www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 4, 2012

ឆ្នាំ ២០១១ជាឆ្នាំដ៏អស្ចារ្យសម្រាប់ឆ្នេរអូឈើទាលនៃក្រុងព្រះសីហនុ

Monday, 02 January 2012 ដោយៈសុធាន


ក្រុងព្រះសីហនុគឺជាតំបន់មួយដែលដែលមានអំណោយផលបំផុតចំពោះការទាក់ទាញភ្ញៀវទេសចជាតិអន្តរជាតិ មកទស្សនាគ្រប់រដូវកាល។ ប៉ុន្តែសម្រាប់ឆ្នាំនេះក្រសួងទេសចរណ៍បានរៀបចំពិធីបុណ្យសមុទ្រ (Sea Festival)ដ៏ធំមួយនៅទីក្រុងព្រះ សីហនុ ដែលក្រសួងទេសចរណ៍រំពឹងថានឹងមានភ្ញៀវទេសចរទៅលេងក្រុង ព្រះសីហនុមានចំនួនជាងប្រាំពីរម៉ឺននាក់ ។ បើតាមព័ត៌មានដែលទទួលបានពីខេត្តព្រះសីហនុ គិតចាប់ពីដើមខែធ្នូ ឆ្នាំ ២០១១ បន្ទប់ផ្ទះសំណាក់ និងបន្ទប់សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុត្រូវបានភ្ញៀវ កក់អស់ទៅហើយ មានសណ្ឋាគារខ្លះមិនទទួល ប្រាក់កក់ពីភ្ញៀវទៀតដោយគេទុកជិតដល់ថ្ងៃឆ្លង ឆ្នាំដែលភ្ញៀវទេសចរសម្រុកទៅលេងច្រើន គឺគេ ឆ្លៀតឱកាស ដំឡើងថ្លៃយកតែម្តងដោយនៅឆ្នាំនេះមានពិធីបុណ្យសមុទ្រមួយទៀតនៅទីក្រុង ព្រះសីហនុ ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែសម្រុកទៅលេងច្រើនថែមទៀត ។ កាល ពីឆ្នាំកន្លងទៅបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ តម្លៃធម្មតាតែ ២០-៣០ដុល្លារប៉ុណ្ណោះ តែជិត ដល់ថ្ងៃឆ្លងឆ្នាំចូលមកដល់គេបានដំឡើងរហូត ដល់ ៥០ ដុល្លារ បើបន្ទប់តម្លៃ ៧០ ដុល្លារឡើង ដល់ ៩០ ដុល្លារ ចំណែកបន្ទប់ផ្ទះសំណាក់វិញ ត្រូវ បានគេដំឡើងតម្លៃទ្វេមួយជាពីរ ។ ដូច្នេះសម្រាប់ អ្នកទៅលេងក្រុងព្រះសីហនុនៅថ្ងៃឆ្លងឆ្នាំសកលនេះ បើមិនមានផ្ទះបងប្អូនហើយមិនបានកក់បន្ទប់ សណ្ឋាគារ ឬ បន្ទប់ផ្ទះសំណាក់ទុកមុនទេ ប្រាកដ ជាមិនមានកន្លែងដេកឡើយ ។
ទាក់ទងនឹងពិធីបុណ្យសមុទ្រនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ពិធីបុណ្យនេះ មានភាពអធិកអធមខ្លាំងជាងការរំពឹងទុករបស់មន្ត្រី ដោយសារប្រជាពលរដ្ឋមកពីគ្រប់ខេត្តបានមកចូលរួមក្នុងពិធីបុណ្យ នេះ ពោលគឺមានចំនួនប្រហែលជាង ៥ម៉ឺននាក់។
លោក ថោង ខុន មានប្រសាសន៍ថា៖ «ប្រជាជនខ្លះស្នាក់នៅផ្ទះបងប្អូន អ្នកខ្លះស្នាក់នៅវត្ត ហើយកន្លែងផ្សេងៗទៀត។ អ្វីដែលយើងបានធ្វើគឺត្រឹមត្រូវ ព្រោះយើងបានរៀបចំការសម្ដែងសិល្បៈ ការតាំងម្ហូបអាហារ និងព្រឹត្តិការណ៍កីឡា»។
ជាមួយការដាក់ពង្រាយកងកម្លាំងមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថចំនួន ៧០០នាក់ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធានាសន្តិសុខ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា៖ «យើងរៀបចំបានល្អ ដូចនេះយើងមិនឮថាមានអ្វីកើតឡើងនោះទេ»។
លោកបានថ្លែងថា៖ «ឆ្នាំក្រោយ យើងគ្រោងរៀបចំពិធីបុណ្យនេះនៅខេត្តកែប ព្រោះថាខេត្តកែប ក្នុងរយៈពេលមួយឆ្នាំនេះនឹងរៀបចំខ្លួនបានរួចរាល់ ហើយកែប ជាកន្លែងល្អ សម្រាប់ការបោះតង់»។
ស្របជាមួយនឹងកង្វះខាតសេវាស្នាក់នៅដ៏ខ្លាំងក្នុងពេលមាន ពិធីបុណ្យ នៅខេត្តព្រះសីហនុនេះ លោក ថោង ខុន បានលើកឡើងថា៖ «យើងត្រូវការសណ្ឋាគារច្រើនទៀត។ យើងមានតែជាង២០០០បន្ទប់ទេ នៅខេត្តព្រះសីហនុ«។
លោក បានថ្លែងបន្តទៀតថា៖ «យើងរៀបចំពិធីនេះឡើងដើម្បីទាក់ទាញវិនិយោគិន។ ប្រសិនបើយើងមិនរៀបចំឡើងដើម្បីឲ្យពួកគេឃើញទេ គេនឹងមិនមកវិនិយោគទេ។ គេត្រូវការឃើញអ្វីគ្រប់យ៉ាងរួចរាល់ជាមុនសិន ទើបគេមកវិនិយោគ។ គេធ្វើអាជីវកម្ម គេប្រុងប្រយ័ត្នជាមួយយុទ្ធសាស្រ្តរបស់គេ។ គេត្រូវការឃើញរដ្ឋាភិបាលបង្ហាញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ»។
លោក បាននិយាយថា ការតភ្ជាប់ផ្លូវហោះហើររវាងសៀមរាប និងខេត្តព្រះសីហនុ គឺជាបណ្តាញដ៏ចម្បងសម្រាប់ទិសដៅទេសចរណ៍ទាំងពីរនៅក្នុងពេល អនាគត ព្រោះខេត្តសៀមរាបទទួលបានភ្ញៀវជាង១លាននាក់ ហើយយ៉ាងហោចណាស់ភ្ញៀវ ១០ ទៅ ២០ភាគរយនៃចំនួននេះ នឹងមកទស្សនាខេត្តជាប់សមុទ្រនេះតាមរយៈការហោះហើរ ដូចនេះវាស្មើនឹងចំនួនប្រហែល ២០ម៉ឺននាក់។
លោក ថ្លែងថា ខេត្តព្រះសីហនុ នាពេលនេះទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១០ម៉ឺនប៉ុណ្ណោះ «ប៉ុន្តែ ឥឡូវបន្ទាប់ពីការតភ្ជាប់ផ្លូវហោះហើរ ហើយក្រោយពីការតភ្ជាប់បណ្តាញផ្លូវរថភ្លើងរួចរាល់ទៀតនោះ យើងមើលឃើញនូវសក្តានុពលដ៏ធំ ហើយនៅពេលនោះ វិនិយោគិននឹងចាប់ផ្តើមវិនិយោគ»។
លោក និយាយថា ឆ្នេរសមុទ្រកម្ពុជាគឺជាឆ្នេរដ៏ស្អាតបំផុតមួយក្នុងចំណោមឆ្នេរ ស្អាតបំផុតទាំង ៣៣ក្នុងប្រទេសទាំង ២៧ក្នុងពិភពលោកដែលបានប្រកាសទទួលស្គាល់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនៅក្នុងមហាសន្និបាតនៃសមាជិកក្លិបឆ្នេរស្អាតបំផុតក្នុង ប្រទេសសេនេហ្គាល់។
លោក បាន លើកឡើងថា រដ្ឋាភិបាលនឹងសាងសង់អគារការិយាល័យរបស់ក្លិបនេះនៅក្នុងខេត្ត ព្រះសីហនុក្នុងពេលអនាគត ក្រោយមានសំណើពីសមាជិកនៃក្លិបឆ្នេរស្អាតបំផុតនេះ។

ពិធីបុណ្យសមុទ្រ និង ឆ្លងឆ្នាំសកល នេះ នឹងប្រព្រឹត្តទៅនៅឆ្នេរខ្សាច់អូរឈើទាល ឯកឧត្តម ថោង ខុន បញ្ជាក់បន្ថែមទៀតថា “ការរៀបចំពិធី ដូច្នេះគឺយើងចង់បង្ហាញពីសក្តានុពលឆ្នេរខ្សាច់ របស់យើងដែលបានជាប់ជាសមាជិកឆ្នេរខ្សាច់ដ៏ ស្អាតបំផុតរបស់ពិភពលោក ដើម្បីឱ្យគេកាន់តែ ស្គាល់ឆ្នេររបស់យើងច្រើនថែមទៀត ។ ទាក់ទង នឹងតម្លៃបន្ទប់សណ្ឋាគារ បន្ទប់ផ្ទះសំណាក់ និង ម្ហូបអាហារនេះ កន្លងមកខ្ញុំធ្លាប់បានធ្វើការប្រជុំ ណែនាំឱ្យអ្នកប្រកបរបរទទួលទានលើវិស័យទេសចរណ៍នៅ៍ទីក្រុងព្រះសីហនុនេះកុំឱ្យមានការដំឡើង ថ្លៃខ្ពស់ពេក ។ នៅខេត្តព្រះសីហនុមានបន្ទប់ សណ្ឋាគារ និង ផ្ទះសំណាក់សរុបចំនួនបីពាន់ បន្ទប់ប៉ុណ្ណោះ ដូច្នេះខ្ញុំជឿថាចំនួនបន្ទប់ប៉ុណ្ណឹង មិនអាចទទួលភ្ញៀវបានគ្រប់គ្រាន់នោះទេ ជាមួយ គ្នានេះយើងរៀបចំឱ្យមានតង់នៅតាមឆ្នេរខ្សាច់ ដែលមានបន្ទប់ទឹកចល័តដើម្បីសម្រាប់ទទួល ភ្ញៀវទៅលេងនៅថ្ងៃនោះ ប៉ុន្តែសុំកុំឱ្យដំឡើងថ្លៃ ខ្ពស់ពេក ”។

កន្លងមកភ្ញៀវទេសចរក្នុងស្រុក និង ក្រៅ ស្រុកមួយចំនួនធ្លាប់បានរអ៊ូរទាំថា ឱ្យតែមានពិធី បុណ្យឆ្លងឆ្នាំសកល ឬ ពិធីបុណ្យផ្សេងៗនៅក្នុងទីក្រុងព្រះសីហនុដែលមានមនុស្សម្នាពីគ្រប់ទិសទីនាំគ្នាសម្រុកទៅលេងទីក្រុងឆ្នេរខ្សាច់មួយនេះ គឺ ពួកអ្នកប្រកបរបរទទួលទានលើវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង សេវាកម្ម ទទួលភ្ញៀវ ទេសចរផ្សេងទៀតគឺឆ្លៀតឱកាសដំឡើង ថ្លៃមួយទ្វេជាពីរដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់ វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ។ លោក ហ៊ុន វាសនា ប្រធានផ្នែកទីផ្សារសណ្ឋាគារខ្សាច់ មាសបានមានប្រសាសន៍ថា “នៅសណ្ឋាគារខ្សាច់ មាសមានបន្ទប់ចំនួន ១៣០ បន្ទប់ គិតត្រឹមថ្ងៃទី ៧ ខែធ្នូនេះបន្ទប់នៅក្នុងសណ្ឋាគាររបស់ខ្ញុំត្រូវ បានគេកក់អស់ទៅហើយ គឺគេបានកក់ទុកតាំងពី ជាងមួយខែទៅពីរខែមុនម៉្លេះ ហើយភ្ញៀវទាំងអស់នោះភាគច្រើនជាភ្ញៀវក្នុង ស្រុក ដូច្នេះដល់ថ្ងៃឆ្លងឆ្នាំគឺញេរពេញទៅដោយភ្ញៀវតែម្តង ។ ចំពោះតម្លៃនៅ ខាងសណ្ឋាគាររបស់ខ្ញុំនៅថ្ងៃបុណ្យដូច្នេះគឺបានឡើងថ្លៃម្ភៃភាគរយ ។ ដោយសារ បន្ទប់នៅក្នុងសណ្ឋាគាររបស់ខ្ញុំនៅមានកម្រិតដែលអាចទទួលមនុស្សដេកបាន តែពីរទៅបីនាក់ប៉ុណ្ណោះ តែនៅថ្ងៃបុណ្យទានធំៗដូច្នេះភ្ញៀវភាគច្រើនគាត់ ជួលបន្ទប់មួយស្នាក់ពីប្រាំមួយទៅប្រាំពីរនាក់ មានខ្លះបន្ទប់មួយ គាត់អាចដេករហូតដល់ដប់នាក់ក៏មាន ដូច្នេះយើងត្រូវដំឡើងថ្លៃម្ភៃភាគរយ ។ តម្លៃបន្ទប់នៅ ក្នុងសណ្ឋាគារ របស់ខ្ញុំនេះនៅថ្ងៃធម្មតាតម្លៃសាមសិបដុល្លារ ។ រឿងឡើងថ្លៃនេះ សណ្ឋាគារគេដំឡើងថ្លៃតាមស្តង់ដាររបស់គេ តែផ្ទះសំណាក់ខ្ញុំមិនដឹងនោះទេប៉ុន្តែកន្លងមកមានភ្ញៀវមួយចំនួនគាត់មកកក់បន្ទប់ច្រើន ដើម្បីទុកសម្រាប់ជួលបន្ត ឱ្យភ្ញៀវគ្នាគាត់ដែលគាត់បានដំឡើងថ្លៃយកចំណេញហួសហេតុ វាជារឿង ធម្មតាទេភ្ញៀវដែលគេដើរលេងខ្វះបន្ទប់ ដេកដូច្នេះបើមានថ្លៃប៉ុន្មានក៏គេហ៊ានឱ្យដែរ ”។
បើយោងតាមតួលេខដែលទទួលបានពីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១១ នេះ មានភ្ញៀវ ទេសចរអន្តរជាតិមកលេង ចំនួន ២,៨ លាន នាក់ នៅឆ្នាំ ២០១៥ ចំនួនភ្ញៀវទេសចរឡើងដល់ ៤,៥ លាននាក់ និង នៅក្នុង ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរឡើងដល់ ៧ លាននាក់ ៕

0 មតិ:

Post a Comment