www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

បញ្ជូន​សន្តិសុខ​ ២​នាក់​ដែល​បាញ់​ពលរដ្ឋ​ ទៅ​តុលាការ


ក្រចេះ : សន្តិសុខ​ក្រុមហ៊ុន TTY ​ពីរ​នាក់​ ក្នុង​ចំណោម ៣ នាក់ ដែល​បាន​បាញ់​កាំភ្លើង​ មក​លើ​ប្រជាជន​តវ៉ា​ រឿង​ដីធ្លី​កន្លង​មក ត្រូវ​បាន​សាលាដំបូង​ ខេត្ត​ក្រចេះ សាក​សួរ កាល​ពី​ថ្ងៃ​ម្សិលមិញ​ ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ អាវុធ​ខុស​ច្បាប់ និង​ ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ​ដោយ​ចេតនា។ នេះ​បើ​យោង​តាម​មន្ត្រី​តុលាការ​ និង​អាជ្ញាធរ​ខេត្ត​។
លោក ហាក់ ហ៊ន ព្រះ​រាជអាជ្ញា​រង​ បាន​ឲ្យ​ដឹង​ថា នគរបាល បាន​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ តុលាការ​បាន​ធ្វើ​ការ​សាកសួរ​ អ្នក​ទាំង​ពីរ​នោះ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ លោក មាន​ប្រសាសន៍​ថា៖ «​ឥឡូវ​នេះ ពួក​គេ​កំពុង​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅក្រម​ស៊ើប​សួរ»។
លោក ថា ពួក​គេ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ប្រើ​អាវុធ​ខុស​ច្បាប់ តាម​មាត្រា ២០ នៃ​ច្បាប់​គ្រប់គ្រង​អាវុធ និង​អំពើ​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា ២១៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។
លោក ហាក់ ហ៊ន បាន​បន្ថែម​ទៀត​ថា៖ «ផ្អែក​តាម​រូបភាព មាន​ម្នាក់​ឈរ​កាន់​កាំភ្លើង ម្នាក់​កាន់​អាយកូម ដូច្នេះ​យើង​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​ពួក​គេ​នឹង​និយាយ​អ្វី​នៅ​តុលាការ​នោះ ​ទេ»។
កាល​ពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ឧកញ៉ា ណា ម៉ារឌី ​ម្ចាស់​ក្រុមហ៊ុន ប្រគល់​អ្នក​បាញ់​មក​ឲ្យ​អាជ្ញាធរ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។
លោក ម៉ៅ រ៉ាន់នី ​មេបញ្ជា​ការ​រង​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ បាន​ថ្លែង​ថា សន្តិសុខ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ នៅ​ការិយាល័យ​ក្រុមហ៊ុន TTY ​ក្នុង​រាជធានី ភ្នំពេញ ដែល​មាន​ឈ្មោះ កែ សុវណ្ណា និង​យ៉ុន ឆៃណា​។ លោក​បាន​បន្ត​ទៀត​ថា៖ «​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ ហើយ​ប្រើ​ល្បិច​បោក​អ្នក​ទាំង​ពីរ​ ដោយ​ហៅ​ពួក​គេ​មក​ការិយាល័យ ហើយ​បន្ទាប់​មក​ចាប់​ខ្លួន​ពួក​គេ​បញ្ជូន​មក​អាជ្ញាធរ​»។
លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ បាន​ថ្លែង​ថា សន្តិសុខ​ក្រុមហ៊ុន ២ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ខេត្ត​ក្រចេះ ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ បន្ទាប់​ពី​ក្រុមហ៊ុន​នាំ​អ្នក​ទាំង​ពីរ​មក​ឲ្យ​នគរបាល​នៅ​ក្រសួង​មហា​ ផ្ទៃ​។ លោក​ បាន​បន្ថែម​ថា៖ «​ក្នុង​រូបភាព មាន​មនុស្ស​ម្នាក់​ឈរ​បាញ់​ប្រជាជន ​និង​ម្នាក់​ទៀត​កាន់​អាយកូម ដូច្នេះ ខ្ញុំ​មិន​ដឹង​ថា ​យើង​មាន​មនុស្ស​ទី​៣ ឬ​យ៉ាង​ណា​នោះ​ទេ»។
លោក ហេង សារ៉ាត អគ្គ​នាយករង​នៃ​ក្រុមហ៊ុន TTY ​បាន​បញ្ជាក់​ថា៖ «​យើង​ទូរស័ព្ទ​ហៅ​ពួក​គេ​មក​ពី​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​បាត់ដំបង ឲ្យ​មក​ការិយាល័យ​នៅ​ភ្នំពេញ ហើយ​បន្ទាប់​មក​យើង​បាន​ចាប់​ខ្លួន​ពួក​គេ ដើម្បី​ប្រគល់​ឲ្យ​នគរបាល​»។
លោក បាន​បន្ថែម​ថា បុរស​ដែល​ឈរ​កាន់​កាំភ្លើង​បាញ់​លើ​ប្រជាជន​មាន​ឈ្មោះ​ កែ សុវណ្ណា អាយុ ៤១ ឆ្នាំ ហើយ​បុរស​ដែល​កាន់​អាយកូម​ឈ្មោះ​ យ៉ុន ឆៃណា អាយុ ២៦ ឆ្នាំ។ អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ធ្វើ​ជា​ទាហាន ឬ​នគរបាល​នោះ​ទេ ពួក​គេ​គ្រាន់​តែ​ធ្វើ​ជា​សន្តិសុខ​ឲ្យ​ក្រុមហ៊ុន​ប៉ុណ្ណោះ។ លោក ​បាន​បញ្ជាក់​ថា៖ «​យើង​សួរ​ពួក​គេ​ថា ពួក​គេ​បាន​កាំភ្លើង​មក​ពី​ណា គេ​ឆ្លើយ​ថា គេ​បាន​មក​ពី​ព្រៃ»។

លោក បាន​បន្ថែម​ថា មូលហេតុ​ដែល​គាត់​ចាប់​អ្នក​ទាំង​ពីរ​ឲ្យ​នគរបាល ព្រោះ​ក្នុង​រូបភាព មាន​តែ​អ្នក​ទាំង​ពីរ ហើយ​លោក​មិន​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ទី ៣ ឬ​អត់​ហើយ​លោក​នឹង​រក​មេធាវី​ម្នាក់​ឲ្យ​ពួក​គេ​។ ​លោក ​បាន​បន្ត​ថា៖ «​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុនសែន ​អំពាវ​នាវ​ឲ្យ​ប្រគល់​អ្នក​បាញ់​លើ​ប្រជាជន​ទៅ​ឲ្យ​អាជ្ញាធរ ដូច្នេះ យើង​ប្រគល់​អ្នក​ទាំង​ពីរ​នោះ​ទៅ​ឲ្យ​នគរបាល​រួច​ហើយ»។
កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ប្រជាជន ៤ នាក់​បាន​រង​របួសធ្ងន់​ធ្ងរ ដោយ​សារ​សន្តិសុខ​ក្រុមហ៊ុន​បាញ់​កាំភ្លើង​មក​លើ​ពួក​គេ ពេល កំពុង​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​ដើម​ដំឡូង​មី​របស់​ពួក​គេ ហើយ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មករា ​ក្នុង​ពិធី​សម្ពោធ​បើក​ផ្លូវ​ជាតិ​លេខ ៧៦ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ក្រុមហ៊ុន TTY ​ដែល​លោក​ឧកញ៉ា ណា ម៉ារឌី ជា​អគ្គនាយក នាំ​ខ្លួន​អ្នក​ដែល​បាន​បាញ់​មក​លើ​ប្រជាជន ប្រគល់​ឲ្យ​អាជ្ញាធរ ហើយ​បាន​ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ប្រសិន​បើ​គេ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន។
អ្នក​ស្រី នេត រតនា ដែល​ទទួល​រងរបួស ពេល​សន្តិសុខ​បាញ់​កាំភ្លើង​នោះ បាន​ថ្លែង​ថា អ្នក​ស្រី​សប្បាយ​ចិត្ត​ ពេល​អ្នក​ស្រី​ទទួល​បាន​ដំណឹង​ថា សន្តិសុខ​ក្រុមហ៊ុន​ ដែល​បាញ់​អ្នក​ស្រី​និង​អ្នក​ភូមិ​ដទៃ​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នោះ។ អ្នក​ស្រី បាន​បន្ថែម​ថា៖ «​ខ្ញុំ​លែង​បារម្ភ​ទៀត​ថា​សន្តិសុខ​ក្រុមហ៊ុន​នឹង​មក​រំលោភ​បំពាន​លើ​ ប្រជាជន​និង​ខ្ញុំ​ទៀត​ហើយ​។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​តុលាការ​ដាក់​ទោស​គេ​តាម​ច្បាប់ ដើម្បី​រក​យុតិ្តធម៌​ឲ្យ​ពួក​យើង​»។
អ្នក​ស្រី បាន​បន្ថែម​ថា ប្រសិន​បើ​គ្មាន​លោក​នាយក​រដ្ឋ​មន្រ្តី​ចាត់​វិធានការ​រឹងមាំ​លើ​ក្រុមហ៊ុន និង​អាជ្ញាធរ​ទេ ប្រហែល​នៅ​ពេល​នេះ​ នគរបាល​នៅ​តែ​កំពុង​ស្វែងរក​អ្នក​ទាំង​នោះ​នៅ​ឡើយ​ទេ។ អ្នក​ស្រី​ថា ៖ «​ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​ការ​សន្យា​របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​។ សម្តេច​ធ្វើ​តាម​ពាក្យ​សន្យា​»​។
លោក ចាន់ សុវេត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា វា​ជា​ការ​ល្អ​ដែល​អាជ្ញាធរ​ព្យាយាម​ចាប់​ខ្លួន​អ្នក​ដែល​បាញ់​ប្រជាជន​ ប្រសិន​បើ​ករណី​ដទៃ​ទៀត​ចាត់​វិធានការ​រឹងមាំ​ដូច​ករណី​នេះ វា​ល្អ​ប្រសើរ​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​។ លោក​ បាន​បន្ថែម​ថា៖«​ប្រសិន​បើ​គ្មាន​បញ្ជា​លោក​នាយក​រដ្ឋ​មន្រ្តី ​ខ្ញុំ​គិត​ថា នគរបាល​មិន​ចាត់​វិធានការ​លឿន​បែប​នេះ​នោះ​ទេ»៕


ប្រភព៖​ ភ្នំពេញបុស្តិ៍

0 មតិ:

Post a Comment