បន្ទាប់ពីបានទទួលមុខងារជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ អាហ្វីស៊ីប កម្ពុជា ដើម្បីបំបាត់អំពើជួញដូរកុមារ អស់ជាង១ឆ្នាំមក តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ក៏បានទទួលការគាំទ្រ ពីសំណាក់យុវជនខ្មែរ ឲ្យក្លាយជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ផ្នែកកំចាត់គ្រឿងញៀនរបស់យុវជន កាលពីរសៀល ថ្ងៃអាទិត្យ។
សំឡេងស្រែកហ៊ោគាំទ្រ កងរំពងលាន់ឮចេញពី សាលមហោស្រពចតុមុខ ក្នុងពេលដែលលេច វត្តមានរបស់អ្នកចម្រៀង ឱក សុគន្ធកញ្ញា ឡើងមកលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ដល់យុវជនខ្មែររាប់រយនាក់ នៅក្នុងវគ្គសិក្ខាសាលា «ឱកាសថ្ងៃស្អែក» របស់មូលនិធិឧត្តុង្គ ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ យុវជនខ្មែរ។
ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែ រយ៉ាងសុភាពរាបសា កញ្ញាបានថ្លែងលើកទឹកចិត្ត យុវជនខ្មែរថា៖ «បើសិនជាយុវវ័យទាំងអស់គ្នា មានគោលដៅថា នឹងធ្វើអ្វីមួយឲ្យបានសម្រេច សូមឲ្យខិតខំប្រឹងប្រែងទាំងអស់គ្នា ជាពិសេសខ្ញុំចង់ប្រាប់ថា គ្មានអ្វីមួយដែលគ្មានឧបសគ្គទេ ហើយអ្វីដែលយើងកាន់តែចង់បាន ឧបសគ្គគឺកាន់តែច្រើន ដូច្នេះយើងមិនត្រូវចុះចាញ់ ហើយបើសិនជាយើងខុស ត្រូវចេះទទួលកំហុស នឹងកសាងខ្លួនឡើងឲ្យបានល្អ យើងត្រូវប្រឹងប្រែងឈានទៅមុខ ក្រោកឈរដើម្បីមានឱកាសនៅថ្ងៃស្អែក»។
កញ្ញាបានបន្តថា៖ «អ៊ីចឹងនៅថ្ងៃនេះ នាងខ្ញុំបានមកឈរកន្លែងនេះ នាងខ្ញុំមានកិត្តិយសណាស់ ដែលយុវវ័យទាំងអស់គ្នាមានសម្រាប់ខ្ញុំ នាងខ្ញុំចង់ប្រាប់ថា ភាពជោគជ័យថ្ងៃនេះ ក៏មានឆ្លងកាត់ឧបសគ្គដ៏ច្រើន ដែលនាងខ្ញុំដួលហើយដួលទៀត នៅតែខំប្រឹងក្រោកឈរឡើងដើម្បីថ្ងៃមុខ»។
តារាចម្រៀងរូបនេះបានបន្ថែមថា៖ «បើសិនជាគ្មានកម្លាំងចិត្តពីអ្នកណាទាំងអស់ ក៏សូមគិតថានៅមាន ឱក សុគន្ធកញ្ញា ម្នាក់ចាំច្រៀងលួងលោម។ នាងខ្ញុំចង់និយាយថា អ្វីផ្សេងនាងខ្ញុំប្រហែលជាមិនសូវដឹង មិនសូវពូកែទេ ប៉ុន្តែបើសិនជារឿងច្រៀង លួងលោមបំពេរ ប្រហែលនាងខ្ញុំពូកែ»។
សំឡេងគាំទ្របានលាន់ឮសាជាថ្មីទៀត ខណៈដែល លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងជាអនុប្រធាន មូលនិធិឧត្តុង្គ បានបង្ហើបថា៖ «កញ្ញា បានស្ម័គ្រចិត្តធ្វើជាអគ្គរដ្ឋទូតសុច្ឆន្ទៈ ដើម្បីកំចាត់គ្រឿងញៀន ជាមួយយុវជនកម្ពុជាចាប់ពីថ្ងៃនេះទៅ»។
លោកបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្រោយពេលបញ្ចប់វគ្គសិក្ខាសាលាថា៖ «យើងមិនទាន់បានតែងតាំងនាងឱក សុគន្ធកញ្ញា ជាផ្លូវការទេ ប៉ុន្តែសិស្សទាំង៦០០នាក់ បានសម្រេចគ្នា ជាឯកច្ឆន្ទៈ ចង់លើកឲ្យនាងធ្វើជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈដើម្បីកំចាត់គ្រឿង ញៀន របស់យុវជនកម្ពុជា ដូច្នេះខ្ញុំនឹងរៀបចំក្រដាសស្នាមជាផ្លូវការមួយ ហើយស្នើទៅរដ្ឋាភិបាលដើម្បីតែងតាំងនាង ទៅតាមឆន្ទៈ របស់យុវជន»។
លោក ផៃ ស៊ីផាន ក៏បានលើកឡើងពីលក្ខណៈសម្បត្តិ ដែលធ្វើឲ្យតារាចម្រៀង ឱក សុគន្ធកញ្ញា ស័ក្តិសម នឹងទទួលការតែងតាំងនេះផងដែរ។
លោកបានលើកមូលហេតុយ៉ាងដូច្នេះថា៖ «ទីមួយគឺ នាងគ្មានរឿងអាស្រូវណាមួយក្នុងជីវិតឯកជន ដែលតំណាងឲ្យសីលធម៌ល្អ សម្រាប់យុវជន ទី២ គឺនាងបានបង្ហាញពីការពិសោធន៍ផ្ទាល់ខ្លួន ដែលទំរាំទទួលបានជោគជ័យមកដល់ថ្ងៃនេះ ក៏មិនមែនមិនធ្លាប់បរាជ័យនោះដែរ ហើយតាមរយៈបទចម្រៀង«ក្រោកឈរ» របស់នាង ក៏បានបង្ហាញនូវឥរិយាបថក្លាហាន ផ្តល់ជាកម្លាំងចិត្តដល់យុវជនខ្មែរ ហើយ ជាពិសេស គឺនាងបានទទួលការគាំទ្រយ៉ាងខ្លាំង ពីយុវជនខ្មែរបច្ចុប្បន្ន»។
លោកបានបន្ថែមថា៖ «យើងឃើញមានភាពវិជ្ជមានច្រើន ចំពោះអ្វីដែលជាលក្ខណៈសម្បត្តិរបស់កញ្ញា។ តាមបទពិសោធខ្ញុំផ្ទាល់ ដែលធ្លាប់រស់នៅអាមេរិក ក្នុងសង្គមអាមេរិក គេតែងលើកអ្នកសិល្បៈមានឆន្ទៈធ្វើជាគម្រូយុវជន ហើយទទួលបានជោគជ័យ ទើបយើងគិតថា ការតែងតាំងសិល្បករមានលក្ខណៈសម្បត្តិល្អ និងឆន្ទៈអាចនឹងអូសទាញយុវជន ឲ្យដើរផ្លូវល្អ ចៀសឆ្ងាយពីគ្រឿងញៀនបាន»៕
ប្រភព៖
0 មតិ:
Post a Comment