ខេត្តបាត់ដំបង ដែលធ្លាប់ជា មជ្ឈមណ្ឌល វប្បធម៌ដ៏រុងរឿងមួយ ក្នុងសម័យបុរាណ បានបន្សល់ទុកនូវកេរ្តិ៍ដំណែល វប្បធម៌ ដ៏ច្រើន ក្នុងនោះមាន ប្រាសាទ ឯកភ្នំ គួរជាទីមោទនៈ ។ ប្រាសាទឯកភ្នំ មានឈ្មោះមួយទៀតគឺ ប្រាសាទវត្តឯក ។
ប្រាសាទនេះមានចម្ងាយ ប្រមាណជា ១០គ.ម. ខាងជើងនៃទីរួមខេត្ត នៅក្នុងភូមិគម ឃុំពាមឯក ខេត្តបាត់ដំបង ។ បន្ទាប់ពីប្រាសាទបាណន់ ប្រាសាទនេះ ត្រូវគេលើកតម្កើងថា ជាប្រាសាទភ្នំ ដែលប្រកបដោយបុណ្យបារមី ដ៏ឧត្តុង្គឧត្តម ។ បច្ចុប្បន្ននេះប្រាសាទឯកភ្នំ កំពុងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនា ឬមកកំសាន្តលំហែកាយ ។ ប្រាសាទឯកភ្នំ មានកសិណទឹកហ៊ុំព័ទ្ធជុំវិញ បែរមុខទៅទិសខាងកើត ហើយស្ថិតនៅលើគ្រឹះមួយដ៏រឹងមាំ ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដោយមានទីធ្លាមួយមានប្រវែងប្រមាណជា ៣០ម៉ែត្រ ។ ផ្ទាំងសិលាចារឹក ក្នុងប្រាសាទនេះបានឲ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសុរិយាវរ្ម័នទី១ ដែលសោយរាជ្យសម្បត្តិនៅស.តទី១១ នៃគ.ស សំរាប់ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ តួប៉មប្រាសាទឯកភ្នំមានរាង ៤ ជ្រុងស្មើ ធ្វើអំពីថ្មភក់ និងថ្មបាយក្រៀម ស្ថិតនៅលើខឿនមួយ មានកំពស់ប្រមាណជា ៤ម៉ែត្រ ។ ទំនងដោយសារលក្ខណៈបែបនេះហើយ បានជាគេឲ្យឈ្មោះថា ប្រាសាទឯកភ្នំ ។
ដូចប្រាសាទមួយចំនួនក្នុង រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ដែរ ប្រាសាទឯកភ្នំមានថែវព័ទ្ធជុំវិញប្រាង្គប្រាសាទ ពីទិសខាងកើតទៅទិស ខាងលិចប្រវែងប្រមាណជា ២៥ម៉ែត្រ និងពីខាងជើងទៅទិសខាងត្បូង ប្រមាណជា ៤៩ម៉ែត្រ ។ ប្រាសាទរបស់យើងបានទទួលរងគ្រោះយ៉ាងដំណំ ដោយសារភ្លើងសង្គ្រាម ហើយទើបតែត្រូវបានអភិរ័ក្សយ៉ាងត្រឹមត្រូវកន្លងមកនេះ តែពុំទទួលមានការជួសជុលនៅឡើយ ។ ទោះបីមានភាពទ្រុឌទ្រោម ដោយមានគំនរថ្មបែកបាក់ដ៏ច្រើនធ្លាក់នៅលើដី ពាសពេញដេរដាស់ជុំវិញប្រាសាទក្តី
ក៏ប៉ុន្តែប្រាសាទឯកភ្នំ នូវរក្សាបានឧត្តមភាព និងអធិរាជភាព និងសោភ័ណភាពរបស់ខ្លួននៅឡើយ អ្វីមួយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ គ្រប់សញ្ជាតិ ។
ចម្លាក់ហោជាងនិងផ្តែរដ៏ល្អវិចិត្រ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិព្រះអាទិទេពទាំងឡាយ នៃព្រហ្មញ្ញសាសនា ដូចជា រឿងកូរសមុទ្រទឹកដោះជាដើម គឺជាចំណុចពិសេសទាក់ទាញការស្ញើចសរសើរ មិនដាច់មាត់ ពីមហាជនមានទឹកចិត្តសទ្ធាជ្រះថ្លា ។
ជារៀងរាល់ថ្ងៃមានអ្នក ស្រុកភូមិមកធ្វើការបន់ស្រន់ ដោយនាំមកនូវដង្វាយជាធូប ទៀន ផ្កា ឬក៏ថវិកាបន្តិចបន្តួចឲ្យអាចារ្យម្នាក់ នៅប្រាង្គប្រធាននៃបូជនីយដ្ឋាននេះ ដែលគេចាត់ទុកថា ជាកន្លែងពិសិដ្ឋជាងគេបំផុត ៕
25,Jan,2012/10:01AM By:អនុស្សារ៍
0 មតិ:
Post a Comment