www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 30, 2012

បូតសណ្តែកជាល្បែងកម្សាន្តរបស់ខ្មែរ



ល្បែងបូតសណ្តែក​នេះ​ភាគច្រើន​គេលែង​តែពីរនាក់​ទល់​មុខគ្នា ឬ បើគេ​ចង់​លេង​ច្រើនអ្នក គេត្រូវ​មានដៃគូ​អង្គុយ​ទល់​មុខ​គ្នា​ហើយ​ស្រែក​ច្រៀងរួម​គ្នា។ ជាដំបូង គេយក​បាតដៃ​បញ្ចូលគ្នា គឺបាត​ដៃស្តាំផ្អិប​បាតដៃឆ្វេង បាតដៃ​ឆ្វេងផ្អិប​ខ្នង​ដៃស្តាំ​នៃ​ដៃគូ​របស់​ខ្លួន ហើយ​បូតចុះ​បូត​ឡើង ប្រកប​ដោយ​មនោ​សញ្ចេតនា​ស្អិតល្មួត និង រីករាយ។ ពេល​បូតដៃ​នោះ គេ​ស្រែក​ច្រៀង​ព្រមគ្នាថា: "បូតសណ្តែក រទេះបាក់បែក នាងនី​ដើរដី អស់ទាំង​គេ គេជិះ​ដំរី នាងនី​ដើរដី ជិះ​ឆ្កែ​កំផើម។ ផើមផុត ចង់ស៊ីនំដុត ភ្លើងរលត់ ចង់ស៊ីនំឆៅ កំពប់​ម្សៅអស់"។ ពេលច្រៀង​ចប់គេទះ​បាតដៃ​ខ្លួនឯង​មួយផូង ទះភ្លៅ​រៀងៗ​ខ្លួនមួយ​ផូង រួចទះ​បាតដៃ​ខ្លួនឯង​មួយផូង បាន​លើក​ដៃស្តាំ​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ស្តាំនៃ​ដៃគូ​របស់​ខ្លួនមួយ​ផូង ទះដៃខ្លួន​ឯង​មួយផូង រួចលើកដៃ​ឆ្វេង​ឈោង​ខ្វែង​ទៅទះ​បាតដៃ​ឆ្វេងនៃ​ដៃគូ​របស់ខ្លួន​មួយផូង។ នេះជា​វគ្គមួយ ហើយគេ​ចាប់ដំណើរ​ការទះ​​សារជាថ្មី​ជា​បន្តបន្ទាប់ ដូច​ដែល​យើង​បា​នអធិប្បាយ​រួចមក​ ហើយ​សាចុះសារ​ឡើង តែចង្វាក់​ក៏កាន់​តែរន្ថើន​ញាប់ឡើងៗ​ដែរ អ្នក​ណា​ទន់ដៃវាយ​ទៅលែង​រួចនោះ​គេគិត​ថាចាញ់។

របៀបទះ​ដែលយើង​រៀបរាប់​មកនេះ ជារបៀប​មួយបែប តែមាន​ច្រើនបែប​ទៀត គឺ យោល​ទៅតាមការ​សន្មតគ្នា ថាទះភ្លៅ​ប៉ុន្មានដង ទះដៃ​ខ្លួនឯង​ប៉ុន្មាន រួចទះដៃ​គូប៉ុន្មាន ...។ នៅពេល​រន្ថើន​ចង្វាក់ បើយើង​​ភ្លេច ឬ ច្រឡំ ក៏គេចាត់​ទុកថា​ចាញ់មួយដែរ៕(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២

0 មតិ:

Post a Comment