ច្រណែនគឺជាអារម្មណ៍របស់បុគ្គលម្នាក់ៗ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ។ ភាពច្រណែននេះអាចសម្គាល់តាមរយៈទឹកមុខ កាយវិការ និងពាក្យសម្តី ។
លោកវេជ្ជបណ្ឌិតយឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រា៉យ បានមានប្រសាសន៍ប្រាប់កោះសន្តិភាពឱ្យដឹងថា ភាពច្រណែនកើតមានច្រើនចំពោះកុមារដែលមិនទាន់ពេញវ័យ ។ សម្រាប់មនុស្សចាស់ មនុស្សវ័យចំណាស់ និងវ័យជំទង់ក៏មានភាពច្រណែននេះដែរ ។
១.ភាពច្រណែនរបស់កុមារ៖ ជាទូទៅកត្តាចិត្តសាស្ត្ររបស់កុមារមិនទាន់បានលូតលាស់ពេញលេញ មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដូចជាមនុស្សពេញវ័យទេ ។ ការបញ្ចេញអារម្មណ៍នៃភាពច្រណែនរបស់គេ គឺអាចឱ្យអ្នកដែលនៅជុំវិញខ្លួនមើលដឹង ។ អារម្មណ៍ដែលកុមារបញ្ចេញមកខាងក្រៅ ស្តែងឱ្យកុមារ និងក្មេងៗដទៃទៀតបានឃើញភ្លាមៗ ដោយសារតែកត្តាចិត្តសាស្ត្រ ឬក៏ការលូតលាស់អារម្មណ៍មិនទាន់ពេញវ័យ ។ ដូចជាករណីនៅក្នុងក្រុមគ្រួសារកូនៗទាំងឡាយនៅពេលដែលឪពុកឬម្តាយទិញរបស់របរចែកឱ្យមិនស្មើគ្នា មានក្មេងខ្លះសម្តែងចេញនូវឥរិយាបទមិនល្អ ដូចជាទឹកមុខមិនសមរម្យ អ្នកខ្លះមិនទទួលទានអាហារដោយសារភាពច្រណែន នឹងឪពុកម្តាយ ដែលផ្តល់សម្ភារមិនស្មើគ្នា ។ នេះគឺជាប្រតិកម្មធម្មតារបស់កុមារ ដែលស្តែងឱ្យឃើញនៅក្នុងក្រុមគ្រួសារ ដោយសារតែកុមារមិនទាន់ចម្រើនវ័យបានល្អដូចជាមនុស្សពេញវ័យ ។ ដូច្នេះគ្រាន់តែភាពច្រណែនធម្មតាយើងមិនអាចនិយាយថា វាជាបញ្ហាផ្លូវចិត្ត ឬក៏មានជំងឺផ្លូវចិត្តនោះទេ យើងអាចនិយាយថា ប្រតិកម្មកុមារទៅនឹងសេចក្តីត្រូវការរបស់គេ ។
២. ភាពច្រណែនមនុស្សពេញវ័យ ៖ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ ។ ភាពច្រណែនគឺមានទៅតាមចិត្តរបស់បុគ្គលនីមួយៗដែរ ។ ភាពច្រណែននេះមិនមែនជាជំងឺនោះទេ វាគឺជាអារម្មណ៍ ប៉ុន្តែភាពច្រណែននេះវាអាស្រ័យទៅលើបុគ្គលនីមួយៗ ។ ហើយអ្នកខ្លះក៏មានភាពច្រណែនដែរ ប៉ុន្តែដោយសារគេពេញវ័យ ចរិតលក្ខណៈលូតលាស់តាមប្រក្រតីបានគ្រប់គ្រាន់ ភាពច្រណែននេះមិនបានបង្ហាញឱ្យឃើញច្បាស់មកខាងក្រៅនោះទេ ។ ជួនកាលបុគ្គលប្រភេទនេះបានបញ្ជាក់តាមទឹកមុខខ្លះៗ ដែរហើយបើអ្នកនៅជុំវិញមិនបានសង្កេតមិនបានសួរនាំ ឬតាមដានឱ្យបានត្រឹមត្រូវ នោះមិនអាចដឹងថា បុគ្គលនេះកំពុងតែមានអារម្មណ៍ច្រណែននោះទេ ។ អារម្មណ៍របស់មនុស្សធម្មតា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ខ្លួន ។ ភាពច្រណែនរបស់មនុស្សពេញវ័យមិនសូវបង្ហាញអាកប្បករិយា ឬក៏មិនសូវសម្តែងនូវទឹកមុខ ឬក៏ពាក្យសម្តីឱ្យឃើញជាក់ស្តែងដូចកាលពីកុមារនោះទេ ។
ភាពច្រណែនខ្លះគឺស្តែងឱ្យឃើញតាមរយៈការបញ្ចេញអាកប្បករិយាមិនល្អ អាចឈានទៅដល់ការមានអារម្មណ៍ឆេវឆាវ មួម៉ៅ ខឹង គេងមិនលក់ ទទួលទានមិនបានជាដើម ។ មិនត្រឹមតែភាពច្រណែននោះទេ វានឹងអាចឈានទៅដល់បញ្ហាផ្សេងៗទៀត ដូចជាធ្វើឱ្យបុគ្គលដែលច្រណែននេះដកខ្លួនចេញពីក្រុមគ្រួសារ មិនចង់ទំនាក់ទំនងជាមួយក្រុមគ្រួសារ អាចទៅជួបមិត្តភក្តិផ្សេងៗទៀតអាចឈានទៅដល់តូចចិត្ត អ្នកខ្លះឈានទៅដល់ការសេពគ្រឿងញៀនឬគ្រឿងស្រវឹងផងដែរ ។ វាអាចកើតមានជំងឺធ្លាក់ទឹកចិត្ត ដែលកើតឡើងដោយភាពច្រណែនចំពោះឪពុកម្តាយស្រឡាញ់កូនមិនស្មើ ។ យើងមិនអាចនិយាយថា បុគ្គលដែលច្រណែនមានបញ្ហាផ្លូវចិត្តទាំងអស់នោះទេ ។ មានបុគ្គលខ្លះតូចចិត្តរហូតដល់អស់សង្ឃឹមស្តីបន្ទោសខ្លួនឯង ក៏អាចគិតទៅរកសេចក្តីស្លាប់បានដែរ ។ ភាពច្រណែនខ្លះក៏អាចឈានទៅបញ្ហាផ្លូវចិត្ត ។ ជំងឺផ្លូវចិត្តភាគច្រើនសង្កេតឃើញថា បណ្តាលមកពីការធ្លាក់ទឹកចិត្តដោយច្រណែន ដោយអន់ចិត្ត និងខកចិត្ត ។ ជួនកាលបុគ្គលម្នាក់មានគំនិតច្រណែនដែរ តែដោយសារបុគ្គលប្រភេទនេះមានគំនិតគិតវែងឆ្ងាយ ដោយសារកត្តាចិត្តសាស្ត្រចម្រើនពេញវ័យ និងដោយចេះពិចារណាចេះបែងចែកបានត្រឹមត្រូវ ភាពច្រណែនមិនរីកលូតលាស់ ហើយមិនបង្កឱ្យកើតមានបញ្ហាផ្លូវចិត្តទេ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ភាពច្រណែនខ្លះកើតមានការឈ្នានីស ដែលឈានទៅដល់បញ្ហាផ្លូវចិត្ត គឺបណ្តាលឱ្យកើតមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា៖
-ប៉ះពាល់ទៅដល់បុគ្គលខ្លួនឯង ៖ អាចកើតមានជំងឺផ្លូវចិត្តធ្វើឱ្យក្តៅក្រហាយទទួលទានអាហារមិនបានគេងមិនលក់ កើតចំពោះបុគ្គលដែលកំពុងរៀនសូត្រ កំពុងតែធ្វើការងារ បែរជាលែងចង់ធ្វើការងារ ឬក៏លែងចង់សិក្សា ជាហេតុដែលបណ្តាលឱ្យបុគ្គលប្រភេទនេះកើតទៅជាអស់សង្ឃឹម តូចចិត្ត អាចបង្កឱ្យបាត់បង់ការងារ ដែលធ្វើឱ្យសេដ្ឋកិច្ចគ្រួសារថយចុះ បាត់បង់ចំណូល ។ ភាពច្រណែនធ្វើឱ្យសម្តី ឬអាកប្បករិយាបុគ្គលប្រភេទនេះមិនបានល្អ និយាយគ្មានសីលធម៌ ទៅលើមនុស្សដែលគេច្រណែន ។
-ប៉ះពាល់ទៅដល់ក្រុមគ្រួសារ ៈ ភាពច្រណែននេះបើជារូបភាពតូចតាច ជួនកាលការទំនាក់ទំនងនៅក្នុងក្រុមគ្រួសារក៏មិនសូវល្អដែរ ។ តែបើច្រណែនជារូបភាពធំ ដោយសារតែការបែងចែកទ្រព្យសម្បត្តិមិនបានត្រឹមត្រូវ បែងចែកសេចក្តីស្រឡាញ់មិនស្មើគ្នា វាឈានទៅដល់ការប្រើប្រាស់អំពើហិង្សាឃាតកម្មផ្សេងៗទៀតជាដើម ។
-ប៉ះពាល់ទៅដល់សង្គម ៖ បើសិនជាមានបញ្ហាហិង្សា ឬក៏មនុស្សឃាត ដែលប៉ះពាល់ទៅដល់ក្រុមគ្រួសារ និងសង្គម ធ្វើឱ្យសង្គមមើលទៅហាក់បីដូចជាអាប់អួ បង្កឱ្យមានភាពរញ៉េរញ៉ៃ គ្មានសីលធម៌ ឪពុកសម្លាប់កូន កូនសម្លាប់ឪពុក សម្លាប់ជីដូនជីតា មាមីង បងប្អូន នេះជារូបភាពមួយដែលធ្វើឱ្យប៉ះពាល់ទៅដល់សង្គម ។
ប្រសិនបើមានលក្ខណៈបែបនេះកើតឡើងដោយច្រណែននោះវាបានបង្ហាញឱ្យឃើញ តាមរយៈទឹកមុខ ពាក្យសម្តី កាយវិការ ។ កាលណាលោកអ្នកដែលជាឪពុកម្តាយ បងប្អូន មិត្តភក្តិ ឃើញសភាពបែបនេះលោកអ្នកត្រូវពន្យល់ណែនាំផ្តល់ហេតុដល់អ្នកដែលកើតមានភាពច្រណែននេះ ដើម្បីឱ្យគេបានយល់ច្បាស់ ។ បើសិនជាលោកអ្នកមិនអាចជួយបុគ្គលនេះបានទេ លោកអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីផ្តល់ប្រឹក្សា ហើយការពារកុំឱ្យកើតមានបញ្ហាទាំងបុគ្គលខ្លួនឯង គ្រួសារ និងសង្គមផងដែរ ៕ 19.Jan.2012/03:09PM By:D3U
0 មតិ:
Post a Comment