www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

ដំណាំត្រប់

I. ស្ថានភាពទូទៅ
       

 ត្រប់ជាដំណាំមួយដែលប្រជាជននៅលើពិភពលោកតែងតែបានស្គាល់និង ប្រើប្រាស់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុត ចាប់តាំង​ពីដើមសតវត្សទី១៦មកម្ល៉េះ។ នៅឆ្នាំ១៧៥៣ ក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន បានកំណត់ប្រភេទ រុក្ខជាតិនេះនៅក្នុងក្រុមគ្រួសារ សូឡាណាសេ (Solanacear) លំដាប់ សូឡានូម Solanum។ ហើយមានឈ្មោះ​វិទ្យាសាស្ដ្រ​ហៅថាSolanum melonggnaL. ប៉ុន្ដែវាក៏​មានឈ្មោះ​ផ្សេងៗ​ទៀតជា​ច្រើនដូចជា នៅឆ្នាំ១៧៧៥ អ្នកប្រាជ្ញ​ឈ្មោះ Forsskal បានអោយឈ្មោះ Solanum cagulans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញ​ឈ្មោះDun Dunal បានអោយ​ឈ្មោះ​ថាSolanum pressum។   នៅក្នុងប្រភេទ ដំណាំត្រប់មានច្រើន ប្រភេទដូចជាៈ
        - ត្រប់ពុតញងៈ ឈ្មោះវិទ្យាសាស្ដ្រហោថា Solanum torvum Swarte ឈ្មោះធម្មតាហោថា Bitter egg plant ។
        - ត្រប់ស្រួយ ត្រប់ខារ ឬត្រប់ពងមាន់ៈ ឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum macrocarpon ឈ្មោះធម្មតាអាចហៅថា​Bitter egg plant បានដែរ។
        - ត្រប់ក្រាំងរមាស ឬត្រប់សណ្ដាយៈ មានឈ្មោះវិទ្យាសាស្ដ្រហៅថា Solanum melongena មានឈ្មោះ​ធម្មតា​ហៅថា Egg plant ឬ ត្រប់ សណ្ដាយ និងត្រប់ក្រាំងរមាសដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះឬបៃតង។ ជាទូទៅគេ​ពិនិត្យ​ឃើញ​មាន​ចំនួន ២២ ប្រភេទ​នៃក្រុម Solanumនៅក្នុងប្រទេសឥណ្ឌា ។
        តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា នៅប្រទេសចិន ឥណ្ឌា និងទ្វីបអាហ្វ្រិក។ ប៉ុន្ដែក្រោយ​មក​រីករាយ​ដាលដល់ទ្វីបអាមេរិក និងពេញពិភពលោក ជាពិសេសតំបន់សីតុណ្ហភាពក្ដៅ។ នៅប្រទេស​កម្ពុជា​យើង ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញ ដែល​ប្រជាជន​គ្រប់គ្នា​​​តែងតែ​បរិភោគ​ជាបន្លែ​ក្នុង​ជីវភាពប្រចាំថ្ងៃ។ គេដាំដុះវាជា​លក្ខណៈចំការ​ធំៗតាម​បណ្ដោយ​ទន្លេមេគង្គ​និងតំបន់ផ្សេង​ៗ​ទៀតជា ​ច្រើនតែ​ដាំជាលក្ខណៈសួនបន្លែចំរុះ ។
II. លក្ខខណ្ឌដី និងអាកាសធាតុ 
        ១- លក្ខខណ្ឌអាកាសធាតុ
           ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើប្រែប្រួលពី អាកាសធាតុជាពិសេសនៅពេលសីតុណ្ហភាព​ត្រជាក់ សំណើម​បរិយាកាស ខ្ពស់វាធ្វើ អោយ​ឥទ្ធិពលនៃការបន្ដពូជ ប្រដាប់បន្ដពូជញី​មិនទទួល​យកលំអងផ្កា​ឈ្មោល​ក្នុង​ពេលវេលា​ដែល​បង្កកំណើត ប៉ុន្ដែសីតុណ្ហភាព​ត្រជាក់​មធ្យម​ហើយ​រយៈពេល​វែង​ក្នុង​រដូវ​ដាំដុះ​ធ្វើឱ្យ ត្រប់ទទួលបានជោគជ័យ លើការងារ​កសិកម្ម ។ ចំពោះប្រភេទ​ពូជដែលមាន​អាយុកាល​លូតលាស់​វែងអាចមាន​កំរិត​ធន់ទ្រាំ និងបន្សាំបានល្អ​ក្នុងលក្ខខណ្ឌ​អាកាសធាតុ​ប្រែប្រួលខ្លាំង។ នៅពេលយប់ត្រជាក់ហើយពេលថ្ងៃក្ដៅរយៈពេលខ្លី (ថ្ងៃខ្លី) ធ្វើអោយ​ត្រប់​បាត់បង់​ទិន្នផល​​ច្រើន។ ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥oC ធ្វើអោយការដុះ​លូតលាស់និង​ទិន្នផល​ខ្ពស់ជា​ទីបំផុត​គឺ​ដុះ​លូតលាស់​​លឿន​ ផ្កាចេញ​ស្រុះគ្នា​ល្អកំរិតបន្ដពូជ និងការធំធាត់របស់ផ្លែបានល្អ។ នៅពេល​សីតុណ្ហភាព​ឡើង​ខ្ពស់ពី៣០-៣៣ oC និងមាន​ ខ្យល់បក់ខ្លាំងក្នុងអំឡុងពេល ត្រប់ចេញផ្កា វាធ្វើអោយមាន​ឥទ្ធិពល​អាក្រក់​ដល់ផ្ការីក ហើយលទ្ធផល​ទិន្នន័យ​ថយចុះក៏កាន់តែខ្លាំង ។ គ្រាប់ពូជដុះពន្លកបានល្អជាមធ្យម គឺ២៥ ។
        ២- អំពីលក្ខខណ្ឌដី
           ត្រប់គឺជាប្រភេទដំណាំមួយដែលអាច ដុះលូតលាស់បានលើផ្ទៃដីស្ទើគ្រប់ ប្រភេទដូចជាប្រភេទដីខ្សាច់ស្រាល ខ្សាច់មធ្យម ខ្សាច់ធ្ងន់ ដីឥដ្ឋ​ខ្សោយ ឥដ្ឋមធ្យម និងដីឥដ្ឋ​។ ប្រភេទដីដែល​សមស្រប​សំរាប់​ដំណាំ​នេះ​គឺដីឥដ្ឋល្បាយ​និង ដីល្បាយ ខ្សាច់ធ្វើ​អោយ​ត្រប់​ទទួល​បានទិន្នផលខ្ពស់។ ប៉ុន្ដែដីសំរាប់​ដាំ​ត្រប់​គួរតែ​ស្រទាប់​ដាំដុះជ្រៅ និង pH ចាប់ពី៥,៥-៦,០​ទើប​ទទួល​​បានល្អ​ប្រសើ​រជាង​ដីដែលមាន​ស្រទាប់​ដាំដុះរាក់ pH ទាបជាង៥ឬខ្ពស់ជាង៨ វាតែងតែ​ធ្វើអោយ​ត្រប់​ជួបប្រទះ​នូវ​ បញ្ហាជំងឺកង្វះសារធាតុចិញ្ចឹមច្រើនលើផ្លែ ។
III. បច្ចេកទេសដាំដុះ 
        ១- ការជ្រើសរើសពូជ និងសំរិតសំរាំងកូន

   - ការជ្រើសរើសពូជៈ ដំណាំត្រប់ក៏ដូចជាដំណាំឯទៀតដែរ ការជ្រើសរើសត្រូវយកមកសំអាតជាមុន បន្ទាប់មក​យក​ទៅដាក់ហាលថ្ងៃ។ពូជមាន​សារៈសំខាន់​​បំផុត​​គឺ​សំដៅ ការលូ​ត​លាស់ និង អោយផលខ្ពស់។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ដែល​ហៅថា ពូជក្នុង​ស្រុកមាន​អាយុកាលលូតលាស់ សមស្រប​នឹងតំបន់ដាំដុះព្រមទាំងពេញនិយមប្រើប្រាស់ ។ គ្រាប់ពូជមានសុខភាពល្អភាពសុទ្ធការកំណត់ប្រើជាក់លាក់។
   - ការសាបកូន និងថែទាំកូនត្រប់ៈ គ្រាប់ត្រប់តូចល្អិតសំប៉ែត សំបករឹងហើយក្រាស់ ជាទូទៅចំនួន ២៥០គ្រាប់អោយទំងន់១ ក្រាម។ ដើម្បីដាំលើផ្ទៃ ដី១ហ.តគេត្រូវប្រើគ្រាប់ពូជចំនួន ៣៧៥-៥០០ក្រាម។ មុននឹងសាបគ្រាប់ពូជ​រយៈពេល ១-២ ម៉ោង​ក្រោយមក​ទៀត​យក​ទៅត្រាំទឹកក្ដៅឧណ្ហៗ រយៈពេល១៥-២០នាទីទើប ត្រាំទឹកត្រជាក់ធម្មតា មួយយប់ក្រោយ​មកយក​ទៅ​ផ្អាប់ពីរយប់ នៅពេលគ្រាប់​ត្រប់ដុះពន្លកសៗ​ដំបូង​អាចយក​ទៅសាបឬ​ដាក់​ក្នុងកន្ទោងក៏បាន។ របៀបសាប ឬ បណ្ដុះត្រប់មានច្រើនវិធីដូចខាងក្រោមនេះ ៖
        វីធីសាប និងថ្នាលធម្មតាៈ ដំបូងត្រូវរកទីតាំងថ្នាលសាបគឺស្រឡះ ដីទួល ស្រស់ទឹក មានជីជាតិល្អ បន្ទាប់មក​ត្រូវ​​កាប់​ហាលដីអោយ​ស្ងួត​ទើបលើរងអោយបានត្រឹមត្រូវ ដីលើរងគឺអោយម៉ដ្ឋល្មមកៀរអោយស្មើ (គួរធ្វើដំបូល​ប្រក់​ពេលមេឃភ្លៀង) ទើបយកជីប្រភេទ ស៊ុបពែផូស្វាត មកបាចពីលោកចំនួន ១៥០ក្រាម សម្រាប់ផ្ទៃថ្នាល ១០ម២ ឬជី ១៥.១៥.១៥ ចំនួន ២០០ក្រាម បន្ទាប់មករាស់លុបជីទាំងនោះអោយកប់ជ្រៅទៅក្នុងដី។ ការសាបគ្រាប់​ពូជ​ត្រូវ​រោយ​កំទេចចំបើងចិញ្ច្រាំខ្លីៗ​ពីលើ​តាម​ក្រោយ ដើម្បីការពារសំណើមដី បន្ទាប់មកស្រោចទឹក អោយជោគហើយ​ស្រោច​សូលុយស្យុង​ថ្នាំផ្សិត​ដូចជា Mancozeb ការពារជំងឺរលួយកូន ឈ្មោះDamping off នៅពេលវាដុះថ្មីៗ។ ការស្រោចទឹក​ដកស្មៅនិង​ជីបំប៉ន​ត្រូវ​ធ្វើឡើងជាប្រចាំ ដើម្បីអោយកូនដំណាំលូតលាស់ល្អ ក្រោយពីសាបរយៈពេល ៣-៤អាទិត្យអាចដកយក ទៅដាំបាន ។
        ការសាបនឹងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំងឬកេសដែលមានទទឹង០,៥ម បណ្ដោយ១ម ជំរៅ៥សម បាតកេស​ត្រូវមានរន្ធតូចៗ យកដីខ្សាច់ម៉ដ្ឋដុតសំលាប់ មេរោគជាមុនហើយទុកអោយត្រជាក់ ទើបចាក់ចូល ក្នុងកេសអោយ​ពេញ​ស្រោច ទឹកអោយ​ជោគ​បន្ទាប់មក​យកគ្រាប់​ដែលដុះពន្លកសៗ ទៅសាបតាមចង្អូរជំរៅ ១សម ចន្លោះចង្អូរ៥សម ក្រោយសាប​ហើយត្រូវលប់ដីខ្សាច់នោះពីលើអោយជិត គ្របចំបើង ស្ងួតពីលើហើយស្រោចទឹកអោយជោគព្រឹក ល្ងាច រយៈពេល ២-៣ថ្ងៃ អាចបកចំបើងនោះចេញ គឺពេលត្រប់ដុះទូលដីខ្សាច់ចេញមក។ ក្រោយពីវាដុះមាន សន្លឹកកំណើតដំបូង មានអាយុ ៧-១០ថ្ងៃ អាចដកកូនពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ដិ និងអង្កាម ។

   ការថែទាំស្រោចទឹកស្រោចជីអាចធ្វើឡើងដូចគ្នានឹងការសាបថ្នាលធម្មតាដែរតែការសាបរបៀបនេះ បើគ្រាប់ពូជចំនួនតិច​អាច​ដាំ​បាន​ផ្ទៃដីធំ ហើយកូ​នត្រប់ឆាប់បានយកទៅដាំ គឺរយៈពេលតែបីអាទិត្យប៉ុណ្ណោះ ។
        ២- រដូវកាលដាំដុះ
        ត្រប់ជាប្រភេទដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំដោយមិនប្រកាន់រដូវ ក៏ប៉ុន្ដែនៅពេលសីតុណ្ហភាពឡើងខ្ពស់ ធ្វើអោយត្រប់ បន្ថយការចេញផ្កា ឬពេល សំណើមដីមិនគ្រប់គ្រាន់ធ្វើអោយត្រប់ផ្លែមិនបានវែងហើយមានរស់ជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺរដូវប្រាំង និងរដូវវស្សា។ នៅតំបន់ទំនាបទន្លេមេគង្គ និងជុំវិញ​ទន្លេសាប​ការដាំដុះចាប់ផ្ដើមពីរដូវទឹកសំរកនៅខែតុលា វិច្ឆិកា ដល់ខែកក្កដា និងសីហា​នៅ​តំបន់​ខ្ពង់រាប និងភ្នំ គឺពីខែឧសភា​ដល់ ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្រពដោយទឹកភ្លៀង។
        ៣- ការរៀបចំដី
        ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់ ។​ការភ្ជួរអោយជ្រៅរាស់​បំបែក​ដី​អោយ​ម៉ដ្ឋ​និង​ច្រើន​លើកគឺ រឹតតែធ្វើ​អោយ​ដីធូរ​មានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសំរួល​ដល់​ការដុះ​លូតលាស់​នូវប្រព័ន្ធឬសជ្រាបទឹកបានរហ័ស សំរួលអោយការ​ស្រូបយកជី​ជាតិបានល្អ។ ការរៀបចំដី​អាចធ្វើ​ឡើង​ទៅ​តាម​របៀប​ផ្សេងៗគ្នា ដូចជាកាប់នឹង ចប ភ្ជួរនង្គ័ល គោយន្ដ ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំ​ផ្ទៃដី ។ ដំបូង​ត្រូវ​រាស់​ប្រមូល​នូវស្មៅ កាកសំណល់ដំណាំចាស់ ដុត ឬ យកចេញពីចំការបន្ទាប់មកភ្ជួរហាលដីរយៈពេល ៥-៧ថ្ងៃ អោយស្មៅ​ងាប់និង​ផ្ដាច់​​ជីវិត​​ពពួក​សត្វល្អិត ចង្រៃផ្សេងៗ នៅក្នុងដី​ក្រោយមកទើបរាស់បំបែកដីអោយម៉ដ្ឋ និងកៀរអោយស្មើ។ ដើម្បីលើក​រង​ដាំបានត្រូវភ្ជួររាស់ដីអោយបាន ៣-៤លើក។ ការដាំតាម​របៀប​កសិករ​គេមិនលើករងឡើយ តែដើម្បី​អោយ​ងាយ​ស្រួល​ស្រោចគេលើករង។ ការលើករងមានសារៈសំខាន់បំផុត ដូចជានៅរដូវវស្សា ការលើករងអោយមានកំពស់ ខ្ពស់ធ្វើអោយទឹកហូរចេញពីចំការបានរហ័ស។ នៅរដូវ ប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាលសំរាប់ដាំត្រប់គឺមានទទឹង ១០០សម កំពស់ ២០-២៥សម បណ្ដោយតាមលទ្ធភាព ឬសភាព របស់ដី។

     ៤- ររបៀបដាំដុះ
        បន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្ដៅតាមបណ្ដោយរង ឬ ថ្នាលដាំមួយជួរគឺចន្លោះជួរ ១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ព មួយ ដើម។ ជំរៅរណ្ដៅដែលកាប់គឺ ៨-១០សម ក្នុងរកណីកូនត្រប់សាបលើថ្នាល ផ្ទាល់គេត្រូវ​ស្រោច​ទឹក​កូនត្រប់អោយជោគរយៈពេល២០-៣០នាទីមុន​ដក​ដើម្បី​ បន្ធូនូវ ការដាច់ឬស ។ កូនត្រប់ត្រូវ​ដក​ពី​ពេល​ព្រឹក បន្ទាប់មកយកវាទៅដាក់ ក្នុងឧបករណ៍ ដូចជា កញ្ជើ ល្អី កញ្ឆេ ។ល។ ហើយ​ស្រោចទឹក​អោយ​ជោគ​រក្សា​ទុក​នៅ​ក្រោមម្លប់ ធ្វើអោយកូនត្រប់មានសភាពរឹងមាំធន់កំដៅថ្ងៃក្រោយមកទើបយកទៅដាំនៅពេលរសៀល ចាប់ពីម៉ោង​២​​រហូត​ដល់ ពេលល្ងាច​ត្រជាក់ក្រោយពីដាំភ្លាមត្រូវស្រោចទឹក អោយជោគតាមរណ្ដៅនីមួយៗ ។ 

     ៥- ការស្រោចស្រព
        ទឹកជាកត្ដាសំខាន់សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើអោយជីជាតិទាំង ឡាយនៅក្នុង​ដីរ​លាយ​ហើយ​អាច​អោយដំណាំស្រូប​យក​បាន​ទៅ​ចិញ្ចឹម​សរីរាង្គ។ ត្រប់ជាប្រភេទ​ដំណាំមួយ​ដែល​ត្រូវការ​ទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែ​ស្រោច​ទឹកជាបន្ទាន់ ហើយបន្ដ​ស្រោចជា​ធម្មតា​មួយថ្ងៃ ១-២លើកព្រឹក-ល្ងាច ប៉ុន្ដែនៅពេលត្រប់ចាប់ផ្ដើមចេញផ្ការហូតដល់ពេលប្រមូលផលវា​ត្រូវការ​ទឹក​​ ច្រើន​ជាង​ពេលដាំ ។​ក្នុងដំណាក់កាល​នេះ​គេអាចបញ្ចូល​ដោយ​ម៉ាស៊ីនទៅ​តាមចន្លោះរង​ក៏បាន​ហើយបាញ់ ​អោយជោគ​ក៏បានធ្វើយ៉ាងណា អោយដីមាន​សំណើម​កាន់តែ​ខ្លាំង​ក្នុងដំណាក់​កាល​នេះ​ជាពិសេសនៅរដូវប្រាំង។

    ៦- ការប្រើប្រាស់ជី
ត្រប់ត្រូវការសារធាតុចិញ្ចឹមមុខ គឺ វាត្រូវការដីដែលមានជីជាតិច្រើន ដែលជាសមាសធាតុសំរាប់ផ្ដល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់ ។ ជី ធម្មជាតិដូចជាកំប៉ុស្ដផ្សំ លាមកសត្វគ្រប់ប្រភេទជីស្រស់ ឬជីបៃតងសុទ្ធសឹងជាសមាសធាតុ ដែលបណ្ដោលអោយលូតលាស់ លឿន និងទិន្នផលខ្ពស់។ ជីអាចម៌មាន់គេប្រើកំរិតពី ៨-១០តោន/ហត ជីលាមកគោ ក្របីចំនួនពី ១៥-២០តោន/ហត ជាពិសេសគឺដាក់នៅ ពេលដាំដែលហៅថាជីទ្រាប់បាត។ ដំណាំនេះត្រូវការសារធាតុសំខាន់ៗ ដូចជា N, P, K, Ca, S, Fe និងB ។ កាលណាកង្វះសារធាតុទាំងនេះអាចលេចចេញនូវសញ្ញាដូចតទៅ
        - កង្វះធាតុអាសូត(N) ធ្វើអោយដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក ។
        - កង្វះធាតុផូស្វ័រ (P) ស្លឹកប្រផេះស្រអាប់ហើយធ្វើអោយស្លឹកឆាប់  ប្រែពណ៌ទៅជាលឿងទុំជ្រុលមុនអាយុដើមមែកទន់មិនរឹងមាំ ។
        - កង្វះធាតុប៉ូតាស្យូម (K) និងដែកFe: ធ្វើអោយពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រម​ទាំង​លូតលាស់​មិន ពេញ​លេញ​ឆាប់ទទួលរង ជំងឺផ្សេងៗ ពិសេសជំងឺផ្សិតលើស្លឹក ។
        ដំណាំនេះគេប្រើជីមានច្រើនដំណាក់កាលដូចជា៖មុនពេលដាំ (ទ្រាប់បាត) ប្រើជី ១៥,១៥,១៥ ចំនួន ២០០គក្រ/ហត ក្រោយដាំ រយៈពេល ៧-១០ថ្ងៃ ប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥គក្រ/ហតដោយលាយទឹកស្រោច ឬដាក់ក្បែរគុម្ព ហើយ​ស្រោច​ទឹកក៏បាន ។ រយៈពេល​បីអាទិត្យ​ក្រោយដាំ​គេដាក់​ជីបំប៉នប្រភេទ ១៥,១៥,១៥ ចំនួន ២០០គក្រ/ហត​ដោយដាក់​តាម​ចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចទឹកអោយជោគ។ លើកចុងក្រោយ​គឺដាក់ជី​ប្រភេទ​អ៊ុយរ៉េ​ចំនួន ៨៤គក្រ លាយជាមួយ ជីផូស្វាត (P2O520%) ចំនួន១០០គក្រដើម្បីដាក់លើកផ្ទៃដី ១ហតនៅពេលត្រប់ ចាប់ផ្ដើម ប្រមូល​ផល​លើកទីមួយ​មាន​រយៈពេល ៦៥-៧០ថ្ងៃ ក្រោយដាំ ។

        ៧- ការកំចាត់ស្មៅ
        ការកំចាត់ស្មៅ គឺគេចាប់ផ្ដើមអនុវត្ដតាំងពីចាប់ផ្ដើមភ្ជួរដីមកដោយរាស់ ប្រមូលដុតចោលទើបភ្ជួរដី ។ ការដាំដុះ​លក្ខណៈ​ទីផ្សារធំៗ​មុន​រាស់​យកស្មៅចេញ គេប្រើថ្នាំសំលាប់ស្មៅឈ្មោះGlyphosate ឬ Glycine ៤៨ ១ហតផ្ទៃដីប្រើ ២,៥លីត្រ ។ វិធីប្រើគឺកំរិត ៦៩-៧០ CC លាយទឹក ២០លីត្រ បាញ់លើផ្ទៃដី២០០ម២ ក្រោយ ពីបាញ់រយៈពេល៧ថ្ងៃ ទើបចាប់​​ផ្ដើម​រា​ស់​ប្រមូលផលយកស្មៅចេញហើយភ្ជួរ ហាលដី។វិធីសាស្រ្តធ្វើដោយ​ចបគឺ​ក្រោយដាំ២អាទិត្យ​គេ​ត្រូវ​ជ្រំ​ជ្រោយ ដីឱ្យផុស ល្អហាលដី២ ថ្ងៃទើបពូនរងឡើងវិញ ដើម្បីអោយស្មៅចង្រៃងាប់។ លើកទី២ គេអាចជំរះ​​យ​ក​ស្មៅចេញ​តែមិន​ជ្រំជ្រោយដីឡើយ ។
        IV. អំពីជំងឺ និងវិធានការការពារ
        ត្រប់ជាប្រភេទដំណាំមួយដែលទទួលរង ការបំផ្លាញពីជំងឺផ្សិតតូច ដើម ស្លឹក ឬស និងផ្លែ ។
        ជំងឺរ​លួយ​គល់កូនត្រប់ៈ ឈ្មោះ (Damping off Pythium SPP. Rhizontonia Spp) តាមធម្មតាជំងឺផ្សិតតែងតែកើត​ឡើង​ដោយ​លក្ខខណ្ឌ អាកាសធាតុនិងបណ្ដាលមកពីកត្ដាសំណើមនៃដី។ប្រភេទជំងឺរលួយគល់កូនត្រប់ឈ្មោះ DamPing off នេះគឺបំំផ្លាញ កូនត្រប់ទើប​នឹងដុះរហូត​ដល់កូន​ត្រប់មាន សន្លឹកពិតលក្ខណៈ ពិសេសរបស់វាគឺ បណ្ដាលមក​ពីដី​ដែល​មានមេរោគ ។
        វិធានការការពារ
        ត្រូវបាចកំបោរសចំនួន ២៥០-៣៥០គក្រ/ហត ហើយភ្ជួរលុបរយៈពេលពីរ​សប្ដាហ៍ ទើបរៀបចំដី​ដាំបាញ់​ថ្នាំផ្សិត​ដូចជា Mancozeb Manev ឫ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និង ផ្លែ ។
        V. អំពីសត្វល្អិត
        សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានពីរក្រុមធំៗ ក្រុមចោះ និងស៊ីបំផ្លាញព្រមទាំងក្រុមជញ្ជក់យករុក្ខរស ។ ក្រុមស៊ីបំផ្លាញ ៖ ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជាៈ ដង្កូវស៊ីរូងផ្លែ និងដើម ឈ្មោះEgg Plant Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្ដ្រនៅក្នុងគ្រួសារ Leucinodes Orbonalis Lepidoptera lMdab; Pyraliden លក្ខណៈនៃ​ការ​បំផ្លាញមេអំបៅតែងពងដាក់ស្លឹកខាងក្រោមរាយៗ ជាក្រុមខ្លះទៀតពងដាក់លើផ្កា និង ដើមក្រោយ​មក​ពងវាញាស់​ហើយ​ចោះ​​ចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយ ឬ ក្ដឹបខ្ចីធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោន ផ្លែត្រប់ស្អុយមិនអាច​លូតលាស់បាន ជាពិសេស​វាបង្កកំណើតនៅលើគ្រប់ដំណាំអំបូរ សូឡាណាសេ ធ្វើអោយវាមានលទ្ធភាពពង្រីក ប្រជាករ​បាន​យ៉ាង​លឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ។​ដើម្បីការពារ​​ទៅនឹង​ កត្ដាចង្រៃ បែបនេះគេត្រូវអនុវត្ដតាមវិធីសាស្ដ្រច្រើន យ៉ាងដូចជា ជ្រើសរើសពូជធន់ទ្រាំល្អ រៀបចំដីឱ្យត្រឹមត្រូវ ផ្លាស់ប្ដូរមុខដំណាំ ជ្រើសរើស​រដូវដាំអោយមានចន្លោះជួរនិងគុម្ពអោយបានត្រឹមត្រូវកាត់រំលោះស្លឹក ចោលខ្លះសំអាតស្មៅក្នុងចំការព្រមទាំងវិធានការគីមីរួមផ្សំពេលសត្វល្អិតទើបនឹងកើត ។
        VI. ការប្រមូលផល
        ត្រប់អាចប្រមូលផលបានក្រោយពី ដាំរយៈពេលខុសៗគ្នាទៅតាម​ប្រភេទ របស់ត្រប់ និងប្រភេទរបស់ពូជ។
        - ប្រភេទត្រប់ផ្លែខ្ចីដូចជាត្រប់ពងមាន់ ត្រប់ក្រាំងរមាសនិងត្រប់សណ្ដាយ
        ផ្លែខ្ចីវាគឺន្លោះពី ៧០-៧៥ថ្ងៃ ហើយការប្រមូលផលអាច ច្រើនលើកអាស្រ័យទៅ​លើការថែទាំ​ជា​ពិសេស​គឺ​ការកាត់​ស្លឹកចាស់ចោល ដាក់ជីបន្ថែម និងស្រោចទឹក។ ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំង រមាសគឺ ១១-១៣តោន/ហត ត្រប់ពងមាន់ចន្លោះពី ៨-១០តោន/ហត រឺឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី ៧-៩តោន/ហត។ 

      ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានឹងត្រប់ខាងលើដែរ អាស្រ័យទៅតាមប្រភេទពូជពូជទំនើប​ចន្លោះពី៦៥-៧៥ថ្ងៃ។ ពូជ​ក្នុង​ស្រុក​ចន្លោះពី៧៥-៨០តោនថ្ងៃ រឺឯទិន្នផលចន្លោះពី ៨-១៣តោន/ហត។ ត្រប់អាច​ប្រមូល​ផល​បា​ន​ច្រើនសារអាស្រ័យ លើការថែទាំ និងការ​កាត់​ស្លឹក​ចាស់ៗ ចោលនៅពេលវាបន្ថយផ្កា។ ដើម្បីអោយ​ផ្លែ​ត្រប់រក្សាបាននូវសោភ័ណភាពល្អ និងគុណភាព គេតែធ្វើ​ការប្រមូលផ​ល​ពេលព្រឹក​ព្រលឹម​ល្ងាច​ត្រជាក់​ក្រោយពីស្រោ​ច​ទឹក​ ហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹក ជាចំហាយបន្ដិចៗទើបរៀបចំទុក ដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។ អត្ថបទដកស្រង់របស់ក្រសួងកសិកម្ម 
01,Feb,2012 / 08:34AM
      

0 មតិ:

Post a Comment