January,06,2012 By: SOTHEAN
រុងយ៉ាំងហ្គោនៈ អាមេរិក កាលពីថ្ងៃអង្គារបានបដិសេធការសម្រេចចិត្តរបស់ភូមាក្នុងការកាត់ បន្ថយអាណត្តិទោស ដោយថ្លែងថា ប្រទេសនេះមិនបានធ្វើកំណែទម្រង់ដែលចាំបាច់ ដើម្បីញ៉ាំងឲ្យក្រុងវ៉ាស៊ីនតោនភ្ជាប់ទំនាក់ទំនងជាប្រក្រតី ឡើងវិញទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី វីតូរៀ ណូឡែនបានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា៖ «នេះមិនមែនជាវិធានការ ដំកំភួន ដែលយើងចាប់អារម្មណ៍ថា មានតម្លៃស៊ីគ្នានោះទេ»។
ដោយដកស្រង់របាយការណ៍វិទ្យុ និងទូរទស្សន៍រដ្ឋរបស់ភូមា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានរាយការណ៍នៅថ្ងៃដដែលថា ភូមាបានដោះលែងអ្នកទោសចំនួន ៤៦៧នាក់ពីពន្ធនាគារអ៊ីនសេនក្នុងក្រុងយ៉ាំងហ្គោននៅក្រោមបទ បញ្ជាការលើកលែងទោសកាលពីថ្ងៃចន្ទរបស់រដ្ឋាភិបាលថ្មី ថ្វីបើមិន មានអ្នកទោសនយោបាយណាមួយ ត្រូវបានគេនិយាយក្តី។
របាយការណ៍នេះ បានបន្តទៀតថា អ្នកទោស៦០០នាក់ផ្សេង ទៀតនៅតំបន់យ៉ាំងហ្គោន នឹងត្រូវគេដោះលែងនៅពេលក្រោយ។
ការលើកលែងទោសនេះ ត្រូវគេធ្វើឡើងលើកទីបីហើយដល់ទណ្ឌិត នៅក្នុងប្រទេសនេះបន្ទាប់ពីរដ្ឋាភិបាលថ្មី ចូលកាន់អំណាចកាលពី ថ្ងៃទី៣០ មីនា ឆ្នាំមុន។
របាយការណ៍នេះ មិនបានប្រាប់ពីចំនួនអ្នកទោសដែលត្រូវបានគេដោះលែងនៅតាមតំបន់ និងរដ្ឋផ្សេងទៀតក្នុងប្រទេសទេ។
រូបភាពរ៉យទ័រជាច្រើន ក៏បានបង្ហាញពីទណ្ឌិតជាច្រើន ត្រូវបាន គេដោះលែងពីពន្ធនាគារធំនោះកាលពីថ្ងៃអង្គារ ទោះបីគេមិនបានសរសេរពីរឿងរ៉ាវនេះ និងប្រាប់ពីចំនួនអ្នកទោសដែលត្រូវបានគេដោះលែងក៏ដោយ។
ប្រព័ន្ធឃោសនារដ្ឋភូមា បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីថេន សេន បានបញ្ជាឲ្យបន្ថយទោសប្រហារជីវិតមកត្រឹមទោសអស់មួយជីវិត និងបន្ថយទោសទណ្ឌិតដទៃទៀតជាកាយវិការមួយដើម្បីប្រារព្ធខួបលើកទី ៦៤នៃថ្ងៃបុណ្យឯករាជ្យថ្ងៃទី៤ មករា នៅពេលប្រទេសនេះ ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសកាលពីឆ្នាំ១៩៤៨ ។
ក្រុមសកម្មជននិយាយថា ទង្វើនេះមានន័យថា អ្នកត្រូវដោះលែងនឹងមានតែអ្នកមានទម្ងន់ទោស ស្រាលៗ ហើយក្រុមប្រឆាំងឆ្នើមៗ ដែលជាប់គុកយូរ មិនត្រូវបានគេដោះលែងទេ។
បញ្ជារបស់ប្រធានាធិបតី ទំនងជាមិនបានគ្របដណ្តប់លើអ្នកទោសនយោបាយ ដែលលោកខាងលិចរួមមានទាំងអាមេរិកចង់បាននោះទេ។
លោកស្រីនូឡែន បាននិយាយ កាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោន ក៏ដូចជាសហគមន៍អន្តរជាតិផ្សេងទៀត ចង់ឃើញអ្នកទោសនយោបាយទាំងអស់ត្រូវគេដោះលែង។
លោកស្រីបានបន្តថា៖ «យើងចង់ឃើញរឿងនេះកាន់តែឆាប់កាន់តែល្អ។ យើងមិនបានកំណត់ពេលវេលាលើរឿងនេះទេ ប៉ុន្តែយើងបញ្ជាក់ថា វាគឺជាជំហានដ៏សំខាន់មួយ មុនពេលយើងបោះជំហានសំខាន់ជាច្រើនទៀតឆ្ពោះទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងរបស់យើង»។
ក្រុមប្រឆាំងធំ បានសម្តែងពីការមួម៉ៅ និងខកចិត្តចំពោះទំហំមានដែនកំណត់នៃការលើកលែង ទោសសម្រាប់ទណ្ឌិតនយោបាយទាំងឡាយ៕
0 មតិ:
Post a Comment