៊ីវ០៦ ដប៕

Thursday, May 10, 2012

Google ទទួល​អាជ្ញាប័ណ្ណ​​ធ្វើតេស្ត​រថយន្ត​បើក​ដោយ​ខ្លួនឯង

ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត Google ត្រូវបាន​ប្រកាស​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ដើម្បី​ធ្វើតេស្ត៍​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ឬ ដោយ​ស្វ័យប្រវត្តិ ។ នេះ​គឺជា​ប្រភេទ​អាជ្ញាប័ណ្ណ​ដំបូង​គេ​ហើយ​ដែល Google ទទួលបាន​នៅ​សហរដ្ឋអាមេរិក ។ Google នឹងធ្វើ​តេស្ត៍​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នេះ​នៅលើ​ផ្លូវ​នានា​ក្នុង​រដ្ឋ​ណេ​វ៉ា​ដា បន្ទាប់ពី​បានរៀបចំ​ការបង្ហាញ​នៅលើ​មហាវិថី Las Vegas Strip និង នៅក្នុង​ទីក្រុង Carson ដែល​បង្ហាញថា​រថយន្ត​នេះ​គឺមាន​សុ​វត្ថ​ភាព ឬ ប្រហែល​ជាមាន​សុវត្ថិភាព​ជាង​អ្នកបើកបរ​ជាម​នុស្ស​ទៅទៀត ។​ ​លោក ប្រ៊ូ​ស ប្រេ​ស្លូ ប្រធាន​នាយកដ្ឋាន​យានយន្ត​ប្រចាំ​រដ្ឋ​ណេ​វ៉ា​ដា បាន​និយាយថា "​វា​រាង​លាន់​សម្លេង​ខ្លាំង​ញឹកញាប់​បន្តិច​ព្រោះ​វា​មាន​សុវត្ថិភាព​" ។ ​បច្ចេកវិទ្យា​យានយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដំណើរការ​ដូច​តៃកុង​ស្វ័យប្រវត្តិ​ម្នាក់​ដែល​កំពុង​បញ្ជា​រថយន្ត​អ៊ីចឹង​ដែរ ក្នុងករណីនេះ រថយន្ត Prius របស់ Toyota នឹងត្រូវ​ធ្វើតេស្ត៍ ដោយ​គ្មាន​អន្តរាគមន៍​ណាមួយ​ពី​អ្នកបើកបរ​ជាម​នុស្ស​នោះឡើយ ។ រ៉ា​ដា​ឡា​ហ្សែ​រ​ដែល​បំពាក់​នៅលើ​ដំបូង និង​នៅក្នុង​ចង្អើរ​មុខ​រថយន្ត​មាន​មុខងារ​ស្វែងរក​អ្នកដំណើរ​ថ្មើរជើង អ្នកជិះ​កង់ និង យានយន្ត​ដទៃទៀត ដោយ​វា​បង្កើតបានជា​តំបន់​ហាម​ចូល​មួយ​នៅ​ជុំវិញ​កន្លែង​ស្ទះចរាចរណ៍ ហើយ​បន្ទាប់មក​រថយន្ត​នឹង​ចៀស​ចេញពី​កន្លែង​នោះ ។​ ​ខណៈ​មានការ​ប្រមើលមើល​មួយចំនួន​ថា រថយន្ត​រ៉ូ​បូត​មួយ​នេះ​អាច​នឹង​ដឹក​អ្នកដំណើរ​ដាក់​នៅមុខ​ផ្សារ​ទំនើប និង ស្វែងរក​ទីកន្លែង​ចត​រថយន្ត​ដោយ​ខ្លួន​វា​នោះ លោក​ប្រេ​ស្លូ​បាន​និយាយថា មិន​វិវត្តន៍​លឿន​ដល់​ថ្នាក់​នោះ​ពេក​នោះឡើយ ។​ ​បទបញ្ជា​របស់​រដ្ឋ​ណេ​វ៉ា​ដា​តម្រូវ​ឲ្យ​មាន​មនុស្ស​ពីរ​នាក់​នៅក្នុង​រថយន្ត​នេះ​គ្រប់ពេលវេលា ។ មនុស្ស​ម្នាក់​គឺ​ស្ថិតនៅ​ក្រោយ​រថយន្ត ចំណែក​ម្នាក់ទៀត​ពិនិត្យមើល​អេក្រង់​កុំព្យូទ័រ​ដែល​បង្ហាញ​ពី​ផ្លូវ​ដែល​រៀបចំ​ទុកជាមុន​របស់​រថយន្ត និង ត្រូវ​ឃ្លាំមើល​ជានិច្ច​នៅលើ​ផ្លូវ​ដែលមាន​លក្ខណៈ​គ្រោះថ្នាក់ និង នៅពេល​មាន​ភ្លើង​សញ្ញា​ចរាចរណ៍ ។​ ​ប្រសិនបើ​មាន​បញ្ហា​បច្ចេកទេស​ណាមួយ អ្នកបើកបរ​ដែល​ជាម​នុស្ស​អាចជួយ​ជាន់​ហ្វ្រាំង​ជំនួស​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ ឬ ក៏​ជួយ​កាច់ចង្កូត​ផងដែរ ។ លោក​ប្រេ​ស្លូ​បាន​និយាយថា រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​មួយ​នេះ​នឹង​តំណាង​ឲ្យ​យានជំនិះ​ក្នុងពេល​អនាគត ហើយ​លោក​ព្យាករណ៍​ថា​វា​អាច​នឹងមាន​វត្តមាន​លើ​ទីផ្សារ​ក្នុងពេល​បី​ទៅ​ប្រាំ​ឆ្នាំ​ទៀត ៕  CEN

Wednesday, May 9, 2012

អភិបាលខេត្ត ក្រចេះគ្រោះ​ ថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់​ ជីវិត

លោក ខាំ ភឿន អភិបាលខេត្ត ក្រចេះ បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ វេលាម៉ោង ២១​​​ ៤០នាទី យប់ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១២ ។ លោកសមត្ថកិច្ចជាន់ខ្ពស់ប្រចាំខេត្ដក្រចេះ បានមានប្រសាសន៍ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅស្រុកឆ្លូង ដែលមានចំងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ពីទីរួមខេត្ត គឺកើតឡើងបន្ទាប់ពីរូបលោកត្រឡប់មកពីបំពេញភារកិច្ច នៅឯរាជធានីភ្នំពេញវិញ ។ សមត្ថកិច្ចជាន់ខ្ពស់រូបនោះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ មិនទាន់ដឹងច្បាស់នៅឡើយទេថា មកពីមូលហេតុអ្វីនោះ ខណៈកំពុងធ្វើការស្រាវជ្រាវជាមុនសិន ។

Tuesday, May 8, 2012

ការចាក់បញ្ចាំងជាលើ់កដំបូងរឿង ល្បែង ទុរភិក្ស ដែលបញ្ចូលសម្លេងជាភាសាខ្មែរ



កាលពីល្ងាចថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០១២ រោងភាពយន្ត លេជេនការដាក់សម្ភោធភាពយន្ត ហូលីវូដខ្នាតធំដំបូងគេបង្អស់ដែលបានបញ្ចូលសំលេងជាភាសាខ្មែរ ដែលមានចំណងជើងថា The Hunger Games ឬ ល្បែង ទុរភិក្ស។ ភាពយន្តនេះ ជាភាពយន្តខ្នាតធំដែលរកបានប្រាក់ចំណូលបានច្រើនជាងគេបំផុត សរុបចំនួនជាង ៣០០ លានដុល្លា ប្រចាំខែមេសានេះនៅទូទាំងពិភពលោក។ ភាពយន្តនេះ និយាយអំពីការប្រយុទ្ធគ្នាស្លាប់រស់រវាងបេក្ខជនចំនួន ២៤ នាក់ ដែលមកពីស្រុកចំនួន ១២ ដើម្បីទទួលបានអាហារសំរាប់ផ្គត់ផ្គង់ជីវិតរបស់គេ។ នៅចុងក្រោយ គឺតំរូវអោយមានតែបេក្ខជនម្នាក់ប៉ុណ្ណោះដែលអាចរស់មានជីវិត។ វាក៏មានលាយលំជាមួយហ្នឹងឈុតឆាកស្នេហា រវាង បេក្ខជន ២នាក់ដែលមកពីស្រុកជាមួយគ្នា ហើយខំតស៊ូរប្រយុទ្ធ ដើម្បីជីវិតរបស់ពួកគេផងដែរ។

ក្រុមហ៊ុន វេសថិច មេឌា លីមីធីត មានក្តីសោមន្សក្រៃលែងដែលទទួលការអនុញាតិនាំយកភាពយន្តខ្នាតធំដ៏ល្បីនេះ មកចាក់បញ្ចាំងនៅប្រទេសកម្ពុជា ហើយជាភាពយន្តខ្នាតធំដំបូងបំផុត ដែលទទួលការអនុញ្ញាតអោយបញ្ចូលសម្លេងជាភាសាខ្មែរពីសំណាក់តារាល្បីៗ ដូចជា លោកសាពូន មីដាដា កញ្ញា សុខ សុម៉ាវតី្ត លោកប៉ែន ចំរុង កញ្ញាម៉ាក សែនសូនីតា និងតារាបញ្ចូលសំលេងយ៉ាងប៉ិនប្រសប់ជាច្រើនរូបទៀត។

កម្មវិធីសម្ភោធខ្សែរភាពយន្ត ល្បែងទុរភិក្ស នេះមានការចូលរួមពីសំណាក់តារាល្បីៗ ដៃគូពាណិជ្ជកម្ម រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កម្មវិធីនេះផងដែរ ទទួលបានការឧបត្ថម្ភពី រោងភាពយន្តលេជេន ក្រុមហ៊ុន Cambodia Beverage Company Ltd. (Coca-Cola) ទស្សនាវដ្តីទូរស័ព្ទ ហាងសៀវភៅ Monument Books និង ហាងកាហ្វេ Gloria Jean’s Coffees។ ក្រុមហ៊ុន វេសថិច មេឌា លីមីធីត សូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ភាពយន្ត ល្បែង ទុរភិក្ស នេះនឹងត្រូវដាក់បញ្ជាំងនៅរោងភាពយន្តលេជេន ដែលមានទីតាំងនៅផ្សារទំនើប ស៊ីធីម៉ល ជាន់ទី៣ និង រោងភាពយន្ត ឌឹ ស៊ីនេផ្លិច ដែលមានទីតាំងនៅ ផ្សារទំនើប សូរិយា ជាន់ទី ៥ ចាប់ពីថ្ងៃទី ០៩ ខែឧសភានេះតទៅ៕

Monday, May 7, 2012

ក្រុមហ៊ុន​ Metfone​ ដំណើរការ​ប្រព័ន្ធ​ ៤G

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​ Metfone ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​ទូរគមនាគមន៍​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ ក្នុង​ការ​ដំណើរការ​សាក​ល្បង​នូវ​បណ្តាញ​ទូរគមនាគមន៍​ថ្មី​មួយ​ ដែល​មាន​ទំហំ​ ៤G។​ 
ការ​សាក​ល្បង​នេះ​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​ការ​អនុវត្ត​តែ​នៅ​ក្នុង​រាជា​ធានី​ភ្នំពេញ​ប៉ុណ្ណោះ​ ហើយ​បាន​ចាប់​ផ្តើម​សាក​ល្បង​ប្រព័ន្ធ​នេះ​អស់​រយះ​ពេល​ប្រមាណ​៤ខែ​មក​ហើយ។ 
លោក​ វុ ក្វាង ផុង ​នាយក​រង​ក្រុមហ៊ុន​ Metfone​ ​បាន​ឱ្យ​ដឹង​ថា​ “ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​សា​​រ​តែ​បញ្ហា​ហ្រេ្វកង់​ នៅ​មាន​កំណត់​ ដូច្នេះ​ហើយ​ ទើប​បានជា​យើងខ្ញុំ ពុំ​ទាន់​អាច​ដំណើរ​ការ​ជា​ផ្លូវ​ការ​បាន​ នូវ​សេវាកម្ម​មួយ​ចំនួន​ នៅ​លើ​បច្ចេកវិទ្យា​ថ្មី​ប្រព័ន្ឋ​ 4G LTE ​ក៏​ដូច​ជា​ការ​សម្រេច​បាន ​នូវ​ល្បឿន​អតិបរមា​ ដែល​អាច​ឡើង​ទៅ​ដល់​ ១០០MB ​ក្នុង​មួយ​វិនាទី ​សម្រាប់​អតិថិជន​ប្រើ​ប្រាស់​ សេវាកម្ម​ចល័ត​ និង​ឡើង​ដល់​ទៅ​ ១GB ​សម្រាប់​សេវាកម្ម​អចល័ត។​ មិន​តែ​ប៉ុណ្ណោះ​ យើង​ខ្ញុំ​ក៏​កំពុង​តែ​ធ្វើ​ការ​ ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​បន្ថែម​ទៀត​ សម្រាប់​សេវាកម្ម​ 4G LTE Advanced”។​ 
ការ​ទាញ​យក​ឯកសារ​ (Download) អប្បបរមា​មាន​ល្បឿន​រហូត​ដល់​ទៅ​ ៦៦,៧MB ​ក្នុង​មួយ​វិនាទី​ ហើយ​ល្បឿន​ នៃ​ការ​បង្ហោះ​ឯកសារ​ (Upload) ​គឺ​ ២៥ ​MB ​ក្នុង​មួយ​វិនាទី)។​ ប្រសិន​បើ​ការ​សាក​​​ល្បង​នេះ​នឹង​ទទួល​បាន​សម្រេច​​​​មែន​នោះ ក្រុមហ៊ុន​ Metfone​ក្លាយ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អតិជន​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​បណ្តាញ​ទូរគមនាគមន៍​ ៤G ​នេះ​ ម៉្យាង​វិញ​ទៀត​ នេះ​ជា​ជំហាន​សំខាន់​មួយ​ របស់​មិត្ត​ហ្វូន​ សម្រាប់​ការ​គណនា​ ការ​វិនិយោគ​ និង​ការ​រៀប​ចំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​ដល់​ ការ​ផ្គត់​ផ្គង់​ជា​ផ្លូវការ​ នៃ​សេវាកម្ម​ថ្មី​មួយ​នេះ ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។​ លើស​ពី​នេះ​ទៅ​ទៀត​ បទដ្ឋាន​របស់​បច្ចេកវិទ្យា​ថ្មី​ 4G ​ក៏​ត្រូវ​បាន​សហព័ន្ធ ទូរគមនាគមន៍​អន្តរជាតិ​ (ITU) ​ធ្វើ​ការ​សម្រេច​ទទួល​ស្គាល់​ កាល​ពី​ខែ​កុម្ភៈ ​២០១២​កន្លង​ទៅ៕​  CM

Monday, April 30, 2012

អភិបាលរាជធានីភ្នំពេញជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត និងអ្នកជម្ងឺខ្មែរ នៅហូជីមិញ



ក្រោយពីបញ្ចប់ពិធីទទួលប្រតិភូសាលារាជធានីភ្នំពេញ
លោកនាយក មន្ទីរពេទ្យជោរៃ និងសហការី រួមទំាងវេជ្ជបណ្ឌិតខ្មែរមួយចំនួន បានអមដំណើរ គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះពិនិត្យកន្លែងសំខាន់ៗក្នុបរិវេណមន្ទីរពេទ្យ។ ឯកឧត្តមអភិបាល បានពិនិត្យ នូវបន្ទប់សង្គ្រោះអ្នកជម្ងឺកំរិតធ្ងន់ បន្ទប់ពិសោធន៍ បន្ទប់ធ្វើការវិនិច្ឆ័យរោគ តាមរយៈឧបករណ៍/សម្ភារៈទំនើបៗ ដូចជា PET-CT, MRI, CT Scanners ជាដើម។នេះបើតាមការចុះផ្សាយរបស់គេហទំព័ររបស់សាលាក្រុងរាជធានីភ្នំពេញ។
នៅតាមទីតាំងជាក់ស្តែងទំាងនោះ ឯកឧត្តម បានសំណេះសំណាល ដោយ ផ្ទាល់ជាមួយនឹង វេជ្ជបណ្ឌិត ជាកម្មសិក្សា ការី របស់កម្ពុជា ដែលកំពុងទទួលការបណ្តុះបណ្តាលនៅមន្ទីរពេទ្យ។ ក្រៅពី បានផ្តែផ្តាំបណ្តាកម្មសិក្សាការីទំាងនោះ ឲ្យខិតខំប្រឹងប្រែងសិក្សា ក្រេបយកចំណេះ បទពិសោធន៍ លត់ដំផ្នត់គំនិតរបស់ខ្លួនរួចមក ឯកឧត្តម ក៏បានឧបត្តម្ភថវិកា ផ្ទាល់ខ្លួន ជូនដល់ កម្មសិក្សាការីកម្ពុជាចំនួន ៩រូប ក្នុង មួយនាក់ទទួលបានថវិកា ចំនួន ២០០ដុល្លារអាមេរិក។
ក្នុងដំណើរចុះពិនិត្យ នៅក្នុងបន្ទប់ព្យាបាលអ្នកជម្ងឺរបួសធ្ងន់នោះ ប្រតិភូ
បានជួបនូវអ្នកជម្ងឺខ្មែរម្នាក់ ឈ្មោះ ជល់ រ៉ា ភេទប្រុស អាយុ២២ មកពីខេត្តកណ្តាល ដែលកំពុងទទួលការព្យាបាល ដោយសាររងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កន្លងមក។ អ្នកជម្ងឺម្នាក់នេះ រងរបួសគ្រាំក្នុង យ៉ាងដំណំ ហើយដោយ ការអាណិតអាសូរ ឯកឧត្តមអភិបាល ក៏បានផ្តល់នូវ ថវិកាផ្ទាល់ខ្លួន ចំនួន ៣,០០០,០០០ដុងវៀតណាម ផងដែរ៕
ជាចុងបញ្ចប់ គណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកនាយក NGUYEN TRUONG SON និងសហការី ដែលបានរៀបចំកម្មវិធីទទួលក្រុមការងារ មកពីសាលារាជធានី បានធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗ របស់មន្ទីរពេទ្យ។ ឯកឧត្តម ក៏បានជូនពរ គណៈគ្រប់គ្រងមន្ទីរពេទ្យ នៅក្នុងឧិកាសខួប ៣៧ឆ្នាំ នៃការរំដោះ ទីក្រុងសាយហ្គន និងខេត្តភាគខាងត្បូង របស់វៀតណាម សូមឲ្យលោកនាយក និងសហការី ជួបនូវសេចក្តីសុខ និងបន្ត ទទួលបាននូវជោគជ័យបន្តបន្ទាប់ថ្មីៗ ទៀតក្នុងពេលអនាគត៕

បូតសណ្តែកជាល្បែងកម្សាន្តរបស់ខ្មែរ



ល្បែងបូតសណ្តែក​នេះ​ភាគច្រើន​គេលែង​តែពីរនាក់​ទល់​មុខគ្នា ឬ បើគេ​ចង់​លេង​ច្រើនអ្នក គេត្រូវ​មានដៃគូ​អង្គុយ​ទល់​មុខ​គ្នា​ហើយ​ស្រែក​ច្រៀងរួម​គ្នា។ ជាដំបូង គេយក​បាតដៃ​បញ្ចូលគ្នា គឺបាត​ដៃស្តាំផ្អិប​បាតដៃឆ្វេង បាតដៃ​ឆ្វេងផ្អិប​ខ្នង​ដៃស្តាំ​នៃ​ដៃគូ​របស់​ខ្លួន ហើយ​បូតចុះ​បូត​ឡើង ប្រកប​ដោយ​មនោ​សញ្ចេតនា​ស្អិតល្មួត និង រីករាយ។ ពេល​បូតដៃ​នោះ គេ​ស្រែក​ច្រៀង​ព្រមគ្នាថា: "បូតសណ្តែក រទេះបាក់បែក នាងនី​ដើរដី អស់ទាំង​គេ គេជិះ​ដំរី នាងនី​ដើរដី ជិះ​ឆ្កែ​កំផើម។ ផើមផុត ចង់ស៊ីនំដុត ភ្លើងរលត់ ចង់ស៊ីនំឆៅ កំពប់​ម្សៅអស់"។ ពេលច្រៀង​ចប់គេទះ​បាតដៃ​ខ្លួនឯង​មួយផូង ទះភ្លៅ​រៀងៗ​ខ្លួនមួយ​ផូង រួចទះ​បាតដៃ​ខ្លួនឯង​មួយផូង បាន​លើក​ដៃស្តាំ​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ស្តាំនៃ​ដៃគូ​របស់​ខ្លួនមួយ​ផូង ទះដៃខ្លួន​ឯង​មួយផូង រួចលើកដៃ​ឆ្វេង​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ឆ្វេងនៃ​ដៃគូ​របស់ខ្លួន​មួយផូង។ នេះជា​វគ្គមួយ ហើយគេ​ចាប់ដំណើរ​ការទះ​​សារជាថ្មី​ជា​បន្តបន្ទាប់ ដូច​ដែល​យើង​បា​នអធិប្បាយ​រួចមក​ ហើយ​សាចុះសារ​ឡើង តែចង្វាក់​ក៏កាន់​តែរន្ថើន​ញាប់ឡើងៗ​ដែរ អ្នក​ណា​ទន់ដៃវាយ​ទៅលែង​រួចនោះ​គេគិត​ថាចាញ់។

របៀបទះ​ដែលយើង​រៀបរាប់​មកនេះ ជារបៀប​មួយបែប តែមាន​ច្រើនបែប​ទៀត គឺ យោល​ទៅតាមការ​សន្មតគ្នា ថាទះភ្លៅ​ប៉ុន្មានដង ទះដៃ​ខ្លួនឯង​ប៉ុន្មាន រួចទះដៃ​គូប៉ុន្មាន ...។ នៅពេល​រន្ថើន​ចង្វាក់ បើយើង​​ភ្លេច ឬ ច្រឡំ ក៏គេចាត់​ទុកថា​ចាញ់មួយដែរ៕(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២