www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 10, 2012

អ្នក​និពន្ធ​ខ្មែរ​ចេញ​ផ្សាយ​សៀវភៅ​ស្ដីពី​​ស្នាដៃ​​ដឹកនាំ​និងភាពជោគជ័យរបស់​លោក ហ៊ុន សែន

January,10,2012
អ្នក​និពន្ធ​ជន​ជាតិ​ខ្មែរ​ម្នាក់ និង​ជា​អ្នក​សារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) បាន​ចេញ​ផ្សាយ​សៀវភៅ​ដែល​ជា​ស្នាដៃ​លើក​ដំបូង​របស់​លោក នៅ​ថ្ងៃ​៥ ខែ​មករា ឆ្នាំ​២០១២។
៥-មករា-២០១២៖ លោក ឆាយ សុផល លើក​បង្ហាញ​សៀវភៅ​ដែល​ស្នាដៃ​របស់​លោក​ស្ដី​អំពី​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ។


លោក ឆាយ សុផល លើក បង្ហាញ សៀវភៅ ដែល ស្នាដៃ របស់ លោក ស្ដី អំពី ការ ដឹក នាំ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ក្នុង សន្និសីទ កាសែត នា រាជធានី ភ្នំពេញ។ (RFA/Sok Serey)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អនុញ្ញាត​ឲ្យ​និពន្ធ​នាយក​សារព័ត៌មាន ខេមបូឌា ញូវ (Cambodia News) គឺ​លោក ឆាយ សុផល ចេញ​ផ្សាយ​សៀវភៅ​ស្នាដៃ​លើក​ដំបូង ផ្ដោត​លើ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្វែង​រក​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​ការ​ដឹក​នាំ ដើម្បី​ការពារ​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

គេ​បាន​បោះ​ពុម្ព​សៀវភៅ​នេះ​លើក​ដំបូង​ចំនួន ៥.០០០​ក្បាល ជា​ភាសា​ខ្មែរ ហើយ​គេ​គ្រោង​ប្រែ​សម្រួល​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​អនាគត។

និពន្ធ​នាយក​នៃ​សារព័ត៌មាន ខេមបូឌា ញូវ លោក ឆាយ សុផល ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ការ​និពន្ធ​សៀវភៅ​នេះ លោក​បាន​ប្រើ​រយៈ​ពេល​ជាង ២​ឆ្នាំ​កន្លង​មក គឺ​ជា​ការ​លាត​ត្រដាង​នូវ​ការ​ពិត និង​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​កម្ពុជា។

លោក ឆាយ សុផល៖ «សម្តេច ហ៊ុន សែន បាន​ចូល​រួម​ក្នុង​ការ​រំដោះ​ប្រជាពលរដ្ឋ។ ចំណុច​ទី​២ គឺ​លោក​បាន​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ នាំ​សន្តិភាព​មក​កាន់​កម្ពុជា ទាំង​ស្រុង។ ចំណុច​ទី​៣ គាត់​បាន​នាំ​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មក​កាត់​ទោស ដើម្បី​យុត្តិធម៌​មនុស្ស​ជាតិ ចុង​ក្រោយ​នេះ​លោក​បាន​ការពារ​នៃ​ទឹក​ដី​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ»។

សមាជិក​គណៈកម្មការ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ខៀវ កូឡា បាន​មាន​ប្រសាសន៍​ថា សៀវភៅ​នេះ​គឺ​ជួយ​ឲ្យ​អ្នក​អាន​យល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ៖ «ជន​ជាតិ​ខ្មែរ​ដឹង​រឿង​ខ្មែរ​ច្រើន​ជាង​បរទេស។ សង្គ្រាម​នៅ​កម្ពុជា ខ្មែរ​អត់​បាន​បង្កើត​ទេ។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ជនជាតិ​ខ្មែរ​ទាំង​អស់​គ្នា​ហ្នឹង រួម​គ្នា​បញ្ចប់​សង្គ្រាម ជា​ពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ គឺ​ថា លោក​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា ដែល​រួម​គ្នា​ចរចា​នាំ​មក​នូវ​ឯកភាព​ជាតិ»។

នេះ​ជា​ការ​ចេញ​ផ្សាយ​លើក​ទី​២​ហើយ​នូវ​សៀវភៅ​ស្ដីពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ពី​ការ​ចេញ​ផ្សាយ​សៀវភៅ​លើក​ដំបូង​ដោយ​ប្រធាន​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក នឹម សុវត្ថិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

សៀវភៅ​នោះ​គឺ​ស្ដីពី​នយោបាយ​ឈ្នះៗ របស់​លោក ហ៊ុន សែន ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយ​បាន​ធ្វើ​សមាហរណកម្ម​នៃ​កងទ័ព​ខ្មែរ​ក្រហម ក្រោយ​ពី​ការ​បោះ​ឆ្នោត​សាកល​លើក​ដំបូង​នៅ​កម្ពុជា នៅ​ឆ្នាំ​១៩៩៣ កន្លង​ទៅ រៀបចំ​ដោយ​អ៊ុនតាក់ (UNTACT)។

ដោយ​ឡែក​ចាប់​តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ហាមឃាត់​មិន​ឲ្យ​ចេញ​ផ្សាយ ឬ​ចែក​ចាយ​ជា​សាធារណៈ​ឡើយ។

សៀវភៅ​នោះ​គឺ​មាន​ឈ្មោះ​ថា “ពន្លឺ​ភ្លើង​ទៀន” ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បាន​រឹប​អូស​នៅ​ឆ្នាំ​២០០១ កន្លង​ទៅ និង​សៀវភៅ​មួយ​ទៀត​ឈ្មោះ​ថា “ឫស​ចាក់​ក្នុង​ថ្ម” ជា​ភាសា​បារាំង រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ចេញ​ផ្សាយ​ដែរ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ។

លោក សម រង្ស៊ី ធ្លាប់​បាន​ប្រតិកម្ម​ចំពោះ​រដ្ឋាភិបាល​ថា បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ផ្សព្វផ្សាយ ក្នុង​ឋានៈ​លោក​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​សភា៕
ដោយ:នាគតូច

0 មតិ:

Post a Comment