ភ្នំពេញ:លោកអ្នកប្រាកដជាធ្លាប់បាដឹងនិងធ្លាប់បានលឺរួចមកហើយថា អ្វីទៅដែលហៅថាពិការភាព? ខាងក្រោមនេះគឺជាប្រវត្តិបុរសមួយរូបដែលប្រើជីវិតរបស់លោកតទល់និងភាពពិការដែលធម្មជាតិកំនត់
ចំពោះរូបលោក :
លោក ជា ហន មានស្រុកកំណើតនៅស្រុកបាណន់ ឃុំស្នឹង (ក្បែរភ្នំសំពៅ) ខេត្តបាត់ដំបង និងរស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន ចំនួន ៥ នាក់ (ឆ្នាំ១៩៩០ ស្លាប់ប្អូនស្រីម្នាក់) ។
លោក ជា ហន បានឲ្យដឹងថា លោកពិការភ្នែកតាំងពីកុមារភាពនៅក្នុងរបប ប៉ុល ពត មកនោះ គឺរូបលោកពុំដែលមានសង្ឃឹមអ្វីទាល់តែសោះក្នុងជីវិតរបស់លោក បច្ចុប្បន្នលោកមានអាយុ៤១ឆ្នាំហើយ។ គាត់បាននិយាយរៀបរាប់ថា លោកពិការភ្នែកទាំងពីរ ចាប់ពីអាយុ ៦ឆ្នាំ ដោយសារតែជំងឺកញ្ជ្រឹល ក្នុងសម័យប៉ុល ពត ពីព្រោះគ្រួសាររបស់លោក ក៏ដូចគ្នានឹងពលរដ្ឋខ្មែរឯទៀតដែរ ត្រូវបានជម្លៀសចេញពីក្រុងភ្នំពេញ និងរស់នៅតាមសហករណ៍។
លោក ជា ហន បញ្ជាក់ថា “សូម្បីក្នុងរង្វង់គ្រួសា រឪពុកម្តាយ ក៏មិនបានចាត់ទុកខ្ញុំ ជាមនុស្សម្នាក់នៅក្នុងក្រុមគ្រួសារទេ។ បានន័យថា គាត់ផាត់ចោលមនុស្សម្នាក់ ហើយសម្ពាធសង្គម ជុំវិញការរស់នៅក៏កាន់តែលំបាក គឺយើងរស់នៅអត់មានសង្ឃឹមអី” ។
លោក ជា ហន បានបន្តថា នៅពេលដែលរូបលោកដឹងក្តីអាយុ ១៨ ឆ្នាំ ខួរក្បាលរបស់លោក បានចេះគិត ហើយលោកមាននិស្ស័យជាអ្នកសិល្បៈចូលចិត្តចម្រៀង និងលេងភ្លេងរបៀបកែច្នៃឧបករណ៍ នៅតាមស្រុកស្រែ ដោយកែច្នៃធ្វើជាចាប៉ី និងឧបករណ៍ភ្លេងឯទៀត។
លោក ជា ហន បន្តថា ដោយលោកមាននិស្ស័យជាអ្នកសិល្បៈ លោកក៏បានសុំអង្វរអ្នកម្តាយ និងឪពុករបស់លោករៀនភ្លេង នៅតាមវង់តន្ត្រីស្រុកស្រែ តែចំពោះឪពុករបស់លោក ហាក់ដូចជា ហាមឃាត់រូបលោក មិនចង់ឲ្យទៅចូលប្រឡូកខាងតន្ត្រីសិល្បៈ និងចម្រៀងឡើយ ពីព្រោះគាត់មិនមានជំនឿលើទេពសល្យរបស់លោក ( ជា ហន ) ក៏ប៉ុន្តែចំពោះម្តាយរបស់លោកវិញ គាត់មានការអាណិតអាសូររូបលោកដែលជាមនុស្សពិការ ទើបអនុញ្ញាតឲ្យលោកមកកាន់ទីរួមខេត្តបាត់ដំបង សែ្វងរកគ្រូរៀនភ្លេងសម័យ និងចម្រៀង សម្រាប់ស្វែងរកមុខរបរចិញ្ចឹមជីវិតខ្លួនឯង។
ចំពោះការធ្វើដំណើរមកកាន់ទីរួមខេត្តស្វែងរកគ្រូបង្រៀននោះ គឺនៅពេលមកដល់ លោកបានស្វែងរកគ្រូជាច្រើននាក់ គេមិនទទួលយករូបលោកជាសិស្សបង្រៀនទេ ដោយគ្រូៗទាំងនោះ និយាយថា មនុស្សល្អជានៅពិបាកបង្រៀន ទម្រាំមនុស្សខ្វាក់ភ្នែក មិនដឹងជាបង្រៀនរបៀបម៉េចចេះទេ។
ប៉ុន្តែនៅទីបំផុត មានលោកគ្រូភ្លេងសម័យម្នាក់ បានយល់ព្រមទទួលរូបលោកមកធ្វើជាសិស្ស គឺគ្រូដំបូងរបស់លោក ឈ្មោះលោកគ្រូ ចៅ ពេជ្រ និងគ្រូបន្ទាប់ គឺលោកគ្រូ ចិត្រា ដែលខ្សោយភ្នែកនោះ ( ភ្នែកស្រវាំង មើលមិនសូវច្បាស់ ) ទើបគាត់យល់ពីទុក្ខលំបាករបស់អ្នកពិការភ្នែក ដូចរូបលោក។
នៅពេលរៀនភ្លេងសម័យជាមួយលោកគ្រូ ចិត្រា គឺលោក ជា ហន រៀនជំនាញខាងលេងហ្គីតា រយៈពេល ៤ ខែ នៅក្នុងឆ្នាំ១៩៨៩ ហើយបន្ទាប់ លោកបានវិលទៅស្រុកកំណើតនៅឯស្រុកបាណន់វិញ។ ពេលនោះហើយ ដែលលោក ជា ហន ត្រូវបានមិត្តភក្តិនាំទៅលេងក្នុងវង់តន្ត្រីសម័យប្រចាំស្រុកបាណន់ ដោយរូបលោកជាអ្នកលេងហ្គីតាក្នុងវង់តន្ត្រីនោះ និងធ្វើជាអ្នកច្រៀងបទសម័យពីមុនមកដែរ ពីព្រោះមិត្តភក្តិលើកទឹកចិត្ត។
លោក ជា ហន បានបន្តថា នៅអំឡុងឆ្នាំ១៩៩១ លោកបានផ្សងព្រេងមកភ្នំពេញ ហើយបានសុំឪពុកម្តាយ ធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ។ តែពេលនោះ ឪពុករបស់លោក នៅតែមិនអនុញ្ញាតឲ្យលោកមកភ្នំពេញទេ ដោយគាត់នៅតែមិនជឿលើសមត្ថភាពរបស់លោកដដែល ទើបមិនឲ្យលោកមកភ្នំពេញ តែដោយការជឿទុកចិត្តលើសមត្ថភាពខ្លួន និងមិត្តភក្តិនោះ លោកសុំអ្នកម្តាយធ្វើដំណើរមកក្រុងភ្នំពេញជាមួយនឹងលុយ ២.០០០ រៀល ជិះឡានមកភ្នំពេញ នៅពេលមកដល់ភ្នំពេញ លោកត្រូវបានមិត្តភក្តិនាំទៅឲ្យចូលរៀនវគ្គបណ្តុះបណ្តាលសមត្ថភាព ជាមួយអង្គការម៉ារីណល ដែលកាលនោះមានទីស្នាក់ការនៅក្នុងវត្តសារាវ័ន្តតេជោ ដែលជួយបណ្តុះបណ្តាលជនពិការភ្នែក ហើយវគ្គបណ្តុះបណ្តាលនោះ មានការបណ្តុះបណ្តាលផ្នែកតន្ត្រីសម័យ និងបុរាណភា សាអង់គ្លេស និងរៀនវាយអង្គុលីលេខ។
លោក ជា ហន បានជ្រើសយកមុខវិជ្ជាខាងតន្ត្រីសម័យអក្សរប្រែល (អក្សរសម្រាប់ជនពិការភ្នែក) និងភាសាអង់គ្លេស ដោយរៀនអស់រយៈពេល ២ ឆ្នាំ។
លោក ជា ហន បានឲ្យដឹងបន្តទៀតថា នៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលមុខវិជ្ជាទាំងបីនោះជាមួយអង្គការ ម៉ារីណលរួចមក លោកបានបង្កើតសមាគមតន្ត្រីជនពិការមួយឡើង ឬហៅកាត់ តន្រី្តជនពិការកម្ពុជា ដោយមានការចូលរួមពីសំណាក់ជនពិការភ្នែក និងអ្នកពិការជើង បានចំនួន ៧ ទៅ ៨ នាក់ ដែលដំបូងឡើយសមាគមរបស់លោក បានទទួលការ ឧបត្ថម្ភថវិកាពីសា្ថនទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
លោក ជា ហន បានបញ្ជាក់ទៀតថា ក្រោយពីលោកបានបង្កើតសមាគមតន្ត្រីជនពិការរួចមក លោកបានជួយបង្ហាត់បង្រៀនតន្ត្រីសម័យដល់ជនពិការ និងពលរដ្ឋ មានកាយសម្បទាគ្រប់គ្រាន់ បានធ្វើឲ្យលោកមានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះបោះសំឡេនៅក្នុងសង្គមមក ដែលពេលនោះ លោកបានដឹកនាំការប្រគំតន្ត្រីនៅសួនវត្តបទុមវតី។
ជាមួយនោះដែរ លោកបានចងក្រងជនពិការ ហើយចំពោះរូបលោកផ្ទាល់ បានបង្កើតអាជីពមួយទៀត នៅឆ្នាំ២០០៤ គឺថតបទចំរៀងសម័យពីដើមៗ យកមកច្រៀងឡើងវិញ ហើយថតដាក់ CD និងដើរលក់នៅតាមភោជនីយដ្ឋាននៅព្រែកលៀប និងដើរសុំច្រៀងនៅតាមភោជនីយដ្ឋាន ដើម្បីទទួលនូវការគាំទ្រពីសំណាក់ភ្ញៀវៗទាំងនោះ ជាមួយគ្នានោះដែរ បន្ទាប់ពីឡើងច្រៀងចប់ ក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាបន្តិចបន្តួចដល់រូបលោកផងដែរ។
លោក ជា ហន បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០០៤ មក លោកបានចំរៀងដាក់ CD ដើរលក់នៅតាមភោជនីយដ្ឋាននានា ក្នុងមួយយប់បានចំនួនពី ១០ ទៅ ២០ CD ក្នុងមួយ CD តម្លៃ ២ ដុល្លារ ហើយពុំមានទីផ្សារនៅខាងក្រៅប្រទេស។
លោក ជា ហន បានត្អូញត្អែរថា គោលបំណងរបស់លោក នៅពុំទាន់បានទទួលជោគជ័យនៅឡើយទេ គឺដោយសារតែឧបករណ៍ថតបទចម្រៀងរបស់លោកនៅពុំទាន់ត្រូវតាមនិយាម អន្តរជាតិ តែបទចម្រៀងរបស់លោកបានទទួលការកោតសរសើរពីមហាជនមួយចំនួន នៅក្នុងប្រទេសជាបណ្តើរៗខ្លះហើយ។
លោកបានបញ្ជាក់ទៀតថា ចំណូលរបស់លោក ដែលបានពីការលក់ CD នោះ គឺគ្រាន់តែទូទាត់ការចំណាយថ្លៃ CD និងថ្លៃឈ្នួលម៉ូតូឌុប និងអ្នកដើរដឹកដៃលោកនោះ គឺចំណូលនោះនៅសល់បន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតរបស់លោក និងប្រពន្ធ និងកូនស្រីរបស់លោក និងអ្នករួមអាជីព ដែលជាជនពិការដូចគ្នា កំពុងរស់នៅក្រោមដំបូលតែមួយជាមួយគ្នាសព្វថ្ងៃនេះ ពីព្រោះក្នុងមួយយប់ លោកលក់ CD បានលុយចំនួន ៨ ម៉ឺនរៀល និងជួលម៉ូតូឌុប និងអ្នកដឹកដៃមួយយប់ថ្លៃ ៣ ម៉ឺនរៀល ទូទាត់ថ្លៃ CD យកមកថតបទចម្រៀងនៅសល់តែ ២ ឬ ៣ ម៉ឺនរៀលប៉ុណ្ណោះ។
លោក ជា ហន បានបញ្ជាក់ពីគោលបំណងរបស់ក្រុមលោក គឺចង់ចេញទៅសម្តែងសមត្ថភាពនៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលក្នុងក្រុម និងតន្ត្រីជនពិការ។
លោក ជា ហន បញ្ជាក់ថា លោកបានជ្រើសរើសយកបទសម័យរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកចម្រៀងជើងចាស់ល្បីៗមកច្រៀងតាមថតដាក់ CD បានចំនួនជាង ៣០០ បទ និងបាននិពន្ធបទចម្រៀងដោយខ្លួនឯងបានចំនួនជាង ២០ បទដែរ ដែលជាបទមនោសញ្ចេតនា។
លោក ជា ហន បានបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៨ លោកបានជួយបង្ហាត់សិស្សផ្នែកចម្រៀង និងតន្ត្រីសម័យមានជាច្រើនជំនាន់ សម្រាប់សិស្សមានកាយសម្បទាត្រឹមត្រូវ មានចំនួន ៥០ នាក់ និងសិស្សជាអ្នកពិការមានចំនួនច្រើនជាង ៥០ នាក់ បន្ទាប់ពីពួកគេទទួលបានចំណេះ ហើយបានចេញទៅចូលរួមក្រុមផ្សេងទៀត ហើយសព្វថ្ងៃនេះលោកបានកំពុងបណ្តុះបណ្តាលកូនសិស្សជាជនពិការមាន ចំនួនជាង ១០ នាក់ រស់នៅជាមួយលោក ដែលពួកគេបានចេញទៅប្រកបរបរចិញ្ចឹមជីវិតតាមជំនាញរៀងខ្លួន ហើយពួកគេបានជួយចេញថ្លៃជួលផ្ទះ ក្នុងម្នាក់ៗ ចំនួន ៥ ដុល្លារ ក្នុងមួយខែ ពីព្រោះលោកបានជួលផ្ទះនោះ ក្នុងមួយខែចំនួន ២០០ ដុល្លារ។
លោក ជា ហន ទោះបីជាលោកពិការភ្នែកទាំងពីរក្តី ប៉ុន្តែសម្រាប់សេចក្តីស្នេហា គឺលោកក៏មានបេះដូងដូចបុរសដទៃទៀតដែរ ដូចអត្ថន័យបទចម្រៀមួយបទ ដែលមានចំណងជើងថា “ទឹកភ្នែកស្វាមីស្រីឡង់សេ” ដែលច្រៀងដោយលោក ហេង ប៊ុនលាភ នៅត្រង់ឃ្លាមួយបានច្រៀងថា “ទោះបងពិការក៏មានបេះដូង…”។
លោក ជា ហន ក៏បានបញ្ជាក់ថា លោកបានជ្រើសរើសនារីម្នាក់ ជាកូនសិស្ស នៅក្នុងក្រុមរបស់លោក តាមរយៈការនិយាយផ្តោះផ្តងគ្នា វាចាផ្អែមល្អែមរវាងស្ត្រី និងបុរស រួចបង្កើតបានជាចំណងស្នេហានៅក្នុងបេះដូងរបស់ពួកយើងទាំងពីរ ហើយលោកបានស្នើសុំកញ្ញា ជន សុភាព អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនពិការភ្នែក ដូចរូបលោកដែរនោះ រៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងឆ្នាំ២០០៩ ដើម្បីចាប់ដៃគ្នាជាគូជីវិតជាមួយគ្នាតែម្តងទៅ។
លោក ជា ហន បានបន្តថា បច្ចុប្បន្ននេះ ស្នេហ៍ទាំងពីរបានបង្កើតចំណងអាពាហ៍ពិពាហ៍ ដោយលោក ប្រពន្ធរបស់លោក បង្កើតបានកូនស្រីម្នាក់ ហើយបានដាក់ឈ្មោះថា “សុភក្ត្រ័លីហ្សា”។ នាងមានកាយសម្បទាត្រឹមត្រូវ ( កូនស្រីគាត់ ) មកដល់ពេលនេះ នាងមានអាយុបាន ២ ឆ្នាំហើយ។
លោក ជា ហន បានបញ្ជាក់ថា ក្រុមតន្ត្រីជនពិការរបស់លោក ទោះបីជាមានសមត្ថភាពដូចក្រុមតន្រី្ត ដែលមានកាយសម្បទាគ្រប់គ្រាន់ក៏ដោយ តែក្រុមតន្ត្រីជនពិការរបស់លោក ហាក់ពីដូចជា ទទួលរងនូវសម្ពាធពីសង្គម។ នោះគឺគេហាក់ដូចជាពុំមានអ្នកជួលក្រុមតន្ត្រីរបស់លោកចេញទៅសម្តែងទេ។ នេះទំនងជាគេគិតពីបញ្ហាកិត្តិយស ប្រហែលជាគេខ្លាចអន់ឱនកិត្តិយស នៅពេលជួលជនពិការទៅសម្តែងតន្ត្រី ធ្វើឲ្យក្រុមរបស់លោកប៉ះពាល់ជីវភាព។
លោក ជា ហន ក៏បានបញ្ជាក់ថា សព្វថ្ងៃនេះ លោកបានទំនាក់ទំនងជាមួយថៅកែផ្សារទំនើប ផ្លាហ្សា ទឹកថ្លា សម្រាប់ប្រគំតន្ត្រីជារៀងរាល់ចុងសប្តាហ៍ គឺប្រគំនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅជាន់ទី៣ ហើយការប្រគំតន្ត្រីនោះ ពេលខ្លះលោកបានចូលរួមដឹកនាំប្រគំ ហើយក៏មានពេលខ្លះ លោកឲ្យកូនសិស្សរបស់លោកសម្តែងតន្ត្រី ហើយលោកបានបង្កើតធុង “មូលនិធិតន្ត្រីជនពិការកម្ពុជា” សម្រាប់ឲ្យភ្ញៀវផ្តល់វិភាគទាន។ ការសម្តែងនោះ បានរយៈពេល ១ ខែមកហើយ។
លោក ជា ហន បានអំពាវនាវទៅដល់រាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិ មេត្តាជួយចូលរួមឧបត្ថម្ភជាថវិកា ឬឧបករណ៍សម្ភារៈដល់ “មូលនិធិតន្ត្រីជនពិការកម្ពុជា” របស់លោកផង ពីព្រោះសព្វថ្ងៃនេះ លោកកំពុងបណ្តុះបណ្តាលជនពិការជាង ១០ នាក់ ហើយពួកគេ ក៏បានស្នាក់នៅរៀនសូត្រនៅផ្ទះជាមួយលោក។
លោក ជា ហន មានសមត្ថភាពប្រើកុំព្យូទ័រ តាមរយៈអក្សរប្រែល សម្រាប់មនុស្សពិការភ្នែក ក្នុងការថតបទចម្រៀង ដែលរូបលោក ឬសមាជិកក្នុងក្រុមរបស់លោកច្រៀងថតបញ្ចូល CD សម្រាប់យកទៅលក់នៅទីផ្សារ តាមភោជនីយដ្ឋាននានានៅភ្នំពេញ។
លោក ជា ហន ក៏បានឲ្យដឹងដែរថា លោកបានទទួលបង្រៀនសិស្ស ដែលកំពុងរស់នៅក្រៅប្រទេស តាមរយៈ “SKYPE” ភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈម៉ូឌឹម គ្រាន់នឹងបានចំណូលសម្រាប់គ្រួសារ។
លោក ជា ហន បានបញ្ជាក់ពីអាសយដ្ឋានទំនាក់ទំនងរបស់លោក គឺផ្ទះលេខ២៤ ផ្លូវK4B តាមបណ្តោយផ្លូវហាណូយ ទល់មុខក្បែរទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទូរស័ព្ទ 012 885 991។ អាសយដ្ឋានទំនាក់ទំនងនេះ សម្រាប់សប្បុរសជន ចង់បរិច្ចាគ ជួយថវិកា ឬសម្ភារៈតន្ត្រី ដល់ក្រុមតន្ត្រីជនពិការរបស់លោក ឬក៏ចង់ជួលក្រុមតន្ត្រីជនពិការទៅសម្តែងតាមកម្មវិធីផ្សេងៗ៕29,Jan,2012 /06:57AM
0 មតិ:
Post a Comment