ក្នុងគោលបំណងកែប្រែមុខមាត់ ផ្នែកសណ្តាប់ធ្នាប់អនាម័យ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិក ឲ្យកាន់តែមានសោភ័ណភាពល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃចន្ទ ទី៣០ ខែមករា កន្លងមក បានចេញសេចក្តីប្រកាសមួយ ស្តីអំពីការធ្វើសេវាកម្មសម្អាត និងអនាម័យ នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិមួយនេះ។
នៅក្នុងលិខិតលេខ ៣៧៨ អ.យ.ក.សជណ ចុះហត្ថលេខាដោយលោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងពីរភេទឲ្យបានជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដាក់ឲ្យដេញថ្លៃ ជាសាធារណៈនូវសេវាកម្មសម្អាត និងអនាម័យ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់រយៈពេល៥ឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីប្រកាសនេះ មានខ្លឹសារបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឯកសារ សម្រាប់ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងចូលរួមដេញថ្លៃជាសាធារណៈ មានដាក់លក់នៅការិយាល័យហិរញ្ញវត្ថុ ផ្នែកយុវជន និងកីឡា នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន ឡូត៍លេខ៨០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ តទៅរៀងរាល់ម៉ោងធ្វើការ។
ចំណែក ឯកសារដេញថ្លៃ ដែលបានបំពេញរួចហើយ ត្រូវប្រគល់ជូនការិយាល័យហិរញ្ញវត្ថុ ផ្នែកយុវជន និងកីឡា នាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង១៧:០០ ហើយការដេញថ្លៃនឹងប្រព្រឹត្តទៅនៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៦ ខែកុម្ភៈ វេលាម៉ោង ៨:៣០ព្រឹក។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថា នេះជាលើកទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ នាយកដ្ឋានហិរញ្ញវត្ថុ រៀបចំឲ្យមានការដេញថ្លៃជាសាធារណៈនេះឡើង។
លោកបានគូសបង្ហាញថា៖«ក្រសួងអប់រំ យុវជន និងកីឡា មិនដែលមានការរៀបចំឲ្យដេញថ្លៃបែបនេះពីមុនមកទេ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ក្រុមហ៊ុន ហោយាន ជាអ្នកសម្អាត និងជាអ្នកប្រមូលថវិកា ពីបងប្អូនដែលចូលមកលក់ដូរបន្តិចបន្តួចនៅទីនេះ ហើយថវិកាដែលប្រមូលបាន ក្រុមហ៊ុនបានយកទៅផ្គត់ផ្គង ដល់បុគ្គលិករបស់ក្រុមហ៊ុន រីឯរដ្ឋអត់បានទទួលថវិកាអ្វីពីក្រុមហ៊ុននោះទេ ហេតុនេះ កាលដែលក្រសួងរៀបចំឲ្យមានការដេញថ្លៃបែបនេះ គឺដើម្បីប្រមូលថវិកាចូលរដ្ឋបានខ្លះ ទៅតាមតម្លៃនៃការដេញថ្លៃរបស់អ្នកចូលរួមដេញថ្លៃ»៕
ប្រភព៖
0 មតិ:
Post a Comment