ភ្នំពេញ: កិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ JBC ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅប្រទេសថៃ។ លោក វ៉ា គីមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ JBC នៅប្រទេសថៃ។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ JBC នឹងគណៈប្រតិភូដែលមានសមាសភាពជាង ២០ រូប មានតាំងពីអភិបាលខេត្តជាប់ព្រំដែនថៃ មេបញ្ជាការយោធភូមិភាគជាប់ព្រំដែនថៃ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដោយចេញដំណើរពីកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១២។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានលើកឡើងថា កិច្ចប្រជុំ JBC នឹងពិភាក្សាការងារ វាស់វែងព្រំដែន និងរកបង្គោលព្រំដែន ដែលនៅសល់ នៅតំបន់ក្រៅពីតំបន់ប្រាសាទព្រះវិហារ ដោយសារតំបន់ប្រាសាទព្រះវិហារនេះ ទុកឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ បកស្រាយសាលក្រមឆ្នាំ១៩៦២ សិន ដែលកម្ពុជាបានស្នើ។
លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ JBC បានមានប្រសាសន៍ថា “នេះជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០០៨ ដែលថៃបានលើកទ័ពចូលឈ្លានពានទឹកដីកម្ពុជា។ ពេលនេះ ខ្ញុំដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំពេញអង្គនៃគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ JBC លើកទី៥។ ចំណែករបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការ JBC ពេលនេះ រួមមាន៖ ទី១-ការរុករកបង្គោលពីបង្គោលលេខ ៧១ ដល់លេខ ២៣ នៅច្រកជាំស្រងាំ អន្លង់វែង ដល់ជិតប្រាសាទតាមាន់។ ទី២-ការធ្វើផែនទី ពីលំហអាកាស តែមិនមែនទៅជំនួសផែនទីរបស់គណៈកម្មការចម្រុះព្រំដែនបារាំង-សៀម ឆ្នាំ១៩០៤- ឆ្នាំ១៩៧០ ទេ។ គ្រាន់តែយើងវាស់វែងបោះបង្គោលថ្មី ដាក់និយាមការឲ្យបានច្បាស់លាស់នៅលើផែនទី ដែលយើងបម្រុងធ្វើ ហៅថា ផែនទីតាមរូបថតពីលើអាកាស។ ទី៣-យើងនឹងជជែកគ្នាពីបែបបទច្បាប់ ឬក៏បច្ចេកទេស ដែលត្រូវវាស់វែងនៅតំបន់៦ ជាតំបន់ដែលមានប្រាសាទព្រះវិហារ តែកន្លែងនេះ យើងមិនទាន់បង្ខំទេ ព្រោះនៅតុលាការឡាអេ កំពុងពិចារណារឿងនេះ តែយើងគ្រាន់តែរៀបចំបែបបទត្រៀមអ្វីខ្លះ លើផ្លូវច្បាប់ និងមើលបច្ចេកទេស ដើម្បីត្រៀមដោះស្រាយលើបញ្ហាទាំងអស់នេះ”។
លោក វ៉ា គីមហុង បានបន្ថែមថា “ចំណុចមួយទៀត កម្ពុជាស្នើបើកច្រកអន្តរជាតិ១ទៀត នៅស្ទឹងបត់ ជិតច្រកព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ យើងចុះទៅរៀបចំ បែបបទបច្ចេកទេស លើការចុះទៅវាស់វែង ដើម្បីអនុញ្ញាតឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសាងសង់។ ចំណុចមួយទៀត ដែលយើងត្រូវជជែកគ្នាដែរ លើឯកសារទាំងឡាយលើបង្គោល ដែលយើងបានរកឃើញ ៤៨ បង្គោល ក្នុងចំណោម ៧៣ បង្គោល ( បង្គោលព្រំដែនពីសម័យបារាំង ) ដោយក្នុង ៤៨ បង្គោល មានខ្លះ យើងឯកភាពគ្នា និងខ្លះយើងមិនទាន់ឯកភាពគ្នា។ ដូច្នេះយើងត្រូវធ្វើឯកសារជា ៣ ភាសា ខ្មែរ ថៃ និងអង់គ្លេស។ នេះជាចំណុចធំមួយដែរ ព្រោះ ៤៨ បង្គោល ដែលយើងត្រូវចុះហត្ថលេខា មានតាំងពីប្លង់ និងទីតាំងបង្គោលនិមួយៗ”។
លោក វ៉ា គីមហុង បានគូសបញ្ជាក់ថា “កម្ពុជាសុខចិត្តទៅប្រជុំ JBC លើកទី៥នេះ គឺកម្ពុជាមានសុឆន្ទៈដោយស្មោះត្រង់ ក្នុងការជំរុញកិច្ចការដោះស្រាយបញ្ហាព្រំដែនរបស់យើងឲ្យទៅមុខ។ ដូច្នេះយើងសង្ឃឹមថា កិច្ចប្រជុំនោះ នឹងបានលទ្ធផលវិជ្ជមាន មិនដូចវាសនានៃកិច្ចប្រជុំទាំងបីរបស់ JBC ចាប់តាំងពីឆ្នាំ២០០៨នោះឡើយ។ អីចឹងយើងសុំឲ្យបានលទ្ធផលវិជ្ជមាន ដើម្បីនឹងយកទៅអនុវត្ត ហើយបើប្រទេសទាំងពីរមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន ត្រូវតែជួយជំរុញទាំងអស់គ្នា មិនមែនតែកម្ពុជាជំរុញតែម្នាក់ឯងទេ ព្រោះបញ្ហាព្រំដែនជាបញ្ហារួមគ្នា”។
លោក វ៉ា គីមហុង បានបន្តថា បើឯកភាពគ្នា ហើយបើមិនមានឧបសគ្គ តាមមាត្រា ១៩០ នៃរដ្ឋធម្មនុញ្ញរបស់ថៃទេ នោះយើងអាចចុះអនុវត្តបាន។ តែបើថៃនៅតែទាមទារដាក់ឯកសារនោះ យកទៅឆ្លងតាមបែបបទនីតិវិធីច្បាប់របស់គេ នោះវាអត់បានការទៀតហើយ។ ជាប់គាំងដូចកន្លងមក។ ចាប់តាំងពីឆ្នាំ២០០៨ យើងចុះហត្ថលេខា ៣ លើកហើយលើកំណត់ហេតុ។ តែថៃថា ចាំយកទៅឆ្លងរដ្ឋសភា ដូច្នេះរហូតដល់ពេលនេះ មិនមានចេញទេ។
យ៉ាងណាក៏ដោយ លោក វ៉ា គីមហុង បានបន្ថែមថា “កិច្ចប្រជុំ JBC នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ យើងមិននិយាយពីការដកទ័ព និងបញ្ហាព្រំដែនប្រាសាទព្រះវិហារទេ ព្រោះយើងបានដាក់បញ្ហានេះ នៅក្នុងកណ្តាប់ដៃរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេរួចហើយ”។
ចាប់តាំងពីកងទ័ពថៃ លើកទ័ពចូលឈ្លានពានទឹកដីកម្ពុជា នៅព្រំដែនប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ JBC បានជួបប្រជុំគ្នា ៣ លើកមកហើយ។ កិច្ចព្រមព្រៀងនៃដំណើរការចរចា រវាងគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ JBC លើកទី១ បានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៨។ លើកទី២ ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០០៩ និងទី៣ ធ្វើនៅភ្នំពេញ នាថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០០៩។
ក៏ប៉ុន្តែកិច្ចព្រមព្រៀងក្នុងដំណើរការចរចាដោះស្រាយជម្លោះ ព្រំដែនទាំងបីលើកនោះ នៅរង់ចាំឆ្លងរដ្ឋសភាថៃអនុម័តសិន ទើបអាចមានប្រសិទ្ធិភាព យកទៅប្រើការបាន។ រហូតមកដល់ពេលនេះ រដ្ឋសភាថៃ មិនទាន់បានអនុម័តនៅឡើយទេ ៕
0 មតិ:
Post a Comment