www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 9, 2012

ព្រឹត្តិការណ៍ទាំងដប់ក្នុងឆ្នាំ២០១១

ខាងក្រោមនេះជាកំពូលព្រឹត្តិការណ៍សំខាន់ៗ ទាំងដប់គួរឲ្យកត់សម្គាល់ ដែលកើតមានឡើង ជាបន្តបន្ទាប់ ក្នុងអំឡុងឆ្នាំ២០១១ ដែលហៀបនឹងឃ្លាតឆ្លាយគ្មានថ្ងៃវិលវិញ នាពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
១. ភាពហ្វឹកវរនៅអាហ្វ្រិចខាងជើង និងមរណភាពរបស់ លោកប្រធានាធិបតី ហ្គាដាហ្វី
កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១កន្លងទៅនេះ ប្រធានាធិបតីទុយនេស៊ីលោក បេនអាលី ដែលបានកាន់អំណាចអស់រយៈពេលជាង២៣ឆ្នាំមកហើយនោះ បានភៀសខ្លួនទៅប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីមានបាតុកម្មដ៏ធំមួយបានផ្ទុះឡើងទូទាំងប្រទេស ប្រឆាំងការកាន់អំណាចរបស់លោក។ ការចុះចេញពីអំណាចរបស់ លោក បេនអាលី បានកើតឡើង បន្ទាប់ពីមានភាពហ្វឹកវរនៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាហ្វ្រិច ដោយក្នុងនោះរួមមាន ប្រទេស លីប៊ី អេហ្ស៊ីប បារៀន មូរូកូ កុយវ៉ែត ស៊ូដង់ជាដើម។
ថ្ងៃទី១១ ខែកុម្ភៈ អតីតប្រធានាធិបតីប្រទេស អេហ្ស៊ីប លោក ហូស្នីស ម៉ូបារ៉ាក់ បានចាកចេញពីតំណែង ដោយបញ្ចប់ការកាន់អំណាចរយៈពេល៣០ឆ្នាំរបស់ខ្លួន។ ហើយនាថ្ងៃទី១៤ ខែកុម្ភៈ កងកម្លាំងរបស់ប្រទេស ស៊ូឌីអារ៉ាប៊ី កងកម្លាំងសហព័ន្ធអារ៉ាប់ម៉ូស្លីម និងកងកម្លាំងរបស់ បណ្តាប្រទេសមួយចំនួនទៀត ត្រូវបានបញ្ចូនទៅកាន់ប្រទេសបារៀន ក្នុងគោលដៅស្តារស្ថិរភាពក្នុងប្រទេសឡើងវិញ។
ដោយឡែកថ្ងៃទី១៩ ខែមីនា កងកម្លាំងរបស់អង្គការណាតូ ត្រូវបានបញ្ចូន ទៅកាន់ប្រទេស លីប៊ី ដើម្បីដោះស្រាយបញ្ហាភាពហ្វឹកវរក្នុងប្រទេសលីប៊ី។ នៅថ្ងៃទី២០ ខែតុលា កំពូលមេដឹកនាំក្រាញ អំណាច លីប៊ី លោក ហ្គាដាហ្វី ត្រូវសម្លាប់ក្នុងតំបន់ស៊ឺត ដែលជាស្រុកកំណើតរបស់លោក។ ព័ត៌មាន នៃការស្លាប់នេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើប្រទេសលីប៊ី។
ងាកមកប្រទេសយេម៉ែនវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា លោកប្រធានាធិបតី អាលីអាប់ដុល្លាស សាឡែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្ទេរអំណាចជាប្រធានាធិបតី ដោយអតីតមេដឹកនាំរូបនេះ បានយល់ព្រមបញ្ចប់ការកាន់អំណាច រយៈពេល៣៣ឆ្នាំរបស់ខ្លួន។
ដោយឡែកស្ថានភាពក្នុងប្រទេសស៊ីរី វិញក៏មានការប្រឈមមុខដាក់គ្នា រវាងប្រជាជន និងអ្នកកាន់អំណាចផងដែរ ដោយបច្ចុប្បន្នប្រទេសនេះបន្តស្ថិតក្រោមអំណាច នយោបាយមិនច្បាស់លាស់មួយ ព្រមជាមួយការផ្ទុះឡើងនូវការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបណ្តាលឲ្យមនុស្ស ជាច្រើនត្រូវសម្លាប់។ អ្វីដែលជាចំណុចរួម នៃការផ្ទុះឡើងនូវភាពហ្វឹកវរក្នុងតំបន់អាហ្វ្រិចខាងជើង គឺសុទ្ធកើតឡើងក្នុងគោលដៅ ទាមទារឲ្យមានការផ្លាស់ប្តូរអំណាចនយោបាយ របស់កំពូលមេដឹកនាំនានា ដែលបានក្តោបក្តាប់អំណាចអស់រយៈពេល ជាយូរមកហើយនោះ។
Photo by DAP-NEWS
Photo by DAP-NEWS
២. ប្រទេសចិន ក្លាយជាមហារអំណាចសេដ្ឋកិច្ច លំដាប់ទីពីរលើពិភពលោក
កាលពីឆ្នាំ២០១០ តម្លៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិន មានកម្រិតលើសប្រទេសជប៉ុន ហើយក្នុងឆ្នាំ២០១១នេះ ប្រទេសចិនទទួលបានចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោក ខណៈដែលសហរដ្ឋអាមេរិកនៅបន្តរក្សាតំណែង ជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទីមួយ។
នៅឆ្នាំ២០១១នេះ ប្រទេសចិន បានប្រារព្ធពិធីខួបលើកទីដប់ នៃការចូលជាសមាជិក របស់អង្គការពាណិជ្ចកម្មពិភពលោក (WTO)។ កាលពីអំឡុងដប់ឆ្នាំមុន ប្រទេសមហាអំណាច សេដ្ឋកិច្ចថ្មីនេះ បានដាក់គោលការណ៍ ឈ្នះ ឈ្នះ ដោយធ្វើឲ្យវិស័យសេដ្ឋកិច្ចមានការផ្លាស់ប្តូរ យ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ មានការរីកចម្រើន ផ្នែកសេដ្ឋកិច្ច បានបង្កើនតួនាទីប្រទេសចិន កាន់តែច្រើនថែមទៀតលើឆាកអន្តរជាតិ ព្រមទាំងធ្វើឲ្យចិនបានចូលរួម ក្នុងកិច្ចការសំខាន់ៗជាច្រើន ក្នុងជំហាន នៃការពង្រីកសេដ្ឋកិច្ចពិភពលោក។
Photo by DAP-NEWS
៣. វិបត្តិបំណុលនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបង្កជាផលអវិជ្ចមាន ទៅលើសេដ្ឋកិច្ចពិភពលោក
ថ្ងៃទី៧ ខែមីនា ទីភ្នាក់ងារ Moody របស់សហរដ្ឋអាមេរិក បានទម្លាក់ ចំណាត់ថ្នាក់របស់ប្រទេសក្រិច មកកម្រិត B1 ដែលបណ្តាលឲ្យមានការកើតឡើង នូវវិបត្តិប្រាក់បំណុលក្នុងតំបន់ចាយប្រាក់អឺរ៉ូ ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់នេះ ធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់។ វិបត្តិបំណុលបាន បណ្តាលឲ្យបណ្តា ប្រទេសមួយចំនួនត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានប្រទេស អៀកឡង់ ប៉ទុយហ្កាល់ ក្រិច អ៊ីតាលី និងអេស្ប៉ាញ។
ដោយឡែកនៅខែសីហា ភ្នាក់ងារ Standard &Poor បានទម្លាក់ចំណាត់ថ្នាក់របស់ សហរដ្ឋអាមេរិចមកត្រឹមកម្រិត AA+ ដោយនេះជាលើកទីមួយហើយ សម្រាប់សហរដ្ឋអាមេរិក ដែលបានធ្លាក់ពីចំណាត់ថ្នាក់ AAAរបស់ខ្លួន។
បញ្ហាសេដ្ឋកិច្ចពិភពលោក ដែលទទួលឥទ្ធិពលពីវិបត្តិបំណុលរបស់ សហរដ្ឋអាមេរិច និងតំបន់អឺរ៉ុប បណ្តាលឲ្យមានការផ្ទុះឡើងនូវចលនា Occupy Wall Street ដែលបានកើតឡើងក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១កន្លងទៅនេះ ក្នុងគោលដៅប្រឆាំងអំពើពុករលួយ និងផ្នែកហិរញ្ញវត្ថុផ្សេងៗ។ ក្រោយមកចលនានេះ បានផ្ទុះឡើងជាថ្មីម្តងទៀត ក្នុងទីក្រុងជាច្រើន នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបខាងលិច ព្រមទាំងបានបង្កជាវិបត្តិសង្គម ក្នុងបណ្តាប្រទេសទាំងនេះទៀតផង។
Photo by DAP-NEWS
៤. គ្រោះរញ្ជួយដី និងគ្រោះមហន្តរាយស៊ូណាមី នៅជប៉ុន
ថ្ងៃទី១១ ខែមីនា គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយកម្រិត ៩,០ រិចទ័រ បានវាយប្រហារតំបន់ឆ្នេរភាគឦសាន  ប្រទេសជប៉ុន និងគ្រោះមហន្តរាយស៊ូណាមី ដែលបានសម្លាប់មនុស្សជាង ១៥.៦៤៥នាក់ និង ៤.៩៨៤នាក់ផ្សេងទៀតត្រូវបាត់ខ្លួន។
គ្រោះមហន្តរាយនេះ ក៏បានបង្កឲ្យធ្លាយនូវសារធាតុវិទ្យុសកម្មចេញពី រោងចក្រថាមពលនុយក្លេរអ៊ែរ Fukushima ដែលជារោងចក្រថាមពលនុយក្លេរអ៊ែរ លំដាប់ទីមួយ របស់ប្រទេសជប៉ុន។ គ្រោះមហន្តរាយនេះ ត្រូវបានវាស់ស្ទង់ដោយអ្នកជំនាញជនជាតិជប៉ុន ដោយឲ្យចំណាត់ថ្នាក់ នៃគ្រោះថា្នក់នេះថា ជាគ្រោះមហន្តរាយកម្រិតទី៧ ជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរជាងគេ លើពិភពលោក។ គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ពីបញ្ហាសុវត្ថិភាព នៃការរក្សាថាមពលនុយក្លេអ៊ែរ។
Photo by DAP-NEWS
៥. សហរដ្ឋអាមេរិកសម្លាប់កំពូលមេដឹកនាំក្រុមអាល់កៃដា លោកអូសាម៉ាប៊ិនឡាឌិន
កាលពីថ្ងៃទី១ ខែឧសភា កងកម្លាំងដែនសមុទ្ររបស់សហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំក្រុមភេវរករ អាល់កៃដា លោក អូសាម៉ាប៊ិន ឡាឌិន នៅតំបន់ខ្សែបន្ទាត់ព្រំដែន ដែលស្ថិតក្នុងចម្ងាយប្រមាណជា៦០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងអ៊ីស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាន ក្នុងពេលធ្វើយុទ្ធនាការកម្ចាត់ ក្រុមភេវរករយ៉ាងខ្លាំងក្លាមួយ។ សហរដ្ឋអាមេរិកមានជំនឿថា កំពូលមេដឹកនាំរូបនេះ ជាមុខសញ្ញាដែលបានធ្វើសកម្មភាព ចាប់ជម្រិតមនុស្សធំជាងគេ លើពិភពលោក ព្រមទាំងជាអ្នកផ្តើមគំនិត នៃអំពើភេវរកម្មវាយប្រហារ អគារពាណិជ្ចកម្មពិភពលោក ក្នុងព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់ នៅសហរដ្ឋអាមេរិក។
Photo by DAP-NEWS
៦. ប្រទេសស៊ូដង់ខាងត្បូងប្រកាសឯករាជ្យ
ក្នុងថ្ងៃទី៩ ខែកក្កដា ប្រទេស ស៊ូដង់ខាងត្បូង បានប្រកាសឯករាជ្យ ព្រមទាំងបានផ្តេចខ្លួនចេញ ពីស៊ូដង់ ដែលជាប្រទេសធំជាងគេទីពីរនៅអាហ្វ្រិច។ ក្នុងថ្ងៃទី១៤ ខែកក្កដា សភារបស់អង្គការ សហប្រជាជាតិ បានប្រកាសជាផ្លូវការទទួលស្គាល់ប្រទេស ស៊ូដង់ខាងត្បូងជាសមាជិកទី១៩៣ របស់អង្គការនេះ។
Photo by DAP-NEWS
៧. គ្រោះរាំងស្ងួត នៅអាហ្វ្រិច បង្កមហន្តរាយដល់មនុស្សជាតិ
គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកម្រកើតមានអស់រយៈពេលជាច្រើន ទសវត្សន៍មកហើយ បានបង្កមហន្តរាយទៅលើទីក្រុង Horn នៅអាហ្វ្រិក និងបណ្តាប្រទេសជិតខាង ដោយក្នុងនោះរួមមាន ប្រទេសកេនយ៉ា និង យូហ្កេនដា។ គ្រោះរាំងស្ងួតនេះបានបណ្តាលមានការប៉ះពាល់ទៅលើមនុស្ស ជាង១២លាននាក់។ ក្នុងចំណោមបណ្តាប្រទេស ដែលទទួលរងគ្រោះទាំងនោះ ប្រទេសសូម៉ាលី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ អស់រយៈពេលជាងមួយទសវត្សន៍មកហើយ។
សង្គ្រាមរ៉ាំរ៉ៃ ការកើនឡើងខ្ពស់នៃតម្លៃអាហារ ការប្រែប្រួលអាកាសធាតុ សុទ្ធតែជាមូលហេតុចម្បងនៃសោកនាដកម្មរបស់មនុស្ស។  ប្រធានអង្គការផ្នែកកសិកម្ម និងស្បៀងអាហាររបស់អង្គការ សហប្រជាជាតិ លោក Jacques Diouf បានលើកឡើងថា ភាពអត់ឃ្លានក្នុងតំបន់នេះ ជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរជាងគេមួយ ដែលបានវាយប្រហារមកលើជីវិតមនុស្សជាច្រើនលាននាក់។
Photo by DAP-NEWS
៨. កំណើនចំនួនប្រជាជនលើពិភពលោក ច្រើនជាង ៧ពាន់លាននាក់
សេចក្តីរាយការណ៍ដែលបានចេញផ្សាយជាសារធារណៈដោយ មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យដឹងថា ចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងជាង ៧ពាន់លាននាក់ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១។ ការកើនឡើងនូវចំនួន ប្រជាជនលើពិភពលោក បង្ហាញនូវការទទួលបាននូវលក្ខខណ្ឌរស់នៅប្រសើរ ដែលបានមកពីការរីក ចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាពិភពលោក។
ប៉ុន្តែ បញ្ហានេះក៏បានដាក់សម្ពាធមួយកម្រិតទៀតទៅលើប្រភព ធនធានធម្មជាតិ និងបរិស្ថានផងដែរ។ វាបានបង្កជាការព្រួយបារម្ភទាក់ទងទៅនឹង បញ្ហាសង្គម សុវត្ថិភាពអាហារ ការសិក្សា តំហែទាំសុខភាព បញ្ហាការងារ ដែលនឹងបន្តចោទជាបញ្ហាសម្រាប់អ្នកគ្រប់គ្រង នាសតវត្សន៍ខាងមុខ។ ចំពោះការគ្រប់គ្រង នៃការកើនឡើងនូវចំនួនប្រជាជនពិភពលោក នឹងកា្លយជាប្រធានបទសំខាន់ សម្រាប់ប្រជាជាតិទាំងមូល ក្នុងគោលដៅស្វែងរកដំណោះស្រាយឆ្ពោះទៅរក ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។
Photo by DAP-NEWS
៩. បញ្ហាវិបត្តិនុយក្លេរអ៊ែរ ប្រទេស អ៊ីរ៉ង់មានសភាពកាន់តែគួរឲ្យព្រួយបារម្ភ
ថ្ងៃទី៨ វិច្ឆិកា ក្រុមអ្នកអង្កេតផ្នែកអាវុធនុយក្លេរអ៊ែររបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអ៊ីរ៉ង់ បានចេញផ្សាយនូវសេចក្តីរាយការណ៍ជាសារធារណថា ប្រទេសអ៊ីរ៉ង់មានគម្រោង បង្កើតឧបករណ៍បំផ្ទុះដោយប្រើប្រាស់សារធាតុនុយក្លេរអ៊ែរ។ បើទោះបីជារដ្ឋាភិបាលទីក្រុងTeheran បានបដិសេធយ៉ាងដាច់ខាច ចំពោះការចោទប្រកាន់នេះយ៉ាងណាក្តី ប៉ុន្តែបណ្តាប្រទេស មហាអំណាចលោកខាងលិច ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងនៅតែព្យាយាមដាក់ទណ្ឌកម្ម កាន់តែធ្ងន់ធ្ងរទៅលើប្រទេសនេះ។
ការដាក់សម្ពាធ របស់លោកខាងលិច បានដុតកំហឹងរបស់ប្រជាជនអ៊ីរ៉ង់ កាន់តែខ្លាំង រហូតបង្កធ្វើឲ្យមានបាតុកម្មបានផ្ទុះឡើងនៅស្ថានទូតអង់គ្លេសប្រចាំទីក្រុង Tehran កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ។ ការប្រឈមមុខដាក់គ្នារវាងលោកខាងលិច ជាមួយប្រទេសអ៊ីរ៉ង់ បានបន្ថែមជាភាពតានតឹងមួយកម្រិតទៀតទៅលើ ការស្វែងរកដំណោះស្រាយបញ្ហា អាវុធនុយក្លេអ៊ែររបស់ប្រទេសមួយនេះ។
Photo by DAP-NEWS
១០. មរណភាពរបស់កំពូលមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ីល
ព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយ ដែលបានកើតឡើងនាដំណាច់ឆ្នាំ២០១១នេះ គឺមរណភាពរបស់កំពូលមេដឹកនាំប្រទេសកុម្មុយនីស្ត កូរ៉េខាងជើង ដោយលោកបានស្លាប់ក្នុងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ។ ថ្ងៃទី១៩ ខែធ្នូ កូរ៉េខាងជើង បានរៀបចំជាគណៈកម្មាធិការ បុណ្យជាតិមួយ ដែលដឹកនាំដោយ លោក គីមជុងអ៊ុន អនុប្រធានផ្នែកបេសកកម្មយោធាកណ្តាល នៃបក្សកម្មករកូរ៉េ ហើយជាកូនប្រុសចុងក្រោយបង្អស់មា្នក់ របស់អតីតមេដឹកនាំ គីម ជុងអ៊ីល។ ប្រជាជនគ្រប់ជាន់ថ្នាក់ របស់ប្រទេស កូរ៉េខាងជើង បានឲ្យឈ្មោះ នៃការស្លាប់របស់លោក  គីម ជុងអ៊ីល ថា ជាការបាត់បង់ដ៏ធំមួយរបស់ក្រុមបដិវត្តន៍ និងបក្សកម្មករកូរ៉េ ដែលបានធ្វើឲ្យប្រជាជនកូរ៉េទំាងអស់ ទាំងក្នុង និងក្រៅប្រទេស មានការសោកស្តាយយ៉ាងខ្លាំង៕

Photo by DAP-NEWS

0 មតិ:

Post a Comment